តុលាការ​ក្រុង​ភ្នំពេញ​មិន​ទាន់​ចោទ​ប្រកាន់​លោក ឡាយ វណ្ណៈ ករណី​ឃាតកម្ម​ស្រី​ស្នេហ៍

ដោយ អាស៊ីសេរី
2018.04.02
ឡាយ វណ្ណៈ ៦២២ អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ និង​ជនរងគ្រោះ ឈ្មោះ ចេវ សុវឌ្ឍនា។
Photo Facebook

សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​សម្រេច​ចោទប្រកាន់​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ស្រី្ត ឈ្មោះ ចេវ សុវឌ្ឍនា នៅ​ឡើយ​ទេ ក្រោយ​ការ​សាកសួរ នៅ​ថ្ងៃ​ទី​២ ខែ​មេសា​នេះ។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា ឲ្យ​ដឹង​តាម​បណ្ដាញ សង្គម​តេឡេក្រាម​ថា តុលាការ បាន​បញ្ជូន​លោក ឡាយ វណ្ណៈ​ទៅ​ឃុំ​នៅ​ក្រសួងមហាផ្ទៃ​វិញ ដើម្បី​បន្ត​ការសាកសួរ​នៅ​ថ្ងៃ​ទី០៣ មេសា ទៀត។

លោក លី សុផាណា បន្ត​ថា ចំពោះ​ជនសង្ស័យ​៥​នាក់​ទៀត រួមមាន​អតីត​ស្នងការ​រង​ខេត្ត​តាកែវ លោក ឡាយ ណារិទ្ធ ដែល​ជា​បងប្រុស​លោក ឡាយ វណ្ណៈ និង​ជនសង្ស័យ​៤​នាក់​ផ្សេងទៀត ក៏​នៅ​មិន​ទាន់​ចោទ​ប្រកាន់​ជា​ផ្លូវការ​ដែរ ដោយ​តំណាង​អយ្យការ កំពុង​បន្ត​ពិនិត្យ​សំណុំ​រឿង​នេះ​នៅឡើយ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក​ខៀវ សុភ័គ ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃអាទិត្យ ទី​០១ មេសា ម្សិលមិញ​ថា លោក ឡាយ វណ្ណៈ គឺជា​ជនសង្ស័យ​ម្នាក់​ដែល​បាន​ប្រែក្លាយ​សំណុំរឿង​ឃាតកម្ម ទៅជា​សំណុំរឿង​អត្តឃាត។

អតីត​អភិបាល​ខេត្ត​តាកែវ លោក​ឡាយ វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់ ដោយ​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ កាលពី​ថ្ងៃ​ទី​១ ខែ មេសា។ ក្នុង​ដីកា​នោះ លោក សៀង សុខ បញ្ជាក់​ថា នឹង​សួរនាំ​លោក ឡាយ វណ្ណៈ អំពី ដំណើររឿង​ឃាតកម្ម លើ​ស្ត្រី​ម្នាក់ ឈ្មោះ ចេវ សុវឌ្ឍ នា កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨ នៅ ចំណុច​ផ្ទះ​ជួល​មួយ ក្នុង​សង្កាត់​រកាក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ។

កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ នៅមុន​ពេល​ចាប់ខ្លួន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា លោក​ពិត​ជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​ស្ត្រី​រងគ្រោះ​នោះ​មែន ប៉ុន្តែ​បាន​បដិសេធ​ថា លោក​មិនមែន​ជា​ជន​ដៃដល់​ក្នុង​រឿង​ឃាតកម្ម​នោះ​ទេ។

ជនរងគ្រោះ​ឈ្មោះ ចេវ សុវឌ្ឍនា អាយុ ៣៦​ឆ្នាំ មាន​កូន ៣​នាក់។ ដំបូង​ឡើយ​ត្រូវ​បាន​រក​ឃើញ​ស្លាប់​ដោយ​ចងក ដែល​សមត្ថកិច្ច​ខេត្ត​តាកែវ អះអាង​កាល​ពី​ពេល​នោះ​ថា ជនរងគ្រោះ​ធ្វើ​អត្តឃាត​ខ្លួន​ឯង ប៉ុន្តែ​ក្រោយ​ការស៊ើបអង្កេត របស់​សមត្ថកិច្ច​បង្ហាញ​ថា ស្ត្រីជន​រងគ្រោះ​ត្រូវ​ជនល្មើស​ធ្វើ​ឃាត។

រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច មិន​ទាន់​បង្ហាញ​លំអិត ជុំវិញ​រឿង​រាវ ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាតកម្ម​លើ​ជនរងគ្រោះ​ឈ្មោះ ចេវ សុវឌ្ឍ​នា នៅឡើយ​ទេ។

នៅ​ក្នុង​សំណុំ​រឿង​ដដែល​នេះ​នៅ​មាន​ចំណុច​អាថ៌កំបាំង ជាច្រើន​ដែល​កំពុង​ធ្វើ​ឲ្យ​មហាជន និង អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន នៅ​មានមន្ទិល​សង្ស័យ​ថា មាន​រឿង​រាវ​ជាច្រើន​ទៀត​នៅ​ពីក្រោយ​អំពើ​ល​ឃាត​កម្ម​នេះ និង​ទាម​ទាម​ឲ្យ​សមត្ថកិច្ច និង​តុលាការ បង្ហាញ ភស្តុ​ង​តាង​ពិត និង​ឃាតក​ពិត ព្រមទាំង​អ្នក​ពាក់ព័ន្ធ​នៅ​ពីក្រោយ​រឿង​នេះ ប្រកបដោយ​យុត្តិធម៌។

មួយ​រយៈ​ពេល​ចុង​ក្រោយនេះ រឿងអាស្រូវ​ផ្លូវ​ភេទ​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា កើត​ឡើងជា​ញឹកញាប់ ប៉ុន្តែ​ជនរងគ្រោះ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។