មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ច្បាប់​ស្នើ​​រដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​ឱ្យ​ទូលំទូលាយ​អំពី​ការ​អនុវត្ត​ច្បាប់​លើ​ជនជាតិ​ចិន

ដោយ ម៉ៅ សុធានី
2022.07.24
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ច្បាប់​ស្នើ​​រដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​ឱ្យ​ទូលំទូលាយ​អំពី​ការ​អនុវត្ត​ច្បាប់​លើ​ជនជាតិ​ចិន ជនជាតិ​ចិន​ក្នុងករណី​គ្រឿងញៀន​នៅ​កម្ពុជា នា​ពេល​កន្លង​ទៅ។
រូប៖ អគ្គស្នងការ​នគរបាលជាតិ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកជំនាញ​ច្បាប់​ស្នើ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​ជន​បរទេស ជាពិសេស​ជនជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​កម្ពុជា​កន្លង​មក​នេះ​។ ពួកគាត់​លើកឡើង​ថា នៅ​ពេល​ដែល​តុលាការ​សម្រេច​សាលក្រម​ឱ្យ​ជនល្មើស​មានទោស​ក្នុង​សំណុំរឿង​ជាប់​ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​កន្លង​មក​នេះ តែងតែមាន​អ្នក​មាន​អំណាច​ដែល​នៅ​ពី​ក្រោយខ្នង​ធានា​ឱ្យ​ទណ្ឌិត​ទាំងនោះ​រស់​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង ពេល​តុលាការ​ក្រុងភ្នំពេញ​សម្រេច​កាត់​ផ្ដន្ទាទោស​ទៅលើ​ជនជាតិ​ចិន​ចំនួន​៩​នាក់ ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ ៣៤៧​គីឡូក្រាម

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​លើកឡើង​ថា ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ទៅ​ជនបរទេស ជាពិសេស​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​កម្ពុជា តុលាការ និង​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បង្ហាញ​តម្លាភាព និង​គណនេយ្យ​ភាព​នៅ​ឡើ។

អ្នកឃ្លាំមើល​ថា ជនជាតិ​ចិន​ដែល​​បាន​នាំសារ​ធាតុ​គ្រឿង​ដើម្បី​បើក​រោងចក្រ​ផលិត​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​នេះ ពួកគាត់​អាច​មាន​បណ្ដាញ​អ្នក​មាន​អំណាច​ឈរ​កាង​នៅ​ក្នុង​ស្រុក ដែល​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​ទៅ​លើ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​មក​នេះ​ក្ដី ប៉ុន្តែ​លំហូរ​នៃ​គ្រឿងញៀន​ចូល​កម្ពុជា​នៅតែ​គ្មាន​ភាព​ថមថយ​ទេ​។ លោក​យល់​ថា បញ្ហា​នេះ អាច​បណ្តាល​មក​ពី​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព និង​គួបផ្សំ​ជាមួយនឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​របស់​មន្ត្រី​អាជ្ញាធរ។ លោក​នៅតែ​ជឿជាក់​ថា ករណី​ជនជាតិ​ចិន​អាច​ផលិត និង​នាំចូល​គ្រឿងញៀន​មក​កម្ពុជា គឺ​ពួកគេ​មិន​អាច​ប្រព្រឹត្តទៅ​បាន​ឡើយ ប្រសិនបើ​ជនជាតិ​ចិន​ទាំងនោះ​គ្មាន​បណ្ដាញ​ទំនាក់ទំនង​ជាមួយនឹង​អ្នក​លុយ​មាន​មន្ត្រី​មាន​ឥទ្ធិ​ភាព​នៅ​ជួរ​រដ្ឋាភិបាល។

ក្រៅ​ពី​នេះ លោក​លើកឡើង​ទៀត​ថា បើ​ទោះ​បី​ជា​តុលាការ​ផ្ដន្ទាទោស​ទៅលើ​ជន​ជាតិចិន​ជាច្រើន​ហូរហែ​មក​ហើយ​ក្ដី ប៉ុន្តែ​ប្រសិនបើ​អាជ្ញាធរ​ខ្វះ​ភាព​ឯករាជ្យ​ក្នុង​ការ​តាម​ស៊ើបអង្កេត​រក​មេខ្លោង​ធំៗ​ដែល​ពាក់ព័ន្ធ​ដើម្បី​យក​មក​កាត់ទោស​នោះ មហាជន​នៅ​តែ​មាន​មន្ទិលសង្ស័យ​អំពី​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​លើ​ក្រុម​ឧក្រិដ្ឋជន ពោល​គឺ​ល្មើស​ទាំងនោះ​អាច​នឹង​ត្រូវ​បាន​អ្នក​មាន​អំណាច​ធានា​ឱ្យ​ពួកគេ​នៅ​ក្រៅ​សំណាញ់​ច្បាប់​៖ «ប្រសិនបើជា​យើង​ធ្វើការ​ស៊ើបអង្កេត ដោយ​មិន​មាន​ការ​ធ្វើ​ឱ្យ​បាន​សព្វ​គ្រប់​ជ្រុងជ្រោយ ទៅ​លើ​អ្នក​ដែល​ករណី​ហ្នឹង [​គ្រឿងញៀន​] អាហ្នឹង​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​មាន​មន្ទិលសង្ស័យ​ហើយ។ យើង​ឃើញ​ហើយ​ថា អ្នក​ដែល​ប្រព្រឹត្ត​គ្រឿងញៀន មាន​អ្នក​ដែល​មាន​តួនាទី មាន​អ្នកមាន​លុយកាក់​ច្រើន​មួយចំនួន ដែល​កន្លងមក​ធ្លាប់​ជាប់ពន្ធនាគារ យើង​ឃើញថា​អត់​មាន​ឃើញ​មាន​ជាប់ពន្ធនាគារ បាន​យូរ​អី​ប៉ុន្មាន​ទេ​។ គឺ​ឃើញថា ត្រូវ​បាន​ដោះលែង​ទៅវិញ​ហើយ​។ បញ្ហា​នេះ ចង់​មិន​ចង់ ធ្វើ​ឱ្យ​មហាជន​មួយចំនួន មើលឃើញ​អំពី​ការណ៍​ដែល​មិន​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់»

ជាមួយ​គ្នា​នេះ​ដែរ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន់ ចាន់ឡូត លើកឡើង​ថា មាន​ហេតុផល​មួយចំនួន​ដែល​ធ្វើ​ឱ្យ​សាធារណជន​នៅតែ​មាន​មន្ទិល​ទៅ​លើ​ប្រព័ន្ធ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​គ្មាន​ប្រសិទ្ធភាព​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន។ ក្នុង​នោះ​បទពិសោធន៍​ជាក់ស្តែង​ដែល​បាន​កើតឡើង​កន្លងមក ដោយសារតែ​អាជ្ញាធរ ឬ​តុលាការ​បានសម្រេច​ចេញ​សាល​ដី​ឱ្យ​អ្នក​ជាប់ទោស​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ អាច​រស់នៅ​ក្រៅ​ឃុំ​ដោយ​ស្ងាត់ៗ​។ បន្ថែម​ពី​នេះ លោក​ថា អាជ្ញាធរ​ទំនង​មិន​អាច​ទប់ស្កាត់​បទល្មើស​ដែល​បង្ក​ឡើង​ដោយសារ​ជនជាតិ​ចិន​បាន​ឡើយ ដោយសារតែ​កម្ពុជា​កំពុង​រង​ឥទ្ធិពល​នយោបាយ​ពី​ប្រទេស​ចិន ព្រមទាំង​បើក​ចំហ​ប្រទេស​ទទួល​ជនជាតិ​ចិន​ច្រើន​លើសលប់​ឱ្យ​ចូល​មក​កម្ពុជា៖ «ជាក់ស្តែង​មួយរយៈ​ចុងក្រោយ ដែល​យើង​ឃើញ​គឺ​ភាគច្រើន សុទ្ធតែ​ជនជាតិ​ចិន ដែល​ចូល​រស់នៅ​រកស៊ី​លើ​ទឹកដី​ប្រទេស​កម្ពុជា​ហើយ បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ផលិត ក៏ដូចជា​ចែកចាយ ឬក៏​ដឹកជញ្ជូន​គ្រឿងញៀន​ហ្នឹង ទៅកាន់​ប្រទេស​ដទៃៗ​ផ្សេងទៀត​។ អ៊ីចឹង​ក្នុង​ចំណុច​នេះ ដែល​រដ្ឋាភិបាល​ត្រូវ​សិក្សា ឬ​ត្រូវ​ស្វែងរក​ពី​ប្រភព ការណ៍​ដែល​អាច​មាន ការ​ផលិត​នូវ​សារធាតុ​ញៀន ក៏ដូចជា​ការ​យក​ទឹកដី​កម្ពុជា ជា​កន្លែង​ដើម្បី​ឆ្លង​កាត់​ដឹកជញ្ជូន​គ្រឿងញៀន​ហ្នឹង»

ការ​សម្តែង​ក្ដីបារម្ភ​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ផ្នែក​ច្បាប់ ចំពោះ​មន្ត្រី​អាជ្ញាធរ​ដែល​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព និង​គណនេយ្យភាព ទៅលើ​ជនបរទេស​បែបនេះ កើតឡើង​ក្រោយពេល​តុលាការក្រុង​ភ្នំពេញ​សម្រេច​កាត់ទោស​ជនជាតិ​ចិន​ចំនួន​៩​នាក់​ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត​ពាក់ព័ន្ធ​នឹង​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ​សមត្ថកិច្ច​បង្ក្រាប​បាន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ជនជាតិ​ចិន​៩​នាក់​នោះ​នៅ​ទីតាំង​ចំនួន​៣​ផ្សេងគ្នា​ក្នុង​រាជធានី​ភ្នំពេញ​។ គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បានជា​ប្រភេទ មេតំហ្វេតាមីន (ICE) ជាង​៣​រយ (៣៤៧) គីឡូក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន ២​គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំនួន​ធំ។ គ្រឿងញៀន​ទាំងនោះ​ក្រុម​ឈ្មួញ​បាន​លាក់​ក្នុង​បំពង់​ដែក​ជាង​៣​រយ (៣៦៧)​ដើម ដែល​ពួកគេ​បម្រុង​ដឹក​ចេញ​បញ្ជូន​តាម​ផ្លូវ​ទឹក​ទៅ​កាន់​ប្រទេស​ទី​៣។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ញឹម ពិសាល កាលពី​ថ្ងៃទី​២២ កក្កដា បាន​សម្រេច​សាលក្រម​ផ្ដន្ទាទោស​ជនជាតិ​ចិន​ទាំង​៩​នាក់​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្រោម​បទ​ចោទ​ប្រកាន់ ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​កង្វក់ និង​ជួញដូរ​គ្រឿងញៀន និង​តម្រូវ​ឱ្យ​ពួកគេ​ក្នុង​ម្នាក់ៗ​បង់ប្រាក់​ចំនួន ៨០​លាន​រៀន​ចូល​រដ្ឋ។ ចៅក្រម លោក ញឹម ពិសាល ក៏បាន​កាត់ទោស​កំបាំង​អ្នក​ដែល​ពាក់ព័ន្ធ​ជាង​១០​នាក់​ផ្សេងទៀត​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ ៥០​លាន​រៀល។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ចៅក្រម​លោក ញឹម ពិសាល និង​ប្រធាន​តុលាការក្រុង​ភ្នំពេញ​លោក តាំង ស៊ុនឡាយ ដើម្បី​សាកសួរ​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី​២៣ កក្កដា។

ថ្វី​ដ្បិត​អាជ្ញាធរ​បន្ត​បង្ក្រាប​ជនបរទេស ជាពិសេស​ជនជាតិ​ចិន ដែល​តែង​ល្មើសច្បាប់​កម្ពុជា​យ៉ាងណាក្ដី ក៏​ជន​ជាតិចិន​មួយ​ចំនួន​ទៀត​ដែល​កំពុង​ធ្វើ​ជំនួយ​បែប​ឧក្រិដ្ឋកម្ម ហាក់​មិន​ញញើត​ច្បាប់ និង​ព្រួយបារម្ភ​ចំពោះ​ការ​អនុ​ច្បាប់​ដែល​កាត់ទោស​ពួកគាត់​នោះ​ទេ។

នា​រយៈពេល​ចុងក្រោយ​នេះ ជនជាតិ​ចិន​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន តែងតែ​អះអាង​ថា ជា​អ្នក​ជួយ​កសាង​នៃ​ម្លប់​សន្តិភាព​នៅ​កម្ពុជា បាន​ធ្វើ​សកម្មភាព​គ្រប់បែបយ៉ាង​។ ក្នុង​នោះ​ជនជាតិ​ចិន​មួយចំនួន​ចាប់ផ្តើម​យក​កម្ពុជា​បង្កើត​កន្លែង​ផលិត​គ្រឿងញៀន​ជា​បន្តបន្ទាប់ ព្រមទាំង​បង្កើត​ទីតាំង​អាជីវកម្ម​មុខរបរ​ខុសច្បាប់​របស់​ពួកគេ​ជាច្រើន​ផ្សេងទៀត​នៅ​លើ​ទឹកដី​ខ្មែរ និង​តែងតែ​បង្ក​បញ្ហា​អសន្តិសុខ​សង្គម​យ៉ាង​អនាធិបតេយ្យ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​។ អ្នកឃ្លាំមើល​វាយតម្លៃ​ថា តាមរយៈ​ជនជាតិ​ចិន​មួយចំនួន​ដែល​ចូល​មក​វិនិយោគ​រកស៊ី​មុខរបរ​ខុសច្បាប់​នៅ​កម្ពុជា​បាន​បែបនេះ ដោយសារតែ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ធូររលុង និង​មាន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ប្រព្រឹត្ត​អំពើពុករលួយ។

ទោះបីជា​យ៉ាងណា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា នៅតែ​បន្ត​ទាមទារ​ដល់​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ជនជាតិ​ចិន​ឱ្យ​មាន​ប្រសិទ្ធភាព និង​ត្រូវ​បង្ហាញ​ពី​បច្ចុប្បន្ន​អំពី​ក្រុម​ឧក្រិដ្ឋជន​ទាំង​តាមរយៈ​មន្ត្រី​អាជ្ញាធរ​ចុះ​ធ្វើ​អធិការកិច្ច ដើម្បី​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ទៅកាន់​សាធារណជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។