ជនរងគ្រោះជាច្រើននាក់រងការធ្វើទារុណកម្មនៅក្នុងអំពើឆបោកតាមអនឡាញនៅខេត្តស្វាយរៀង និងព្រះសីហនុ
2024.10.22
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃចាត់ទុកការផ្សព្វផ្សាយ ដែលបង្ហាញអំពីជនរងគ្រោះត្រូវគេវាយដុំធ្វើទារុណកម្ម នៅតាមបរិវេណអគារបនល្បែងកាស៊ីណូនៅតាមបណ្ដាខេត្តមួយចំនួនថា គឺជាការកាត់តរូបភាព និងជាការប្រឌិតព័ត៌មាន។ ប្រតិកម្មរបស់មន្ត្រីអាជ្ញាធរបែបនេះ បន្ទាប់ពីស្ថាប័នសារព័ត៌មានអន្តរជាតិមួយចំនួនបានរាយការណ៍ជាបន្តបន្ទាប់អំពីមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Online) នៅខេត្តស្វាយរៀង និងព្រះសីហនុដែលមានមនុស្សរាប់ពាន់នាក់កំពុងជាប់ឃុំឃាំងនៅតាមអគារ និងក្លាយជាទាសករតាមប្រព័ន្ធអ៊ីនធឺណិត។
បញ្ហាជួញដូរមនុស្ស ការចាប់ជំរិត និងអំពើឆបោកតាមអនឡាញ (Online) នៅតែជាបញ្ហាក្ដៅគគុកក្នុងសង្គមកម្ពុជាហើយរដ្ឋាភិបាលនៅតែរងការរិះគន់ថា អសមត្ថភាពក្នុងការបង្ក្រាប និងទប់ស្កាត់អំពើឧក្រិដ្ឋកម្មទាំងនេះទោះបីជាទីតាំងនៃឧស្សាហកម្មឆបោកតាមអនឡាញមួយចំនួនត្រូវបានរាយការណ៍ជាបន្តបន្ទាប់ និងមានជនរងគ្រោះអះអាងពីការទទួលរងទារុណកម្ម ដោយភ្ជាប់ជាមួយនឹងរូបភាព និងវីដេអូដែលក្រុម ម៉ាហ្វីយ៉ាចិន (Mafia) វាយដុំពួកគេក្ដី ។
អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អះអាងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែតុលាថា រូបភាពដែលផ្សព្វផ្សាយដោយស្ថាប័នសារព័ត៌មានអន្តរជាតិមួយចំនួនបង្ហាញអំពីជនបរទេសរងអំពើទារុណកម្មនៅលើទឹកដីកម្ពុជាជាការរៀបចំជាប្រព័ន្ធ ដើម្បីធ្វើឱ្យប៉ះពាល់មុខមាត់របស់កម្ពុជា។ ទោះជាយ៉ាងណា លោកទទួលស្គាល់ថា នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ រួមទាំងខេត្តមួយចំនួនទៀតនៅជាប់ព្រំដែន គឺមានបទល្មើសអំពើឆបោកតាមអនឡាញ និងមជ្ឈមណ្ឌលឆបោកតាមអនឡាញ ឬខលសិនធើ (Call Center) ហើយសមត្ថកិច្ចបានចុះបង្ក្រាបជាបន្តបន្ទាប់។
លោក ទូច សុឃៈ៖ «ក្នុងក្របខ័ណ្ឌនេះយើងសង្កេតឃើញថា មានការកាត់តប្លង់វីដេអូផ្សេងៗយកមកបូកបញ្ចូលគ្នាការថតក្នុងបន្ទប់អាចថតបាន។ តើនោះគឺជាការឃុំឃាំង ឬការដាក់ទណ្ឌកម្មអីផ្សេងៗ? ខ្ញុំបញ្ជាក់ជូនថា វីដេអូនេះមានចេតនាមិនល្អច្រើនជាងល្អ ដែលធ្វើឱ្យមានការភ័ន្តច្រឡំ ហើយសូមបញ្ជាក់ថា សមត្ថកិច្ចរបស់កម្ពុជាយើងបានអង្កេតស្រាវជ្រាវឈានដល់ការកំណត់ហើយធ្វើការបង្ក្រាបជាបន្តបន្ទាប់។ យើងរកឃើញគោលដៅមានភាពអវិជ្ជមានមួយចំនួន ប៉ុន្តែ វាមិនច្រើនដូចការបំផុសបំផុលដូចជាការលាបពណ៌លើកម្ពុជាទេបាទ»។
ប្រតិកម្មរបស់មន្ត្រីក្រសួងមហាផ្ទៃបែបនេះ បន្ទាប់ពីកាសែត ស្កាយ ញូស៍ (Sky News) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស (England) បានរាយការណ៍កាលពីថ្ងៃទី១៨ ខែតុលាថា ទីក្រុងបាវិតខេត្តស្វាយរៀងសម្បូរទៅដោយមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងមានជនរងគ្រោះរាប់ពាន់នាក់ក្លាយជាទាសករតាមប្រព័ន្ធអ៊ីនធឺណិតដោយសារតែការចាញ់បោកបញ្ឆោតជនល្មើសតាមរយៈការឃោសនាការងារដែលរកចំណូលបានខ្ពស់។ ប្រភពដដែលបញ្ជាក់ មជ្ឈមណ្ឌលឆបោកជាច្រើននៅក្រុងបាវិតជាទូទៅគ្រប់គ្រងដោយក្រុមម៉ាហ្វីយ៉ា (Mafia) ចិន និងមានជនរងគ្រោះរាប់ពាន់នាក់មកពីបណ្ដាប្រទេសជុំវិញពិភពលោកមកបម្រើការងារ ហើយក្រុមឆបោកបានបង្រៀនពួកគេពីរបៀបឆបោកតាមរយៈការបង្កើតទំនាក់ទំនងស្នេហា និងល្បួងឱ្យជនរងគ្រោះដាក់លុយលើគម្រោងវិនិយោគក្លែងក្លាយជាដើម។ លើសពីនេះទៀត ជនរងគ្រោះខ្លះត្រូវបានគេធ្វើទារុណកម្ម ដោយសារតែមិនអាចបំពេញតាមលក្ខខណ្ឌការងាររបស់ថៅកែ។
ទោះជាយ៉ាងណា អ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក ចិន សាធាន ប្រាប់វិទ្យុអាស៊ីសេរីថា ទីក្រុងបាវិតមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ហើយនៅតាមអគារកាស៊ីណូសុទ្ធតែមានច្បាប់ត្រឹមត្រូវ និងមិនមានករណីជនបរទេសរងការបង្ខាំងធ្វើទារុណកម្មឡើយ។
លោក ចិន សាធាន៖ «ខ្ញុំមិនបានទទួលព័ត៌មានទាក់ទងរឿងការឆបោកហ្នឹងទេ បទល្មើសផ្សេងៗ គណៈបញ្ជាការឯកភាពខេត្ត ជាពិសេស ឯកឧត្ដមអភិបាលខេត្តដឹកនាំគ្រប់គ្រងមិនមានបញ្ហាអីទេគឺសន្តិសុខល្អ ប្រជាជនលោកមានការងារធ្វើច្រើនមកពីខេត្តផ្សេងៗ ក៏មកធ្វើការនៅបាវិតហ្នឹងទាំងរោងចក្រ ទាំងកាស៊ីណូ វាជាមជ្ឈមណ្ឌលដែលប្រមូលផ្ដុំការងារជូនប្រជាជនយើង។ ការលើកឡើងគ្មានភស្តុតាងអីបញ្ជាក់ច្បាស់លាស់ ចេះតែថា កាសែតណាមួយហ្នឹង»។
ទោះជាយ៉ាងណា សេចក្ដីរាយការណ៍របស់បុគ្គលិកដែលធ្លាប់បម្រើការនៅមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្រុងបាវិតធ្លាប់អះអាងប្រាប់វិទ្យុអាស៊ីសេរីថា នៅតាមអគារដែលក្រុមជនល្មើសជ្រើសរើសធ្វើជាទីតាំងឆបោកតាមអនឡាញ គឺតែងតែរឹតបន្តឹងផ្នែកសន្តិសុខខ្លាំង ហើយជនបរទេសដែលបម្រើការងារក៏មិនមានសេរីភាពអាចចេញចូលដោយសេរីនោះទេ។ លើសពីនេះ នៅតាមអគារឆបោកតាមអនឡាញ ក៏មានបង្កប់បទល្មើសជាច្រើន ដូចជាការជួញដូរផ្លូវភេទ បទល្មើសគ្រឿងញៀន ហើយបុគ្គលិកណាដែលមិនអាចបំពេញតាមលក្ខខណ្ឌការងារបាន ថៅកែចិនតែងលក់ដូរឱ្យក្រុមហ៊ុនឆបោកតាមអនឡាញផ្សេងទៀត។
ទាក់ទងនឹងបញ្ហាឆបោកតាមអនឡាញនេះដែរ កាលពីថ្ងៃទី១៥ ខែតុលា សារព័ត៌មានបារាំង ហ្វ្រង់ស៍ ២៤ (France 24) ក៏បានរាយការណ៍អំពីការរីករាលដាលឧស្សាហកម្មឆបោកតាមអនឡាញនៅខេត្តព្រះសីហនុ និងបានសម្ភាសជនរងគ្រោះដែលធ្លាប់ត្រូវបានក្រុមម៉ាហ្វីយ៉ាចិនចាប់បង្ខាំងក្នុងបន្ទប់ធ្វើទារុណកម្ម។ ជនរងគ្រោះបានរាយការណ៍ថា បុគ្គលិកបម្រើការឆបោកតាមអនឡាញធ្វើការក្នុងមួយថ្ងៃរហូត ១៨ម៉ោង ហើយជាញឹកញាប់ក្រុមជើងកាងចិនតែងធ្វើទារុណកម្មលើបុគ្គលិក ដោយសារពួកគេមិនអាចបោកជនរងគ្រោះតាមចំនួនកំណត់។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADOH) លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាឆបោកតាមអនឡាញនេះហាក់រីករាលដាលកាន់តែខ្លាំងដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់សង្គម។ លោកស្នើដល់អាជ្ញាធរពាក់ព័ន្ធគួរតែស្រាវជ្រាវឱ្យបានល្អិតល្អន់ និងបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មទាំងនេះ ជាជាងច្រានចោលព័ត៌មានអំពីការរាយការណ៍របស់ស្ថាប័នសារព័ត៌មានអន្តរជាតិ។
លោក អំ សំអាត៖ «ប្រសិនមានការចុះផ្សាយពីកាសែតអន្តរជាតិ ឬព័ត៌មានផ្សេងៗអាជ្ញាធរមិនគួរមានប្រតិកម្ម បដិសេធ និងឆ្លើយតបឆាប់ពេកទេ គួរតែមានការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់ ហើយមានរបាយការណ៍អំណះអំណាងត្រឹមត្រូវក្នុងការឆ្លើយតប។ ប្រសិនរកទៅឃើញមានករណីទាំងអស់ហ្នឹងត្រូវតែអនុវត្តតាមវិធានការផ្លូវច្បាប់ និងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការបង្ក្រាប និងការទប់ស្កាត់ទៅលើអំពើឆបោកតាមអនឡាញហ្នឹង»។
រយៈពេល ៦ខែ ដើមឆ្នាំ២០២៤ អាជ្ញាធរបង្ក្រាបជនសង្ស័យជនជាតិចិនជាង ១ពាន់ ២រយនាក់បញ្ជូនទៅប្រទេសចិនដោយសារតែពួកគេជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។