សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ រឹត​បណ្ដឹង​ការ​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​លើ​ជនជាតិ​ចិន

ហេង រស្មី
2021.01.23
សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ រឹត​បណ្ដឹង​ការ​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​លើ​ជនជាតិ​ចិន រថយន្ត​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​រក្សា​ទុក​ជា​ភស្តុតាង​បន្ទាប់​ពី​ហេតុការណ៍​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​​២១មករា​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។
រូបថត៖​ ពី​គេហទំព័រ​ហ្វេសប៊ុក

ពលរដ្ឋរស់​នៅ​ខេត្ត​ព្រះសីហនុ​សព្វ​ថ្ងៃ​ព្រួយ​បារម្ភ​ពី​សន្តិ​សុខ​ ដោយសារ​តែ​កំណើន​បទល្មើស​ហិង្សា និង​ឃាតកម្ម​ ដែល​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ ខេត្ត​ព្រះសីហនុ​ អ្នក​ស្រី​​ ជៀប សុធារី​ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​មាន​វត្តមាន​ជនជាតិ​ចិន​កាន់​តែ​ច្រើន​ឡើង​ៗ​ នៅ​ក្នុង​ខេត្ត​នេះ​ បណ្តាល​ឲ្យ​មាន​ករណី​បាញ់​សម្លាប់​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា និង​​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​ដើម។​

អ្នក​ស្រី​បន្ត​ថា​សមត្ថកិច្ច​ត្រូវ​តែ​បង្កើន​ការ​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​ បើ​មិន​ដូច្នេះ​ទេ​អំពើ​ឃាតកម្ម​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ៖​«គ្រាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ភាគ​ច្រើន​ មាន​ជម្លោះ​ទាស់​គ្នា​ មាន​ការ​ប្រើ​អាវុធ​ហ្នឹង​ មិន​មែន​មាន​តែ​ខេត្ត​ព្រះសីហនុ​ទេ​ ខេត្ត​ផ្សេងៗ​ទៀត​ក៏​មាន​ដែរ​។ អីចឹង​ខ្ញុំ​គ្រាន់​ថា​ ការ​ប្រើ​អាវុធ​សម្រាប់​ខ្មែរ​យើង​ វា​អត់​សូវ​មាន​ទេ​​ គឺ​មាន​តែ​ជនបរទេស​។ អីចឹង​គួរ​តែ​សមត្ថកិច្ច​ធ្វើ​ការ​រិត​បណ្ដឹង​ក្នុង​ការ​ឆែក​ឆេរ ហើយ​បើ​មាន​បទ​ល្មើស​កើត​ឡើង​ ជនរងគ្រោះ​ស្លាប់​ដោយ​សារ​ការ​ប្រើ​ប្រាស់​អាវុធ​ទៀត​ សូម​មេត្តា​ធ្វើការ​ ស៊ើប​អង្កេត​ស្រាវជ្រាវ​ ហើយ​បើ​រក​ឃើញ​ថា​ មាន​បទ​ល្មើស​សូម​ឱ្យ​ទទួល​ទោស​តាម​ច្បាប់​កម្ពុជា។»

ការ​ស្នើ​សុំ​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​ជនជាតិ​ចិន​មួយ​រូប​កាល​ពី​ថ្ងៃ​ទី​ ២១​ មករា​ កន្លង​ទៅ​នេះ​ ត្រូវ​បាន​ឃាតក​ បាញ់​សម្លាប់​នៅ​ពូ​មុខ​កាស៊ីណូ​ មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​លេខ​​៣ ខេត្ត​ព្រះ​សីហនុ។​

ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​លោក​ ជួន ណារិន​ មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​ចាប់​បាន​ជនជាតិ​ចិន​ចំនួន​ ៣​ នាក់​ដែល​សង្ស័យ​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ជនជាតិ​ចិន​ម្នាក់​កាល​ពី​ថ្ងៃ​ទី​​២១​ មករា។​លោក​ថា​ សមត្ថកិច្ច​សង្ស័យ​ថា​ នៅ​មាន​ជនជាតិ​ចិន​ ៤​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​សំណុំ​រឿង​នេះ។​លោក​ ជួន ណារិន​ បដិសេធ​ផ្ដល់​ព័ត៌មាន​លំអិត​នៅ​ពេល​នេះ​​៖​«​ ឥឡូវ​នេះ​ការ​ពាក់​ព័ន្ធ​មូលហេតុ​អ្វី​បាន​ជា​មាន​ការ​បាញ់​សម្លាប់​គ្នា​វា​នេះ​ ខ្ញុំ​សូម​ទុក​មួយ​ដំ​សិន​ គ្រាន់​តែ​ថា​ ករណី​នេះ​យើង​ចាប់​បង្ក្រាប​បាន​តាំង​ពី​ម្សិលមិញ​ បាន​ចំនួន​ ៣នាក់​។​ យើង​នៅ​បន្ត​យក​បក្ស​ពួក​វា​ផ្សេង​ទៀត»។​

លោក​ ជួន ណារិន​ បាន​បន្ថែម​ថា​ ជនសង្ស័យ​ទាំង​បី​នាក់​ ​សមត្ថកិច្ច​​គ្រោង​នឹង​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ​កាល​ពី​ថ្ងៃ​ទី​ ២៣​ មករា​ ពី​បទ​«​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា​ មាន​ស្ថាន​ទម្ងន់​ទោស​ រក្សា​ទុក​អាវុធ​ខុស​ច្បាប់​ និង​កាន់​កាប់​គ្រឿងញៀន​ខុស​ច្បាប់»។

ពាក់​ព័ន្ធ​នឹង​រឿង​ជនជាតិ​ចិន​នេះ​ផង​ដែរ​ សមត្ថកិច្ច​​ខេត្ត​បន្ទាយមានជ័យ​កាល​ពី​ថ្ងៃ​ទី​​ ៨មករា​ បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ទៅ​តុលាការ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន​ ក្រោយ​ពី​បាន​ចាក់​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​ជាមួយ​គ្នា​។​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ​សមត្ថកិច្ច​បាន​ចាប់​ជនជាតិ​ចិន​ជិត​៤០០​នាក់​ កាល​ពី​ឆ្នាំ​ ២០២០​ កន្លង​ទៅ​នេះ​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ទី​ក្រុង​ភ្នំពេញ​ និង​ខេត្ត​បន្ទាយមានជ័យ​ ក្នុង​សំណុំ​រឿង​ផ្សេងៗ​គ្នា​ ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ថ្នាំ​ញៀន​ខុស​ច្បាប់​ ចាប់​ជំរិត​ ចោរកម្ម​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ និង​ករណី​ឃាតកម្ម​ទៅ​លើ​ជនជាតិ​ចិន​ដូ​ច​គ្នា​ជា​ដើម​៕ ​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។