ពលករ​ខ្មែរ​ធ្វើការ​ខុសច្បាប់​នៅ​​ប្រទេសថៃ ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ប្រទេស​ថៃ​ផ្ទុះ​ជំងឺ​កូវីដ-១៩ ជា​លើក​ទីពីរ

ដោយ៖​ អាស៊ីសេរី
2020.12.23
ពលករ​ខ្មែរ​ធ្វើការ​ខុសច្បាប់​នៅ​​ប្រទេសថៃ ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ប្រទេស​ថៃ​ផ្ទុះ​ជំងឺ​កូវីដ-១៩ ជា​លើក​ទីពីរ ពលករ​ខ្មែរ​ ៧នាក់ ​ត្រូវ​អាជ្ញាធរ​ថៃ ខេត្ត​ស្រះកែវ ចាប់​ខ្លួន​ពេល​ធ្វើដំណើរ ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា​ថៃ​ដើម្បី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មេសា ឆ្នាំ២០២០។
Photo provided

ពលករ​ខ្មែរ​​ដែល​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេសថៃ កំពុង​ព្រួយបារម្ភ​​ខ្លាច​​អាជ្ញាធរ​ថៃ​ចាប់​​​ពួកគេ​ដាក់​គុក ​និង​បញ្ជូន​ត្រឡប់​ទៅកម្ពុជា​វិញ ក្រោយ​ប្រទេសថៃ​ផ្ទុះ​ជំងឺ​កូវីដ-១៩ ជា​លើក​ទីពីរ។ នៅ​ពេល​នេះ មាន​ពលករ​ខ្លះ​បាន​ផ្អាក​ធ្វើការ​ជា​បណ្ដោះអាសន្ន រួច​លាក់​ខ្លួន​​រក​កន្លែង​មាន​សុវត្ថិភាព និង​ខ្លះ​​ទៀត​បន្ត​​ធ្វើ​ការ​ទាំង​ភិត​ភ័យ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ។ អ្នក​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលករ​យល់ថា អំឡុង​ពេល​នេះ​​ពលករ​គួរតែ​នៅ​មួយ​កន្លែង​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

ពលករ​​មាន​ស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​ លោក ឆន សុខឿន ប្រាប់​​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ ថា លោក​​នៅ​ជា​មួយ​​​ប្រពន្ធ ​និង​កូន​​​គ្នា​៥​នាក់​​​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​នៅ​​ខេត្ត​សាមុតសាខន (Samut Sakhon) ដើម្បី​គេច​ចេញ​ពី​អាជ្ញាធរថៃ​ត្រួតពិនិត្យ​ជំងឺ​កូវីដ-១៩។ ពលករ​សំណង់​រូប​នេះ​​និយាយ​ថា ​​នៅ​តំបន់​ដែល​លោក​​​ធ្វើ​ការ​នោះ​មាន​ពលករ​ខ្មែរ​​ប្រមាណ​១០០​នាក់​​ក៏​​​​រត់​គេច​រក​កន្លែង​មាន​សុវត្ថិភាព​ដែរ​ ដោយ​​ខ្លាច​​អាជ្ញាធរ​ថៃ​ចាប់​​ពួកគេ​ដាក់​គុក​ និង​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ អំឡុង​ពេល​ការ​ត្រួត​ពិនិត្យ​ជំងឺ​កូវីដ-១៩​ ព្រោះ​ពួកលោក​​​ធ្វើ​ការ​ងារ​ដោយ​ខុសច្បាប់៖ «សូម្បី​តែ​ទៅ​ទិញ​ម្ហូប​ ​ឬ​ទៅ​ផ្សារ​ទៅ​អី​ទៅ​ទីណា​ក៏​អត់​បាន​ដែរ​ ព្រោះ​នៅ​កន្លែង​ហ្នឹង​គឺ​គេ​បិទ​អត់​ឱ្យ​ចេញ​ចូល​ទេ។ ដល់​ពេល​អីចឹង​ទៅ​ហើយ​អាជ្ញាធរ​ថៃ​ចូល​មក​ទៀត​យើង​ ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ថា​តើ​យើង​អាច​​លាក់​ខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ​បើ​តាម​ស្ដាប់​ព័ត៌មាន​​គេ​ឱ្យ​លាក់​ខ្លួន​៣​ថ្ងៃ​អីចឹង​ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ទី​១​ អីចឹង​យើង​សង្ឃឹម​ថា រយៈពេល​២ថ្ងៃ​ទៅ​មុខ​ទៀត​យើង​នឹង​អាច​គេច​ផុត»

ដូចគ្នា​នេះ​ដែរ ​​ពលករ​ធ្វើ​ការ​សំណង់​​ទីក្រុង​បាងកក លោក ណែត ស៊ីណា ថ្លែងថា ចាប់​តាំង​ពី​ផ្ទុះ​ជំងឺកូវីដ​​​ចូល​ក្នុង​សហគមន៍​ជា​លើក​ទីពីរ​ក្នុងប្រទេស​ថៃ​មក​ លោក​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ​ហើយ​​​មិន​ហ៊ាន​ចេញ​​ពី​កន្លែង​ធ្វើ​ការ​ឡើយ។ ពលករ​វ័យ​២៩ឆ្នាំ​រូប​នេះ​ប្រាប់​ថា ​ប្រសិន​បើ​អាជ្ញាធរ​ថៃ​ចាប់​គាត់​ដាក់​គុក​ ឬ​បញ្ជូន​ត្រឡប់​ទៅ​ខ្មែរ​វិញ​ ​នោះ​ប្រពន្ធ​និង​កូន​របស់​លោក​​ច្បាស់​ជា​​ជួប​ការ​លំបាក​និង​គ្មាន​អង្ក​ច្រក​ឆ្នាំង​​ឡើយ ​​ពីព្រោះ​ពួកគេ​រស់​ដោយ​សារ​ប្រាក់​ដែល​លោក​​ផ្ញើ​ពី​ប្រទេស​ថៃ​​ទៅ​ឱ្យ​ចាយវាយ៖ «និយាយ​រួម​ បើ​មិន​ប៉ះ​ខ្ញុំ​ក៏​ប៉ះ​បងប្អូន​ខ្មែរ​ទាំង​អស់​ដែល​ខំ​ចំណាក​ស្រុក​មក​រក​ស៊ី​ស្រុក​គេ​ហ្នឹង​វា ​មិន​ដូច​ក្ដី​បំណង។ វា​ប៉ះ​គេ​ចាប់​ទៅ​ក៏​អត់​ការងារ​ធ្វើ​ ហើយ​បើ​ទៅ​ខ្មែរ​រំពឹង​អី​​ បើ​ខ្លះ​ជំពាក់​អង្គការ​​ជំពាក់​អី​​វា​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់​និយាយ​រួម​ទៅ។ ខ្ញុំ​មាន​អី​មាន​តែ​អាណិត​ប្រពន្ធ​អាណិត​កូន​​ហ្នឹង​ឯង​ បើ​គ្នា​អត់​ឃ្លាន​នៅ​ផ្ទះ​ចិញ្ចឹម​កូន​ផង​ បើ​យើង​ទៀត​ដាច់​បាយ​ទាំង​ប្រពន្ធ​ទាំង​ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង»

ក្រុម​ពលករ​ទាំង​នេះ​​អំពាវនាវ​ដល់​រដ្ឋាភិបាល​ខ្មែរ​ឱ្យ​ជួយ​​​អន្តរាគមន៍​ទៅ​ភាគី​ថៃ​សម្រួល​ឱ្យ​ពួកគាត់​ ​បាន​ធ្វើការ​ជា​ធម្មតា​​ដោយ​ពុំ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​​​អំឡុង​ពេល​នេះ។

ក្តីបារម្ភ និង​សំណើរបស់ពលករខ្មែរនេះ កើត​មាន​ក្រោយ​ពី​អាជ្ញាធរ​ថៃបាន​ដាក់ចេញ​វិធានការ​តឹងរ៉ឹង ក្រោយ​រក​ឃើញការ​ផ្ទុះរាល​ដាល​​ជំងឺ​កូវីដ-១៩ ជិត១ពាន់​ករណី​នៅក្នុង​​ខេត្ត​សាមុតសាខន ដោយ​​​ឆ្លងចេញ​ពី​ពលករ​បរទេស​ដែល​លូច​ឆ្លងដែនខុស​ច្បាប់​​ចូល​មក​ប្រទេស​ថៃ។ បច្ចុប្បន្ន អាជ្ញាធរ​ថៃ​បាន​​ហាម​ឃាត់​មិន​ឱ្យ​​​រថយន្ត​ដឹក​ពលករ​បរទេស​​​ចេញ​និង​ចូល​នៅ​ខេត្ត​សាមុតសាខន និង​នៅ​តំបន់​ទីក្រុង​បាងកក​នោះ​ឡើយ​ ដើម្បី​​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ ចំណែក​ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូរចា (Prayut Chan-o-cha) បាន​ព្រមានចាត់​វិធាន​​ផ្លូវ​ច្បាប់​លើ​ក្រុម​មេខ្យល់​ និង​ថៅកែ​ជនជាតិ​ថៃ​ទាំងឡាយ​ណា​ដែល​​​លួច​នាំ និង​ជួល​ពលករ​បរទេស​ធ្វើ​ការងារ​ដោយ​​ខុស​ច្បាប់ អំឡុង​ពេល​នេះ។

អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុងបាងកក ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ក្តី​កង្វល់​របស់​ក្រុម​ពលករ​ខ្មែ​នេះ​បាន​ទេ​នៅ​ថ្ងៃទី២៣ ធ្នូ។

ប៉ុន្តែ​​ក្រសួង​ការងារ​​បាន​ចេញ​លិខិត​ណែ​នាំ​ដល់ ពលករ​​​ត្រូវ​​បន្ត​ធ្វើ​ការងារ​ជា​ធម្មតា និង​កុំ​​ប្ដូរ​កន្លែង​ស្នាក់​នៅ​​ដែល​ខុស​ពី​បម្រាម​របស់​អាជ្ញាធរថៃ អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺកូវីដ-១៩ នេះ។ ក្រសួង​បន្ត​ថា ​ពលករ​ត្រូវ​ចូល​រួម​សហការ​​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ថៃ​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវ​លាង​ដៃ​ជា​មួយ​សាប៊ូ ​ឱ្យ​បាន​ញឹកញាប់​ ​និង​ត្រូវ​​ពាក់​ម៉ាស់​ជា​ប្រចាំ​​​ ហើយ​​កុំ​ចេញ​ដើរ​ទៅ​​កន្លែង​ដែល​មាន​មនុស្ស​ច្រើន។ ក្រសួង​លើក​ឡើង​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២១​ធ្នូ​នោះ​ទៀតថា ​ប្រសិន​បើ​ពលករ​មាន​បញ្ហា​អ្វី​​អំឡុង​ពេល​នេះ​ ត្រូវ​ទាក់​ទង​ទៅ​ស្ថានទូតខ្មែរ​ប្រចាំ​នៅ​ទីក្រុងបាងកក​ជាបន្ទាន់​ ដើម្បី​ជួយ​ដល់​ពួកគេ​​បាន​ទាន់​ពេលវេលា។ ក្រសួង​អះអាងថា ​ក្រសួង​​បាន​ទាក់ទង​​ទៅ​​ក្រសួង​ការងារ​ថៃ ឱ្យ​​អនុគ្រោះ​ដល់​ពលករខ្មែរ​បាន​ស្នាក់នៅ​​ធ្វើការ​ក្នុង​ប្រទេស​ថៃ​​ជា​បណ្ដោះអាសន្ន​​រួចហើយ។

ទោះជាយ៉ាងណា អ្នកបកប្រែ​​ និង​ជា​អ្នកជួយការពារ​សិទ្ធិ​ឱ្យ​ពលករខ្មែរ​នៅ​ប្រទេសថៃ លោក ប្រាក់ ភត្រា ប្រាប់​អាស៊ីសេរី ថា ​​អំឡុង​ពេលនេះ ពលករខ្មែរ​​ទាំង​អ្នកធ្វើការ​​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​ប្រឈម​នឹង​ថៅកែថៃ​​បញ្ឈប់​ពី​ការងារ ដោយ​សារ​ពួកគេ​ព្រួយ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩​ផង និង​ខ្លាច​អាជ្ញាធរ​ថៃ​​ចាត់​វិធានការ​ផ្លូវច្បាប់​​ដល់​ពួកគេ​ផង៖ «នេះ​ជា​បញ្ហា​ធំ​ ហើយ​អ្នក​ដែល​អត់​ឯកសារ អ្នក​អត់​ច្បាប់​ហ្នឹង មាន​សិទ្ធិ​បាត់បង់​ការងារ​មុន​អ្នក​ដែល​មាន​ឯកសារ។ ខ្ញុំ​ថា​នៅ​ពេល​នេះ ពលករ​គួរតែ​នៅ​ឱ្យ​ស្ងៀម​សិន​ តាម​ដាន​សភាពការណ៍​ ហើយ​កុំ​ព្យាយាម​ចល័ត។ ព្រោះថា ពេល​នេះ​មាន​បម្រាម​ចេញ​មក​ច្រើន​ណាស់​ កាល​ពលករ​មាន​ការភ្ញាក់ផ្អើល ឬ​ថៅកែ​បញ្ឈប់​​អី​ហ្នឹង វា​អាច​ធ្វើ​ឱ្យ​ពលករ​​អត់​មាន​កន្លែង​ស្នាក់នៅ អត់​មាន​ការងារធ្វើ​ ដែល​ធ្វើ​ឱ្យ​គាត់​ត្រូវ​ចល័ត​ទៅ​ខេត្ត​ផ្សេង​ទៀត​ អីចឹង​ធ្វើ​ឱ្យ​គាត់​ប្រឈម​បាន»

របាយការណ៍​​អង្គការ​សង់ត្រាល់ (Central) ឱ្យដឹងថា បច្ចុប្បន្ន​មាន​ពលករខ្មែរ​ធ្វើការងារ​ស្របច្បាប់​ និង​មិន​ស្របច្បាប់​ប្រមាណ​ពី​ ១លាន​៨សែន​ ទៅ​ ២លាននាក់ (.០០០.០០០) ធ្វើការ​នៅ​ប្រទេសថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។