ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​តែ​ចងចាំ​គំរូ​វីរភាព​បណ្ឌិត កែម ឡី

ដោយ ថា កិត្យា
2017.07.12
Share on WhatsApp
Share on WhatsApp
ខួប​១​ឆ្នាំ​បណ្ឌិត កែម ឡី ២០១៧ ១៤៤០ ពលរដ្ឋ​តម្រង់​ជួរ​ចូល​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Rann Samnang

ថ្វី​ត្បិត​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ១​ឆ្នាំ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ សកម្មជន​ដីធ្លី ព្រះសង្ឃ សិស្ស និស្សិត និង​មន្ត្រី​សិទ្ធិមនុស្ស នៅ​តែ​មាន​ភក្ដីភាព និង​នឹក​ស្ដាយស្រណោះ​រូប​លោក​ដដែល។ ទន្ទឹម​គ្នា​នេះ ពួកគេ​ក៏​ប្ដេជ្ញា​ខិតខំ​រក្សា​គុណ​តម្លៃ ទស្សនវិស័យ និង​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី អោយ​នៅ​រស់ និង​គង់វង្ស​យូរអង្វែង​ត​ទៅ​មុខ​ទៀត​សម្រាប់​ជា​ប្រយោជន៍​ជាតិ។

ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​គ្រប់​ទិស​ទី ហាក់​មិន​ទាន់​រសាយ​បន្តិច​ណា​សោះ​ចំពោះ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម​ដ៏​ល្បី​ដែល​ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​ទាំង​កណ្ដាល​​ថ្ងៃ​ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពី ១​ឆ្នាំ​មុន។

មាន​របរ​ជា​អ្នក​លក់​ត្រី​នៅ​ផ្សារ​អូរឫស្សី អ្នកស្រី ប៉ុច និយាយ​ថា ទោះ​បី​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​ក្តី ប៉ុន្តែ​អ្នកស្រី​នៅ​តែ​នឹក​សោកស្ដាយ​ចំពោះ​លោក​បណ្ឌិត កែម ឡី ដែល​អ្នកស្រី​ចាត់​ទុក​ថា ជា​បុរស​សម្ដី​មាស។ ទឹក​មុខ​ប្រែ​ក្រៀមក្រំ អ្នកស្រី ប៉ុច បន្ថែម​ថា ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី នេះ គឺ​ប្រៀប​ដូច​ជា​បាត់បង់​សាច់ញាតិ​របស់​ខ្លួន​ផ្ទាល់ ដែល​មិន​អាច​បំភ្លេច​បាន«ស្តាយ​ធនធាន​មនុស្ស​ដែល​គាត់​ជា​អ្នក​ចេះ​ដឹង​អ៊ីចឹង ដូចជា​បាត់បង់​អ្នក​ចេះ​ដឹង​មួយ អ្នក​កម្រ ហើយ​គាត់​ចេះ​ដឹង​ហើយ វិភាគ​ការពិត​ទៀត​ចំៗ​ចំណុច​ទៀត ហើយ​អ្នក​ខ្លះ​គាត់​ចេះ​ដឹង​មែន តែ​គាត់​អត់​ហ៊ាន​និយាយ​ការពិត​ទេ។ បង​ទុក​គាត់​ជា​វីរបុរស​ក្នុង​បេះដូង​បង ហើយ​ចុង​ក្រោយ​សូម​ឲ្យ​អន្តរជាតិ ជួយ​ស្វែងរក​ករណី​ឃាតកម្ម​នេះ​ឲ្យ​ពិតប្រាកដ​ផង»

ទន្ទឹម​គ្នា​នេះ អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី លោក ឡន សុគន្ធ រៀបរាប់​ថា ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​បញ្ចេញមតិ​អប់រំ​ពន្យល់​ពលរដ្ឋ​នោះ គឺ​ប្រៀប​ដូចជា​បាត់បង់​អ្នក​ប្រជាធិបតេយ្យ បាត់បង់​អក្សរសាស្ត្រ​ជាតិ​សម្រាប់​ផ្ដល់​ចំណេះដឹង​ដល់​ពលរដ្ឋ។ លោក ឡន សុគន្ធ អះអាង​ថា លោក​នៅ​តែ​គោរព​ស្រលាញ់​ចំណេះ​ដឹង និង​វីរភាព​របស់​លោក កែម ឡី គ្មាន​ថ្ងៃ​កែប្រែ​ឡើយ«ខ្ញុំ​សោកស្តាយ​យ៉ាង​ខ្លាំង ព្រោះ​ការ​បាត់បង់​គាត់​នេះ ប្រៀប​ដូចជា​ការ​បាត់បង់​អក្សរសាស្ត្រ​មួយ​នៅ​ក្នុង​សង្គម ដើម្បី​ឲ្យ​មនុស្ស​ដំណើរការ​ល្អ។ គាត់​និយាយ​ល្អ​សម្រាប់​ឲ្យ​មនុស្ស​ចេះ​ដឹង ខ្លះ​ចេះ​ដឹង​ហើយ​ឲ្យ​គេ​ជិះ​ជាន់​បាន។ យើង​អ្នក​ចេះ​ដឹង គឺ​ត្រូវ​និយាយ​ឲ្យ​ត្រង់​និយាយ​ឲ្យ​ត្រូវ។ ខ្ញុំ​គិត​ថា គាត់​និយាយ​ត្រង់​នូវ​អ្វី​ដែល​កើត​ឡើង​ក្នុង​សង្គម​តាំង​ពី​ការ​បំផ្លាញ​ព្រៃ តាំង​ពី​រឿង​ពុក​រលួយ កេងប្រវ័ញ្ច បក្សពួក គឺ​គាត់​និយាយ​ស្មោះត្រង់ និយាយ​ពិត​តែ​ម្តង អត់​មាន​ក្លែងក្លាយ​ទេ»

ព្រះតេជព្រះគុណ​ព្រះនាម ហួង សាយណ្ហ វិញ មាន​ថេរដីកា​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​រក​ឃើញ​នរណា​ម្នាក់​ដែល​មាន​ចំណេះដឹង​ខ្ពស់ ហើយ​មាន​ភាព​ក្លាហាន​ហ៊ាន​និយាយ​ការពិត និង​ហ៊ាន​លះបង់​ក្តី​សុខ​ខ្លួន​ឯង​ដើម្បី​សង្គម​ជាតិ​ដូច​លោក កែម ឡី ឡើយ។ ទង្វើ​ស្នេហា​ជាតិ​ជ្រាលជ្រៅ​បែប​នេះ​ហើយ ដែល​ព្រះតេជព្រះគុណ​នៅ​តែ​មាន​ព្រះទ័យ​អាឡោះអាល័យ​ស្ដាយ​ស្រណោះ«អាត្មា​ក៏​មាន​ការ​សោកស្តាយ​ចំពោះ​លោក​បណ្ឌិត កែម ឡី ព្រោះ​គាត់​ជា​អ្នក​មាន​ចំណេះ​ដឹង និង​មាន​វិជ្ជាជីវៈ និយាយ​មាន​ទឡ្ហីករណ៍​ច្បាស់លាស់ ដោយ​ផ្អែក​លើ​ភស្តុតាង និង​ឯកសារ​ដែល​គាត់​បាន​សិក្សា​ស្រាវជ្រាវ»

ព្រះតេជព្រះគុណ​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​លោក កែម ឡី និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​ករណី​បាញ់​សម្លាប់​កើត​ឡើង​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​អ្នក​ដែល​ហ៊ាន​និយាយ​ការពិត។

រី​ឯ​និស្សិត​ស្រី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និយាយ​ថា នាង​នៅតែ​មិន​អស់​ចិត្ត​សោះ​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​គេ​ឆក់​យក​ជីវិត​ទៅ​ទាំង​ស្រស់ៗ​បែប​នេះ។ ទោះ​យ៉ាង​ណា និស្សិត​ស្រី​រូប​នេះ​ថា អំពើ​ល្អ និង​គុណ​តម្លៃ​របស់​លោក​បណ្ឌិត កែម ឡី គឺ​មិន​សាប​សូន្យ​ឡើយ ដោយ​នៅ​តែ​ដក​ជាប់​ដួង​ចិត្ត​ជានិច្ច«ក្នុង​ចិត្ត​សោកស្តាយ​គាត់​ជានិច្ច ព្រោះ​គាត់​ជា​ធនធាន​មនុស្ស​មួយ​រូប​ដ៏​សំខាន់​សម្រាប់​ប្រទេស​យើង។ ម្តងម្កាល​ពេល​ឃើញ​គេ​បង្ហោះ​នៅ​តាម​ហ្វេសប៊ុក គឺ​ខ្ញុំ​នៅ​តែ​ស្តាប់​គាត់​ដដែល ព្រោះ​អ្វី​ដែល​គាត់​និយាយ គឺ​ចង់​ឲ្យ​ពលរដ្ឋ​ល្អ និង​អ្នក​ជំនាន់​ក្រោយ​ល្អ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ»

​ចំពោះ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី បូវ សោភា វិញ និយាយ​ថា លោក កែម ឡី គឺ​បុគ្គល​គំរូ​ល្អ​មួយ​ដែល​តែង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ទន់ខ្សោយ«សម្រាប់​គេ​ដែល​ចង់​សម្លាប់​គាត់ គេ​ចាត់​ទុក​គាត់​ថា​ជា​សំរាម​ក្នុង​កែវភ្នែក​របស់​គេ តែ​សម្រាប់​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ គឺ​ចាត់​ទុក​ថា​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​មួយ​ដែល​មិន​ងាយ​នឹង​រក​បាន ទាំង​ទឹក​ចិត្ត ទាំង​ចំណេះ​វិជ្ជា ទាំង​ធនធាន ទាំង​ក្តី​មោះមុត ហើយ​គាត់​ព្យាយាម​លើក​ទឹក​ចិត្ត​យុវជន​អី​ជាដើម។ រហូត​មក​ដល់​ពេល​នេះ យើង​មើល​ឃើញ​ហើយ​ថា បណ្ឌិត​មួយ​ចំនួន​គាត់​មិន​ហ៊ាន​និយាយ​ការពិត​ទេ។ គាត់​តែង​និយាយ​ការពារ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​មាន​លុយ​ចូល​ក្នុង​ហោប៉ៅ ធ្វើ​ម៉េច​ឲ្យ​តែ​ក្រុម​គ្រួសារ​គាត់​រស់ ទោះ​អាក្រក់​ទៅ​ជា​ល្អ ស​ទៅ​ជា​ខ្មៅ រហូត​ដល់​គាត់​អាច​និយាយ​ប្រមាថ​ស្ត្រី​បាន​តាម​តែ​អំពើ​ចិត្ត។ សម្រាប់​លោក​បណ្ឌិត កែម ឡី វិញ អ្វី​ដែល​យើង​គិត​ថា​អស្ចារ្យ​សម្រាប់​ពួក​ខ្ញុំ​នោះ គឺ​លុយ​មិន​អាច​ទិញ​គាត់​បាន ធ្វើ​ឲ្យ​ពួក​ខ្ញុំ​សោកស្តាយ​មែនទែន​ដែល​គាត់​ស្លាប់​ទៅ​ទាំង​អយុត្តិធម៌»

​ដោយ​ឡែក ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ដែល​ទើប​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​នោះ អះអាង​ថា គ្មាន​ថ្ងៃ​ណា​ដែល​លោក​អាច​បំភ្លេច​លោក​បណ្ឌិត កែម ឡី បាន​ទេ ហើយ​ប្រសិនបើ​មាន​វិធី​ដ៏​អស្ចារ្យ​ណា​មួយ​ដែល​អាច​នឹង​ធ្វើ​អោយ​លោក​បាន​រស់​ជីវិត​ឡើង​វិញ លោក​នឹង​ធ្វើ​វា​ភ្លាម ដើម្បី​ឲ្យ​លោក​បណ្ឌិត​បាន​ចូលរួម​ចំណែក​ធ្វើ​កិច្ច​ការងារ​ជួយ​សង្គម​ជាមួយ​គ្នា​ម្ដង​ទៀត ព្រោះ​មុន​ពេល​បែក​គ្នា​នោះ លោក​ទាំង​ពីរ​ធ្លាប់​មាន​អនុស្សាវរីយ៍​ធ្វើ​ជា​វាគ្មិន និង​ជួបពិភាក្សា​កិច្ច​ការងារ​សង្គម​ជា​ច្រើន​ជាមួយគ្នា«លោក​បណ្ឌិត កែម ឡី គាត់​បាន​ជួយ​ធ្វើ​កិច្ច​ការងារ​សង្គម​ច្រើន ពិសេស​លោក​ម្នាក់​ឯង​ពិត​មែន ប៉ុន្តែ​សម្ដី​សារ​ស័ព្ទ​របស់​គាត់ គឺ​ជួយ​បំភ្លឺ​ផ្លូវ​ដល់​បង​ប្អូន​ខ្មែរ​ឲ្យ​បាន​យល់​ដឹង​ច្រើន​អំពី​កិច្ច​ការងារ​សង្គម។ នេះ​ហើយ​ដែល​យើង​គិត​ថា​ជា​ការ​បាត់បង់​កុលបុត្រ និង​ធនធាន​មួយ​ដ៏​សំខាន់។ ទោះ​យ៉ាង​ណា ក៏​លោក​បណ្ឌិត​បន្សល់​ទុក​នូវ​អ្នក​បន្ត​វេន​របស់​គាត់​ដែរ ដែល​កំពុង​ធ្វើ​កិច្ច​ការងារ​បន្ត​វេន​ពី​គាត់»

ស្រប​គ្នា​នេះ ពួកគេ​ក៏​មិន​ទាន់​ពេញចិត្ត​ចំពោះ​ការ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ដោយ​តុលាការ​កម្ពុជា​ទេ។ ពួកគេ​មើល​ឃើញ​ថា នៅ​មាន​មន្ទិលសង្ស័យ​ច្រើន ហើយ​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​តាមដាន​ករណី​នេះ​​ដោយ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​រក​យុត្តិធម៌​ដោយ​ពិត​ប្រាកដ។

ទោះ​យ៉ាង​ណា​ក្តី ក្នុង​ឱកាស​បុណ្យខួប​មួយ​ឆ្នាំ​នៃ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី នេះ ពួកគេ​ក៏​សូម​ឧទ្ទិស​បុណ្យ​កុសល​ទាំង​ឡាយ​ដែល​បាន​សាង​ជូន​ទៅ​ដល់​លោក​បណ្ឌិត និង​សូម​អោយ​លោក​បណ្ឌិត​បាន​ដល់​ឋាន​សុគតិភព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។