សង្គម​ស៊ីវិល​រិះគន់​អ្នក​លេង​ហ្វេសប៊ុក​បង្ហោះ​រូបភាព​និង​ផ្សាយ​ផ្ទាល់​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង

ដោយ ខែ សុណង
2017-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្រាបៀរ​និង​ម្ហូប​អាហារ​ដែល​ពលរដ្ឋ​ទទួល​ទាន​ក្នុង​ឱកាស​សែន​ចូល​ឆ្នាំ​ចិន វៀតណាម កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៧។ Photo provided
ស្រាបៀរ​និង​ម្ហូប​អាហារ​ដែល​ពលរដ្ឋ​ទទួល​ទាន​ក្នុង​ឱកាស​សែន​ចូល​ឆ្នាំ​ចិន វៀតណាម កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៧។ Photo provided
Photo provided

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រិះគន់​អ្នក​លេង​ហ្វេសប៊ុក (Facebook) ខ្លះ ដែល​ទទួលទាន​គ្រឿង​ស្រវឹង ហើយ​ផ្សាយ​ផ្ទាល់ (Live) និង​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម ថា​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម។ ការ​អះអាង​នេះ នៅ​គ្រា​ដែល​យុវជន តារា​ចម្រៀង តារា​សម្ដែង ពិធីករ មន្ត្រី​រាជការ និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន បាន​ថត​បង្ហោះ​រូបភាព និង​ផ្សាយ​ផ្ទាល់​ពី​ការ​ជួបជុំ​គ្នា​ទទួល​ទាន​ស្រាបៀរ បង្ហាញ​ពី​មោទនភាព​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​យល់​ឃើញ​ថា ឥរិយាបថ​របស់​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន កំពុង​មាន​ការ​ធ្វេសប្រហែស​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​សេរីភាព​របស់​ខ្លួន ដែល​បាន​បង្ហាញ​លើ​ទំព័រ​ហ្វេសប៊ុក ដែល​ជា​អាវុធ​ដ៏​មុត​ស្រួច។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ ថ្លែង​ថា ហ្វេសប៊ុក គឺ​ជា​ប្រភព​ចែក​រំលែក​ព័ត៌មាន និង​បង្ហាញ​អ្វី​ពី​សកម្មភាព​របស់​មនុស្ស​គ្រប់​ទីកន្លែង ដែល​គេ​អាច​មើល​ឃើញ​ទូទាំង​ពិភពលោក។ លោក​មើល​ឃើញ​ថា អ្នក​ប្រើ​បណ្ដាញ​នេះ មាន ៣​សំខាន់ មួយ​គេ​លេង​ដើម្បី​បង្ហាញ​ពី​ជីវិត​ឯកជន ពីរ ដើម្បី​ចែក​រំលែក​ព័ត៌មាន និង​បី ប្រើប្រាស់​ដើម្បី​សម្ដែង​មតិ​ពី​បញ្ហា​សង្គម​ជា​ដើម ប៉ុន្តែ​អ្នក​ប្រើប្រាស់​មិន​គួរ​ត្រូវ​បាន​បង្ហោះ ឬ​ចែកចាយ​នូវ​អ្វី​ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សង្គម​ឡើយ ដូចជា​ការ​បង្ហោះ​ព្រឹត្តិការណ៍​ជួបជុំ​ទទួល​ទាន​គ្រឿង​ស្រវឹង និង​លេង​ល្បែង​ស៊ីសង​ជា​ដើម​នោះ។

លោក សន ជ័យ៖ «មនុស្ស​ហាក់​ដូច​ជា​មាន​ការ​ធ្វេសប្រហែស មិន​បាន​វិភាគ​ឲ្យ​បាន​ស៊ីជម្រៅ​នូវ​ទង្វើ​របស់​ខ្លួន​នីមួយៗ វា​ជា​ដំណាក់កាល​មួយ​នៃ​សេរីភាព​លើស​ពី​ដែន​កំណត់​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្នឹង។ យើង​ចង់​ឲ្យ​មហា​ជន​ងាក​មិន​គិត​ឡើង​វិញ​អំពី​សេរីភាព ឬ​ដែន​កំណត់​ក្នុង​ការ​បង្ហាញ​តាម​បណ្ដាញ​សង្គម។ គួរ​គិត​ថា អ្វី​ខ្លះ​ដែល​គេ​ធ្វើ​នាំ​ផល​អវិជ្ជមាន​ដល់​សង្គម ហើយ​អ្វី​ខ្លះ​ដែល​គេ​ធ្វើ​នាំ​ប្រយោជន៍​ដល់​សង្គម ដូចជា ការ​ចែក​រំលែក​ចំណេះដឹង ប៉ុន្តែ​ការ​ផឹក​ស៊ី​រាំរែក ជា​អាការៈ​មិន​ល្អ យើង​បារម្ភ​ថា ហ្វេសប៊ុក​វា​អាច​ក្លាយ​ទៅ​ជា​អាវុធ​ដ៏​មុត​ស្រួច​មួយ​សម្រាប់​ផ្សព្វផ្សាយ​ភាព​អសកម្ម​នៅ​ក្នុង​សង្គម»

ទាក់ទង​ទៅ​នឹង​ការ​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម និង​ផ្សាយ​ផ្ទាល់ ឬ​ឡាយ ពី​ការ​ជួបជុំ​គ្នា​ទទួល​ទាន​គ្រឿង​ស្រវឹង ឬ​លេងល្បែង​ស៊ីសង​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម ដែល​មាន​ទាំង​មនុស្ស​សាមញ្ញ តារា​ចម្រៀង តារា​សម្ដែង ពិធីករ មន្ត្រី​រាជការ និង​ម្ចាស់​ផេ (Page) ដែល​មាន​អ្នក​គាំទ្រ​ច្រើន រួម​ទាំង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ផង​នោះ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​យុវជន​ដើម្បី​សមធម៌​សង្គម​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ហេង សូវៀត មាន​ទស្សនៈ​ថា មនុស្ស​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​ដែល​ធ្វើ​ដូច្នេះ បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​យុវជន និង​មនុស្ស​ជំនាន់​ក្រោយ។ លោក​ថា បញ្ហា​នេះ​ជា​កត្តា​ជំរុញ និង​ជា​មធ្យោបាយ​ទាក់ទាញ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍ និង​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដោយ​ឃើញ​ថា ការ​ជួបជុំ​គ្នា​ទទួល​ទាន​គ្រឿង​ស្រវឹង​មាន​ភាព​សប្បាយ​រីករាយ។

លោក​បាន​ពន្យល់​មូលហេតុ​ថា ដោយសារ​តែ​ឥទ្ធិពល​នៃ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គគ្រឹកគគ្រេង និង​បង្ហាញ​រូបភាព​សប្បាយ​រីករាយ​ដើម្បី​ទាក់ទាញ​ដល់​យុវវ័យ ស្រប​ពេល​ដែល​អាជ្ញាធរ​ពុំ​មាន​វិធានការ​ម៉ឺងម៉ាត់​នៅ​ពេល​មាន​ពិធី​បុណ្យ​ទាន​ម្ដងៗ ជាង​នេះ​ទៅ​ទៀត ទាំង​អាណាព្យាបាល និង​ឪពុកម្ដាយ​ក៏​ហាក់​មិន​បាន​ចាប់​អារម្មណ៍​លើ​បញ្ហា​នេះ​ទេ៖ «ឪពុក​ម្ដាយ​ក្រុម​គ្រួសារ​ហ្នឹង​ក៏​ហាក់​ដូច​ជា​បើក​ទូលាយ​វា​ចូល​ជា​លក្ខណៈ​ទម្លាប់​ទៅ​ហើយ ​ក្នុង​គ្រួសារ​នីមួយៗ នៅ​ពេល​មាន​ការ​ជួបជុំ​បង​ប្អូន​អី​ឪពុក​ម្ដាយ​ក៏​មិន​បាន​ហាមឃាត់​កូន​ចៅ​ដែរ សូម្បី​តែ​ក្មេង​តូចៗ​ក៏​ឈាន​ដល់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង»

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​ដើម្បី​សន្តិភាព លោក សេង រិទ្ធី យល់​ឃើញ​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​​ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​នេះ គឺ​បាន​បង្ហាញ​ពី​សីលធម៌​សង្គម​ធ្លាក់​ចុះ។ រី​ឯ​អ្នក​ទទួលទាន​នាំ​ឲ្យ​ខូច​សុខភាព និង​បង្ក​បញ្ហា​ដល់​សង្គម ព្រមទាំង​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ផង។

លោក​ថា បើ​កម្ពុជា អាច​ឆាប់​ចេញ​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​នោះ​អាច​មាន​មាត្រា​ខ្លះ​ដាក់​កំហិត​សិទ្ធិ​សេរីភាព​កុំ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ និង​ប្រើប្រាស់​ធូររលុង​ដូច​ពេល​បច្ចុប្បន្ន៖ «យើង​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម កន្លង​មក​យើង​ឃើញ​នៅ​តែ​មាន​សម្រាប់​អ្នក​ល្បីៗ តារា​អី យុវជន​យើង​ក៏​បាន​លេង​អា​ហ្នឹង។ យើង​ជំរុញ​ឲ្យ​មាន​វិធានការ​ឆាប់​ចេញ​ច្បាប់ បិទ​ការ​ផ្សព្វផ្សាយ ឬ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​ពេល​មាន​ច្បាប់ ឬ​ក៏​វិធានការ​អី​ផ្សេងៗ សម្រាប់​ការ​ហាមឃាត់​ជា​បណ្ដោះ​អាសន្ន»

នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម នេះ ម្ចាស់​ដេប៉ូ​លក់​ទំនិញ​មួយ​ចំនួន ក៏​បាន​អះអាង​ស្រដៀង​គ្នា​ថា ពួក​គេ​បាន​បង្កើន​បរិមាណ​លក់​គ្រឿង​ស្រវឹង ដោយសារ​ចំនួន​អ្នក​ទទួល​ទាន​កើន​ឡើង​ជាង​ថ្ងៃ​ធម្មតា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​តាម​ដេប៉ូ​ចែកចាយ និង​ផ្សារ​ទំនើប​មួយ​ចំនួន ក៏​បាន​​លក់​បញ្ចុះ​តម្លៃ​ពិសេស (Promotion) ថែម​ទៀត​ផង។ ក្នុង​បរិបទ​ដូច្នេះ អ្នក​ជំនាញ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ពី​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ជាតិ​ស្រវឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល