សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពលរដ្ឋចំនួន ៩ នាក់ ក្នុងនោះមានស្ត្រីចំនួន ៣ នាក់ ក្រោយពីបានប៉ុនប៉ងឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ក្នុងពេលដែលកម្ពុជា កំពុងរឹតបណ្ដឹងការធ្វើដំណឹងពីតំបន់មួយទៅតំបន់ មួយក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។
អធិការប៉ូលិសស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យលោក បេន សំអាត ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៥ ខែមិថុនាថា ពលរដ្ឋខ្មែរទាំង ៩ នាក់នេះ ត្រូវបានសមត្ថកិច្ច ដាក់ឱ្យធ្វើចត្តាឡឺស័កចំនួន ១៤ ថ្ងៃសិន ដើម្បី ឱ្យប្រាកដថា ពួកគេមិនមានឆ្លងជំងឺកូវីដ នោះទើបសមត្ថកិច្ចអនុញ្ញាត ឱ្យពួកគេវិលត្រឡប់ទៅលំនៅឋានវិញ។
លោកបញ្ជាក់ថា មន្ត្រីយោធាការពារព្រំដែនបានឃាត់ខ្លួនពួកគេកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ក្រោយពីពួកគេ ប៉ុនប៉ងលបឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។ តែទោះជាយ៉ាងណាលោកថា ពលរដ្ឋនៅតែលបឆ្លងដែនដោយខុសច្បាប់ បើទោះបីជាសមត្ថកិច្ច បានចុះអប់រំពួកគាត់ពីគ្រោះថ្នាក់នៃការឆ្លងដែនទៅក្រៅប្រទេសក៏ដោយ ក៏សកម្មភាពលបឆ្លងដែននៅតែបន្តកើតមានដដែល៖ «អប់រំគាត់កុំឱ្យឆ្លងដែនខុសច្បាប់ ហើយទី២ ទៀតពាក់ព័ន្ធករណីកំពុងផ្ទុះ ជំងឺកូវីដ១៩ យ៉ាងផុលផុសនៅក្នុងប្រទេសថៃទៀតកាលណា យើងឆ្លងដែនខុសច្បាប់ហ្នឹងវាអាចពាក់ព័ន្ធ នឹងការឆ្លងជំងឺហ្នឹង មកស្រុកខ្មែរ ពាក់ព័ន្ធនឹងផ្លូវច្បាប់ នៅក្នុងប្រទេសគេ»។
ការឃាត់ខ្លួនពលរដ្ឋខ្មែរដែលលបឆ្លងដែនដោយខុសច្បាប់ទៅក្រៅប្រទេស មិនមែនលើកទីមួយទេនៅក្នុងខេត្តបន្ទាយមានជ័យ។
មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរមិនបានចុះអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទើបការឆ្លងដែនទៅរកការងារធ្វើនៅប្រទេសជិតខាង នៅតែបន្តកើតមាន។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា បញ្ជាក់ថា ការអប់រំរបស់អាជ្ញាធរកន្លងមកមិនបានដិតដល់ទេ ទើបពលរដ្ឋនៅតែបន្តឆ្លងដែនទៅប្រទេសជិតខាង។ លោកថា ក្រៅពីការអប់រំ ភាពក្រីក្រនៅតែជាមូលហេតុយ៉ាងសំខាន់ដែលនាំឱ្យពលរដ្ឋចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដោយមិនខ្លាចពីគ្រោះថ្នាក់៖ «ថាតើធ្វើយ៉ាងណាឱ្យពួកគាត់ហ្នឹងយល់ដឹង។ ពួកគាត់ហ្នឹងទទួលស្គាល់ នៅការឆ្លងដែនហ្នឹង ហើយតួនាទីរបស់អាជ្ញាធរដែលគាត់ត្រូវធ្វើហ្នឹងថាតើធ្វើយ៉ាងម៉េចដើម្បីការពារប្រជាពលរដ្ឋ។ ប្រសិនបើគាត់អត់ មានស៊ី មានចុក អត់ទីផ្សារចឹងត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យគាត់ឈប់ឆ្លងដែនឈប់ប្រព្រឹត្តឈប់អីចឹង»។
សមត្ថកិច្ចខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៩ មិថុនា នេះបានឃាត់ខ្លួនមេខ្យល់ម្នាក់ទៀតក្រោយពីបាននាំពលករចំនួន ១៥ ឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ តាមច្រកព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធករណីឆ្លងដែននេះ តុលាការខេត្តបន្ទាយមានជ័យ កាលពីខែឧសភា បានសម្រេចឃុំខ្លួនមេខ្យល់ ៣ នាក់ នៅក្នុងពន្ធនាគារខេត្ត បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបានកាលពីយប់ថ្ងៃទី២២ ខែឧសភា នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក្នុងពេលដែលពួកគេកំពុង នាំពលករឆ្លងដែនដោយខុសច្បាប់ចំនួន ១០ នាក់ទៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។