មន្ត្រីសង្គមស៊ីវិលរិះគន់ថា រដ្ឋាភិបាលគួរតែបានពន្យល់ប្រជាពលរដ្ឋ ឱ្យច្បាស់លាស់មុនប្រកាសអនុវត្តវិធានការបិទខ្ទប់បន្ទាន់ ដើម្បីពួកគាត់ត្រៀមខ្លួន ដោះស្រាយបញ្ហាប្រឈមចំពោះមុខ ។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាលប្រញាប់ប្រញាល់សម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើនឡើងខ្លាំង។
អង្គការសង្គមស៊ីវិលមួយចំនួនគាំទ្រវិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ប៉ុន្តែពួកគេរិះគន់ថា រដ្ឋាភិបាលដាក់ចេញវិធានការនេះបន្ទាន់ពេក ធ្វើឱ្យប្រជាពលរដ្ឋពុំអាចទទួលបានព័ត៌មានច្បាស់លាស់។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា សង្កេតឃើញថា ប្រជាពលរដ្ឋបានឆោឡោ និងព្រួយបារម្ភ ព្រោះពួកគាត់យល់មិនច្បាស់អំពីវិធានការបិទខ្ទប់ និងសម្រុកទៅធនាគារដកលុយ ដើម្បីទៅផ្សារទិញស្បៀងអាហារសម្រាប់ហូបចុកអំឡុងពេលបិទខ្ទប់តំបន់ពួកគាត់។ លោកបារម្ភថាការផ្អើលឆោឡោរបស់ប្រជាពលរដ្ឋ អាចធ្វើឱ្យពួកគាត់ប្រឈមការឆ្លងជំងឺកូវីដ-១៩ ព្រោះពួកគាត់អាចមិនរក្សាគម្លាតសុវត្ថិភាព និងមិនអនុវត្តតាមគោលការណ៍សុខាភិបាល។ លោកស្នើឱ្យរដ្ឋាភិបាលមានផែនការច្បាស់លាស់ និងចៀសវាងការដាក់ចេញវិធានការដែលតក់ក្រហល់បែបនេះទៀត។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនេះ បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល២សប្តាហ៍ ដោយចាប់អនុវត្តពីថ្ងៃទី ១៥ ខែ មេសា ដល់ថ្ងៃទី២៨ មេសា ដោយសារជំងឺកូវីដរាតត្បាតខ្លាំង។ ទោះជាយ៉ាងណា រដ្ឋាភិបាល អំពាវនាវឲ្យពលរដ្ឋក្នុងភូមិសាស្ត្រទាំងពីរ កុំភ័យស្លន់ស្លោ ព្រោះអាជ្ញាធរមិនបិទផ្សារ អាជីវកម្ម ឬការប្រកបមុខរបរចាំបាច់សម្រាប់តម្រូវការប្រចាំថ្ងៃនោះទេ។
អាជ្ញាធរហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការប្រចាំថ្ងៃ ប៉ុន្តែ លើកលែងផ្សារ និងហាងលក់ទំនិញផ្គត់ផ្គង់ និងចំណីអាហារ។ អាជ្ញាធរកម្រិតចំនួនមនុស្ស ដែលត្រូវចេញទៅទិញរបស់ចាំបាច់ដូចជាគ្រឿងហូបចុក ដោយមួយគ្រួសារ ឲ្យចេញបានតែម្នាក់ ឬ ពីរនាក់យ៉ាងច្រើន និងអាចចេញពីផ្ទះទៅទិញរបស់ទាំងនេះ បានតែ ៣ ដងក្នុងមួយសប្តាហ៍ ដោយត្រូវបង្ហាញឯកសារបញ្ជាក់ពីអាជ្ញាធរដែនដីផង។
ក្រៅពីនេះ អាជ្ញាធរអនុញ្ញាតឱ្យបើកដំណើរការស្ថាប័នសាធារណៈ រោងចក្រសហគ្រាស សិប្បកម្មឬកន្លែងផលិតគ្រឿងឧបភោគបរិភោគ និងសេវាកម្មចាំបាច់ដទៃទៀត ប៉ុន្តែគោរពតាមវិធានការសុខាភិបាល។
អាស៊ីសេរីមិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីសាកសួរបញ្ជាក់រឿងនេះបានទេ នៅថ្ងៃទី១៥ មេសា។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វិធានការទាំងនេះមិនមែនដើម្បីធ្វើឱ្យប្រជាពលរដ្ឋស្លាប់ ឬរងទុក្ខលំបាកនោះទេ តែដើម្បីការពារពលរដ្ឋទៅវិញទេ។ «»
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ មានប្រសាសន៍ថា វិធានការបិទខ្ទប់ទាំងស្រុងរបស់អាជ្ញាធរនេះ មួយផ្នែកគឺជារឿងល្អ ដើម្បីទប់ស្កាត់ជំងឺកូវិដ-១៩។ ប៉ុន្តែមួយផ្នែកទៀត លោកថា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ដែលពួកគាត់កំពុងប្រឈមខ្វះស្បៀងអាហារ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ទទូចដល់រដ្ឋាភិបាលផ្តល់ជំនួយតាម តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដូចជាផ្តល់អាហារប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគផ្សេងទៀត ឱ្យទាន់ពេលវេលាដល់ពួកគាត់។ «»
ទាក់ទងនឹងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅដោយតក់ក្រហល់នេះ លោក សម រង្ស៊ី ប្រធានស្តីគណបក្សសង្គ្រោះជាតិ បានរិះគន់ថា វិធានការនេះធ្វើឡើងដោយមិនឈរលើមូលដ្ឋានបច្ចេកទេស វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រអ្វីឡើយ។ លោកថា វាគ្រាន់តែបង្ហាញពីភាពស្លន់ស្លោ និងអសមត្ថភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ ប៉ុណ្ណោះ។ លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន យកជំងឺកូវីដ១៩ ជាលេស ដើម្បីគាប់សង្កត់ និងគំរាមកំហែងពលរដ្ឋកាន់តែខ្លាំង ព្រមទាំងទប់ទល់នឹងការរជើបរំជួលក្នុងជួរកងកម្លាំងប្រដាប់អាវុធដែលមិនពេញចិត្តរបបដឹកនាំរបស់គាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។