កម្ពុជា​បញ្ជូន​ពលការិនី​ទៅ​ធ្វើ​ការ​ជា​មេ​ផ្ទះ​ជា​លើក​ដំបូង​នៅ​ទីក្រុង​ហុងកុង

ដោយ សេក បណ្ឌិត
2017.12.28
ស្ត្រី​ចាញ់​បោក​មេខ្យល់​ទៅ​ចិន ៨៥៥ ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Saut Sokprathna

រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​ពល​ការិនី ចំនួន ១៤​នាក់ ដើម្បី​ទៅ​ធ្វើ​ការ ជា​អ្នកជំនួយការ​មេផ្ទះ​នៅ​តំបន់​រដ្ឋបាល​ពិសេស​នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន ជា​លើកដំបូង​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ។

រដ្ឋាភិបាល​មាន​គម្រោង​បញ្ជូន​ពល​ការិនី​ទៅ​ធ្វើ​ការ​ជា​មេផ្ទះ​នេះ ឲ្យ​បាន ១​ពាន់​នាក់​ក្នុង​ឆ្នាំ​២០១៨ ខាងមុខ។

អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ការងារ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ងុយ រិទ្ធ បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ ទី​ដែល​លោក​ជូន​ដំណើរ​ពលករ​ខ្មែរ​ថា កិច្ចសន្យាការងារ​របស់​ពល​ការិនី​ធ្វើ​ការងារ​ជាមួយ​ម្ចាស់ផ្ទះ​នៅ​ហុងកុង​នោះ គឺ​មាន​រយៈពេល ២​ឆ្នាំ ហើយ​ប្រសិនបើ​ម្ចាស់ផ្ទះ ឬ​ថៅកែ​ពេញចិត្ត​ចំពោះ​ការងារ​ពួកគាត់​គេ គឺ​អាច​បន្ត​រយៈពេល​២​ឆ្នាំ​ទៀត។

លោក​ថ្លែង​ទៀត​ថា ប្រាក់បៀវត្សរ៍​ដែល​ពល​ការិនី​ទទួល​បាន​នោះ គឺ​មាន​ចំនួន ៥៧០​ដុល្លារ​អាមេរិក រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដូច​ការ​ស្នាក់នៅ កិច្ច​គាំពារ​ផ្នែក​សុខភាព និង​គ្រោះថ្នាក់​ការងារ​ជាដើម។ លោក​ថ្លែង​ទៀត​ថា ពល​ការិនី​ផ្សេងៗ​ទៀត​កំពុង​តែ​បណ្ដុះបណ្ដាល​ពី​ជំនាញ​មេផ្ទះ​តាម​ស្តង់ដារ​ការងារ​នៅ​ទីក្រុង​ហុងកុង ជា​មុន​សិន។

លោក​ថា តាម​ការ​ឲ្យ​ដឹង​ពី​ទីក្រុង​ហុងកុង គឺ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​អ្នកជំនួយការ​មេផ្ទះ​នេះ​ច្រើន​ដែល​កម្ពុជា មិន​មាន​ធនធាន​បញ្ជូន​ទៅ​គ្រប់គ្រាន់​នោះ​ទេ។

លោក​ថា លក្ខណៈ​ពិសេស​ដែល​បញ្ជូន​ពលការិនី​ទៅ​ទីក្រុង​ហុងកុង នៅ​គឺ​នៅ​ហុងកុង មាន​ច្បាប់​ការងារ​ច្បាស់លាស់ និង​តឹងរ៉ឹង ហើយ​អាជ្ញាធរ​កម្ពុជា បាន​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហុងកុង និង​នាយកដ្ឋាន​ការងារ​របស់​ហុងកុង ហើយ​កម្ពុជា មាន​ប្រព័ន្ធ​ទិន្នន័យ​ឆ្លើយឆ្លង​រវាង​កល​ការិនី ទៅ​អាជ្ញាធរ ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​ពល​ការិនី​កម្ពុជា។ លោក​ថា ចំណែក​ពលការិនី​កម្ពុជា ក៏​មាន​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​ទំនាក់ទំនង និង​ទទួល​ព័ត៌មាន​ផ្សេងៗ​ទៀត។

ទោះបីជា​អាជ្ញាធរ​កម្ពុជា បាន​អះអាង​ពី​វិធានការ​ការពារ​ដល់​ព​ល​ការិនី​កម្ពុជា ដែល​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​ហុងកុង ប៉ុន្តែ​មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា បាន​ថ្លែង​ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការរំលោភ​សិទ្ធិពល​ការិនី​នៅ​ទីក្រុង​ហុងកុង។

លោក​ថា តាម​បទពិសោធន៍​និយោជក​នៅ​ទីក្រុង​បាន​រំលោភ​សិទ្ធិ​ការងារ​របស់​ពលការិនី​ដែល​បញ្ជូន​ទៅ​ពី​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ភូមា​ជាដើម ហើយ​ដោយ​ការរំលោភ​សិទ្ធិ​ការងារ​នេះ ប្រទេស​ភូមា បាន​ផ្អាក​កម្មវិធី​បញ្ជូន​ពលការិនី​ធ្វើការ​តាម​ផ្ទះ​ទៅកាន់​ទីក្រុង​ហុងកុង​រួច​ហើយ។

ទោះ​យ៉ាង​ណា លោក ងុយ រិទ្ធ ថា ក្រុម​គ្រួសារ​របស់​ពល​ការិនី សប្បាយចិត្ត​នៅ​ពេល​ដែល​សមាជិក​គ្រួសារ​ពួកគាត់​បាន​ទៅ​ធ្វើ​ការ​ជា​ជំនួយការ​មេផ្ទះ នៅ​ទីក្រុង​ហុងកុង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រៅពី​ប្រាក់ខែ​ដែល​ទទួល​បាន ពួកគេ​សង្ឃឹមថា នឹង​ទទួល​បាន​បទពិសោធន៍​ការងារ​ផ្សេងៗ​ទៀត​នៅ​ពេល​ត្រឡប់​មក​កម្ពុជា​វិញ។

ក្រៅពី​ហុងកុង រដ្ឋាភិបាល​កម្ពុជា​គ្រោង​បញ្ជូន​ស្ត្រី​ខ្មែរ​ប្រមាណ ៣០០​នាក់ ទៅ​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ជាថ្មី​ម្ដងទៀត នៅ​ដើម​ឆ្នាំ​២០១៨​ខាងមុខ បន្ទាប់ពី​បាន​ផ្អាក​រយៈពេល ៦​ឆ្នាំ ក្រោយ​មាន​ពលករ​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី វាយ រំលោភបំពាន​កន្លងមក។ សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យមើល​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ហ្មត់ចត់ មុន​សម្រេចចិត្ត​បញ្ជូន​ស្ត្រី​ខ្មែរ​ឲ្យ​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ក្រៅ​ប្រទេស ដើម្បី​ជៀសវាង​ការ​ដើរ​ជាន់​ដាន​ចាស់ ដែល​នាំ​ឲ្យ​ពលករ​ខ្មែរ​បន្ត​រងគ្រោះ​ដូច​ពេល​មុន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។