តុលាការរបបក្រុងភ្នំពេញសម្រេចឃុំខ្លួនជនជាតិចិន ៧នាក់ដែលចាប់ជំរិតជនជាតិចិនដូចគ្នា
2018.12.28

តុលាការរបបក្រុងភ្នំពេញកាលពីថ្ងៃទី២៨ ខែធ្នូ បានសម្រេច ឃុំខ្លួនជនជាតិចិនចំនួនប្រាំពីរនាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ជនជាតិចិនដូចគ្នា។ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ជនជាតិចិនមួយក្រុមបានធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នា នៅក្បែរប្រលានយន្តហោះអន្តរជាតិភ្នំពេញ យកទៅបង្ខាំងទុកនៅក្នុងបុរីមួយក្នុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រុមជនជាប់ចោទបានទូរស័ព្ទទៅគំរាមក្រុមគ្រួសារជនរងគ្រោះ ដោយទាមទារប្រាក់ចំនួនប្រាំមួយពាន់ដុល្លារ ជាថ្នូរនឹងការដោះលែង និងមិនធ្វើទារុណកម្មលើជនរងគ្រោះ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្ដីរបស់ជនរងគ្រោះឱ្យដឹងថា ការចាប់ជំរិតនេះកើតឡើងដោយសារតែខ្លួនបានខ្ចីលុយជនជាប់ចោទជាងពីរពាន់ដុល្លារអាមេរិក (២,២០០) បូករួមទាំងការប្រាក់ចំនួនប្រាំបីរយដុល្លារ (៨០០) ទៀត សរុបប្រមាណបីពាន់ដុល្លារ ហើយមិនមានលុយសងទៅជនជាប់ចោទវិញ។
រហូតដល់ថ្ងៃកើតហេតុ កាលពីថ្ងៃទី២២ ខែធ្នូ ក្រុមជនជាប់ចោទបានណាត់ជួប ជនរងគ្រោះនៅជិតប្រលានយន្តហោះអន្តរជាតិភ្នំពេញ រួចហើយក៏ធ្វើសកម្មភាពចាប់ជំរិតនេះតែម្ដង។ នៅថ្ងៃបន្ទាប់ ក្រុមជនជាប់ចោទបានណាត់ជួបក្រុមគ្រួសារជនរងគ្រោះ ដើម្បីទទួលយកប្រាក់ជាថ្នូរនឹងការដោះលែង ប៉ុន្តែក្រុមជនជាប់ចោទ ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានមនុស្សចំនួន ១៥នាក់។
ទោះយ៉ាងណា នៅពេលសមត្ថកិច្ចនាំខ្លួនមនុស្សទាំង ១៥នាក់ទៅសាកសួរ សមត្ថកិច្ចរកឃើញថាមានតែមនុស្ស ៧នាក់ប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្ស និងជំរិតទារប្រាក់នេះ ចំណែកមនុស្ស ៨នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចស្នើទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ដោះលែង។
ចំណែកកាលពីថ្ងៃទី២៥ ខែធ្នូ កម្លាំងអាជ្ញាធរចម្រុះនៅខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណីឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។ ករណីចាប់បង្ខាំងមនុស្សនេះ កើតឡើងដោយសារជនរងគ្រោះ បានខ្ចីលុយពីជនសង្ស័យ ដើម្បីលេងល្បែងក្នុងកាស៊ីណូ រហូតចាញ់អស់គ្មានលុយសងត្រឡប់ទៅវិញ ក៏ត្រូវក្រុមជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅក្នុងផ្ទះបែបនេះ។
ករណីបង្កអសន្តិសុខសង្គម បង្កដោយជនជាតិចិន ដូចជា អំពើចោរកម្ម ការចាប់ជំរិត កេងចំណេញផ្លូវភេទពីស្ត្រីវ័យក្មេង ការប្រើអំពើហិង្សា ជួញដូរគ្រឿងញៀន ការចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ការចែកចាយរូបភាពអាសអាភាសរបស់កុមារជាដើម ត្រូវបានគេសង្កេតឃើញថា តែងកើតមានច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ និងតំបន់អង្គរ ខេត្តសៀមរាប។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សម្ដែងក្អីបារម្ភចំពោះវត្តមានជនអន្តោប្រវេសន៍ចិន ហូរចូលមកយ៉ាងគំហុកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ថាជនជាតិចិនដែលចូលមកកម្ពុជាតាមរូបភាពអភិវឌ្ឍន៍ អាចនឹងនាំឱ្យកម្ពុជាជួបហានិភ័យខ្ពស់ នៅពេលអនាគត ស្របពេលដែលបច្ចុប្បន្នលោក សង្កេតឃើញថា កំណើនជនជាតិចិននេះ បានធ្វើឱ្យប៉ះពាល់ដល់ ភ្ញៀវទេសចរបរទេស និងក្នុងស្រុក រួមទាំងប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជាផងដែរ។
លោក រ៉ុង ឈុន ស្នើដល់របបក្រុងភ្នំពេញឱ្យមានវិធានការដើម្បីទប់ស្កាត់ចំពោះលំហូរជនអន្តោប្រវេសន៍ចិនមកកម្ពុជានេះ ដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិសុខសង្គម សុវត្ថិភាពភ្ញៀវទេសចរណ៍ និងមុខរបរពលរដ្ឋកម្ពុជាផងដែរ៕