យុវជន​ថា​ទិវា​ជាតិ​អំណាន​ជួយ​បណ្ដុះ​ការ​អាន​នៅ​កម្ពុជា

ដោយ សេក បណ្ឌិត
2018-03-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​និស្សិត​ចូល​រួម​ទិវា​ជាតិ​អំណាន អាន​សៀវភៅ​នៅ​ស្តង់​ពិព័រណ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។
សិស្ស​និស្សិត​ចូល​រួម​ទិវា​ជាតិ​អំណាន អាន​សៀវភៅ​នៅ​ស្តង់​ពិព័រណ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

យុវជន​ជា​សិស្ស និស្សិត យល់ថា ទិវា​ជាតិ​អំណាន​ជួយ​បណ្ដុះ​គំនិត​ដល់​យុវជន​ឲ្យ​ចូលចិត្ត​ការ​អាន។ យុវជន​ទាំងនោះ​យល់​ថា ទិវា​អាន​នេះ បាន​ជំរុញ​ឲ្យ​ក្មេងៗ និង​សិស្សានុសិស្ស និស្សិត ព្រមទាំង​សាធារណជន​ទូទៅ​ចាប់​ផ្ដើម​បង្កើត​ទម្លាប់​អាន និង​ស្រឡាញ់​សៀវភៅ ដូច​ប្រទេស​ជឿនលឿន​មួយ​ចំនួន។

តើ​ទិវា​ជាតិ​អំណាន​លើក​ទី​៣ ឆ្នាំ​២០១៨ ប្រព្រឹត្ត​ឡើង​យ៉ាង​ដូចម្ដេច​ខ្លះ?

ទិវា​អំណាន​លើក​ទី​៣ ត្រូវ​បាន​ក្រសួង​អប់រំ​រៀបចំ​ឡើង​ក្រោម​ប្រធានបទ “អំណាន​ជា​កំណប់​វិជ្ជា មហាសាល”។ ទិវា​ជាតិ​អំណាន​លើក​ទី​៣ ឆ្នាំ​២០១៨ ប្រារព្ធ​ឡើង​នៅ​សាល​ប្រជុំ​នៃ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង ៤​ពាន់​នាក់ និង​មាន​ការ​ប្រកួត​ប្រជែង​ទៅលើ​វិញ្ញាសា​ចំនួន ៣ រួមមាន​៖ ការប្រកួត​អាន​អត្ថបទ ស្មូត​កំណាព្យ និង​តែង​និពន្ធ។

ពេលវេលា​នៃ​ការ​បើក​កម្មវិធី​ទិវា​ជាតិ​អំណាន​លើក​ទី​៣ បាន​ចាប់ផ្តើម​ឡើង​តាម​ការកំណត់​របស់​ក្រសួង​អប់រំ​នូវ​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១១ ខែ​មីនា។ គ្រា​ដែល​កម្មវិធី​ប្រកាស​បើក​ជា​ស្ថាពរ ដោយមាន​សំឡេង​កុមារា កុមារី​អាន​អត្ថបទ ក៏​បាន​បន្លឺ​ឡើង​យ៉ាង​រំពង​នៅ​ក្នុង​សាល​ប្រជុំ​ដ៏​ធំ​មួយ។

៚សំឡេង​អាន​រឿងនិទាន​របស់​សិស្ស​ជ័យ​លាភី​លេខ​១​មកពី​ខេត្ត​បន្ទាយមានជ័យ កុមារី ស៊ុយ សុភក្ត្រ័ ឋិត​ក្នុង​សំលៀកបំពាក់​ជា​ឯកសណ្ឋាន​សិស្សសាលា​ហើយ​ក្នុង​ដៃ​មាន​កាន់​នូវ​ក្រដាស​អត្ថបទ​កំណាព្យ ផង​នោះ បេក្ខជន​មកពី​តាម​សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​ទូទាំង ប្រទេស​បាន​ប្រុងប្រៀប​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ត្រៀម​ឡើងលើ​វេទិកា ដើម្បី​បញ្ចេញ​សមត្ថភាព ស្មូត កំណាព្យ​រៀងៗ​ខ្លួន។ «»

ឆ្លៀត​ពេល​បេក្ខជន​សម្រាក​រង់ចាំ​ទទួល​លទ្ធផល​នៃ​ការប្រកួត លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ បាន​ចូលខ្លួន​មក​ពន្យល់​អំពី​ការ​អាន និង​សូត្រ​ជា​កំណាព្យ​នូវ​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ។ «» ឈរ​នៅ​ជ្រុង​ម្ខាង​នៃ​សាល​ប្រជុំ​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា អ្នកចូលរួម​ប្រកួត​ប្រជែង​អាន​អត្ថបទ​ម្នាក់ កុមារី មុំ ម៉ារីតា ឲ្យ​ដឹង​ថា ខ្លួន​មាន​អារម្មណ៍​សប្បាយ រីករាយ​ដែល​បាន​ចូលរួម​ប្រកួត​នៅ​កម្មវិធី​ទិវា​ជាតិ​អំណាន​លើក​ទី​៣។ កុមារី រូប​នេះ​ឲ្យ​ដឹង​ពី​ចំណូលចិត្ត​នៃ​ការ​អាន​សៀវភៅ​របស់​នាង​ថា នាង​ចូលចិត្ត​អាន​សៀវភៅ​វិទ្យាសាស្ត្រ និង ប្រវត្តិសាស្ត្រ ឆ្លៀត​ពេលខ្លះ ចូល​ទៅ​អាន​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ។ «»

ងាក​ទៅ​ស្ដាប់​ទស្សនៈ​របស់​យុវវ័យ​ឯណោះ​វិញ កញ្ញា បុប្ផា រស្មី យល់ថា ទិវា​ជាតិ​អំណាន គឺជា​ចំណែក​មួយ​ជួយ​បំផុស​ស្មារតី​កុមារា កុមារី យុវវ័យ និង​សាធារណជន​គ្រប់​ស្រទាប់​វណ្ណៈ ឲ្យ​ចូលចិត្ត​អាន និង​ស្រឡាញ់​សៀវភៅ។ «»

យុវជន សក្កដា វុធ សិស្ស​រៀន​នៅ​សាលា​បញ្ញាសាស្ត្រ​ឲ្យ​ដឹង​ទាំង​សំឡេង​ខ្សាវៗ​ថា យុវវ័យ​គួរតែ​ទម្លាប់​អាន​សៀវភៅ ឲ្យ​បាន​៥​នាទី រៀងរាល់​យប់​មុន​ចូល​គេង។ យុវជន​រូប​បន្ត​ថា ការ​ធ្វើ​បែបនេះ​នឹង​ជួយ​ឲ្យ​យុវវ័យ​ទាំងឡាយ​ឆាប់​មាន​ទម្លាប់​អាន​សៀវភៅ។ «»

ក្រៅពី​អ្នកចូលរួម​ប្រកួត​ប្រជែង ក៏​មាន​អ្នកចូលរួម អ្នក​សាច់ញាតិ​បេក្ខជន​ដើម្បី​រង់ចាំ​លើកទឹកចិត្ត​អ្នក​ប្រឡងប្រជែង​ដែរ។ អ្នកចូលរួម​ក្នុង​កម្មវិធី​ទិវា​ជាតិ​អំណាន លោក សុខា ដេត បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់​ខ្លួន​ក្នុង​ការ​បណ្ដុះ​កូន​តូច​ឲ្យ​ចូលចិត្ត​អាន​សៀវភៅ​ថា ឪពុកម្ដាយ និង​អាណាព្យាបាល​គ្រប់រូប ត្រូវ​បណ្ដុះ​ស្មារតី​កូន​ឲ្យ​ចេះ​ស្រឡាញ់​សៀវភៅ។ លោក យល់ថា តាមរយៈ​ការ​គូសវាស និង​ផាត់​ពណ៌ នៅ​លើ​ក្រដាស ឬ​ទម្រង់​រូបគំនូរ​ដែល​នេះ​ជា​ជំហាន​ដំបូង​ដែល​ធ្វើ​ឲ្យ​កូនៗ​ស្គាល់​សៀវភៅ។ «»

ទាក់ទង​នឹង​ទិវា​ជាតិ​អំណាន​នេះ លោក ហង់ ជួនណារ៉ុន ពន្យល់​ថា អំណាន​គឺជា​ធាតុ​ផ្សំ​ម្យ៉ាង​ដែល​សំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស ទាំង​វិជ្ជា​សម្បទា បំណិន​សម្បទា និង​ចរិយា​សម្បទា។

អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥ របស់​រដ្ឋាភិបាល​បានសម្រេច​កំណត់​យក​ថ្ងៃ​ទី​១១ ខែ​មីនា ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​ជា​រៀងរាល់​ឆ្នាំ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល និង​ក្រសួង​អប់រំ​ជ្រើស​រើស​យក​ថ្ងៃ​ទី​១១ ខែ​មីនា ធ្វើជា​ទិវា​ជាតិ​អំណាន គឺ​ដើម្បី​រម្លឹក​នូវ​វីរភាព​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត។ លោក​គឺជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​មួយ​រូប​ដែល​បាន​ចងក្រង​វចនានុក្រម​ភាសា​ខ្មែរ​ឡើង​មុនគេ។ «»

នេះ​ជា​លើក​៣​ហើយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ទិវា​ជាតិ​អំណាន​ឡើង​បន្ទាប់ពី បន្ទាប់​ពី​របប​លោក ហ៊ុន សែន បាន​ប្រកាស​បង្កើត​ទិវា​នេះ​ឡើង កាលពី​ឆ្នាំ​២០១៥ ដោយ​កំណត់​យក​ថ្ងៃ​ទី​១១ ខែ​មីនា ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​ជា​រៀងរាល់​ឆ្នាំ។

អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា ទិវា​ជាតិ​អំណាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អនក្ខរភាព ដោយ​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋ​បណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​សមត្ថភាព​អាន និង​ការ​តែង​និពន្ធ សំដៅ​រួមចំណែក​ការពារ និង​ពង្រឹង​វប្បធម៌ អរិយធម៌​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល