មនុស្ស​ស្លាប់​៤​នាក់​និង​របួស​៣៧​នាក់​ពេល​ប៉ះ​ទង្គិច​នៅ​បណ្ដោយ​ផ្លូវ​វ៉េងស្រេង

ក្រុម​សមត្ថកិច្ច​បាន​បាញ់​រះ​គ្រាប់​ពិត​ជាច្រើន​គ្រាប់ ក្នុង​ការ​ប៉ះ​ទង្គិច​រវាង​ក្រុម​អ្នក​តវ៉ា និង​សមត្ថកិច្ច​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់។ អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាន់​តែ​អាក្រក់​ទៅៗ។
ដោយ ទេព សុរ៉ាវី និង​ម៉ម មុនីរតន៍
2014-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​រង​របួស​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា និង​សមត្ថកិច្ច នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ស្ថិត​នៅ​ភូមិ​ក្រាំទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
អ្នក​រង​របួស​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា និង​សមត្ថកិច្ច នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ស្ថិត​នៅ​ភូមិ​ក្រាំទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
Photo: RFA

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៤​នាក់​ស្លាប់ ៣៧​នាក់​រង​របួស ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​មួយ​រវាង​សមត្ថកិច្ច និង​ក្រុម​អ្នក​តវ៉ា នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា តាម​ព័ត៌មាន​ពី​ក្រុម​ការងារ​របស់​លោក​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​តាម​មន្ទីរពេទ្យ​ធំ​ចំនួន​៣ គឺ​មន្ទីរពេទ្យ​កាល់ម៉ែត្រ មន្ទីរពេទ្យ​រុស្ស៊ី និង​មន្ទីរពេទ្យ​លោក​សង្ឃ ឲ្យ​ដឹង​ថា មាន​មនុស្ស ៤​នាក់​ស្លាប់ ក្នុង​នោះ​មាន​ក្មេង​ស្រី​អាយុ ១៧​ឆ្នាំ​ជា​សិស្ស​ម្នាក់​ផង និង​មាន​អ្នក​រង​របួស​ធ្ងន់ និង​ស្រាល​ចំនួន ៣៧​នាក់ កំពុង​សម្រាក​ព្យាបាល។

លោក​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​ឃោរឃៅ​របស់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ហើយ​ថា ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​ទាល់​រក​ច្រក​មិន​ចេញ និង​ការ​ប្រើ​ហិង្សា​របស់​សមត្ថកិច្ច បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់​ជា​បន្តបន្ទាប់ កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា រឹត​តែ​អាក្រក់​ទៅៗ។

«សំឡេង»

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង ១​ពាន់​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា ដំបង ខែល បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​បាតុករ​ច្រើន​រយ​នាក់ ដែល​តវ៉ា​រឿង​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ការ​បង្ក្រាប​នោះ​បាន​អូស​បន្លាយ​ពេញ​មួយ​យប់ រហូត​ឈាន​ដល់​ថ្ងៃ​សុក្រ ទី​៣ មករា ទើប​មាន​ការ​បាញ់​បង្ក្រាប​ទ្រង់ទ្រាយ​ធំ ដោយ​សមត្ថកិច្ច​បាញ់​រះ​គ្រាប់​ពិត​ទៅ​លើ​អ្នក​តវ៉ា និង​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ។

អ្នក​របួស​ភាគ​ច្រើន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា សមត្ថកិច្ច​បាន​បាញ់​រះ​សំដៅ​ទៅ​លើ​អ្នក​តវ៉ា ហើយ​គ្រាប់​កាំភ្លើង​ភាគ​ច្រើន​បាន​ទៅ​ប៉ះ​ពលរដ្ឋ​ដែល​មិន​ដឹង​អី។

យុវជន ព្រំ ភារម្យ ជន​រងគ្រោះ​ម្នាក់​ត្រូវ​គ្រាប់​ចំ​ជើង​ខាង​ស្តាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ឲ្យ​ដឹង​ថា គាត់​ត្រូវ​គ្រាប់​នៅ​ពេល​ដែល​ដើរ​តាម​ផ្លូវ​ទៅ​ហៅ​ឪពុក​ដែល​កំពុង​យាម​នៅ​រោងចក្រ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ឃើញ​សមត្ថកិច្ច​ច្រើន​ចុះ​ទៅ​បង្ក្រាប​បាតុករ។ ភារម្យ បាន​យក​ក្រណាត់​មក​ចង​ខាង​លើ​របួស​បន្តិច ដើម្បី​ទប់​ឈាម រង់ចាំ​គ្រូពេទ្យ​វះ​យក​គ្រាប់​កាំភ្លើង​ចេញ បន្ត​ថា សមត្ថកិច្ច​បាន​រត់​សំដៅ​មក​បាញ់​ពលរដ្ឋ និង​អ្នក​តវ៉ា​ទាំង​កម្រោល ដោយ​មិន​រើស​មុខ។

«សំឡេង»

គ្រូពេទ្យ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជើង ភារម្យ អាច​ត្រូវ​គ្រាប់ ហើយ​បែក​ឆ្អឹង​ខាង​ក្នុង តែ​ទំនង​មិន​ធ្ងន់ធ្ងរ​ដល់​ពិការ​ទេ។

អ្នក​ជំងឺ​ដែល​ត្រូវ​គ្រាប់​កាំភ្លើង បាន​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ដោយ​ខ្លះ​មាន​ដឹក​តាម​ម៉ូតូ ខ្លះ​តាម​ម៉ូតូ​កង់​បី។ គ្រូពេទ្យ​បាន​រុញ​អ្នក​ជំងឺ​ទាំង​នោះ​ទៅ​សម្រាក​នៅ​កន្លែង​ស្នាក់​លើ​ផ្លូវ​ដើរ​នៃ​អគារ​មួយ​នៅ​ជាន់​ទី​៣ ដើម្បី​ពិនិត្យ​ជំងឺ។ ពួក​គេ​ទាំង​នោះ​បាន​ដេក​តម្រៀប​គ្នា​តាម​ផ្លូវ​ដើរ ដោយ​គ្មាន​បន្ទប់​ស្នាក់ តែ​គ្រូពេទ្យ​បាន​យក​ចិត្ត​ទុក​ដាក់​មើល​ពួក​គេ​យ៉ាង​ហ្មត់ចត់ ស្ទើរ​គ្មាន​ពេល​សម្រាក។

និស្សិត​រៀន​ត្រៀម​ចូល​មហាវិទ្យាល័យ​ម្នាក់ កញ្ញា អ៊ុក ម៉ារ៉ា ឲ្យ​ដឹង​ថា នាង​ទើប​ចេញ​ពី​រៀន និង​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្ដិ​ម្នាក់​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ចៃដន្យ​ត្រូវ​គ្រាប់​ហើរ​ប៉ះ​ក្បាល​នាង​ឲ្យ​របួស។

«សំឡេង»

មិន​ខុស​គ្នា​ដែរ អ្នក​រត់​កង់​បី​ម្នាក់ ឈ្មោះ ម៉ប់ សារ៉ន ដែល​ត្រូវ ២​គ្រាប់​ចំ​ជើង​ទាំង​សង​ខាង បាន​ថ្កោលទោស​ធ្ងន់ធ្ងរ​ទៅ​លើ​សមត្ថកិច្ច​ដែល​ប្រើ​កាំភ្លើង​បាញ់​លើ​ពលរដ្ឋ​ដោយ​ព្រៃផ្សៃ។

«សំឡេង»

រីឯ​កម្មការិនី​រោងចក្រ​ម្នាក់ ឈ្មោះ វន់ ស្រីអូន ត្រូវ​របួស​ជើង ឲ្យ​ដឹង​ថា នាង​ត្រូវ​គ្រាប់​កាំភ្លើង​ពេល​ដែល​កំពុង​ដាំ​បាយ​នៅ​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ចម្ងាយ​ពី​កន្លែង​កម្មករ​ធ្វើ​បាតុកម្ម​ជាង ២​គីឡូម៉ែត្រ។ នាង​ត្រូវ​បាន​ម្ចាស់​ផ្ទះ និង​បង​ប្អូន​ជា​កម្មករ បញ្ជូន​មក​មន្ទីរពេទ្យ​ភ្លាមៗ​ពេល​ដឹង​ថា ត្រូវ​គ្រាប់​កាំភ្លើង។

គ្រូពេទ្យ​ម្នាក់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី មាន​ប្រសាសន៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ស្ថានភាព​បឋម​អ្នក​របួស​ទាំងអស់​មិន​មាន​អ្វី​គួរ​ព្រួយ​បារម្ភ​ទេ តែ​គ្រូពេទ្យ​នឹង​តាម​ដាន​យក​ចិត្ត​ទុក​ដាក់​ពី​ជំងឺ​របស់​ពួក​គេ។

«សំឡេង»

បុគ្គលិក​ម្នាក់​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​នេះ​ដែរ បាន​រិះគន់​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​បង្ក្រាប​កម្មករ​ដោយ​អាវុធ ហើយ​ថា​រដ្ឋាភិបាល​ត្រូវ​មាន​ដំណោះស្រាយ​សមរម្យ​ដល់​អ្នក​តវ៉ា​ទាំង​នោះ។

«សំឡេង»

លោក សួន សៀម រងគ្រោះ​ថ្នាក់ លោក​ចាត់​ទុក​ការ​បាញ់​ប្រហារ​របស់​សមត្ថកិច្ច​លើ​អ្នក​តវ៉ា និង​ពលរដ្ឋ ជា​រឿង​ខុស​ច្បាប់ ហើយ​ថា​នេះ​មិន​មែន​ជា​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​វិវាទ​នោះ​ឡើយ។

«សំឡេង»

ជុំវិញ​វិធាន​ការ​ក្តៅ​ដែល​កង​បង្ក្រាប​ប្រើ​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ លោក ខេង ទីតូ ពន្យល់​ថា ខាង​កម្លាំង​បង្ក្រាប​មិន​មែន​ជា​អ្នក​បង្ក​ឲ្យ​មាន​ហិង្សា​មុន​ទេ ដោយ​បាន​ទម្លាក់​ទៅ​លើ​ក្រុម​អានាធិបតេយ្យ​មួយ​ក្រុម ដែល​មិន​មែន​ជា​កម្មករ ហើយ​ឆ្លៀត​ឱកាស​បង្ក​ចលាចល​ធ្វើ​ឲ្យ​អសន្តិសុខ​សង្គម។

«សំឡេង»

លោក​សម្ដែង​ការ​សោកស្ដាយ​ជា​ពន់ពេក ដែល​អំពើ​ហិង្សា​នោះ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស។ លោក​បន្ត​ថា កម្លាំង​កង​រាជ​អាវុធហត្ថ​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស ១១​នាក់ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុគ័ក ឲ្យ​ដឹង​ថា បាតុកម្ម​របស់​កម្មករ​នៅ​ពេល​នេះ បាន​ឡើង​ហួស​ព្រំដែន​ពី​ការ​ទាមទារ​ប្រាក់​ខែ​ដោយ​អហិង្សា ដែល​ឈាន​ទៅ​ឲ្យ​បាត់​បង់​សណ្ដាប់​ធ្នាប់ សន្តិសុខ​ផ្ទៃ​ក្នុង​សង្គម។ លោក​បន្ត​ថា ការ​បង្ក្រាប​នេះ​ជា​ការ​ទប់ស្កាត់ ដើម្បី​បញ្ចៀស​នូវ​ការ​បាត់​បង់​សណ្ដាប់​ធ្នាប់​សាធារណៈ។ លោក​បញ្ជាក់​ដែរ​ថា ការ​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និង​អ្នក​តវ៉ា​នោះ ក៏​ធ្វើ​ឲ្យ​សមត្ថកិច្ច​ជាង ១០​នាក់​របួស​ដែរ។

យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ ពិសេស​អ្នក​រង​របួស បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា ហើយ​ងាក​មក​រក​ដោះស្រាយ​ដោយ​សន្តិវិធី​វិញ ចៀស​វាង​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​កាន់​តែ​ច្រើន៕

ស្ថានភាព​នៅ​កំណាត់​ផ្លូវ​វ៉េងស្រេង

ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​កម្មករ​នៅ​ផ្លូវ​វ៉េងស្រង ត្រង់​ចំណុច​សួន​កាណាឌីយ៉ា បាន​ធ្វើ​អោយ​ពលរដ្ឋ និង​កម្មករ​ជា​ច្រើន​នាក់​ស្លាប់ របួស និង​ចាប់​ខ្លួន។ រហូត​មក​ដល់​ពេល​នេះ ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ឋិត​ក្នុង​ភាព​តានតឹង​នៅ​ឡើយ ដោយសារ​ក្រុម​កម្មករ​មិន​ព្រម​រំសាយ​ទេ​ដោយ​បន្ត​បិទ​ផ្លូវ និង​ដុត​បំណែក​សម្ភារៈ​ផ្សេងៗ​ដែល​យក​បាន​នៅ​តាម​ដង​ផ្លូវ និង​ផ្ទះ​នៅ​ក្បែរ​នោះ។ ចំណែក​សមត្ថកិច្ច​បន្ត​បន្ថែម​កម្លាំង ដើម្បី​បង្ក្រាប​បំបែក​ការ​តវ៉ា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ម មុនីរតន៍ រាយការណ៍​ផ្ទាល់​ពី​ស្ថានភាព​នៅ​កំណាត់​ផ្លូវ​វ៉េងស្រេង ដូច​តទៅ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (70)
Share

អ្នក​អាន​អនាមិក

(continuing)... for sure, it's either from corruption, money laundering or drug trafficking... these cpp cronies live in extra-luxury houses and drive in big horse-power cars, just the gasoline they pour in each day is already more than $160. they are leaving a trail of irreversible destruction of our natural resources and a deepening gap between the poor and the super rich. before anyone open your stinking mouth to slender these poor workers, you should look at yourself in the mirror and ask who you are and where are you from. i don't care if you are from vietnam, but if you are a khmer, you should feel ashamed for what you said.

Jan 04, 2014 12:25 AM

អ្នក​អាន​អនាមិក

i am sure $160 is not too much considering the increasing costs of living. these poor workers are the engines of our economy and members of our society. they should be paid enough to live in dignity as humans. i see a lot of cpp cronies spend a lot of money on luxuries such as whisky, watches, bags, clothes, jewelry... they fly to singapore or bangkok just to do shopping! how much money they have, where do they get the money? ... (to continue)

Jan 04, 2014 12:25 AM

SETR

អាក្រក់ណាស់

Jan 03, 2014 11:16 PM

អ្នក​អាន​អនាមិក

ការបញ្ចេញមតិជាចំហរ ជាសិទ្ធិសេរីភាពស្របច្បាប់ សំរាប់ប្រជាជនខ្មែរទាំងអស់ ។ មតិដែលបានផ្សាយចេញ បង្ហាញថាខ្មែរមួយចំនួនធំមានឧត្តមគតិជាតិនិយម មានការរិះគិតវែងឆ្ងាយពីអនាគតប្រទេសនិងបូរណភាពទឹកដី ការយល់ពីបញ្ហាសង្គម(អំពើពុករលួយ អយុត្តិធម៌…) ការឈឺចាប់នឹងបទឧក្រិដ្ឋលើប្រជាជនខ្មែរគ្មានអាវុធ ។ល។ រដ្ឋាភិបាលដែលមានសមត្ថភាពអាចយកមតិទាំងនេះជាជំនួយ ក្នុងការងារបំរើរាស្ត្រនិងអភិវឌ្ឍនប្រទេសខ្មែរ ។ ខ្មែរសាមគ្គីគ្នាដើម្បី ”ជាតិ សាសនា ព្រះមហាក្សត្រ“ និង ”សូមពួកទេវតា . . . បុរាណថ្កើងថ្កាន“ និងបំបាត់អាណានិគមលើទឹកដីខ្មែរ ។

Jan 03, 2014 10:42 PM

អ្នក​អាន​អនាមិក

Cowards, why don’t you drop your guns and fight like men. Your duty is protect and defend Cambodia and the Cambodian people, not harm them. Each and every one of you should be ashamed of yourselves. You choose to defend one person & greedy foreign investors instead of your own flesh & blood. How could you justify this injustice? One day, the United Nation & the ICC will hunt you all down and lock you up in the cage where you’re all belong, COWARDS!

Jan 03, 2014 09:35 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល