ការចរចាត្រីភាគីរឿងប្រាក់ឈ្នួលគោលកម្មករសម្រាប់ឆ្នាំ២០១៩ មិនទាន់ត្រូវរ៉ូវគ្នា
2018.09.14
ក្រុមការងារបច្ចេកទេសត្រីភាគី នៅថ្ងៃសុក្រទី១៤ ខែកញ្ញា នេះ នៅមិនទាន់ឯកភាពគ្នាលើប្រាក់ឈ្នួលគោលរបស់កម្មករក្នុងផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើងសម្រាប់ឆ្នាំថ្មីឆ្នាំ២០១៩នៅឡើយទេ។ ក្រុមការងារបច្ចេកទេស ត្រីភាគី បន្តខ្វែងយោបល់គ្នាជុំវិញការកំណត់ប្រាក់ខែគោលថ្មី។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ រៀបរាប់ថា ក្នុងកិច្ចប្រជុំរួមការងារបច្ចេកទេសត្រីភាគីចរចាគ្នា អំពីការដំឡើង ប្រាក់ឈ្នួល អប្បបរមាជូនកម្មករនិយោជិតវិស័យកាត់ដេរនោះ គឺខាងនិយោជក បានផ្ដល់ឲ្យចំនួន ១៧៥ដុល្លា ខណៈភាគី របបលោក ហ៊ុន សែន បានផ្ដល់ជូន ១៧៧ ដុល្លារ។
រីឯខាងក្រុមសហជីពវិញ បានយល់ព្រមបន្ថយពីតួលេខជាង២០០ដុល្លារ មកនៅត្រឹម១៩២ដុល្លារ។ លោកស្រីបញ្ជាក់ថា តួលេខ១៩២ដុល្លារនេះ គឺជាតួលេខចុងក្រោយបង្អស់ដែលសហជីពទាមទារ ជូនកម្មករ ហើយនឹងមិនបន្ថយតួលេខទៀតនោះទេ។ បច្ចុប្បន្ននេះ ប្រាក់ឈ្នួលគោលរបស់ក្រុមកម្មករក្នុងវិស័យកាត់ដេរគឺ ១៧០ដុល្លារក្នុងមួយខែ៖ «ខ្ញុំគិតថា តួលេខ១៩២នេះ គឺជាតួលេខមួយដែលសហជីពមានអំណះអំណាងត្រឹមត្រូវក្នុងការទាមទារទៅកាន់និយោជក និងរដ្ឋាភិបាល។ ខ្ញុំគិតថាតួលេខនេះ សមរម្យសម្រាប់កម្មកររបស់យើង ដើម្បីអាចរស់នៅបានសមរម្យជាងមុនបន្តិច»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បញ្ជាក់ថា ក្រុមសហជីពបានកំណត់តួលេខនៃប្រាក់ឈ្នួលគោលកម្មករដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៧ ក្នុងនោះរួមមានស្ថានភាពគ្រួសារ ការចំណាយក្នុងការរស់នៅ អតិផរណា ផលិតភាពពលកម្ម ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងភាពចំណេញវិស័យ៖ «សហជីពរបស់យើងក៏បានលើកឡើងអំពីផលលំបាកនានារបស់បងប្អូនកម្មករយើង ទាក់ទង់នឹងប្រាក់ឈ្នួលរបស់គាត់ទាប ចាយវាយមិនគ្រប់គ្រាន់ សន្លប់បន្តបន្ទាប់ ហើយសុខភាពរស់ពួកគាត់។ យើងឃើញថា រដ្ឋាភិបាល ព្យាយាមស្ដាប់ និងសម្របសម្រួលភាគីទាំងពីរនេះ ដើម្បីអោយតួលេខខិតជិតគ្នា»។
កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០១៩នេះ គឺធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានអ្នកចូលរួមពីតំណាងភាគី សហជីពចំនួន ១៦រូប តំណាងភាគីនិយោជកចំនួន១៦រូប និងពីភាគីរដ្ឋាភិបាលចំនួន ១៦រូបដែរ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា លោក កាំង ម៉ូនីកា បានទេនៅថ្ងៃទី១៤ ខែកញ្ញា ដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល។ ទោះយ៉ាងណាក្តី លោកធ្លាប់លើកឡើងថ្មីៗនេះថា ក្នុងពេលបច្ចុប្បន្ននេះភាគីនិយោជកពិបាកនឹងរកប្រាក់ចំណេញនៅពេលដែលត្រូវចំណាយលើផ្នែកផ្សេងៗជាច្រើន ទៅអោយកម្មករបូករួមទាំងការចំណាយទៅលើប្រាក់ធានារបបសន្តិសុខសង្គមផង។
រីឯអនុប្រធានលេខាធិការដ្ឋាន គណៈកម្មការប្រឹក្សាការងារ និងក្រុមការងារបច្ចេកទេស លោក ហេង សួរ ប្រាប់សារព័ត៌មានក្នុងស្រុកថា ទោះបីជាពេលនេះ នៅមិនទាន់មានចំណុចឯកភាពគ្នាក្តី ប៉ុន្តែ ភាគីទាំងអស់ នៅមានឱកាសចរចាគ្នាបន្តទៀត ដើម្បីទទួលបាននូវតួលេខប្រាក់ឈ្នួលអប្បបរមា មួយប្រកបដោយលក្ខណ:វិទ្យាសាស្ត្រ ដែលអាចទទួលយកបានពីគ្រប់ភាគី និងដើម្បីផ្ដល់ជាមូលដ្ឋាន ដល់គណៈកម្មការប្រឹក្សាការងារ ប្រជុំសម្រេច នៅដើមខែតុលា ខាងមុខ។
តាមគម្រោង គឺក្រុមការងារបច្ចេកទេសត្រីភាគី នឹងជួបពិភាក្សា គ្នាបន្តទៀត នៅថ្ងៃទី១៨ ខែកញ្ញា សប្ដាហ៍ក្រោយនេះ ហើយនឹងបន្តដល់ថ្ងៃទី៥ ខែតុលា ខាងមុខ ទើបក្រុមប្រឹក្សាការងារប្រជុំសម្រេច តួលេខចុងក្រោយ៕