ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា កម្ពុជា និងថៃ បានរួមគ្នាផ្ដល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកខ្មែរបានជាង ៣សែននាក់ហើយ ក្នុងចំណោមពលករខ្មែរជាង ៤សែននាក់ ដែលកំពុងធ្វើការងារខុសច្បាប់ ឬគ្មានឯកសារនៅក្នុងប្រទេសថៃ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបការងារនៅទីស្ដីការក្រសួងការងារ ជាមួយលោក ប៉ានយ៉ារ៉ាក់ ពុលធូប (Panyarak Poolthup) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ឧសភាថា ពលករចំណាកស្រុកខ្មែរ ដែលកំពុងធ្វើការដោយគ្មានឯកសារស្របច្បាប់ ក្នុងប្រទេសថៃ ពីមុនមកនេះ ឥឡូវនេះបានទទួលភាពស្របច្បាប់ជិតអស់ហើយ។ លោកអះអាងថា បច្ចុប្បន្ន នៅសល់ពលករខ្មែរប្រមាណជាង ៨ម៉ឺននាក់ទៀតតែប៉ុណ្ណោះ ដែលកំពុងធ្វើការនៅប្រទេសថៃ ដោយពុំមានឯកសារស្របច្បាប់នៅឡើយ ហើយថា ក្រសួងនឹងបន្តធ្វើកិច្ចការនេះឱ្យបានរួចរាល់នៅមុនដំណាច់ខែមិថុនា ឆ្នាំ២០១៨ ដែលជាកាលបរិច្ឆេទកំណត់ របស់អាជ្ញាធរថៃ។
អាជ្ញាធរថៃក្រោមការដឹកនាំដោយរបបយោធារបស់នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចារ បានរឹតបន្តឹងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ដោយបានចេញក្រឹត្យច្បាប់ថ្មី ដែលតម្រូវឱ្យមានការពិន័យ និងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបំផុតចំពោះករណីនេះ និងបានទុកពេលវេលាឱ្យកម្ពុជាផ្ដល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុករបស់ខ្លួន ឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មុននឹងក្រឹត្យច្បាប់ថ្មីនេះ មានសុពលភាពចាប់ផ្ដើមអនុវត្តជាផ្លូវការ។ កាលពីពាក់កណ្ដាលឆ្នាំ២០១៧ កន្លងទៅ អាជ្ញាធរថៃបានរកឃើញថា មានពលករខ្មែរខុសច្បាប់ចំនួនជាង ៤សែននាក់បានធ្វើការខុសច្បាប់នៅប្រទេសថៃ។
ឆ្លើយតបនឹងបញ្ហានេះ កម្ពុជាបានបញ្ជូនក្រុមការងារអន្តរក្រសួងជាង ៣០០នាក់ ចុះទៅកាន់មជ្ឈមណ្ឌលចំនួន៣ នៅទីក្រុងបាងកក ខេត្តបុទុមឋានី និងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដើម្បីសហប្រតិបត្តិការជាមួយភាគីថៃ ក្នុងការផ្ដល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកខ្មែរខុសច្បាប់ទាំងនោះ។
បច្ចុប្បន្ន មានពលករចំណាកស្រុកខ្មែរចំនួនជាង ១លាន ៦ម៉ឺននាក់ កំពុងធ្វើការស្របច្បាប់នៅប្រទេសថៃ។
របាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងការជួញដូរ និងការពារអនីតិជន ខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០១៨នេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករចំណាកស្រុកខ្មែរខុសច្បាប់ នៅប្រទេសថៃ ចំនួន ៤.២៦៨នាក់មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។