សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ហូរ​ចូល​គ្រឿងញៀន​ពី​ឡាវ​ចូល​មក​កម្ពុជា​តាម​ខែត្រ​ស្ទឹងត្រែង

ដោយ ទីន ហ្សាការីយ៉ា
2017-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។
អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ការ​ហូរ​ចូល​គ្រឿងញៀន ពី​ប្រទេស​ឡាវ មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​របៀង​ឆ្លង​កាត់​ខែត្រ​ស្ទឹងត្រែង។ ការ​ព្រួយបារម្ភ​នេះ កើតឡើង​ជា​ថ្មី​ទៀត ក្រោយ​ពី​នគរបាល​ខែត្រ​ស្ទឹង​ត្រែង ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ រឹប​អូស​គ្រឿងញៀន​បាន​ជាង ២​គីឡូក្រាម នៅ​ជិត​ព្រំដែន​កម្ពុជា​ឡាវ។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ទី២ ធ្នូ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រក​មធ្យោបាយ ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ពង្រឹង​សមត្ថភាព​ដល់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឲ្យ​បាន​ម៉ឺងម៉ាត់។ ពួកគេ​បារម្ភ​ថា ទិសដៅ​នៃ​ការ​ហូរ​ចូល​គ្រឿងញៀន​ពី​ប្រទេស​ឡាវ តាម​ច្រក​មួយ​ចំនួន​នៃ​ខែត្រ​ស្ទឹងត្រែង បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​កំណត់​តំបន់​នោះ ជា​តំបន់​អត្ថិភាព​ក្នុង​ការ​ពង្រឹង​វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ភាព​ចន្លោះប្រហោង​ការ​ត្រួត​ពិនិត្យ ទំនិញ​ពី​ក្រៅ​ប្រទេស​តាម​ច្រក​អន្តរជាតិ និង​ច្រក​របៀង​របស់​មន្ត្រី​ជំនាញ បាន​ក្លាយ​ជា​ក្ដី​បារម្ភ​ខ្លាំង ខណៈ​ទំនិញ​ខូចគុណភាព​ច្រើន​តោន ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ ឋិត​នៅ​ខែត្រ​កំពង់ស្ពឺ។ ទំនិញ​ទាំង​នោះ​គេ​រក​ឃើញ​ថា ជា​ទំនិញ​ខូចគុណភាព នាំចូល​ពី​ប្រទេស​វៀតណាម។ លោក​ថា ការ​ហូរ​ចូល​គ្រឿងញៀន​ពី​ប្រទេស​ឡាវ នៅ​ខែត្រ​ស្ទឹងត្រែង ដែល​ជា​តំបន់​សំបូរ​ព្រៃភ្នំ និង​ទន្លេ គឺជា​ភូមិសាស្ត្រ​ដែល​ក្រុម​ឧក្រិដ្ឋជន មាន​ឱកាស​ក្នុង​ការ​នាំចូល​បាន​ងាយ​ស្រូល ហេតុនេះ​រដ្ឋាភិបាល និង​ស្ថាប័ន​ជំនាញ​ត្រូវ​ពង្រឹង​សមត្ថភាព​បង្ក្រាប​គ្រឿងញៀន និង​កំណត់​ជា​តំបន់​អត្ថិភាព​បង្ក្រាប​គ្រឿងញៀន៖ «ខ្ញុំ​មើល​ទៅ​យុទ្ធសាស្ត្រ​របស់​ពួក​ឈ្មួញ​ជួញ​ដូរ​គ្រឿងញៀន ខ្ញុំ​មើល​ទៅ​គេ​មាន​យុទ្ធសាស្ត្រ​ខ្ពស់​ជាង​សមត្ថកិច្ច រួមផ្សំ​ជាមួយ​ភាព​អសកម្ម និង​សមត្ថភាព​របស់​សមត្ថកិច្ច​មាន​កម្រិត។ អាហ្នឹង​ជា​មូលហេតុ​ធ្វើ​ឲ្យ​នាំចូល​គ្រឿងញៀន ​ខុសច្បាប់​ដោយ​លួចលាក់​ក្នុង​ទម្រង់​ណាមួយ។ ចំណុច​អស់​នេះ ខ្ញុំ​នៅតែ​មើល​ឃើញ​ថា សមត្ថភាព​របស់​សមត្ថកិច្ច តាម​ព្រំដែន​នៅ​តែ​មាន​បញ្ហា ហើយ​អាច​ពាក់ព័ន្ធ​រឿង​ទំនាស់​ផលប្រយោជន៍​ដែរ»

កាលពី​ថ្ងៃ​ទី១ ធ្នូ សមត្ថកិច្ច​នៃ​ស្នងការ​ខែត្រ​ស្ទឹងត្រែង ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ និង​រឹប​អូស​គ្រឿងញៀន​បាន ជាង ២​គីឡូក្រាម។ ប្រតិបត្តិ​ការ​បង្ក្រាប​នោះ ឋិត​នៅ​ចំណុច​កោះឫស្សី ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ដែល​ជា​តំបន់​សំបូរ​ដោយ​ព្រៃ និង​ទន្លេ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់​ថា ខែត្រ​ស្ទឹងត្រែង គឺជា​ចំណុច​អត្ថិភាព​ដែល​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់ ដោយសារ​ទំហំ​ព្រំដែន​ប្រទេស​ទាំងពីរ​ធំធេង ហើយ​ប្រជាជន​រស់នៅ​តាម​ព្រំដែន​មួយ​ចំនួន​ធំ ចេះ​ប្រើប្រាស់​ភាសា​ឡាវ​ផង។ លោក​ថា កន្លងទៅ​នគរបាល នៃ​ស្នងការ​ខែត្រ​ស្ទឹងត្រែង និង​មន្ត្រី​អាវុធហត្ថ​បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿងញៀន​ច្រើន​ករណី ដែល​មួយ​ចំនួន​ធំ​ជា​ជនជាតិ​ឡាវ​ជួញ​ដូរ​គ្រឿងញៀន​មកកាន់​ប្រទេស​កម្ពុជា៖ «យើង​នៅ​តែ​មាន​ការ​ព្រួយបារម្ភ ព្រោះ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ហ្នឹង យើង​ឃើញ​អ៊ីចឹង គឺ​នៅតែ​មានការ​ចរាចរ។ ចង់​និយាយ​ថា យើង​កោត​សរសើរ​ទាំង​ស្នងការ និង​មន្ត្រី​អាវុធហត្ថ​តែ​គួរ​បន្ថែម​ការ​យកចិត្ត​ទុកដាក់​ឲ្យ​ខ្ពស់​ទៀត»

កាសែត​ក្នុងស្រុក​ផ្សាយ​ថា រយៈពេល ១១​ខែ​ចុង​ក្រោយនេះ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី២ អាជ្ញាធរ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន ជាង​៧​ពាន់ ៥​រយ​ករណី (,៥២៣) ឃាត់ខ្លួន​មនុស្ស​ជាង ១​ម៉ឺន ៦​ពាន់​នាក់ (១៦,៤៨៦​នាក់)

របាយការណ៍​របស់​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន ឲ្យ​ដឹង​ថា សមត្ថកិច្ច​ដកហូត​សារធាតុ​ញៀន បាន​១៦៦​គីឡូក្រាម និង ១.៣៤១​កញ្ចប់ ដកហូត​កញ្ឆា​ក្រៀម​ជាង ៨៩​គីឡូក្រាម និង​ជាង ២៣​ម៉ឺន​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល