គ្រោះថ្នាក់​រថភ្លើង​បុក​រថយន្ត​ក្រុង នៅ​ខេត្ត​ពោធិ៍សាត់ បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស​ជាង ៤០នាក់

ដោយ យ៉ង ចាន់តារា
2024.03.29
គ្រោះថ្នាក់​រថភ្លើង​បុក​រថយន្ត​ក្រុង នៅ​ខេត្ត​ពោធិ៍សាត់ បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស​ជាង ៤០នាក់ ទិដ្ឋភាព​រថយន្ត​ក្រុង ដែល​​រថភ្លើង​បុក ហើយ​ក្រឡាប់ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង ១១ ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០២៤ បង្ក​ឱ្យ​មនុស្ស​​រង​របួស​ធ្ងន់ និង​​ស្រាលជាង ៤០នាក់​។
រូបពីពលរដ្ឋជាអ្នក​ដំណើរ

គ្រោះថ្នាក់​រថភ្លើង​បុក​ឡានក្រុង​ទេសចរណ៍ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង ១១ ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី២៩ ខែ​មីនា បង្ក​ឱ្យ​មនុស្ស​ជាង ៤០នាក់​រង​របួស​ធ្ងន់​ស្រាល បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់។ អាជ្ញាធរ​ធ្វើការ​សន្និដ្ឋាន​ដំបូង​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​មកពី​ការ​ធ្វេសប្រហែស​របស់​អ្នក​បើកបរ​រថយន្ត។

អ្នកដំណើរ​យ៉ាងហោចណាស់​ចំនួន ៤៥នាក់ និង​អ្នក​បញ្ជា​ក្បាល​រថភ្លើង​ម្នាក់ បាន​រង​របួស​ក្នុង​ហេតុការណ៍​រថភ្លើង បុក​រថយន្តក្រុង​ដឹក​អ្នក​ទេសចរណ៍ នៅ​ចំណុច​ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

Train_colliding_032924_1.jpg
ទិដ្ឋភាព​រថយន្ត​ក្រុង ដែល​​រថភ្លើង​បុក ហើយ​ក្រឡាប់ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង ១១ ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០២៤ បង្ក​ឱ្យ​មនុស្ស​​រង​របួស​ធ្ងន់ និង​​ស្រាលជាង ៤០នាក់​។ រូបពីពលរដ្ឋជាអ្នក​ដំណើរ

នាយ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ឃុំ​ឈើតុំ លោក ញ៉ឹម វិត្ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ថា តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង ករណី​រថភ្លើង បុក​រថយន្តក្រុង​នេះ បណ្ដាល​មកពី​អ្នក​បើកបរ​រថយន្ត​ខ្វះ​ការ​ប្រុងប្រយ័ត្ន ដោយ​មិនបាន​មើល​ស្លាក​សញ្ញា និង​ស្ដាប់​សំឡេង​ស៊ីផ្លេ​របស់​រថភ្លើង នៅ​ពេល​បើក​កាត់​ផ្លូវដែក ខណៈ​នៅ​ចំណុច​កើតហេតុ​នេះ មិន​មាន​រនាំង ឬ​កុងត្រូល​បិទ​ផ្លូវ​នៅ​ពេល​រថភ្លើង​ឆ្លងកាត់​នោះ​ទេ។ លោក​បញ្ជាក់​ថា ករណី​នេះ បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស ដែល​ជាប់​នៅ​ក្នុង​រថយន្ត​សរុប​ចំនួន ៤៥នាក់ នៅ​ក្នុង​នោះ​ធ្ងន់​ចំនួន ៤នាក់ ជា​បុរស ចំណែក​ខាង​រថភ្លើង​មាន​អ្នក​បើក​ម្នាក់ របួស​ធ្ងន់។ លោក ញ៉ឹម វិត្ថា បន្ថែម​ថា បច្ចុប្បន្ន​អ្នក​រង​របួស​ធ្ងន់ ត្រូវ​អាជ្ញាធរ​បញ្ជូន​ទៅ​សង្គ្រោះ និង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ ចំណែក​អ្នកដំណើរ​លើ​រថភ្លើង ពួកគេ​ត្រូវ​បាន​ផ្ទេរ​ចេញ និង​បន្ត​ដំណើរ​តាម​រថយន្ត។

លោក ញ៉ឹម វិត្ថា៖ «រទេះភ្លើង​រាល់ដង គេ​ស៊ីផ្លេ​រហូត​ចម្ងាយ​រាប់​រយ​ម៉ែត្រ​ឯណោះ។ ប៉ុន្តែ​ឡាន​អត់​ស្ដាប់​ស៊ីផ្លេ​រទេះភ្លើង​ទេ ហើយ​បើក​គើមៗ ក៏​ចូល (ផ្លូវ​រថភ្លើង) តែ​ម្ដង​ទៅ»

រថយន្ត​ដែល​ត្រូវ​រថភ្លើង​បុក គឺជា​ប្រភេទ​រថយន្ត​ទេសចរណ៍​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​ឯកជន​មួយ ម៉ាក ហ៊ីយុនដាយ (Hyundai) ដែល​កំពុង​ឆ្ពោះ​ទៅកាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

វីដេអូ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្បែរ​កន្លែង​កើតហេតុ​បង្ហាញ​ថា រថភ្លើង​បាន​ស៊ីផ្លេ​តាំងតែ​ពី​រថយន្ត​មិនទាន់​បើកបរ​ឆ្លងកាត់​ផ្លូវដែក។ ចំណែក​ភាគី​ខាង​រថយន្ត ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លងកាត់​ផ្លូវដែក និង​មិន​បាន​បន្ថែម​ល្បឿន​ឱ្យ​ឆ្លង​ផុត​ផ្លូវ​នោះ​ឡើយ ទើប​បណ្ដាល​ឱ្យ​រថភ្លើង​បុក​ចំ​ពាក់​កណ្ដាល​រថយន្ត និង​អូស​ប្រហែល ​៣០ម៉ែត្រ។

អ្នកដំណើរ​មួយ​រូប ដែល​ជិះ​ជិត​ទូ​ក្បាល​រថភ្លើង លោក វ៉ន វណ្ណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មុន​ពេល​កើតហេតុ រថភ្លើង​បាន​បន្ថយ​ល្បឿន​បន្តិច និង​ចាប់ផ្ដើម​ស៊ីផ្លេ​រហូត​ដល់​ចំណុច​កើតហេតុ​ក៏​បុក​រថយន្ត​នោះ​ពេញ​មួយ​ទំហឹង​លាន់​ដូច​រន្ទះ បណ្ដាល​ឱ្យ​អ្នក​ធ្វើដំណើរ​ក្នុង​រថភ្លើង​មាន​ជនជាតិ​ខ្មែរ និង​បរទេស បាន​ដួល​ធ្លាក់​ពី​លើ​កៅអី និង​ជ្រុះ​របស់របរ ប៉ុន្តែ​មិន​បង្ក​ឱ្យ​រង​របួស​ឡើយ។ លោក​អះអាង​ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក​ជិះ​រថភ្លើង បែរ​ជួប​ហេតុការណ៍​រន្ធត់​នេះ ខណៈ​គុណភាព​ក្បាល​ម៉ាស៊ីន និង​បច្ចេកទេស​គ្រប់គ្រង​សុវត្ថិភាព​ផ្លូវ​រថភ្លើង របស់​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក វ៉ន វណ្ណា៖ «១រយ ២រយឆ្នាំទៀត បាន​ជិះ​បាន (រថភ្លើង) សម្រាប់​អារម្មណ៍​ខ្ញុំ។ បើ​ថា​ឥឡូវ​គ្រោះថ្នាក់​នៅតែ​មាន​រហូត ទោះបី​ប្រយ័ត្ន​ម៉េច​ក៏ដោយ ព្រោះ​ដោយសារ​ផ្លូវ​កន្លែង​ខ្លះ​កាត់​ទីប្រជុំជន​កាត់​អី រញ៉េរញ៉ៃ​ណាស់ រថភ្លើង​ខូច​រហូត បើ​យល់​ល្អ​មិន​បាច់​ជិះ​ទេ ចាំ​ពីរ​រយ​ឆ្នាំ​ទៀត។ អាហ្នឹង​អារម្មណ៍​ពិត​របស់​ខ្ញុំ»

ទាក់ទង​នឹង​រឿង​នេះ អ្នក​ជំនាញ​ចរាចរណ៍ លោក គង់ រតនៈ សង្កេត​ឃើញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថភ្លើង ជាមួយ​យានយន្ត ភាគច្រើន​បណ្ដាលមកពី​ការ​ធ្វេសប្រហែស​របស់​អ្នក​បើកបរ​យានយន្ត លើ​ការ​ពិនិត្យ​ស្លាក​សញ្ញា និង​កង្វះ​ប្រព័ន្ធ​សុវត្ថិភាព​ការពារ នៅ​តាម​កន្លែង​ឆ្លងកាត់​ផ្លូវដែក ដូចជា​ការ​ដាក់​ភ្លើង​សញ្ញា​ប្រកាស​ និង​កុងត្រូល​ជាដើម។

លោក គង់ រតនៈ៖ «នៅ​គ្រប់​ប្រទេស​ដែល​មាន​ផ្លូវដែក​ហ្នឹង គឺ​គេ​អត់​ដែល​ធ្វើ​ច្បាប់​ចរាចរណ៍​ផ្លូវដែក​ទេ ព្រោះ​ជាទូទៅ ផ្លូវដែក​ហ្នឹង វា​ជា​អាទិភាព​មួយ ព្រោះ​គាត់​អត់​ងាយ​បត់បែន​បាន​ទេ។ ប៉ុន្តែ​យ៉ាងណា ពួកគាត់​ពិបាក​មែន យើង​ឃើញ​ជាក់ស្ដែង ហើយ​បើ​នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន រទេះភ្លើង​គេ គឺ​លឿន​ខ្លាំង​ជាង​ហ្នឹង​ទៅ​ទៀត ដែល​គ្មាន​អ្វី​អាច​ឱ្យ​គេ​រំខាន​បាន​ទេ។ ប៉ុន្តែ យើង​គិត​មើល​ឡើង​វិញ ថា​តើ​ការ​ការពារ និង​ការ​បង្ការ​ទុក​មុន​ហ្នឹង គេ​បាន​ធ្វើ​អត់»

ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក មាត្រា២៣ ចែងថា អ្នកបើកបរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ត្រូវ​បន្ថយល្បឿន ត្រូវ​ឈប់​នៅ​ក្រៅ​របាំង​ដែក​បិទ​ផ្លូវ ត្រូវ​ស្ដាប់​តាម​បញ្ជា​ឆ្មាំ​បិទ​ផ្លូវ និង​ត្រូវ​ឈប់​ចម្ងាយ​ពីរ​ម៉ែត្រ ពី​របាំង​ការពារ។ នៅ​ក្នុង​ករណី​ដែល​ទីតាំង​នោះ​គ្មាន​របាំង ឬ​គ្មាន​ឆ្មាំ​យាម អ្នក​បើកបរ​យានយន្ត ត្រូវ​ឈប់​ចម្ងាយ​យ៉ាង​តិច​៥ម៉ែត្រ ពី​ផ្លូវ​រថភ្លើង។ ចំពោះ​នៅ​កន្លែង​ឆ្លងកាត់​ផ្លូវ​រថភ្លើង ដែល​ពុំ​មាន​របាំង ស្លាក​សញ្ញា ឬ​ភ្លើង​សញ្ញា​អ្វី​ទាំងអស់ អ្នកបើកបរ អាច​បើក​កាត់​ទីនោះ​បាន លុះត្រាតែ​ជឿជាក់​ថា ពុំ​មាន​រថភ្លើង ណា​មួយ​មក​ដល់​នោះ​ឡើយ។

ទោះបី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវដែក កើត​ឡើង​ម្ដងម្កាល​យ៉ាងណា​ក្ដី ក៏​ករណី​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​អ្នកដំណើរ ភ្ញៀវ​ទេសចរណ៍ និង​ការ​ដឹកជញ្ជូន​តាម​ផ្លូវដែក ផង​ដែរ។ ជាក់ស្ដែង កាលពី​ខែ​មករា ឆ្នាំ២០២៣ មាន​ករណី​គ្រោះថ្នាក់​រថភ្លើង​ដឹក​ប្រេង បាន​បុក​រថយន្ត​ធុន​ធ្ងន់​ដឹក​ថ្ម នៅ​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង បណ្ដាល​ឱ្យ​តួ​រថភ្លើង​មួយ​ចំនួន​ក្រឡាប់ ហើយ​ស៊ីទែន​ប្រេង​ជាច្រើន បាន​ធ្លាក់​រប៉ាត់រប៉ាយ និង​កំពប់​ហៀរ​ប្រេង​ពាសពេញ​ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។