ពលរដ្ឋនៅក្រចេះចោទក្រុមហ៊ុនចម្ការកៅស៊ូដាក់បារាសយកលុយពីអ្នកធ្វើដំណើរ
2014.12.29
ប្រជាពលរដ្ឋរស់នៅស្រុកស្នួល ខេត្តក្រចេះ ចោទប្រកាន់ក្រុមហ៊ុនចម្ការកៅស៊ូ ប៊ឹន ភឿក ២ ក្រចេះ (Rubber Binh Phouek 2) ថាបានដាក់បារាសយកលុយពេលពួកគេដឹកដំឡូង និងដំណាំផ្សេងៗឆ្លងកាត់ផ្លូវ។ ប៉ុន្តែតំណាងក្រុមហ៊ុនបានបដិសេធការចោទប្រកាន់នេះ។ ចំណែកអាជ្ញាធរអះអាងថា នឹងធ្វើការស៊ើបអង្កេត។
ពលរដ្ឋថា នៅរយៈពេលពីរខែនេះ ឆ្មាំយាមក្រុមហ៊ុន ប៊ឹន ភឿក ២ ក្រចេះ បានយកលុយពីពួកគេពេលដឹកដំឡូង និងដំណាំផ្សេងៗចេញពីចម្ការដោយគោយន្តមួយគ្រឿងតម្លៃ ៥ពាន់រៀល ចំណែករថយន្តដឹកដំឡូងតម្លៃពី ១.៥០០០រៀល ទៅ ២០.០០០រៀល។
លោក អឹម ហេង ប្រជាពលរដ្ឋរស់នៅភូមិស្រែថ្មី ឃុំឃ្សឹម និយាយថា បើសិនពលរដ្ឋមិនបង់ប្រាក់ អ្នកយាមក្រុមហ៊ុនមិនអនុញ្ញាតឲ្យដឹកដំណាំចេញឡើយ។ លោកបន្តថា អ្នកភូមិអាចរកផ្លូវណាផ្សេងឆ្លងកាត់ឡើយ ដូច្នេះមានតែត្រូវបង់ប្រាក់ឲ្យក្រុមហ៊ុន។ ពលរដ្ឋរូបនេះស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចអន្តរាគមន៍រឿងនេះ៖ «គេយកលុយហូរហែពេលដឹកដំឡូង។ ចេះតែព្រួយ ចេះតែបារម្ភដែរ ធ្វើផ្លូវខុសពីគោលការណ៍នាយករដ្ឋមន្ត្រីប្រកាស»។
ពលរដ្ឋថា ការដាក់បារាសយកលុយនេះ ទើបតែបានកើតឡើងកាលពីខែតុលា ឆ្នាំ២០១៤ ក្នុងអំឡុងនៃការប្រមូលផលស្រូវ និងដំឡូង។ ប្រធានប៉ុស្តិ៍នគរបាលឃុំឃ្សឹម ស្រុកស្នួល លោក អោ សេង ប្រាប់ថា លោកធ្លាប់ទទួលព័ត៌មានរឿងដាក់បារាសយកលុយនេះ ប៉ុន្តែនៅពេលលោកចុះដល់កន្លែងមិនដែលឃើញក្រុមហ៊ុន ប៊ឹន ភឿក ២ នេះ យកលុយពីពលរដ្ឋឆ្លងកាត់ឡើយ។ ទោះបែបនេះក្តី លោកថា ក្រុមការងារលោកនឹងស៊ើបករណីនេះបន្ត និងស្នើឲ្យពលរដ្ឋរាយការណ៍ ឬដាក់ពាក្យប្តឹងមកប៉ូលិសដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវ៖ «ខ្ញុំទៅអត់ដែលជួបសោះ! ចាំមើលខ្ញុំដាក់កម្លាំងតាមដានទៀត»។
ជាញឹកញាប់ពលរដ្ឋនៅក្នុងខេត្តក្រចេះ តែងតែប្រាប់ថា ឆ្មាំយាមក្រុមហ៊ុនចម្ការកៅស៊ូស្ទាក់យកលុយពីពលរដ្ឋដឹកដំណាំកសិផលឆ្លងកាត់។ ចំណែកតំណាងក្រុមហ៊ុនអះអាងថា ការដាក់បារាសនេះ មិនមែនដើម្បីយកលុយពីពលរដ្ឋទេ គឺដើម្បីសុវត្ថិភាពក្រុមហ៊ុន និងងាយស្រួលក្នុងការគ្រប់គ្រង។
អនុប្រធានក្រុមសន្តិសុខនៃក្រុមហ៊ុនចម្ការកៅស៊ូ ប៊ឹន ភឿក ២ ក្រចេះ លោក គង់ ងិន បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋ និងថា ក្រុមហ៊ុនលោកគ្មានបទបញ្ជាណាមួយឲ្យយកលុយពីប្រជាពលរដ្ឋឆ្លងកាត់ទេ។ ប៉ុន្តែលោកទទួលស្គាល់ថា ក្រុមហ៊ុនពិតជាមានដាក់បារាសនៅកន្លែងឆ្លងកាត់ និងថែមទាំងមានប៉ូលិស ទាហាននៅការពារក្រុមហ៊ុន៖ «ថ្ងៃស្អែកនេះ ខ្ញុំធ្វើការងារនេះហើយ នឹងហៅតំណាងក្រុមហ៊ុនមកសាកសួរ»។
អាជ្ញាធរបញ្ជាក់ថា កន្លងមកធ្លាប់មានករណីក្រុមហ៊ុនយកលុយពីពលរដ្ឋឆ្លងកាត់មែន ប៉ុន្តែពលរដ្ឋមិនដែលប្ដឹងផ្ដល់ទេ ព្រោះលុយនោះទុកសម្រាប់ថែទាំផ្លូវ។ ទាក់ទងរឿងនេះ អភិបាលស្រុកស្នួល លោក គង់ គឹមនី ប្រាប់ថា លោកមិនទាន់ដឹងរឿងនេះនៅឡើយទេ។ ប៉ុន្តែលោកថា នៅថ្ងៃស្អែកលោកនឹងកោះហៅតំណាងក្រុមហ៊ុននេះមកសួរដើម្បីដឹងថា ក្រុមហ៊ុនយកប្រាក់ពីពលរដ្ឋឆ្លងកាត់ដោយរបៀបណា និងមានទំហំប៉ុណ្ណា។
ប្រជាពលរដ្ឋដែលដីក្នុងបរិវេណក្រុមហ៊ុនលើកឡើងថា កន្លងមកធ្លាប់មានការអន្តរាគមន៍ពីអាជ្ញាធររឿងក្រុមហ៊ុនដាក់បារាសយកប្រាក់នេះដែរ ប៉ុន្តែមួយរយៈពេលក្រោយមក អ្នកយាមក្រុមហ៊ុននៅតែយកប្រាក់ពីពួកគេដដែល៕