ថវិកា​ជាតិ​ជិត​២៥ភាគរយដែល​បែងចែក​គ្មាន​ខ្ទង់​ចំណាយ​ត្រូវ​បាន​កាត់​បន្ថយ

ដោយ វណ្ណ វិចារ
2014.11.30
Share on WhatsApp
Share on WhatsApp
រដ្ឋ​សភា ៦២០ រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
Photo: RFA

រាជរដ្ឋាភិបាល​កាត់បន្ថយ​ការ​ចំណាយ លើ​ខ្ទង់​ចំណាយ​មិនទាន់​បែងចែក​ជិត​២៥% បើ​ធៀប​នឹង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ឆ្នាំ​ចាស់។ ចំណាយ​មិនទាន់​បែងចែក​នេះ ជា​ចំណាយ​ដែល​គ្រោងទុក​សម្រាប់​ឲ្យ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ចាយវាយ ដោះស្រាយ​បញ្ហា​បន្ទាន់​ផ្សេងៗ​ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ។

ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៥ បញ្ជាក់​ច្បាស់​ពី ថវិកា នៅ​ខ្ទង់​ចំណាយ មិនទាន់​បែងចែក មាន​ចំនួន​ជាង​១​លាន​លាន​រៀល ឬ​ប្រមាណ​ជាង​២៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ចំណាយ​នេះ ស្មើ​នឹង​១១​ភាគរយ​នៃ​ចំណាយ​ចរន្ត​ថ្នាក់​ជាតិ និង​ជិត​២% នៃ​ផលទុន​ក្នុងស្រុក​សរុប។ កាលពី​ឆ្នាំ​មុនៗ រដ្ឋាភិបាល​មិនបាន​ពន្យល់​ទេ​ថា ចំណាយ​មិនទាន់​បែងចែក​នេះ​យក​ទៅ​ធ្វើ​អ្វីខ្លះ ប៉ុន្តែ​ច្បាប់​ថវិកា​ឆ្នាំនេះ​ប្រាប់​ច្បោលៗ​ថា ចំណាយ​នេះ​ត្រូវ​បាន​ត្រៀម​បម្រុង​សម្រាប់​មុខសញ្ញា​ចាំបាច់​មួយ​ចំនួន រួមមាន៖ ឧបត្ថម្ភ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ការ​សង​ការប្រាក់​លើ​បំណុល​បរទេស ចំណាយ​ចរន្ត​ក្នុង​ការ​អនុវត្ត​គម្រោង​ចំណាយ លើ​ការងារ​នៅ​ប្រាសាទ​ព្រះវិហារ ស្បៀង​បម្រុង​កម្ពុជា ការ​ត្រៀម​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ជូន​និវត្តជន និង គ្រោះ​មហន្តរាយ​ធម្មជាតិ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍​ក្នុង​ពេល​ប្រជុំ​អនុម័ត​ច្បាប់​ថវិកាជាតិ​ថា រាជរដ្ឋាភិបាល​បាន​គិតគូរ​ជាស្រេច មុននឹង​សម្រេច​បែងចែក​ថវិកា ទៅតាម​គោលដៅ​នីមួយៗ​នោះ។ លោក​បន្ថែម​ថា វិស័យ​ណា​អាទិភាព វិស័យ​នោះ​នឹង​មាន​ខ្ទង់​ចំណាយ​ច្រើន ឯ​វិស័យ​ណា​មិន​សូវ​មាន​អាទិភាព​ក៏​ត្រូវ​ចំណាយ​តិច​ទៅតាម​នោះ​ដែរ។

ចំណែក​ឯ​អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ និង​សវនកម្ម រដ្ឋសភា លោក សុន ឆ័យ លើក​ឡើង​ថា ការ​បន្ថយ​ចំនួន​ថវិកាជាតិ​ក្នុង​ខ្ទង់​ចំណាយ​មិនទាន់​បែងចែក​នេះ ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា ជា​រៀងរាល់​ឆ្នាំ​បោះឆ្នោត​ម្តង​ៗ ថវិកាជាតិ​ខ្ទង់​ចំណាយ​មិនទាន់​បែងចែក មាន​រហូតដល់​ជាង​៤០% នៃ​ថវិកាជាតិ​ផង​ក៏​មាន ហើយ​លុយ​ទាំងអស់​នេះ​ត្រូវ​បាន​គណបក្ស​កាន់អំណាច​កេង​បំបាត់ យក​ទៅ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​បោះឆ្នោត។

ច្បាប់​ថវិកាជាតិ​ទាំងមូល​ត្រូវ​បាន សភា​អនុម័ត​រួចរាល់ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ក្រោម​សំឡេង​ជំទាស់​ពី​បក្ស​ប្រឆាំង។ បក្ស​ប្រឆាំង​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល កែ​លំអ​របៀប​ច្រង​ក្រង​ច្បាប់​ថវិកាជាតិ ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដូចជា​សង្គម​ស៊ីវិល សាធារណៈ​ជន ព្រមទាំង​បើក​ចំហ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ។ មន្ត្រី​រដ្ឋាភិបាល តប​វិញ​ថា ច្បាប់​នេះ​ធ្វើតាម​នីតិ​វិធី​រួចរាល់​ហើយ។

នៅ​ឆ្នាំ​២០១៤​នេះ រដ្ឋាភិបាល បាន​ប្រើប្រាស់​ថវិកា​នៅ​ខ្ទង់​ចំណាយ​មិនទាន់​បែងចែក​នោះ ទៅ​ចំណាយ​ក្នុង​ពេល​រាជរដ្ឋាភិបាល​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ ពី​ស្រុក​ថៃ​មកវិញ។ ការ​ផ្ដល់​ប្រាក់ ឧបត្ថម្ភ ឲ្យ​ទាហាន​នៅ​តាម​ព្រំដែន​ជាដើម ប៉ុន្តែ​ប្រាក់​នេះ​ចាយ​ប៉ុន្មាន​អស់​ប៉ុន្មាន សល់​ប៉ុន្មាន គឺ​គ្មាន​អ្នកណា​ដឹង​ឡើយ ព្រោះ​តាំងពី​ចងក្រង​ច្បាប់​ថវិកា និង របាយការណ៍​ត្រួតពិនិត្យ​ចំណាយ សុទ្ធសឹងតែ​មិនបាន​ផ្សព្វផ្សាយ​របាយការណ៍​ជា​សាធារណៈ​ទាំងអស់។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​គួរ​ណា​ទុក​ខ្ទង់​ចំណាយ​មិនទាន់​បែងចែក​នេះ រហូតដល់​ជាង​១០% នៃ​ថវិកាជាតិ​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ចាយវាយ​លុយ​ជាតិ​នៅតែ​មិន​មាន​តម្លាភាព និង​ប្រសិទ្ធភាព ជាហេតុ​នាំ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល ងាយស្រួល​ប្រព្រឹត្តិ​អំពើពុករលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។