កម្មករ​កាត់​ដេរ ដួល​សន្លប់​ជាង ១០០នាក់ ​នៅ​រោងចក្រ QMI ខេត្ត​កណ្ដាល

2019-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មការិនី​ផ្នែក​ដេរ​ខោរ​អាវទាំង​នេះ​ក្នុង​ចំណោម​ជាង ១០០​នាក់ ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ក្នុង​រោងចក្រ​ QMI ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​​ទី៣០ ខែ​មករា ឆ្នាំ២០១៩។
កម្មការិនី​ផ្នែក​ដេរ​ខោរ​អាវទាំង​នេះ​ក្នុង​ចំណោម​ជាង ១០០​នាក់ ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ក្នុង​រោងចក្រ​ QMI ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​​ទី៣០ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ សហជីព C-CAWDU

កម្មការិនី​ផ្នែក​ដេរ​ខោរ​អាវ ជាង ១០០​នាក់ ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ក្នុង​រោងចក្រ​ QMI ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ពុធ​នេះ។ តំណាង​សហជីព​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កាត់ដេរ​កម្ពុជា ​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ដួល​សន្លប់​នោះ ដោយ​សារ​តែ​មាន​សុខភាព​ខ្សោយ និង​មាន​ផ្ទុះ​ចរន្ត​អគ្គិសនី​ក្នុង​អគារ​រោងចក្រ។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មការិនី​ជាច្រើន​នាក់​ដែល​ដួល​សន្លប់ ក្នុង​រោង​ចក្រ​ QMI នៅ​ថ្ងៃ​ទី៣០ មករា លោកស្រី ឃឹម សុភី រៀបរាប់​ថា នៅ​ពេល​ចូល​ធ្វើការ​ពេល​ព្រឹក មាន​កម្មការិនី​ម្នាក់​ក្នុង​ក្រុម​ដេរ វាយ​ឡេវ​អាវ​ មិន​ប្រយ័ត្ន​ ក៏​ត្រូវ​ចំ​ដៃ​បណ្ដាល​ឲ្យ​ហូរ​ឈាម​ច្រើន ​បណ្ដាល​ឲ្យ​កម្មករ​ផ្សេងទៀត​នៅ​ក្បែរ​នោះ ឃើញ​ហូរ​ឈាម​ដូច្នោះ ចាប់​ផ្ដើម​មាន​អាការៈ​តក់ស្លុត ហើយ​ដួល​សន្លប់​ជា​បន្ត​បន្ទាប់។ អ្នកស្រី​បន្ត​ថា ក៏​មាន​កម្មករ​នៅ​អគារ​ផ្សេង​ទៀត​ដួល​សន្លប់​ដែរ ដោយសារ​មាន​ផ្ទុះ​ចរន្ត​អគ្គិសនី​ក្នុង​រោង​ចក្រ៖ «ពេល​ពួក​ខ្ញុំ​ចេញ​ទៅ​ហូប​បាយ ហើយ​ចូល​មក​វិញ ប្រហែល​ជា​១ម៉ោង ឬ​កន្លះ​ម៉ោង​ទៀត ផ្ទុះ​ខ្សែភ្លើង​ហើយ នាំ​គ្នា​រត់ចេញ​មួយ​សារ។ គេ​ថា​អត់​អី ឲ្យ​ចូល​ធ្វើ​ការ​វិញ។ ចូល​១​ម៉ោង​ក៏​សន្លប់​តៗ​គ្នា។ គេ​ដឹក​យក​មក​ពេទ្យ។ ដឹក​យក​មក​ពេទ្យ​ ទើប​តែ​ដឹងខ្លួន​មិញ​ដែរ​ហ្នឹង។ ពេទ្យ​ទើប​ដាក់​សេរ៉ូម​ឲ្យ​។ អត់​អី​ទេ​បង! បាន​ធូរ​ហើយ»

មន្ត្រី​សហជីព​ប្រចាំ​​ខេត្ត​កណ្ដាល នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កាត់ដេរ​កម្ពុជា លោក ជួប ចាន់ធី ដែល​ចុះ​តាម​ដាន​ករណី​នេះ ប្រាប់​អាស៊ី​សេរី​ថា កម្មការិនី​ចំនួន ១១៨នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ទេព​មង្គល ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ ហើយ​កម្មការិនី ១១នាក់​ទៀត​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទេព​ប្រសិទ្ធិ នៅ​ក្បែរ​ផ្សារ​ថ្នល់​ទទឹង៖ «បើ​ការ​រក​ឃើញ​របស់​ពួក​ខាង​ក្រសួង គាត់​ថា​មក​ពី​ការ​ធ្វេស​ប្រហែល​របស់​កម្មករ ហើយ​ពាក់ព័ន្ធ​នឹង​ផ្ទុះ​ខ្សែ​ភ្លើង​ហ្នឹង ពាក់​ព័ន្ធ​នឹង​បច្ចេកទេស​ អ្នក​កាច់​កុងតាក់។ ខាង​ក្រសួង​ការងារ​ និង​ជីម៉ាក់ (GMAC) គេ​អត់​មាន​និយាយ​អី​ទេ គាត់​គ្រាន់តែ​សុំ​ឲ្យ​សហជីព ជួយ​សហការ​ជាមួយ​ក្រុមហ៊ុន និង​សហជីព​ដទៃ​ទៀត ជួយ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​កើតឡើង​ថ្ងៃ​ហ្នឹង​អញ្ចឹង»

គិត​មក​ត្រឹម​ម៉ោង​ផ្សាយ​នេះ លោក ជួប​ ចាន់​ធី ឲ្យដឹង​ថា ចំនួន​កម្មការិនី​ដែល​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេព​មង្គល មាន​ចំនួន ៣៨​នាក់ និង​ម្នាក់​នៅ​មន្ទីរពេទ្យ​ទេព​ប្រសិទ្ធិ។ ចំណែក​កម្មការិនី ៩០នាក់ វិល​ត្រលប់​ទៅ​សម្រាក​នៅ​ផ្ទះ​ ហើយ​ថៅកែ​រោងចក្រ​សម្រេច​ឲ្យ​ពួកគេ​អាច​វិល​ចូល​ធ្វើ​ការ​វិញ នៅ​ដើមខែ​កុម្ភៈ។

ជុំ​វិញ​កម្មករ​ដួល​សន្លប់​ក្នុង​រោងចក្រ​បែបនេះ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ យល់ថា ឲ្យ​​តែ​គ្រោះថ្នាក់​កើតឡើង​នៅ​កន្លែង​ការងារ រួម​មាន​ទាំង​ការ​ខ្សោយ​សុខភាព និង​អាការៈ​ដួល​សន្លប់​ផង គឺ​សុទ្ធតែ​ត្រូវ​តែ​ចាត់​ទុក​ថា ជា​គ្រោះថ្នាក់​ការងារ ហើយ​នេះ​ជា​ការ​ទទួលខុស​របស់​ក្រុមហ៊ុន​ដែល​បាន​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​បេឡា​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប..ស៖ «ករណី​នៅ​ក្នុង​រោងចក្រ ឃ្យូ.អឹម.អាយ (QMI)ហ្នឹង ខ្ញុំ​គិត​ថា វា​ការ​គ្រោះ​ថ្នាក់ ឬ​ឧបទ្ទវហេតុ​មួយ​ដែល​កើត​ឡើង វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខាង​ក្រុមហ៊ុន​ហើយ។ អ៊ីចឹង! បើ​ក្រុមហ៊ុន​ជា​អ្នក​ទទួល​ខុសត្រូវ បេឡា​ជាតិ​គឺជា​អ្នក​ទទួល​ខុសត្រូវ​បន្ត​នៅ​ក្នុង​ការ​ពេល​ដែល​ខ្លួន​ទទួល​ខុស​បន្ត​ពី​និយោជក​ហ្នឹង​ហើយ»

តាម​ច្បាប់​ការងារ​កម្ពុជា ឆ្នាំ១៩៩៧ ត្រង់​ជំពូក​ទី៩ មាត្រា ២៤៨ ចែង​អំពី​គ្រោះថ្នាក់​ការងារ ដោយ​កំណត់​ថា ត្រូវ​ចាត់​ទុក​ជា​គ្រោះថ្នាក់​ការងារ​ ក្នុង​ករណី​ដែល​គ្រោះថ្នាក់​នោះ កើត​ឡើង​ដោយ​ធ្វើការ ឬ​ក្នុង​ពេល​ធ្វើការ ទោះ​ដោយ​ហេតុ​យ៉ាង​ណា​ក៏​ដោយ ហើយ​ទោះ​មាន​កំហុស​មក​ពី​កម្មករ​និយោជិក ឬ​ក៏​គ្មាន​ក៏​ដោយ។ ច្បាប់​ការងារ​នេះ បញ្ចូល​គ្រោះថ្នាក់​ការងារ មិន​ត្រឹមតែ​គ្រោះថ្នាក់ ដែល​កើត​នៅ​កន្លែង​ធ្វើការ​នោះ​ទេ គឺ​រាប់​ទាំង​គ្រោះថ្នាក់ ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ផង​ដែរ។ ក្នុង​ករណី​គ្រោះថ្នាក់​ការងារ​នេះ ច្បាប់​ចែង​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ទទួល​ការ​ជួសជុល​សំណង ដើម្បី​រ៉ាប់រង​ថ្លៃ​ព្យាបាល សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​គាត់​ជា​សះ​ស្បើយ បើ​និយោជិក​នោះ មិន​អាច​ធ្វើការ​បាន សិទ្ធិ​ទទួល​បាន​សំណង​សម្រាប់​ថ្លៃ​ព្យាបាល ហើយ​បូក​បន្ថែម​នឹង​ប្រាក់​បំណាច់​សម្រាប់​ការ​បាត់បង់​សមត្ថភាព​ការងារ​ជា​អចិន្ត្រៃយ៍​ទៀត បើ​និយោជិក ជា​ជន​រងគ្រោះ ត្រូវ​បាត់បង់​សមត្ថភាព​ធ្វើការ​ជា​អចិន្ត្រៃយ៍ ដោយ​សារ​តែ​គ្រោះថ្នាក់​ការងារ​នោះ និង​ក្នុង​ករណី​គ្រោះថ្នាក់​ដល់​ជីវិត ត្រូវ​មាន​ជួយ​សោហ៊ុយ​សម្រាប់​បូជា​សព ហើយ​សិទ្ធិ​វន្ត​របស់​គាត់ ដូច​ជា​ប្ដី ប្រពន្ធ ឬ​កូន ឬ​ក៏​ម្ដាយ ឪពុក ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​បំណាច់​ជា​ដើម។

លោក អាត់​ ធន់ ស្នើសុំ​ឲ្យ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង​លើ​សុខុមាល​ភាព​របស់​កម្មករ ធ្វើ​យ៉ាង​ណា​ជួយ​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ ​ដំឡើង​ប្រាក់​ឈ្នួល ឲ្យ​បាន​សមរម្យ​លើស​សព្វ​ថ្ងៃ និង​ត្រូវ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​ខុសត្រូវ​បង់​លុយ​អាហារ​ថ្ងៃត្រង់​ឲ្យ​កម្មករ និង​ជួល​ក្រុមហ៊ុន​ណា​មួយ ឬ​អ្នក​ធ្វើ​ម្ហូប​ដែល​មាន​គុណភាព និង​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើ​អាហារ​ល្អ ដើម្បី​ធានា​សុខភាព​កម្មករ។ លោក​អះអាង​ថា ថៅកែ​រោងចក្រ ពិត​ជា​មាន​លទ្ធភាព​ធ្វើ​ដូច្នេះ​បាន​ ដោយ​មិន​ពិបាក​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល