សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់

ដោយ សេក បណ្ឌិត
2023.07.13
សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់ គ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ​២០២៣។
រូប៖ របាយការណ៍របស់នគរបាលជាតិ

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តែ​កើត​មាន​ច្រើន ដោយសារ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ មាន​ភាព​ធូររលុង និង​ការអនុវត្ត​ច្បាប់​ចំពោះ​ជន​បង្ក​ហេតុ​នៅ​មាន​ចន្លោះប្រហោង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គឹមអេង កត់សម្គាល់​ឃើញ​ថា កត្តា​ដែល​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើនឡើង គឺ​មក​ពី​ការ​បើកបរ​ទាំង​មាន​ជាតិ​ស្រវឹង សុជីវធម៌​របស់​អ្នកបើកបរ​មួយចំនួន​នៅ​មាន​កម្រិត និង​មិន​ឱ្យ​តម្លៃ​លើ​ជីវិត​អ្នក​ដទៃ ជាពិសេស​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ធូររលុង ដែល​តែងតែ​ឱ្យ​ជន​បង្ក​ហេតុ​រួចខ្លួន បន្ទាប់ពី​ផ្ដល់​សំណង​រដ្ឋប្បវេណី​រួច។ លោក​យល់​ឃើញ​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​គួរ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាង​មុន ដើម្បី​ឱ្យ​អ្នកបើកបរ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម។

លោក យង់ គឹមអេង៖ «កត្តា​គ្រោះថ្នាក់​នៅតែ​មាន​អ៊ីចឹង។ ហើយ​ប្រសិនបើ​យើង​នៅតែ​អនុគ្រោះ អត់​ព្រមយក​ទោសពៃរ៍​ចំពោះ​អ្នកបើកបរ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង គឺ​កំណើន​គ្រោះថ្នាក់​គឺ​វា​នៅតែ​កើតឡើង អ៊ីចឹង​បាន​វា​អត់​ថយ។ ព្រោះ​មូលហេតុ​ធំ​ដែល​យើង​អត់​ឃើញ គឺ​រឿង​គ្រឿង​ស្រវឹង​នេះ គឺ​ជា​ការ​បង្ក​គ្រោះថ្នាក់​ធំ​ណាស់»

ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល ក្រោយ​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បញ្ចេញ​របាយការណ៍​បញ្ជាក់​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើតឡើង​សរុប​ចំនួន​១.៥៤៨​លើក ក្នុង​នោះ​គ្រោះថ្នាក់​នៅពេល​យប់​៥៤​ភាគរយ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជាង ៧​រយ​នាក់​(៧៥៦) និង​របួស ២០៧២​នាក់។

ចំពោះ​មូលហេតុ​ដែល​បង្ក​គ្រោះថ្នាក់​រួមមាន​ការ​បើកបរ​ល្មើស​ល្បឿន​កំណត់ បើកបរ​មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្កាំ ប្រជែង កត្តា​យានយន្ត និង​ការ​សេព​គ្រឿង​ស្រវឹង​ជាដើម​។ ខេត្ត​-​ក្រុង ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍ ច្រើន​ជាងគេ គឺ​មាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តពោធិ៍សាត់​។​

របាយការណ៍​បញ្ជាក់​ថា បើ​ធៀប​ទៅ​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២២ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​៦១​លើក ហើយ​ចំនួន​អ្នក​ស្លាប់​ថយ​ចុះ​១៨៦​នាក់។

មន្ត្រី​សង្គម​ស៊ីវិល ថា រដ្ឋាភិបាល គួរតែ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព លុបបំបាត់​អំពើពុករលួយ និង​រក​វិធី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព បើ​ពុំ​នោះ​ទេ ពលរដ្ឋ​ខ្មែរ នឹង​បន្ត​បាត់បង់​អាយុជីវិត នៅ​លើ​ដងផ្លូវ​កាន់តែ​ច្រើន​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។