ក្រសួង​មហាផ្ទៃ​នឹង​ផ្តើម​ត្រួតពិនិត្យ​ការ​ស្នាក់នៅ​របស់​ជនបរទេស​ដែល​ជា​មុខសញ្ញា​នៃ​ការ​ជួញដូរ​មនុស្ស

ដោយ ​ម៉ៅ សុធានី
2022.07.28
Share on WhatsApp
Share on WhatsApp
ក្រសួង​មហាផ្ទៃ​នឹង​ផ្តើម​ត្រួតពិនិត្យ​ការ​ស្នាក់នៅ​របស់​ជនបរទេស​ដែល​ជា​មុខសញ្ញា​នៃ​ការ​ជួញដូរ​មនុស្ស រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង។
រូប៖ ហ្វេសប៊ុក​លោក ស ខេង

ក្រសួងមហាផ្ទៃ​គ្រោង​ធ្វើ​ការ​ត្រួតពិនិត្យ​កន្លែង​ស្នាក់​នៅ​របស់​ជនបរទេស​ទាំង​អស់​នៅ​កម្ពុជា លើកលែង​តែ​មន្ត្រី​ការ​ទូត​ចេញ ដើម្បី​ស្វែងរក​មុខ​សញ្ញា​នៃ​ការ​ជួញដូរ​មនុស្ស។

គម្រោង​ការ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២ របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​មក​កម្រិត​ទី​៣ អាក្រក់​បំផុត ពុំ​ធ្លាប់​មាន​តាំង​ពី​ឆ្នាំ​២០១៥​មក។ បន្ថែម​ពី​នេះ កម្ពុជា​រង​ការ​ចោទ​ប្រកាន់​ថា មាន​ក្រុមហ៊ុន​ឆបោក​ចិន បាន​ចាប់​បង្ខាំង​មនុស្ស ឲ្យ​ធ្វើ​ការ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួកគេ និង​ប្រើ​អំពើ​ហិង្សា​លើ​ជនរងគ្រោះ​ទាំងនោះ​ថែម​ទៀត​ផង។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល​កម្រិត ១ និង​កម្រិត ២ ជំនាន់​ទី​១ កាល​ពី​ថ្ងៃទី​២៦ ខែ​កក្កដា​ថា ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​ការងារ​នេះ​ឱ្យ​បាន​ហ្មត់ចត់​ថែម​ទៀត ដើម្បី​ត្រួតពិនិត្យ​ការ​ស្នាក់នៅ​របស់​ជនបរទេស រួម​ទាំង​កន្លែង​ការដ្ឋាន​ការងារ​ផ្សេងៗ របស់​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់។

កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​គោរព​តាម​ពេញលេញ​នូវ​ស្តង់ដារ​អប្បបរមា​ដើម្បី​លុបបំបាត់​នូវ​អំពើ​ជួញដូរ​មនុស្ស រួមមាន បើក​ការស៊ើបអង្កេត ឬ​នាំ​យក​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​នោះ​ឡើយ​។ បន្ថែម​ពី​នេះ មាន​បុរស ស្ត្រី និង​កុមារ​រាប់​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស បាន​ធ្លាក់​ចូលក្នុង​ការ​ជួញដូរ​មនុស្ស ក្នុង​វិស័យ​សេវាកម្ម​កំសាន្ត ឡឥដ្ឋ និង​ប្រតិបត្តិការ​បែប​ឆបោក​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម។

ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នេះ​ដែរ ស្ថានទូត​ឥណ្ឌូណេស៊ី (Indonesian Embassy) ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា បាន​ស្នើសុំ​សមត្ថកិច្ច​ខ្មែរ ជួយ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ចំនួន​៥៣​នាក់ ដែល​កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​បោកប្រាស់​របស់​ចិន ចាប់​បង្ខាំង​ទុក នៅ​ខេត្ត​ព្រះសីហនុ ក្រោយ​ពី​ពួកគេ​រង​ការ​ចាញ់​បោក តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ការងារ​អន​ឡាញ (online)

លេខា​ទីមួយ​នៃ​នាយកដ្ឋាន​គាំពារ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​ស្ថានទូត លោក តេហ្គូ អាដឌី ព្រីម៉ាសាន់តូ (Teguh Adhi Primasanto) បាន​ប្រាប់​សារព័ត៌មាន BenarNews កាលពី​ថ្ងៃទី ២៨ ខែ​កក្កដា​ថា បច្ចុប្បន្ន​សមត្ថកិច្ច​ខ្មែរ កំពុង​ស៊ើបអង្កេត​ករណី​បង្ខាំង​មនុស្ស​ទុក និង​ការ​ឆបោក​នេះ​ហើយ​។ ជនរងគ្រោះ​ទាំងនោះ ត្រូវ​បាន​សន្យា​ថា ផ្តល់​ការងារ​ឲ្យ​ធ្វើជា​បុគ្គលិក​កាស៊ីណូ និង​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ ក៏ប៉ុន្តែ​មក​ដល់​កម្ពុជា ពួកគេ​ត្រូវ​បាន​ក្រុម​ជនល្មើស​បង្ខាំង​ទុក និង​បង្ខំ​ឲ្យ​ធ្វើការ​នៅ​កន្លែង​ក្រុមហ៊ុន​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​មាន​ម្ចាស់​ជា​ជន​ជាតិចិន​ទៅវិញ។

លោក​បន្ត​ថា ជនរងគ្រោះ​ទាំងនោះ ត្រូវ​បាន​ជនជាតិ​ឥណ្ឌូណេស៊ី​គ្នាឯង ជា​អ្នក​ជ្រើសរើស និង​បញ្ជូន​មក​ប្រទេស​កម្ពុជា​។ លោក​ថា ក្រុមហ៊ុន​ចិន​ឆបោក​នោះ បាន​រំលោភបំពាន​សិទ្ធិ​របស់​ជនរងគ្រោះ រួមមាន ការ​ជំពាក់​បំណុល ធ្វើការ​ហួស​ម៉ោង បង្ខាំង​មនុស្ស​ទុក ប្រើ​អំពើ​ហិង្សា និង​ហាម​ប្រាម​ការទាក់ទង​ជាមួយ​អ្នកដទៃ​ជាដើម។

ស្ថានទូត​ឥណ្ឌូណេស៊ី ឲ្យ​ដឹង​ដែរ​ថា ក្នុង​អំឡុង​ឆ្នាំ​២០២១ ស្ថានទូត​បាន​បញ្ជូន​ជនរងគ្រោះ​ឥណ្ឌូណេស៊ី​ចំនួន ១១៩​នាក់ ដែល​ចាញ់បោក​គេ មក​ធ្វើ​ការ​នៅ​កម្ពុជា​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ដើម​កំណើត​វិញ​។ ប៉ុន្តែ​ក្នុង​អំឡុង ៧​ខែ ដើមឆ្នាំ​២០២២​នេះ ចំនួន​ជនរងគ្រោះ​បាន​កើន​ឡើ​ដល់​ទៅ ២៩១​នាក់ ក្នុង​នោះ​១៣៣​នាក់ បាន​បញ្ជូន​ត្រឡប់​ទៅវិញ​ហើយ​ដែរ​។ មន្ត្រី​ស្ថានទូត​បន្ត​ថា ជនរងគ្រោះ​ទាំងនោះ មិន​មាន​តែ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​ទេ គឺ​មាន​ជនជាតិ​ដទៃ​ទៀត មកពី​សហភាព​អឺរ៉ុប ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។