ព្រះសង្ឃ​ខេត្ត​កំពត​បង្កើត​សមាគម​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា

ដោយ វោហារ ជាតិ
2014.11.30
Share on WhatsApp
Share on WhatsApp
ព្រះពុទ្ធ​បដិមា ៦១០ ព្រះពុទ្ធ​បដិមា​នៅ​ភ្នំ​បាសិត ស្រុកពញាឮ ខេត្ត​កណ្តាល ខាង​ជើង​រាជធានី​ភ្នំពេញ។
RFA/Mom Sophon

ដោយ​យល់​ឃើញ​ថា ជម្លោះ​តាម​វត្ត​នានា​ក្នុង​វិស័យ​ព្រះ​ពុទ្ធសាសនា កើត​ឡើង​ជាច្រើន​ឥត​ឈប់ឈរ ព្រះ​សង្ឃ និង​អាជ្ញាធរ​ខេត្ត​កំពត​បាន​ផ្ដួចផ្ដើម​បង្កើត​សមាគម​មួយ​ឡើង ឈ្មោះ​ថា «សមាគម​មនសិការ​រាស្ត្រ​ខ្មែរ» ក្នុង​បំណង​ផ្សព្វផ្សាយ​អប់រំ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ ឲ្យ​យល់ដឹង​អំពី សាមគ្គីភាព សីលធម៌ និង​សុជីវធម៌ តាម​បែប​ព្រះពុទ្ធ​សាសនា​ដើម្បី​ឲ្យ​មាន​សេចក្ដី​ថ្លៃថ្នូរ​នៅ​ក្នុង​សង្គម។

ទាំង​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ខេត្ត​កំពត សុទ្ធតែ​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា សព្វថ្ងៃ​នេះ​ការ​ប្រតិបត្តិ​តាម​ពុទ្ធឱវាទ​របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ រួម​ទាំង​យុវវ័យ​ខ្មែរ មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​ប្រការ​នេះ ធ្វើ​ឲ្យ​សង្គម​ខ្មែរ​មានការ​រើសអើង​ពូជសាសន៍ និង​ប្រកាន់​បក្សពួក​និយម។

ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​កំពត លោក នាក់ យុតថូ ឲ្យ​ដឹង​ថា ការ​ឆ្លាក់​ចុះ​លើ​ជំនឿ​ព្រះពុទ្ធ​សាសនា​គឺ​ដោយសារ​មាន​ជម្លោះ​នៅ​តាម​វត្ត​ជា​ច្រើន​និង​ជា​ញឹកញាប់​រវាង​ព្រះសង្ឃ​នឹង​ព្រះ​សង្ឃ ឬ​ជម្លោះ​រវាង​លោក​អាចារ្យ ដែល​ជម្លោះ​នេះ​មិន​មាន​អ្វី​ក្រៅពី​ដណ្ដើម​អំណាច​និង​លាភសក្ការៈ ដូច​ជា​ការ​រៃអង្គាស​បច្ច័យ​ជាដើម។

លោក​បាន​ឲ្យ​ដឹង​ថា ​ខេត្ត​កំពត​មាន​វត្ត ២៦១ ព្រះសង្ឃ​ជិត​២​ពាន់​អង្គ ហើយ​ជម្លោះ​ដែល​កើតឡើង​ច្រើន​ជាងគេ គឺ​នៅ​តាម​វត្ត​នានា ក្នុង​ស្រុក​ដង​ទុង ស្រុក​ទឹកឈូ ស្រុក​អង្គរជ័យ និង​ស្រុក​មួយ​ចំនួន​ទៀត។

ចំណែក​ព្រះចៅ​អធិការ​វត្ត​ព្រៃ​តុម្ព ព្រះភិក្ខុ ធាន ផន ដែល​វត្ត​នេះ​ធ្លាប់​មាន​ជម្លោះ​ដែរ​នោះ ​ក៏​បាន​បញ្ជាក់​ដូច​គ្នា​ដែរ​ថា ជម្លោះ​ក្នុង​វត្ត​ព្រះពុទ្ធ​សាសនា​សព្វថ្ងៃ កើតឡើង​ដោយសារ​ការ​ច្រណែននិន្ទា​គ្នា រវាង​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ ដែល​ខ្លួន​ជា​អ្នក​ធម៌​អា មិន​បាន​ប្រតិបត្តិ​តាម​ព្រះ​ពុទ្ធឱវាទ​ឲ្យ​បាន​ត្រឹមត្រូវ

ដោយ​ឃើញ​បញ្ហា​ដូច្នេះ មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​ខេត្ត បាន​ផ្ដួចផ្ដើម​បង្កើត​សមាគម​មួយ​ឡើង ដើម្បី​ដោះស្រាយ​ជម្លោះ​ទាំង​ឡាយ និង​លើក​ស្ទួយ​ជំនឿ​ខាង​ព្រះពុទ្ធសាសនា ឲ្យ​មាន​សេចក្ដី​ថ្លៃថ្នូរ​នៅ​សង្គម​ឡើងវិញ។

សមាគម​នេះ​ឈ្មោះ​ថា «សមាគម​មនសិការ​រាស្ត្រ​ខ្មែរ» ដែល​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​គ្រប់​វ័យ រួម​ទាំង​មន្ត្រី​រាជការ​ អង្គការ​នានា មាន​សិទ្ធិ​ចូល​ជា​សមាជិក​បាន​ដោយ​ឥត​ប្រកាន់​វណ្ណៈ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមាគម​ថ្មី​ដែល​មាន​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ប្រហែល​១០០​នាក់ និង​អង្គ​ចូលរួម កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា លោក នាក់ យុតថូ ឲ្យ​ដឹង​ថា ជម្លោះ​ក្នុង​វត្ត​ខ្លះ​កើតឡើង​ដោយសារ​ព្រះសង្ឃ ឬ​លោក​អាចារ្យ ប្រកាន់​​បក្សពួកនិយម និង​ប្រកាន់​បក្ស​នយោបាយ ដែល​ប្រការ​នេះ​លោក​បាន​អំពាវនាវ​ឲ្យ​ចៀសវាង «ខ្ញុំ​ព្រះ​ករុណា​បាន​ទូល​ប្រគេន​ក៏​ដូចជា​ជម្រាប​ទៅដល់ ខាង​ឥស្លាម​ក៏ដូចជា​គ្រប់​គណបក្ស​ទាំង​អស់ ថា​បើ​មាន​អធិករណ៍​នៅ​វត្ត​នៅ​វិហារ​ឥស្លាម វិហារ​គ្រឹះ​សាសនា សូម​កុំឲ្យ​ពឹង​គណបក្ស​នេះ គណបក្ស​នោះ ឯក​ឧត្ដម​នេះ​ឯក​ឧត្ដម​នោះ​ចូល​ គឺ​ថា​ចូល​ចាញ់។ ឥឡូវ​មើល​ស្រុក​ទឹកឈូ​ទៅ​មិន​បាច់​មើល​នរណា​ទេ វត្ត​ព្រៃ​តុម្ព​ចូល​ចាញ់ ទទឹង​ថ្ងៃ​ឥស្លាម​ចូល​ចាញ់ អង្គរជ័យ​ចូល​ចាញ់ ចាញ់​ទាំង​អស់ ដោះ​អត់​ចេញ មិនមែន​ថា​ខ្ញុំ​ព្រះករុណា​ឲ្យ​គាត់​ចាញ់​ទេ ដោះ​អត់​ចេញ​តែម្ដង»

បើ​តាម​ព្រះភិក្ខុ ធាន ផន ប្រធាន​សមាគម​មនសិការ​រាស្ត្រ​ខ្មែរ និង​ជា​ព្រះចៅ​អធិការ​វត្ត​ព្រៃ​តុម្ព​ក្នុង​ខេត្ត​កំពត ទិសដៅ​នៃ​សមាគម​នេះ​មិន​ត្រឹម​តែ​បង្កើត​ឡើង ដើម្បី​ដោះស្រាយ​ជម្លោះ​តាម​វត្ត​អារាម​ទេ តែ​មាន​បំណង​អប់រំ​តាម​បែប​ព្រះពុទ្ធសាសនា ដល់​ព្រះសង្ឃ​តាម​វត្ត ប្រជាពលរដ្ឋ​តាម​ភូមិ​ ជាពិសេស យុវវ័យ សិស្សានុសិស្ស​តាម​សាលា ឲ្យ​យល់​ដឹង​អំពី សុជីវធម៌ សីលធម៌ សាមគ្គីភាព និង​សន្តិភាព។

បើ​តាម​លក្ខន្តិក:​របស់​សមាគម​មនសិការ​រាស្ត្រ​ខ្មែរ ត្រង់​ជំពូក​ទី​២ សមាគម​មាន​គោល​បំណង​សំខាន់​៦​ចំណុច ដូចជា រួម​ចំណែក​រក្សា​វប្បធម៌ មនុស្សធម៌ លើក​តម្លៃ​​ព្រះពុទ្ធសាសនា អភិវឌ្ឍន៍​សង្គម និង​ធនធាន​មនុស្ស។

សមាគម​មនសិការ​រាស្ត្រ​ខ្មែរ ដែល​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ និង​សម្ដេច​សង្ឃ​ទាំងពីរ​គណៈ​ផង​នោះ សមាគម​នេះ​ជា​សមាគម​ឯករាជ្យ មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​ប្រកាន់​ពូជសាសន៍​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក គា សុគន្ធ អ្នក​និពន្ធ​គំរូ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។