ក្រសួង​មហាផ្ទៃ​រឹត​បន្តឹង​យានយន្ត​ដែល​ប្រើប្រាស់​ស្លាក​លេខ ន.ប និង ខ.ម

ដោយ ម៉ម មុនីរតន៍
2015.09.30
ស្លាក​លេខ​ខេមរភូមិន្ទ ៦២០ ឡាន​ពាក់​ស្លាក​លេខ ខ.ម. (កង​យោធ​ពល​ខេមរ​ភូមិន្ទ) បើក​បរ​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​អំឡុង​ខែ​កញ្ញា ២០០៨។
RFA File

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក យល់​ឃើញ​ថា បម្រាម​ដែល​ក្រសួង​មហាផ្ទៃ ចេញ​ចំពោះ​យានយន្ត​ដែល​ប្រើប្រាស់​ស្លាក​លេខ ន.ប និង ខ.ម នៅ​តែ​ពុំ​មាន​ប្រសិទ្ធភាព ឬ​មិន​អាច​ប្រើប្រាស់​ជា​ផ្លូវ​ការ​នោះ​ទេ។

បើ​ទោះ​ជា​បែប​ណា ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ជំហរ​ថា នឹង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​ចំពោះ​រថយន្ត​ណា​ដែល​នៅ​តែ​បន្ត​ប្រើប្រាស់​ស្លាក​លេខ ន.ប និង ខ.ម ដោយ​ខុស​ច្បាប់​នេះ។

សង្គម​ស៊ីវិល​នៅ​តែ​សង្កេត​ឃើញ​ថា យន្តការ​ដែល​ក្រសួង​មហាផ្ទៃ ពង្រឹង​ចាត់​វិធានការ​លើ​អ្នក​ប្រើប្រាស់​ស្លាក​លេខ​អនាធិបតេយ្យ​ប្រភេទ ន.ប និង ខ.ម នេះ នឹង​មិន​អាច​បញ្ឈប់​ការ​ចរាចរ​បាន​ឡើយ។

ការ​រិះគន់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ពេល​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ប្រកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ កញ្ញា ក្នុង​ការ​ពង្រឹង​យានយន្ត​គ្រប់​ប្រភេទ​ដែល​នៅ​តែ​បន្ត​ប្រើប្រាស់​ស្លាក​លេខ​នគរបាល​ជាតិ ឬ ន.ប និង ខ.ម នេះ​ទៀត។

នៅ​ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន ៤​ចំណុច គឺ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ប្រើប្រាស់​ស្លាក​លេខ​នគរបាល​ជាតិ ត្រូវ​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​នាំ​ចូល និង​ពន្ធ​ផ្លូវ​តាម​ការ​កំណត់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ឃាត់​យានយន្ត ដក​ហូត​ប័ណ្ណ​សម្គាល់​ស្លាក​លេខ និង​ព្រមាន​ដល់​ម្ចាស់​រថយន្ត ចំពោះ​យានយន្ត​នគរបាល​ជាតិ​ណា​ដែល​អនុញ្ញាត​ឲ្យ​ពុំ​មែន​ជា​នគរបាល​ប្រើប្រាស់ និង​ប្រើប្រាស់​យានយន្ត​នគរបាល​ជាតិ​ដើម្បី​ធ្វើ​អាជីវកម្ម ឬ​ផល​ប្រយោជន៍​ឯកជន ត្រូវ​ឃាត់​រថយន្ត និង​ម្ចាស់ ឬ​អ្នក​បើកបរ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដែល​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​នគរបាល​ជាតិ​មិន​ត្រឹមត្រូវ ឬ​ក្លែងក្លាយ និង​ចំណុច​ចុង​ក្រោយ គឺ​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ត្រួត​ពិនិត្យ​នៅ​តាម​អង្គភាព ឬ​តាម​ដង​ផ្លូវ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​ចុះ នេះ​ពុំ​មែន​ទើប​ជា​លើក​ទី​មួយ​ទេ ដែល​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ ត្រូវ​ខ្វល់ខ្វាយ ពោល​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ប្រតិកម្ម​ជាច្រើន​ដង​ណាស់​ហើយ​ដែរ ប៉ុន្តែ​ការ​អនុវត្ត​បាន​ត្រឹម​ដូច​កៅស៊ូ​កង ឬ​អនុវត្ត​បាន​មួយ​រយៈពេល​ខ្លី រួច​ក៏​វិល​មក​រក​ដូច​សភាព​ដើម​វិញ។

ការ​ពង្រឹង​តាម​ផ្លូវ​ច្បាប់​ជា​ថ្មី​ទៀត​លើ​ការ​ប្រើប្រាស់​ស្លាក​លេខ ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ហាមប្រាម​នេះ ត្រូវ​បាន លោក សន ជ័យ តំណាង​សម្ព័ន្ធភាព​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ចាត់​ទុក​ថា លោក​នៅ​មើល​ពុំ​ទាន់​ឃើញ​ថា វិធានការ​ដែល​ក្រសួង​មហាផ្ទៃ ទើប​តែ​ចេញ​នេះ អាច​មាន​ប្រសិទ្ធភាព​នោះ​ទេ ជាពិសេស​ចំពោះ​អ្នក​ដែល​ឆ្លៀត​ឱកាស​ពី​ការ​ប្រើប្រាស់​ស្លាក​លេខ​នេះ។ ម្យ៉ាង​វិញ​ទៀត លោក សន ជ័យ យល់​ឃើញ​ថា ប្រសិន​បើ​ក្រសួង​មហាផ្ទៃ មិន​ប្រកាស​ពី​តួលេខ​ឲ្យ​បាន​ច្បាស់ ថា​តើ​ស្លាក​លេខ​ប៉ុន្មាន​ប្រភេទ ន.ប ឬ ខ.ម ដែល​ក្រសួង​អនុញ្ញាត​ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នោះ​ទេ? លោក​ចាត់​ទុក​ថា ហេតុ​នេះ​វា​នឹង​នៅ​តែ​ស្មុគស្មាញ ហើយ​អ្នក​ប្រើប្រាស់​នៅ​តែ​អាច​បន្លំ​បាន។
លោក​បន្ត​ថា «យើង​សាទរ​ចំពោះ​ការ​ចេញ​វិធានការ​នេះ ក៏ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ច្បាស់​ទេ។ ក្រសួង​មហាផ្ទៃ គួរ​មាន​បង្ហាញ​អំពី​ចំនួន ជាពិសេស​ស្លាក​លេខ​ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​ក្រសួង»

ម៉ូតូ​ពាក់​ស្លាក​លេខ​នគរបាល។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៥
ម៉ូតូ​ពាក់​ស្លាក​លេខ​នគរបាល។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៥
RFA/Morm Moniroth

ពាក់ព័ន្ធ​រឿង​នេះ លោក សន ជ័យ បញ្ជាក់​ថា អនុក្រឹត្យ​ដែល​និយាយ​ពី​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​យានយន្ត ឲ្យ​ដឹង​ថា រថយន្ត​ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​កង​យោធពល​ខេមរភូមិន្ទ គឺ​ត្រូវ​ដាក់​ស្លាក​លេខ​រដ្ឋ​ដែល​មាន​ផ្ទៃ​ពណ៌​ខៀវ ប៉ុន្តែ​ពុំ​មាន​កំណត់​ថា​ជា ន.ប ឬ ខ.ម ណា​មួយ​នោះ​ឡើយ។

បើ​ទោះ​ជា​បែប​ណា លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ក្រសួង​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​ប្រភេទ​ស្លាក​លេខ ន.ប ឬ ខ.ម នេះ។ ម្យ៉ាង​វិញ​ទៀត លោក​មាន​ជំនឿ​ថា ការ​អនុវត្ត​លើក​នេះ គឺ​មាន​ប្រសិទ្ធភាព។ លោក​បន្ត​ថា «ក្នុង​អង្គភាព​នីមួយៗ គឺ​គេ​មាន​គល់​បញ្ជី​របស់​គេ​ទាំងអស់។ អង្គភាព​ណា​ដែល​មាន​គល់​បញ្ជី យើង​គ្រប់គ្រង​តាម​គល់​បញ្ជី​ហ្នឹង​ទៅ ឧទាហរណ៍​ខាង​អគ្គនាយកដ្ឋាន គេ​មាន​គល់​បញ្ជី​គេ​មួយ។ អ្នក​ដែល​គេ​ចេញ​ប័ណ្ណ​ទាំង​ប៉ុន្មាន គេ​មាន​គល់​បញ្ជី​ទាំងអស់»

ពាក់ព័ន្ធ​រឿង​នេះ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គង់ វិបុល ឲ្យ​ដឹង​តាម​រយៈ​ការ​ចុះ​ផ្សាយ​តាម​បណ្ដាញ​សង្គម ដោយ​ទទូច​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ប្រើ​ស្លាក​លេខ​នគរបាល​ជាតិ ឬ​ខេមរភូមិន្ទ​ជា​លក្ខណៈ​ឯកជន ចាំបាច់​ត្រូវ​បង់​ពន្ធ លើក​លែង​រថយន្ត ខ.ម ឬ ន.ប ដែល​មាន​ការ​បញ្ជាក់ និង​ទទួល​ស្គាល់​ពី​អង្គភាព​ពន្ធដារ​រដ្ឋ ទើប​អាច​រួច​ផុត​ពី​ការ​បង់​ពន្ធ។ លោក​បន្ត​ថា «រថយន្ត​ដែល​ពាក់​ស្លាក​លេខ ខ.ម និង​ស្លាក ន.ប មួយ​ចំនួន​ដែល​ជា​កម្មសិទ្ធិ​ឯកជន និង​បើ​សិន​ជា​គ្មាន​នៅ​ក្នុង​បញ្ជី​សារពើភណ្ឌ​រដ្ឋ​ទេ ត្រូវ​មាន​កាតព្វកិច្ច​មក​ប្រកាស​បង់​ពន្ធ​ជា​រថយន្ត​ឯកជន»

បើ​ទោះ​ជា​បែប​ណា អង្គការ​សង្គម​ស៊ីវិល នៅ​តែ​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ការ​ចេញ​បញ្ជា​មិន​អនុញ្ញាត​ឲ្យ​មាន​រថយន្ត​ពាក់​ស្លាក​លេខ ន.ប ឬ ខ.ម ត​ទៅ​ទៀត​នេះ ធ្វើ​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ ប៉ុណ្ណោះ។ ដោយឡែក​ក្រសួង​ការពារ​ជាតិ វិញ នៅ​ពុំ​ទាន់​បង្ហាញ​ជំហរ​របស់​ខ្លួន ក្នុង​ការ​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​ដោយ​ការ​ប្រើប្រាស់​ស្លាក​លេខ ន.ប ឬ ខ.ម នេះ​នៅ​ឡើយ​ទេ។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ចំនួន​ទោចក្រយានយន្ត​នៅ​កម្ពុជា សព្វថ្ងៃ​ប្រមាណ ១​លាន​គ្រឿង។

លោក សន ជ័យ បញ្ជាក់​ថា ថ្វី​បើ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​តួលេខ​ដែល​បញ្ជាក់​ពី​រដ្ឋ​ត្រូវ​ខាត​បង់​ពន្ធ​ក្ដី ក៏​រដ្ឋ​បាន​បាត់បង់​ពន្ធ​ទាំង​ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ និង​ពន្ធ​គយ​ជាច្រើន​លាន​រៀល​ក្នុង​មួយ​ឆ្នាំៗ​ដែរ។ មូលហេតុ​ដែល​នាំ​ឲ្យ​ចំណូល​ពន្ធ​ត្រូវ​បាត់បង់​នេះ ត្រូវ​បាន លោក សន ជ័យ ឲ្យ​ដឹង​ថា មាន​រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ​លួច​នាំ​ចូល ជាពិសេស​ប្រភេទ​រថយន្ត​ទំនើបៗ ហើយ​ភាគ​ច្រើន​នៃ​រថយន្ត​ទាំង​នេះ គឺ​កំពុង​ជ្រក​ក្រោម​ស្លាក ន.ប ឬ ខ.ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។