ថ្នាក់​ដឹកនាំ​អង្គការ​មីន​​​នៅ​សៀមរាប​ត្រូវ​បាន​ដោះលែង ប៉ុន្តែ​មិន​ទាន់​ឲ្យ​ដំណើរការ​អង្គការ​ឡើងវិញ

យន់ សាមៀន
2018-09-22
Share
អាគីរ៉ា ៦២២ លោក អាគីរ៉ា រុករក​គ្រាប់​មីន​សល់​ពី​សម័យ​សង្គ្រាម នៅ​ក្នុង​ភូមិ​ម្កាក់ ឃុំ​ធ្លក​លើ ស្រុក​ជីក្រែង ខេត្ត​សៀមរាប បន្ទាប់​ពី​លោក​បាន​បង្កើត​អង្គការ​មួយ ឈ្មោះ​អង្គការ​ដោះ​មីន​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប
RFA

សាលាដំបូង​ខេត្ត​សៀ​បរាម បាន​សម្រេច​ដោះលែង ថ្នាក់ដឹកនាំ ៣​រូប​នៃ​អង្គការ​សារៈមន្ទីរ​គ្រាប់មីន ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ ប៉ុន្ដែ​នៅ​មិនទាន់បាន​អនុ​ញ្ញា​ត្តិ​ឲ្យ​អង្គការ​មួយ​នេះ ដំណើរការ​ឡើងវិញ​នៅឡើយ​ទេ។ អាជ្ញាធរ​នៅតែ​ដាក់​ពង្រាយ​កងកម្លាំង​ការពារ​នៅមុខ​អង្គការ សារៈមន្ទីរ គ្រាប់មីន​នៅឡើយ។

សង្គម​ស៊ីវិល ចង់​ឲ្យ​អាជ្ញាធរ​បើក​ឲ្យ​អង្គការ​សារៈមន្ទីរ​គ្រាប់មីន​កម្ពុជា នៅ​ខេត្ត​សៀមរាប ដំណើរ ឡើង​វិញ ជា​ធម្មតា ព្រោះ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឲ្យ​ថ្នាក់ ដឹកនាំ​អង្គការ​នេះ បាន​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ គឺ​តាំងពី​ថ្ងៃទី​២០ កញ្ញា។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែល​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ករណី​នេះ​ឲ្យ​ដឹង​ថា នៅ​មាន​មន្ទិលសង្ស័យ​ច្រើន ជុំវិញ​ការ​ចាប់ខ្លួនថ្នាក់​ដឹកនាំ​អង្គការ​សារៈមន្ទីរ​គ្រាប់មីន ព្រោះ​បើ​តាមការ​បញ្ជាក់​ពី​ភាគី​ពាក់ព័ន្ធ អង្គការ​សារៈមន្ទីរ​គ្រាប់មីន​នេះ មិន​មានការ​តាំងគ្រាប់​រំសេវ​ជា​ផ្ទុះ​នោះទេ។ តែ​យ៉ាងណា លោក ស៊ឹង សែន​ករុណា សាទរ​ចំពោះការ​ដោះលែងថ្នាក់​ដឹកនាំ​អង្គការ​ទាំង​៣ ហើយ​ចង់​ឃើញ​អង្គការ​នេះ​ដំណើរការ​ឡើងវិញ​ពីព្រោះ​អង្គការ​នេះ អាច​ជួយកុមារ​កំព្រា៖ «បើ​មិន​ទាន់​មាន​កា​រក​ឃើញ​ស៊ើបអង្កេត​ភស្តុតាង​រក​អ្វី​ដាក់​បន្ទុក​នោះ​ទេ​គួរតែ​ធ្វើការ បើក​នៅ​អង្គការ​សារៈសំខាន់​មួយ​នេះ​ឡើងវិញ ពីព្រោះ យើង​ពិនិត្យ​មើល​ឃើញ​ថា​ចំណូល​ត្រូវបាន​ចូល​ពី​ទេសចរ​ជាច្រើន​ហើយ​អង្គការ​នេះ​ក៏បាន​យក​ថវិកា ដែល​ទទួល​បាន​ទៅ​ជួយ​កុមារកំព្រា​ផងដែរ​បាទ»។

ប្រធាន​អង្គការ​មួយ​នេះ គឺលោក អឿន យក្ស ហៅ អាគីរ៉ា ដែល​ជា​អ្នក​ជំនាញ​ខាង​ដោះ​មីន​និង​ត្រូវ​បាន​ទូរទស្សន៍​អាមេរិក ស៊ីអិនអិន (CNN) ផ្ដល់​កិត្តិយស​ជា​វីរបុរស​របស់​ពិភពលោក ក្នុង​សកម្មភាព​ដោះមីន និង​គ្រាប់​មិនទាន់​ផ្ទុះ កាល​ពី​ឆ្នាំ​២០១០។ ថ្នាក់ដឹកនាំ​អង្គការ​សារមន្ទីរ​គ្រាប់មីន ចំនួន ៣​រូប ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​២៨ សីហា ក្រោម​បទ​ចោទ​ថា បាន​រក្សាទុក​អាវុធ​ដោយ​ខុសច្បាប់។

របាយការណ៍​របស់​នគរបាល​ខេត្តសៀមរាប រៀបរាប់​ពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ថ្នាក់​ដឹកនាំ​អង្គការ​សារមន្ទីរ​គ្រាប់មីន​ថា ដោយសារតែ​អាជ្ញាធរ​រកឃើញ​គ្រឿងផ្ទុះ នៅក្នុង​អង្គការ​សារមន្ទីរ​គ្រាប់​មីន ក្រោយ​មាន​ករណី អគ្គីភ័យ​មួយ​កាលពី​ថ្ងៃទី​២៧​សីហា។

អាស៊ីសេរី​មិនទាន់​អា​ចរក​ប្រភព​ខាង​ភាគី​សាលាដំបូង​ខេត្តសៀមរាប បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២២ កញ្ញា ខណៈ ទូរស័ព្ទ​របស់​ស្នងការ​ខេត្តសៀមរាប លោក ទិត្យ ណារ៉ុង ហៅ​មិន​ចូល

លោក អឿន យក្ស ហៅ អាគី​រ៉ា ទទួល​បានភាព​ល្បីល្បាញ ដោយសារ សកម្មភាព​ស្ម័គ្រចិត្ត ដោះមីន កាលពី​កំឡុង​ឆ្នាំ​១៩៩០ រហូតដល់​ឆ្នាំ​២០០៧។ ជាង​១៧​ឆ្នាំ លោក​បាន​ដោះមីន ចេញពី​ផ្ទៃដី បាន​ប្រមាណ ៥​ម៉ឺន​គ្រាប់ ហើយ​ការដោះមីន​របស់​លោក មិនត្រូវ​ការ​ប្រើ​តាម​បច្ចេកទេស ឬ​ឧបករណ៍ ដោះមីន​ដូច​អង្គភាព​ស៊ីម៉ាក់​ទេ ដោយ​ពេល​ខ្លះ លោក​បាន​ប្រើប្រាស់​ដៃទទេ ដើម្បី​ដោះមីន ក៏​មាន​ដែរ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល