ព្រះសង្ឃខ្មែរ​ថា ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម គឺ​ដោយសារ​មេ​ដឹក​នាំ​ខ្វះ​សីលធម៌ ហិង្សា និង​ផ្តាច់ការ

ដោយ មួង ណារ៉េត
2018.08.13
ព្រះ​តេជព្រះ​គុណ​ ហុក​ សាវណ្ណ​ ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ខ្មែរ​កាណាដា ក្នុងទីក្រុង​ម៉ុងរ៉េអាល់។
Provided Photo

ព្រះសង្ឃ​ខ្មែរ​ថា ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម គឺ​ដោយសារ​មេ​ដឹក​នាំ​ខ្វះ​សីលធម៌​ដឹក​នាំ​បែប​ហិង្សា និង​ពោរពេញ​ដោយ​អំណាច​ផ្តាច់​ការ និង​អំពើ​អយុត្តិធម៌។ ការ​ដឹក​នាំ​បែប​នេះ នឹង​មិនអាច​នាំ​មក​នូវ​ភាព​សុខដុមរមនា ក្នុង​សង្គម​ជាតិ​ខ្មែរ​បាន​នោះ​ឡើយ គឺ​មាន​តែ​ភ័យ​អន្តរាយ​ជាក់​ជា​មិន​ខាន។

សហគមន៍ព្រះសង្ឃខ្មែរ​នៅក្រៅ​ប្រទេស ស្ទើរ​គ្រប់​ទិសទី ចាប់​ផ្តើម​ក្រោក​ឡើង​ តវ៉ា​ឲ្យ​មាន​ការ​ផ្លាស់​​ប្តូរ​​​របប និង​អ្នកដឹកនាំ​ដូច​លោក ហ៊ុន សែន សព្វថ្ងៃ​បន្ទាប់​ពី​ពួក​គាត់​បាត់បង់​​ភាព​​ខន្តី ដោយសារ​​តែ​​មិន​អាច​អត់​ទ្រាំ ទៅ​នឹង​ភាព​អសីលធម៌ ហិង្សា និង​ការដឹកនាំខ្វះ​ភាព​យុត្តិធម៌​របស់​លោក ហ៊ុន សែន ដែល​ប្រព្រឹត្ត​​មក​លើ​​ប្រជា​ពលរដ្ឋ ដែល​​មាន​​និន្នាការ​​នយោបាយ​ មិន​​ស្រប​នឹង​​របប​នេះ។ ព្រះតេជ​ព្រះគុណ​បណ្ឌិត ហុក សាវណ្ណ ដែល​​​គង់​​​នៅ​​​វត្ត​​ខ្មែរ​ ក្នុង​​ទីក្រុង​​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា បន្ទោស​​លោក ហ៊ុន សែន និង​គណបក្ស​​ ប្រជាជន​​កម្ពុជា ​ថា ជា​អ្នក​ដែល​បង្កើត​ឲ្យ​​មាន​​ភាព​​​មិន​​​ចុះ​​​សម្រុង​​​គ្នា​​ក្នុង​​សង្គម​ខ្មែរ​នេះ​ឡើង។

ព្រះអង្គ​មានថេរដីកាយោងទៅលើសុភាសិតខ្មែរ “ដឹងឆ្ងើយ​ដ្បិត​ដង កូន​សោត​រែង​ឆ្គង​ដ្បិត​មេបា” ដើម្បី​​ប្រដូច​​ចរិត​​លក្ខណៈ​​ឆ្គាំ​ឆ្គង​​របស់​​លោក ហ៊ុន សែន ដែល​ប្រដៅ​លែង​បាន​ថា ជា​ដើម​ហេតុ នៃ​​គំរូ​​អាក្រក់​​ដល់​​សង្គម​​មួយ ពោរពេញ​ទៅ​ដោយ​ភាព​ក្តៅ​ក្រហាយ ហិង្សា និង​ការ​ជេរ​ប្រទេច​គ្នា​គ្មាន​ទីបញ្ចប់​បែប​នេះ៖ «រដ្ឋាភិបាល​មួយ​ ដែល​ជិះ​ជាន់​ប្រជារាស្រ្ត​របស់​ខ្លួន ហើយ​ជា​ពិសេស​សង្កត់​សង្កិន បំបិទ​សិទ្ធិ​សេរីភាព ឥឡូវ​រឿង​ធ្វើ​បាតុកម្ម​ក៏បិទ រឿងការ​ប្រមូល​ផ្តុំគ្នា​​ក៏បិទ និយាយ​អ្វី​មិន​ស្រួល​ក៏គេ​ចាប់​កំហុស​គ្រប់​បែប​យ៉ាង។ របៀប​របប​ផ្តាច់​ការ​ហ្នឹង​វាចង់​​លើស​​ពី​​កុម្មុនីស្ត​​ទៅ​​ទៀត។ ដូច្នេះ​ប្រជាពលរដ្ឋ​ នាំគ្នា​កើត​ទុក្ខ មិនសុខចិត្ត ដោយ​ធ្វើ​អ្វី​មិន​កើត មាន​ការ​តិះ​ដៀល​គ្នា​​ទៅ​​វិញ​​ទៅ​មក។ ខាង​បក្ស​ប្រជាជន​ឯណោះ ក៏ខំប្រឹងការពារ​នូវ​អំពើ​អាក្រក់​របស់​ខ្លួន​។ ប្រជា​ពលរដ្ឋ​ក្តៅ​ក្រហាយ​​ ធ្វើ​អ្វី​ធ្វើ​មិន​កើត​ ដើម្បី​​ឲ្យ​​ធូរ​​ចិត្ត​ មាន​ការ​​តិះ​ដៀល មាន​ការ​​រិះគន់ ជេរ​​គ្នា​​នៅ​ក្នុង​​ហ្វេសប៊ុក។ រឿង​ហ្នឹង​ទាក់​ទង​ក្នុង​ផ្លូវ​នយោបាយ»

ចំណែកព្រះសង្ឃដទៃទៀត រួមមានភិក្ខុ រស់ ប៊ុនថន ព្រះគ្រូចៅអធិការវត្ត​ធម្មរង្សី ក្រុង​ប៉ារីស ប្រទេស​បារាំង ភិក្ខុ នូ ស៊ង ព្រះគ្រូ​ចៅអធិការវត្ត​ខ្មែរ​សន្តិភាព ប្រទេសអូស្រ្តាលី ភិក្ខុ ពោជ កណ្តាល ព្រះគ្រូចៅអធិការវត្តជោតញ្ញាណោ ក្រុងញូយក សហរដ្ឋអាមេរិក ភិក្ខុ ជុំ វិចិត្រ ព្រះគ្រូសូត្រស្តាំ វត្ត​មុនីសុតារាម ក្រុង​ហែមថុន សហរដ្ឋអាមេរិក និង​ភិក្ខុ ប៊ុត ប៊ុនតិញ ជា​ដើម សុទ្ធតែរួមគ្នាចេញ​សេចក្តី​ថ្លែងការណ៍ ថ្កោលទោសលោក ហ៊ុន សែន និង​កាត់​កាលរបបនេះចោលទៀតផង ដោយសារ​តែ​ការ​ដឹកនាំបែបផ្តាច់ការ និង ប្រមាថ​ព្រះសង្ឃជាដើម។

លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាល​ខ្មែរក្រហម និង​ដឹកនាំប្រទេស​ពីដំបូង ​ដោយ​ការ​លើក​បន្តុប​របស់​វៀតណាម ហើយបន្ត​ក្រាញអំណាច​អស់ជាង ៣៣​ឆ្នាំ​កន្លងមកនេះ ត្រូវបានមជ្ឈដ្ឋាន​ទូទៅ​​ស្គាល់​ថា ជាបុរសខ្លាំងខាង​អំពើ​ហិង្សា និង​ការ​បង្ក្រាបអ្នកហ៊ានតវ៉ាប្រឆាំង​បែបផ្តាច់ការ​របស់​លោក។ លោក ហ៊ុន សែន ក៏ជាមនុស្ស​ ចូលចិត្ត​ប្រើសម្តី​អសុរោះ អាមឹង គ្រោតគ្រាត ខ្វះ​សីលធម៌ ក្នុង​វេទិកាសាធារណៈ ស្ទើរ​រាល់​លើក មិន​​ថា​នៅ​ចំពោះ​មុខ​​សិស្ស និស្សិត ចាស់​ព្រឹទ្យាចារ្យ​ ឬ​​ព្រះសង្ឃ​​នោះ​​ឡើយ។ លោក ហ៊ុន សែន ក៏​​ជា​​អ្នក​​នយោបាយ​​ដែល​​មាន​​ល្បិចកល​ខ្ពស់​​ក្នុង​​ការ​​បំបែក​​បំបាក់​​អ្នក​​នយោបាយ និង​​គណបក្ស​​នយោបាយ មាន​​ដូច​​ជា គណបក្ស ហ៊្វុនស៊ីនប៉ិច ជាដើម ។

ប៉ុន្តែ មន្រ្តីបក្សកាន់អំណាច អះអាងថា លោក ហ៊ុន សែន ជាមនុស្ស​ មិន​មែន​ជា​ព្រះ​ទេ ដូច្នេះ​ពេល​ខ្លះ ក៏​មិនអាច​ទប់​កំហឹង​​បាន​ដែរ បើមានគេប្រមាថមកលើលោក និង​គណបក្ស ​ប្រជាជន​កម្ពុជា ​នោះ។ មន្រ្តី​នាំ​ពាក្យ​​គណបក្ស ​ប្រជាជន​កម្ពុជា  ទម្លាក់​​កំហុស​​ទៅ​លើ​​មនុស្ស​​របស់​​គណបក្ស​ប្រឆាំង ដែល​លោក​អះអាង​ថា ជា​អ្នក​បង្ក​ហេតុ៖ «ទោះបីសម្តេច ជា​នាយករដ្ឋ​មន្រ្តីក៏ពិត​មែន ក៏ប៉ុន្តែគាត់​ជា​បុថុជ្ជន​ដែរ មិន​ទាន់​ទៅ​ជា​ព្រះពុទ្ធ​ទេ។ ទោះ​បី​ជា​ព្រះពុទ្ធ នៅ​ក្នុង​ជាទសជាតក ឬ​ជាតិ​ទីដប់​ទៅ​ហើយ​ក្តី ក៏​ព្រះអង្គ​នៅ​តែ​មិន​អាច​អត់​ទ្រាំ នឹង​ការ​ញុះញង់​ ធ្វើ​ទារុណ្ឌកម្ម ដល់​ក្រុម​គ្រួសារ​ រាជបុត្រាបុត្រី​របស់​ព្រះអង្គ​បាន​ដែរ។ វា​មាន​តែ​រឿង​ឆេះ អាហ្នឹង​វារឿង​អ៊‍ីចឹង! ក៏​ប៉ុន្តែ ខ្ញុំ​យល់​ថា វា​ម្តង​ម្កាល​ទេ​។ យូរៗ គាត់​ប្រតិកម្ម​ម្ដងម្កាល​អ៊‍ីចឹង​ទៅ។ ខ្មែរ​យើង​អា​ពាក្យ​ញុះញង់ ដាមដាម ពាក្យ​ដុត​រោលរាល​ហ្នឹង វា​ធ្វើ​ឲ្យ​ឈឺ​ចាប់​ណាស់​ណា៎

ទោះបីលោក សុខ ឥសាន ថា មនុស្ស​របស់​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន និង​មនុស្ស​បក្ស ប្រជាជន​ ឈឺ​ចាប់ ក៏​ព្រះតេជ​ព្រះគុណ ហុក សាវណ្ណ មិន​យល់​ដូច្នេះ​នោះ​ទេ។ ព្រះអង្គ​ថា ខាង​គណបក្ស​ប្រឆាំង គឺ​គ្រាន់​តែ​ជា​ជន​រង​គ្រោះ នៃ​អំពើ​អយុត្តិធម៌​ខាង​ផ្លូវ​នយោបាយ ដែល​បង្ក​ឡើង​ ដោយ​គណបក្ស​កាន់​អំណាច ដែល​ចង់​បន្ត​ក្រាញ​អំណាច​ផ្តាច់ការ​របស់​ខ្លួន ទើប​ជ្រើសរើស​វិធី​ អូសទូក​ឲ្យ​ល្អាន ចាប់​ត្រី​បាន​តែ​ឲ្យ​ល្អក់​ទឹក​បែប​នេះ៖ «ចោទ​តែ​បក្ស​ប្រឆាំង​ហ្នឹង! ពរ! បក្ស​ប្រឆាំង​គ្នា​រង​គ្រោះហើយមួយ​ផ្នែក​ហើយ។ ប្រជាពលរដ្ឋ​ទូទៅ ក៏ត្រូវ​ទទួលរងគ្រោះដែរ ដោយ​អំពើ​អយុត្តិធម៌ ដែល​គេ​ប្លន់​យក​ដី​ស្រែ ចាប់​ដាក់​គុក​ដាក់​ច្រវ៉ាក់​អ្វី​ផ្សេងៗ ហ្នឹង មិន​មែន​ជា​ទង្វើ​របស់​បក្ស​ប្រឆាំង​ទេ។ បក្ស​ប្រឆាំង​ជា​អ្នក​រង​គ្រោះ»

ស្របពេលជាមួយគ្នានេះដែរ មន្រ្តីជាន់ខ្ពស់​គណបក្ស សង្រ្គោះ​ជាតិ សង្កេត​ឃើញ​ថា សង្គម​ខ្មែរ​បច្ចុប្បន្ន ក្លាយ​ជា​សង្គម​បែប​គ្រួសារ និង​បក្ស​ពួក​និយម របស់​គណបក្ស​កាន់​អំណាច​ផ្តាច់​មុខ។

អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង លើក​ឡើង​ថា ភាព​មិន​ចុះ​សម្រុង​គ្នា គឺ​កើត​ចេញ​ពី​លោក ហ៊ុន សែន និង បក្ស​ប្រជាជនកម្ពុជា ដែល​ពុះពារ ធ្វើ​យ៉ាង​ណា​កាង​អំណាច​ត្រកូល ហ៊ុន ឲ្យ​នៅ​ឋិតថេរ​យូរ​អង្វែង ទោះ​ជា​ក្នុង​តម្លៃ​ណា​​ក៏​ដោយ មិន​ថា​ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើន នាំ​គ្នា​មិន​ពេញ​ចិត្ត និង​តវ៉ា​ឲ្យ​ផ្លាស់ប្តូរ​របប​នេះ​ចេញ​នោះ​ឡើយ៖ «ឃើញ​ការ​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ គឺ​ត្រូវ​ដាក់​បន្ទុក​ទៅ​លើ​អ្នក​ដឹក​នាំ ដែល​ប្រើ​ភាសា​ពាល»

លោក អេង ឆៃអ៊ាង យល់​ស្រប​តាម​ព្រះតេជ​ព្រះគុណ ហុក សាវណ្ណ ថា​បើ​មេ​ដឹក​នាំ​ពោរ​ពេញ​ដោយ​ហិង្សា និង​ភាព​ក្ដៅ​ក្រហាយ សង្គមខ្មែរ ក៏​ជា​សង្គម​ដែល​ពោរពេញ​ដោយ​ភាព​ក្តៅ​ក្រហាយ​នេះ​ដែរ។ លោក អេង ឆៃអ៊ាង ប្រដូច​សង្គម​សព្វថ្ងៃ ទៅ​នឹង​​ឆ្នាំង​​ក្តៅ គម្រប​ឆ្នាំង​ក្តៅ ដែល​អ្វីៗ នៅ​ក្នុង​ឆ្នាំង​នោះ គឺ​នឹង​ក្តៅ​ទាំង​អស់ មិន​មែន​ក្តៅ​តែ​ឆ្នាំង​នោះ​ទេ។

ចុះបើសង្គមកាន់តែក្តៅបែបនេះ តើ​អ្វី​ជា​ដំណោះ​ស្រាយ? ព្រះតេជ​ព្រះគុណ ហុក សាវណ្ណ ផ្តល់​ជា​ឱវាទ​ទៅ​ដល់​លោក ហ៊ុន សែន ថា​ ជម្រើស​មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ឈប់​ធ្វើ​បាប​មនុស្ស​បក្ស​ប្រឆាំង ឈប់​ជិះជាន់​ប្រជារាស្រ្ត​របស់​ខ្លួន គោរព​ឆន្ទៈ​របស់​​រាស្រ្ត​ឡើង​វិញ និង​ងាក​មក​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វិញ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ប្រទេស​នេះ ធ្លាក់​ក្នុង​ភ័យ​ន្តរាយ ស្តារ​លែង​ឡើង៖ «គន្លឹះ​មាន​តែ​មួយ គឺ​រាជ​រដ្ឋាភិបាល ឈប់​កាន់​របប​ផ្តាច់​ការ»

ក្នុងពេលជាមួយ​គ្នា​ដែរ ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី បន្ត​ក្រោក​ឡើង ដោយ​អហិង្សា ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ក្នុង​ពេល​ដែល​មាន​អន្តរជាតិ នៅ​ជួយ​តាម​ឃ្លាំមើល និង​ឈឺ​ឆ្អាល។ លោកថា មាន​តែ​ប្រជា​រាស្រ្ត​ខ្មែរ​ខ្លួន​ឯង​ទេ ដែល​អាច​រំលំ​របប​ផ្តាច់ការ​បាន ព្រោះ​វាសនា​ប្រទេស​ជាតិ​ស្ថិត​លើ​រាស្រ្ត​ខ្មែរ ជាពិសេស​យុវជន​ខ្មែរ ដែល​និយម​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។