ពលរដ្ឋ​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រញាប់​ចុះ​វាស់វែង​កំណត់​ព្រំ​ដី​វត្ត​ខ្ទរ

អ្នក​ភូមិ​ខ្ទរ ចំណុះ​ជើង​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​អា (6A) ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប្រមាណ ៣០០​នាក់ បាន​នាំ​គ្នា​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​ម្នាក់​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ វិច្ឆិកា។ ការ​ជ្រើស​តំណាង​នេះ ជា​ច្រក​បញ្ចប់​ជម្លោះ​លក់​ដី​ឈាបនដ្ឋាន ឬ​ប៉ាឆា​បូជា​សព​ទៅ​ឲ្យ​ក្រុមហ៊ុន អេង កាំង ក្នុង​គម្រោង​អភិវឌ្ឍន៍​វាល​ទំនាប​បឹង​នៅ​មុខ​វត្ត​ខ្ទរ នោះ។
ដោយ សេក បណ្ឌិត
2013-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឿង​ចក្រ​ក្រុមហ៊ុន អេង កាំង ដែល​បម្រុង​កាយ​កម្ទេច​កន្លែង​បូជា​សព​នៅ​វត្ត​ខ្ទរ ដើម្បី​យក​ដី ត្រូវ​បាន​ពលរដ្ឋ​ហាម​ឃាត់ ហើយ​ដុត​នៅ​ក្បែរ​ឈាបនដ្ឋាន។ រូបថត​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៣
គ្រឿង​ចក្រ​ក្រុមហ៊ុន អេង កាំង ដែល​បម្រុង​កាយ​កម្ទេច​កន្លែង​បូជា​សព​នៅ​វត្ត​ខ្ទរ ដើម្បី​យក​ដី ត្រូវ​បាន​ពលរដ្ឋ​ហាម​ឃាត់ ហើយ​ដុត​នៅ​ក្បែរ​ឈាបនដ្ឋាន។ រូបថត​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៣
RFA/Den Ayuthyea

តំណាង​ពលរដ្ឋ​នោះ នឹង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​កំណត់​ព្រំ​ដី​ទី​ឈាបនដ្ឋាន​បូជា​សព​របស់​អ្នក​ភូមិ ព្រម​ទាំង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដោយ​កាត់​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អេង កាំង នោះ។

បន្ទាប់​ពី​ស្វែង​រក​អ្នក​តំណាង​ដ៏​តឹងតែង​បាន​ហើយ​នោះ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ត បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រញាប់​ចុះ​វាស់វែង​កំណត់​ព្រំ​ជា​ថ្មី និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ដី​វត្ត ឬ​សម្បត្តិ​រួម​របស់​អ្នក​ភូមិ​ឲ្យ​បាន​ឆាប់។

ព្រះចៅ​អធិការ​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ ព្រះនាម ទិន សារ៉ុម មាន​ថេរ​ដីកា​ថា ការ​ពន្លឿន​នេះ​បាន​កាន់​តែ​ឆាប់ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​នឹង​ឆាប់​អស់​ក្តី​កង្វល់​ពី​រឿង​ការ​រំលោភ​យក​ទី​ប៉ាឆា​ពី​ក្រុមហ៊ុន​អភិវឌ្ឍ និង​មាន​អារម្មណ៍​កក់​ក្តៅ​ក្នុង​ការ​ចេញ​ធ្វើ​ការងារ​រក​របរ​ទទួល​ទាន​ផ្សេងៗ៖ «អាត្មា​ចង់​អ៊ីចឹង ចង់​ឲ្យ​បាន​ឆាប់ៗ​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ចង់​បាន តាម​ចិត្ត​គាត់​ចង់​ថា​ឲ្យ​បាន​ក្នុង​រយៈពេល​មួយ​អាទិត្យ ឬ​ពីរ​អាទិត្យ ឲ្យ​បាន​ប្លង់​នោះ​មក​ដល់​ដៃ​គាត់»

ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ជា​លើក​ទី​ពីរ​ហើយ បន្ទាប់​ពី​ការ​រៀប​ចំ​បោះ​ឆ្នោត​មុន​នេះ​មួយ​ថ្ងៃ​ស្ថិត​ក្នុង​បរិយាកាស​តឹង​តែង និង​មិន​បាន​ជោគជ័យ ដោយ​ការ​មិន​ទុក​ចិត្ត​គ្នា និង​មិន​ទុក​ចិត្ត​កិច្ច​អន្តរាគមន៍​របស់​អាជ្ញាធរ។

អ្នក​ភូមិ​ខ្ទរ ម្នាក់​បាន​ថ្លែង​ដោយ​មាន​ទំនុក​ចិត្ត​ក្រោយ​បោះ​ឆ្នោត​រួច​ថា លោក កែវ សុវណ្ណៈ ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន ១៤​នាក់ ដែល​បាន​ឈរ​ឈ្មោះ។ គាត់​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អ្នក​ភូមិ​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ៖ «គាត់​ហ្នឹង​មាន​ប្រជាប្រិយភាព អ្នក​ប្រជាធិបតេយ្យ និយាយ​រួម​ទៅ គាត់​មាន​ចំណេះ​ដឹង​បាន​ខ្ពស់ អាច​ឲ្យ​ប្រជាពលរដ្ឋ​អាច​ជឿ​ទុក​ចិត្ត​បាន»

តំណាង​ប្រជាពលរដ្ឋ​ដែល​ជាប់​ដោយ​ការ​បោះ​ឆ្នោត លោក កែវ សុវណ្ណៈ ថ្លែង​ថា ដី​ទី​ប៉ាឆា​នោះ លោក​ធ្លាប់​ចូល​រួម​វាស់វែង និង​បោះ​បង្គោល​ព្រំ​ម្តង​រួច​មក​ហើយ ដែល​មាន​ទំហំ​ប្រមាណ​ជាង ៣​ហិកតារ ហើយ​ពេល​នេះ លោក​នឹង​ព្យាយាម​ធ្វើ​ការងារ​នេះ​ឲ្យ​ម៉ត់ចត់​ជាមួយ​អាជ្ញាធរ ក្នុង​ការ​កំណត់​ព្រំ​ជា​ផ្លូវ​ការ ធ្វើ​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​តាម​ច្បាប់ ដោយ​មាន​ការ​ទទួល​ដឹង​ឮ​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​មិន​ទាន់​អាច​កំណត់​បាន​ថា នឹង​សម្រេច​ផល​នៅ​ពេល​ណា​នោះ​ទេ៖ «ប៉ុន្តែ​គ្រាន់​ថា​ឆន្ទៈ​របស់​ខ្ញុំ គឺ​ជំរុញ​ឲ្យ​វា​លឿន​ការងារ​ហ្នឹង...»

ចំណែក​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ដែល​ជា​អ្នក​សម្រប​សម្រួល​ដោះស្រាយ​រឿង​នេះ បាន​ស្វាគមន៍​ចំពោះ​តំណាង​ដែល​ប្រជាពលរដ្ឋ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឲ្យ​មក​ធ្វើ​ការងារ​នេះ​ជាមួយ​អាជ្ញាធរ។

អភិបាល​រង​ខណ្ឌ​ឫស្សីកែវ អ្នកស្រី លីរ៉ូ ហ្សាមី មាន​ប្រសាសន៍​ថា ការិយាល័យ​ភូមិបាល ជាមួយ​នឹង​គណៈ​អភិបាល​ខណ្ឌ បាន​ចុះ​ពិនិត្យ​ទីតាំង​នោះ​រួច​ហើយ ដោយ​រង់ចាំ​តែ​តំណាង​ពលរដ្ឋ​មក​ពិនិត្យ​មើល វាស់វែង និង​ទទួល​ស្គាល់​ទាំងអស់​គ្នា​ប៉ុណ្ណោះ៖ «តាម​ពិត​ទៅ យើង​មិន​ចង់​ឲ្យ​បង​ប្អូន​ទាំងអស់​ខាត​ពេល​វេលា ធ្វើ​អ៊ីចឹងៗ​ដូច​ជា​ការ​បិទ​ផ្លូវ វា​អាក្រក់​មើល​ខាង​អាជ្ញាធរ​ក៏​ខាត​ពេល​ដែរ»

កាល​ពី​អាធ្រាត្រ​ម៉ោង​១២ យប់​ថ្ងៃ​ទី​២២ វិច្ឆិកា មាន​មនុស្ស​មួយ​ក្រុម​ដែល​អ្នក​ភូមិ​អះអាង​ថា ជា​កម្លាំង​របស់​ក្រុមហ៊ុន អេង កាំង បាន​ធ្វើ​សកម្មភាព​វាយ​កម្ទេច​ប៉ាឆា​បូជា​សព​ទាំង​យប់ ប៉ុន្តែ​ទើប​នឹង​វាយ​ទម្លុះ​បាន​ជញ្ជាំង​ផ្នែក​ខាង​លើ​មួយ​ផ្ទាំង ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​បាន​ដឹង ហើយ​បាន​ទូង​ស្គរ​កែន​អ្នក​ស្រុក​ទាំង​យប់ ឲ្យ​នាំ​គ្នា​មក​ឃាត់​សកម្មភាព​នោះ និង​បាន​តវ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា អស់​ជាច្រើន​ម៉ោង ដើម្បី​រក​អ្នក​ទទួល​ខុស​ត្រូវ និង​រក​ដំណោះស្រាយ។ ក្នុង​ការ​តវ៉ា​នោះ​ដែរ ក្រុម​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដុត​បំផ្លាញ​ត្រាក់ទ័រ​មួយ​គ្រឿង ព្រម​ទាំង​ដុត​បំផ្លាញ​ទុយោ​ជ័រ​បូម​ខ្សាច់​ធំៗ​ជាច្រើន​ដើម ដែល​គរ​ទុក​នៅ​បរិវេណ​ទី​ប៉ាឆា​នោះ។

រំលង​បាន​មួយ​ថ្ងៃ រដ្ឋាភិបាល​ចេញ​សេចក្តី​ជូន​ដំណឹង ឬ ស.ជ.ណ ថ្មី​មួយ ដោយ​លុប​ចោល ស.ជ.ណ ចាស់ ដែល​ចេញ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ ប្រគល់​ដី​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន អេង កាំង អភិវឌ្ឍ ដោយ​ព័ទ្ធ​យក​ទាំង​ដី​ឈាបនដ្ឋាន​របស់​វត្ត​ខ្ទរ នោះ​ផង។ ស.ជ.ណ ថ្មី គ្រប់គ្រង​លើ​ដី​ចាស់​ឆ្នាំ​២០១២ បាន​សម្រេច​កាត់​ដី និង​ប៉ាឆា​វត្ត ឬ​សម្បត្តិ​រួម​របស់​អ្នក​ភូមិ​ចេញ​មក​វិញ។ ប៉ុន្តែ ការ​បំផ្លាញ​ប៉ាឆា​បូជា​សព និង​ការ​ដុត​បំផ្លាញ​ត្រាក់ទ័រ ព្រម​ទាំង​ទុយោ​ជ័រ​បូម​ខ្សាច់​លុប​តំបន់​នោះ​របស់​ក្រុមហ៊ុន រហូត​មក​ដល់​ពេល​នេះ ហាក់​នៅ​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ។ ចំណែក​ភាគី​ក្រុមហ៊ុន​វិញ ក៏​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម ឬ​ការ​ឆ្លង​ឆ្លើយ​អ្វី​ចំពោះ​រឿង​ជម្លោះ​នេះ​ដែរ។ ឈាបនដ្ឋាន​វត្ត​ខ្ទរ កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០០០ ដោយ​ថវិកា​វត្ត និង​រៃ​បច្ច័យ​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត និង​តំបន់​ផ្សេងៗ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល