ក្រសួង​ដែនដី​រុះរើ​សំណង់​ចំនួន​២៣​ការដ្ឋាន​ដែល​បង្ក​ហានិភ័យ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ អាស៊ីសេរី
2019.12.25
​ស្នាម​ប្រេះ អគារ​ ៩​ជាន់ សីហនុ រុះរើ ៦២២ ​ស្នាម​ប្រេះ​នៃ​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ដោយ​គ្មាន​លិខិត​អនុញ្ញាតសាងសង់។
រូប​ពី​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ក្រសួង​ដែនដី​និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រុះរើ​សំណង់​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំនួន ២៣​ការដ្ឋាន​ក្នុង​ឆ្នាំ​២០១៩​។ ក្រៅ​ពី​នេះ អាជ្ញាធរ​ក៏​តម្រូវ​ឱ្យ​ការដ្ឋាន​រាប់​សិប​កន្លែង​ផ្សេងទៀត​ក្នុង​ខេត្ត​នេះ​ត្រូវ​បំពេញ​នីតិវិធី​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ​។ មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ការដ្ឋាន​សំណង់​ជាច្រើន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​មិន​ដឹង​ច្បាស់​ថា ការ​ស្ងប់ស្ងាត់​នេះ ព្រោះ​អាជ្ញាធរ​រុះរើ ឬក៏​ថៅកែ​ចិន​រត់ចោល​នោះ​ទេ។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ដឹង​ថា ក្រសួង​បាន​ចុះ​រុះរើ​សំណង់​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំនួន ២៣​ការដ្ឋាន ស្ថិត​ក្នុងចំណោម​ការដ្ឋាន​សំណង់​ចំនួន ៥៧០ ដែល​ក្រសួង​និង​អ្នក​ពាក់ព័ន្ធ​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ក្នុង​ឆ្នាំ​២០១៩ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ សារព័ត៌មាន​ក្នុងស្រុក​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ​ថា ក្រសួង​បាន​ណែនាំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រួតពិនិត្យ ការដ្ឋាន​ចំនួន​១៦៦​កន្លែង និង​តម្រូវ​ឱ្យ​ការដ្ឋាន​ចំនួន ៣៨១​កន្លែង​ទៀត​ត្រូវ​បំពេញ​នីតិវិធី​ឱ្យ​បាន​ត្រឹមត្រូវ។

​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ក្រោយ​មាន​ស្នាម​ប្រេះ និង​គ្មាន​លិខិត​អនុញ្ញាត សាងសង់។
​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ក្រោយ​មាន​ស្នាម​ប្រេះ និង​គ្មាន​លិខិត​អនុញ្ញាត សាងសង់។
រូប​ពី​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បានទេ នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ដោយ​ទូរស័ព្ទ​ចូល តែ​លោក​ថា​និយាយ​ស្តាប់​គ្នា​មិន​លឺ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ថា កិច្ចការ​ផ្នែក​សំណង់​នេះ​ជា​ការ​ជំនាញ​របស់​ក្រសួង​ដែនដី​។ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​ចូលរួម​ជា​អ្នក​សម្របសម្រួល​និង​ផ្សព្វផ្សាយ​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ដល់​អ្នក​សាងសង់ ឬ​ម្ចាស់​សំណង់​ឱ្យ​អនុវត្ត​តាម​ច្បាប់​នៃ​ការសាងសង់​របស់​ក្រសួង​ដែនដី៖ «ក្រសួង​ដែនដី​លោក​មាន​ក្រុមការងារ​ធ្វើ​កោសល្យ​វិច័យ វាយតម្លៃ​អី​ផ្សេងៗ លោក​ក្តាប់​ល្អិត ជាង​យើង យើង​ចូលរួម​សម្របសម្រួល​ក្នុង​មាន​ជា​អាជ្ញាធរ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី»

ក្រោយពេល​ជនជាតិ​ចិន​សម្រុក​ទៅ​រក​ស៊ី​និង​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ វិស័យ​សំណង់​ក្នុង​ខេត្ត​នេះ​មានការ​សាងសង់​ច្រើន ប៉ុន្តែ​ក៏​មាន​ការ​រិះគន់​ថា ក្រុមហ៊ុន​មួយ​ចំនួន​សាងសង់ មិនបាន​អនុវត្ត​ត្រឹមត្រូវ ហើយក៏​ធ្លាប់​មាន​ករណី​បាក់​រលំ​អគារ​នៅ​ក្នុង​ខេត្ត​នេះ​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេត​ឃើញ​ថា ទើបតែ​ឃើញ​មាន​សំណង់​អគារ​មួយ​ប៉ុណ្ណោះ ដែល​ត្រូវ​អាជ្ញាធរ​កំពុង​វាយកម្ទេច​ចោល​។ អ្នកស្រី​បន្ត​ថា ការដ្ឋាន​សំណង់​ជាច្រើន​នៅ​ខេត្ត​ព្រះសីហនុ​សព្វថ្ងៃ​មិន​ឃើញ​មាន​សកម្មភាព​សាងសង់​ពិតមែន ប៉ុន្តែ​អ្នកស្រី​មិនបាន​ដឹង​ច្បាស់​ថា បណ្ដាល​មក​ពី​បញ្ហា​ការអនុវត្ត​ច្បាប់​របស់​ក្រសួង​ដែនដី ឬ​ដោយសារ​ជនជាតិ​ចិន​សម្រុក​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ​នោះ​ទេ៖ «យើង​គ្រាន់តែ​ឃើញ​ថា សកម្មភាព​ត្រូវ​ផ្អាក​អញ្ចឹង​មែន​ឃើញ​អគារ​ធ្វើ​ហើយ​អត់​ទាន់​បាន​ដាក់​ស្នាក់​ជួល​អី​ទេ ទន្ទឹម​ពេល​ក្រុម​អ្នក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ស្ងាត់​ដែរ»

សកម្មភាព​រុករក​ជន​រងគ្រោះ​ក្នុង​អគារ​រលំ​បាក់​ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា ​២០១៩។
សកម្មភាព​រុករក​ជន​រងគ្រោះ​ក្នុង​អគារ​រលំ​បាក់​ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា ​២០១៩។
Photo courtesy of Royal du Cambodge's Facebook Page

កាល​ពី​ខែ​មិថុនា មាន​ករណី​បាក់​អគារ​កម្ពស់ ៧​ជាន់​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ខ្មែរ​ចំនួន ២៨​នាក់​ស្លាប់​និង ២៦​នាក់​របួស​។ ក្រោយ​ហេតុការណ៍​នេះ ទើប​រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​ដើម្បី​ត្រួត​ពិនិត្យ​គុណភាព​សំណង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។