កម្មករ​រោងចក្រ សេឌូណូ នៅ​ខណ្ឌ​ដង្កោ ជាង ២០០​នាក់ ត្រូវ​ថៅកែ​បញ្ឈប់ ក្រោយ​កូដកម្ម​តវ៉ា​ ទាមទារ​ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ

ដោយ វ៉ែន សុមេធ
2019.01.08
rfa.png rfa
Photo: RFA

កម្មករ​រោងចក្រ​កាត់ដេរ​នៅ​រោងចក្រ សេឌូណូ អ៊ីនវេសស្មេន (Seduno Investment (Cambo) Co.Ltd) ស្ថិត​នៅ​ភូមិ​ខ្វារ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ជាង ​២០០​នាក់ ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ​ ដោយសារ​បន្ត​សកម្មភាព​តវ៉ា​ផុត​ថ្ងៃ​ឱសានវាទ ដែល​​ថៅកែ​តម្រូវ​ឲ្យ​ចូល​ធ្វើ​ការ​វិញ។

កម្មការិនី​ម្នាក់ នៃ​រោងចក្រ​ សេឌូណូ អ៊ីនវេសស្មេន (Seduno Investment (Cambo) Co.Ltd) អ្នកស្រី យ៉ង់ ស្រ៊ុន ប្រាប់​ថា គិត​ត្រឹម​ថ្ងៃ​ទី៧ មករា កម្មករ​បាន​នាំ​គ្នា​បញ្ឈប់​សកម្មភាព​តវ៉ា​ទាំងស្រុង​ហើយ និង​បាន​នាំ​គ្នា​ត្រលប់​ចូល​ធ្វើ​ការ​ដូច​ធម្មតា​ឡើង​វិញ ដោយសារ​ក្រុម​កម្មករ គ្មាន​លទ្ធភាព​តវ៉ា​ ឈ្នះ ថៅកែ​រោងចក្រ ដែល​មាន​អាជ្ញាធរ និង​ក្រសួង​ការងារ ​នៅ​ជួយ​ពី​ក្រោយ។

អ្នកស្រី យ៉ង់ ស្រ៊ុន ឲ្យ​ដឹង​ថា សកម្មភាព​តវ៉ា​មុខ​រោងចក្រ​ ទាមទារ​ប្រាក់​បំណាច់​ឆ្នាំ បាន​បញ្ចប់​ទាំង​ស្រុង នៅ​ថ្ងៃ​ទី៣ មករា ប៉ុន្តែ​ក្នុង​ចំណោម​កម្មករ​ជាង ១.២០០នាក់ មាន​កម្មករ​ចំនួន ២៨០នាក់ ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ ដោយសារ​មិន​ព្រម​ចូល​ធ្វើ​ការ​វិញ តាម​ឱសានវាទ ដែល​ក្រុមហ៊ុន​ដាក់​ឲ្យ។ ប៉ុន្តែ ​ទោះ​យ៉ាងណា ក្រោយ​ពី​ក្រុមហ៊ុន​បាន​បញ្ឈប់ ភាគី​ថៅកែ​បាន​យល់​ព្រម​ទទួល​យក​កម្មករ​ទាំង​ជាង ២០០នាក់​នោះ ចូល​ធ្វើ​ការ​វិញ ប៉ុន្តែ​ត្រូវ​បញ្ចប់​អតីតភាព​ការងារ​ទាំង​ស្រុង និង​ទទួល​បាន​ឋានៈ​ជា​កម្មករ​ថ្មី​សុទ្ធសាធ៖ «កម្មករ​ចាប់​ផ្ដើម​ចូល​ធ្វើការ​ច្រើន​ហើយ​នៅ​អ្នក​ដែរ​មិន​ទាន់​ចូល​នឹង​មាន​២៨០​នាក់​​ខាង​ក្រុម​ហ៊ុន​គេ​បញ្ឈប់​ចោល​ប៉ុន្តែ​គេ​បើក​​លុយ​។គេ​បើក​លុយ​បើក​អី​រួច​ហើយ​ អញ្ចឹង​គេ​ទទួល​កម្មករ​ធ្វើការ​វិញ​គេ​និយាយ​ថា​បើ​ចង់​ចូល​ធ្វើការ​វិញ​ចូល​ទៅ​​ប៉ុន្តែ​គេ​ឲ្យ​យើង​ចូល​ជា​កម្មករ​ថ្មី​ ឥលូវ​ចប់​ហើយ​បង​តវ៉ា​មិន​ឈ្នះ​គេ​ទេ​បង។ ព្រោះ​អី​ខាង​ក្រសួង​គេ​មិន​ព្រម​ទេ​ គេ​មិន​ព្រម​ឲ្យ​ទេ​ដូច​​ជា​ការ​រៀប​រាប់​ពី​ដំបូង​អញ្ចឹង​ខាង​រោង​ចក្រ​គេ​ព្រម​ឲ្យ​ប៉ុន្តែ​ក្រសួង​មិន​ឲ្យ»

កាល​ពី​​ថ្ងៃ​ទី២ មករា ភាគី​ថៅកែ​រោងចក្រ​ សេឌូណូ អ៊ីនវេសស្មេន បាន​បិទ​ផ្សាយ​ដំណឹង​ នៅ​ខាង​មុខ​​របង​ទ្វារ​រោងចក្រ​ថា ក្រុមហ៊ុន​ទុក​ពេល​ឲ្យ​ ៤៨​ម៉ោង តម្រូវ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ បើ​ពុំ​ដូច្នេះ​ទេ ក្រុមហ៊ុន​នឹង​លុប​ឈ្មោះ​កម្មករ​ចេញ​ពី​បញ្ជី​ក្រុមហ៊ុន។

កម្មករ​រោងចក្រ សេឌូណូ អ៊ីនវេសស្មេន បាន​ចាប់​ផ្ដើម​ធ្វើ​​កូដកម្ម​ ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ទាម​ទារ​ប្រាក់​បំណាច់​អតីត​ភាព​ប្រចាំ​ឆ្នាំ ព្រោះ​ពួក​គេ​លេច​ឮ​ដំណឹង​ថា ក្រុម​ហ៊ុន​នឹង​ប្ដូរ​កិច្ច​សន្យា​របស់​កម្មករ​ខ្លះ ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រាក់​អតីតភាព​កម្មករ។ ២ថ្ងៃ​ក្រោយ​មក គឺ នៅ​ថ្ងៃ​ទី​២៨ ធ្នូ ក្រុម​កម្មករ​នាំ​គ្នា តវ៉ា​​បិទ​ផ្លូវ​​ជាតិ​លេខ​២ ដើម្បី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ជួយ​កម្មករ ប៉ុន្តែ​រង​ការ​បង្ក្រាប​ពី​កង​កម្លាំង​កង​រាជ​អាវុធហត្ថ និង​នគរបាល​ខណ្ឌ​ដង្កោ ហើយ​​នៅ ថ្ងៃ​ទី​៣១ ធ្នូ ជា​ថ្ងៃ​ចុង​ដំណាច់​ឆ្នាំ​២០១៨ អាជ្ញាធរ​បាន​កោះហៅ​កម្មករ​ទាំង​អស់ ចូល​ក្នុង​រោងចក្រ ដើម្បី​ស្ដាប់​ការ​សម្រប​សម្រួល ប៉ុន្តែ​មិន​បាន​សម្រេច។

ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ ចេញ​សេចក្ដី​ប្រកាស​​ អះអាង​​ កុំ​ឲ្យ​ កម្មករ ​និយោជិក​ ភ័យ​បារម្ភ​ ពី​ការ​ខាត​បង់​​​ប្រាក់​អតីតភាព​​ការងារ ហើយ​សម្រាប់​ឆ្នាំ​២០១៩ ​ត​ទៅ ក្រសួង​ការងារ​ តម្រូវ​ឲ្យ​ភាគី​ក្រុមហ៊ុន ​បើក​ប្រាក់​អតីត​ភាព​២ដង ក្នុង​មួយ​ឆ្នាំ​ ផ្ដល់​ឲ្យ​កម្មករ​ គឺ​នៅ​ខែ​មិថុនា និង​​ខែ​ធ្នូ។ ក្រសួង​ការងារ ក៏​ប្រកាស​ថា ​ធានា​​ផល​ប្រយោជន៍​ស្រប​ច្បាប់ និង​ប្រាក់​អតីត​ភាព​ ចំពោះ​កម្មករ​ និយោជិក ធ្វើ​ការងារ​នៅ​សហគ្រាស ដែល​ក្ស័យ​ធន ឬ​បិទ​ទ្វារ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។ អ្នក​នាំ​ពាក្យ​រូប​នេះ ធ្លាប់​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក ​ថា​ កូដកម្ម​របស់​កម្មករ​នៅ​រោងចក្រ សេឌូណូ អាច​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ តែ​មិន​បាន​​បញ្ជាក់​ជា​នរណា​ឡើយ។

កម្មករ​ប្រាប់​ថា រោងចក្រ​សេឌូណូ អ៊ីនវេសស្មេន នៅ​ខណ្ឌ​ដង្កោ បើ​ទោះជា​បង្កើត​ឡើង​យូរ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​គ្មាន​សហជីព​​របស់​កម្មករ​ទេ គឺ​សហជីព​ប្រចាំ​រោងចក្រ​បច្ចុប្បន្ន​បង្កើត​ឡើង​ដោយ​ភាគី​ថៅកែ​រោងចក្រ ដូច្នេះ មិន​អាច​បម្រើ​ផល​ប្រយោជន៍​ពិត​ប្រាកដ​របស់​កម្មករ​ទេ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា រោងចក្រ​ ដែល​​គ្មាន​សហជីព​កើត​ចេញ​ពី​​ឆន្ទៈ​កម្មករ​​ ពិបាក​​តវ៉ា​ ឈ្នះ​ភាគី​ថៅកែ​ក្រុមហ៊ុន​ណាស់។ លោក​ថា នេះ​ជា​ភាព​​លំបាក ដែល​កើត​ចេញ​ពី​ច្បាប់​ស្ដីពី​សហជីព ដែល​តម្រូវ​ឲ្យ​សហជីព​ ត្រូវ​មាន​ការ​យល់ព្រម និង​ជ្រើស​ចេញ​ពី ភាគី​ថៅកែ ដូច្នេះ កម្មករ​មិន​អាច​ងាយ​ស្រួល ក្នុង​ការ​តវ៉ា​ទាមទារ​ផល​ប្រយោជន៍​ឡើយ។ ឯ​តំណាង​កម្មករ​មិន​អាច ​តតាំង​ជាមួយ​ថៅកែ​បាន​ទេ ព្រោះ​មិន​ធ្លាប់​មាន​បទ​ពិសោធន៍ ចាញ់​ការ​សម្លុត និង​គំរាម​ផ្នែក​ផ្លូវ​ច្បាប់​ជាដើម៖ «នេះ​ហើយ​ជា​ផល​វិបាក​មួយ ​នៃ​ការអភិវឌ្ឍន៍​សហជីព​ថ្មី​ ហើយ​ផល​វិបាក​កម្មករ​នៃ​ការ​ជ្រើស​រើស​សហជីព​គាំ​ទ្រ​ថៅកែ​រោង​ច​ក្រ​នេះ​ជា​ផល​វិបាក​របស់​ពួក​ គាត់​អត់​មាន​សហ​ជីព​ឈរ​ឈ្មោះ​ឲ្យ​ពួក​គាត់​ជា​កម្មករ​ ហើយ​ថៅកែ​គេ​ទៅ​ពឹង​មេធាវី​ពេល​មាន​រឿង​កើត​ឡើង​ ទាំង​មេធាវី ទាំង​អាជ្ញាធរ​គាត់​មិន​សូវ​យល់​ពី​កម្មករ​នោះ​ទេ​។ គាត់​បែរ​ទៅ​យក​ច្បាប់​មក អនុ​វត្តន៏​ទាំង​ខុស​ពី​ការ​អនុវត្តន៍​ជាក់​ស្ដែង​ថែម​ទៀត​ផង​ អ្វី​ទៅ​ជា​ច្បាប់?តាម​ពិត​អ្វី​ដែល​ជា​ ប្រយោជន៍​របស់​កម្មករ​ច្បាប់​គេ​មិន​បាន​ហាម​ឃាត់​នោះ​ទេ»

កម្មការិនី​រោងចក្រ​ សេឌូណូ នៅ​ខណ្ឌ​ដង្កោ​ អ្នកស្រី យ៉ង់ ស្រ៊ុន ប្រាប់​ថា កម្មករ​ជាង​២០០​នាក់ ដែល​ថៅកែ​បញ្ឈប់​នោះ ភាគច្រើន ​បាន​យល់​ព្រម ​ចូល​ធ្វើការ​វិញ ក្នុង​ឋានៈ ​ជា​កម្មករ​ថ្មី ដោយ​គ្មាន​អតីតភាព ព្រោះ​ពួកគេ​ត្រូវ​ការ​ប្រាក់​ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។