មន្ត្រីអង្គការសង្គមស៊ីវិលជំរុញអាជ្ញាធរមានសមត្ថកិច្ចឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ដើម្បីទប់ស្កាត់ចរាចរណ៍ឆ្លងកាត់ និងការជួញដូរថ្នាំញៀនប្រយោជន៍ ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់សង្គម។
អនុប្រធានអង្គការលីកាដូទទួលបន្ទុកសិទ្ធិមនុស្សលោក អំ សំអាត ទទួលស្គាល់ថា កន្លងមករដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងបញ្ហានេះ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ លោកថា កម្ពុជាកំពុងក្លាយជាកន្លែងហូរចូលនៃការជួញដូរគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ច្រើនដល់ធនធានយុវជនជាទំពាំងស្នងឫស្សី ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃក្រោយ។
លោកជំរុញអាជ្ញាធរថា ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់ឱ្យបានគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននៅកម្ពុជា៖ «យុទ្ធសាស្ត្រនៃការចាប់ នឹងការបង្ក្រាបហ្នឹងមានការកើនឡើងដែលធ្វើឱ្យ ភាពចង្អៀតណែននៅក្នុងពន្ធនាគារ គឺបណ្ដាលមកពីបទល្មើសគ្រឿងញៀននេះវាច្រើនដែរ។ អ៊ីចឹងអ្វីដែលសំខាន់នៅក្នុងផែនការយុទ្ធសាស្ត្រគ្រឿងញៀន គឺការអប់រំ ការផ្សព្វផ្សាយធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ នឹងផលវិបាកដែលកើតចេញពីគ្រឿងញៀន ហើយធ្វើយ៉ាងម៉េចនាំគ្នា បង្ការ និងទប់ស្កាត់ហើយចៀសផុតពីគ្រឿងញៀន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៤ កុម្ភៈ បានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ រយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
លោក ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលដែលពិភពលោកទាំងមូលកំពុងវាយប្រហារធ្ងន់ធ្ងរនៃជំងឺ កូវីដ១៩ ស្ថានភាពនៃការជួញដូរថ្នាំញៀន មិនមានសញ្ញាថមថយឡើយ។ លោក ហ៊ុន សែន ទទួលស្គាល់ថា ស្ថានភាពបែបនេះបានជះឥទ្ធិពលដល់ប្រទេសកម្ពុជា ដោយសារតែឧក្រិដ្ឋជនបានឆ្លៀតឱកាសលបធ្វើសកម្មភាពនាំគ្រឿងញៀន ដឹកជញ្ជូនឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសដទៃ។
សមត្ថកិច្ចកម្ពុជាកាលពីឆ្នាំ២០២០ កន្លងទៅនេះ បានបង្ក្រាបគ្រឿងញៀនជាង ១ម៉ឺនករណី (១០.៤៦១ករណី) និងបានឃាត់ខ្លួនជនសង្ស័យចំនួន ជាង ២ម៉ឺននាក់ (២១.៥៦៦នាក់) ចាប់បានសារធាតុគ្រឿងញៀនគ្រប់ប្រភេទ សរុបជិត ៤តោន (៣៨៧៥,៩គីឡូក្រាម) និងសារធាតុគីមីផ្សំគ្រឿងញៀនទម្ងន់ជាង ៤តោន (៤.៤២៥គីឡូក្រាម) រួមទាំងមធ្យោបាយសម្ភារៈ និងភស្តុតាងមួយចំនួន ដែលនៅក្នុងនោះមានករណីជួញដូរគ្រឿងញៀនធំៗ មានចំនួន ៧៧ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។