លីកាដូខកខានផ្ដល់អំណោយដល់កុមារជាប់ឃុំនៅគុកព្រៃស
2014.05.31
អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខកខានក្នុងការផ្តល់អំណោយដល់កុមារ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលកែប្រែទី២ (ម២) ឬគុកព្រៃស ដើម្បីអបអរទិវាកុមារអន្តរជាតិ ១ មិថុនា។
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រី ពុង ឈីវកេក ដែលសោកស្ដាយចំពោះការខកខាននេះឲ្យដឹងថា អង្គការអ្នកស្រីចង់ចែកអំណោយជូនក្មេងៗក្នុងពន្ធនាគារឲ្យបានមុនទិវាអន្តរជាតិមួយថ្ងៃ គឺនៅថ្ងៃទី៣១ ខែឧសភា អ្នកស្រីក៏សុំការអនុញ្ញាតប្រធាននាយកដ្ឋានពន្ធនាគារចូលជួបកុមារនៅគុកព្រៃស។ ក្រោយពីបានទទួលការអនុញ្ញាត អ្នកស្រីក៏នាំក្រុមការងារ ២០នាក់ ទៅកាន់គុកព្រៃស នាព្រឹកថ្ងៃទី៣១ ឧសភា ប៉ុន្តែប្រធានគុកមិនអនុញ្ញាតក្រុមការងារអ្នកស្រីចូលសួរសុខទុក្ខក្មេងៗនោះឡើយ។
អ្នកស្រី ពុង ឈីវកេក៖ «មានម្ចាស់ជំនួយ គេទៅជាមួយយើងអ៊ីចឹងដែរ គេចង់ចូលទៅចែកអីខ្លួនគេដែរ ហើយដល់មិនឲ្យលើសពី ៥នាក់អ៊ីចឹង! ម្ចាស់ជំនួយគេអត់ពេញចិត្ត អ៊ីចឹងត្រូវយកអីវ៉ែអីវ៉ាន់ហ្នឹងមកវិញទាំងអស់ ស្ដាយមែនទែន ដែលមិនបានផ្ដល់របស់របរបន្តិចបន្តួចដែលជានិមិត្តរូបសោះហ្នឹង ខ្ញុំថាអត់ប៉ះពាល់អី សន្តិសុខនៅក្នុងពន្ធនាគារអីហ្នឹងទេ! ខ្ញុំៗដូចជាមានការអាណិតអាសូរណា៎ចា៎ ហើយពិបាកក្នុងចិត្តមែនទែន!»។
អ្នកស្រីឲ្យដឹងបន្ថែមថា រៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃទិវាសិទ្ធិកុមារម្ដងៗ អ្នកស្រីតែងឲ្យក្រុមការងារជួបក្មេងៗក្នុងពន្ធនាគារ និងផ្ដល់សម្ភារៈបន្តិចបន្តួចពីសប្បុរសជនជូនពួកគាត់។ អ្នកស្រីបញ្ជាក់ទៀតថា ក្មេងៗនៅ ម២ មានប្រមាណ ១៣៧នាក់។
ឆ្លើយតបនឹងការលើកឡើងរបស់ អ្នកស្រី ពុង ឈីវកេក នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក គួយ ប៊ុនសន មានប្រសាសន៍ថា លោកអនុញ្ញាតឲ្យក្រុមការងារសិទ្ធិមនុស្សចូលចែកអំណោយថ្ងៃទី២ មិថុនា ដូច្នេះការដែលក្រុមការងារសិទ្ធិមនុស្សទៅថ្ងៃទី៣១ ឧសភា នេះ ប្រធានពន្ធនាគារព្រៃសគេមិនឲ្យចូលនោះទេ។
តាមគម្រោងអង្គការសិទ្ធិមនុស្សលីកាដូ គ្រោងនឹងចែកអាហារ និងសម្ភារៈដល់កុមារជាប់ពន្ធនាគារ និងកុមារតូចៗដែលរស់នៅជាមួយម្ដាយក្នុងពន្ធនាគារចំនួន ៨កន្លែង ដើម្បីអបអរសិទ្ធិកុមារអន្តរជាតិ ១ មិថុនា៕