សង្គម​ស៊ីវិល​ស្នើ​ស៊ើប​អង្កេត​អ្នកទទួល​សំណូក​ពី​ម្ចាស់​សង្វៀន​ជល់​មាន់​ក្មួយ​ប្រសា​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2017-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ល្បែង​ជល់​មាន់​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided
ល្បែង​ជល់​មាន់​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​ឃ្លាំមើល​អំពើពុករលួយ ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល ស៊ើប​អង្កេត​ជា​បន្ទាន់ លើ​ករណី​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​បាន​ទទួល​សំណូក​ពី​ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​ពីរ​កន្លែង គឺ​នៅ​ស្រុក​បាទី ខែត្រ​តាកែវ និង​នៅ​ស្រុក​ល្វាឯម ខែត្រ​កណ្ដាល។

សង្គម​ស៊ីវិល​មួយ​ចំនួន​រិះគន់​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ ដែល​បាន​បញ្ចេញ​តែ​ឈ្មោះ និង​ប័ណ្ណ​អ្នកសារព័ត៌មាន ដែល​អាជ្ញាធរ​សង្ស័យ​ថា ទទួល​លុយ​ពី​ម្ចាស់​សង្វៀន​ជល់​មាន់​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខែត្រ​កណ្ដាល​នោះ។

ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​គួរតែ​បង្ហាញ​ឈ្មោះ​របស់​មន្ត្រី ដែល​បាន​ទទួល​យក​លុយ​ពី​ក្មួយ​ប្រសា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់ ដែល​ជា​ម្ចាស់​សង្វៀន​មាន់​ជល់​ដ៏​ធំ និង​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​មាន​មន្ត្រី​តុលាការ ឬ​អាជ្ញាធរ​ណា ហ៊ាន​ប៉ះពាល់​បាន​ឡើយ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល យល់ថា ការ​ប្រព្រឹត្តិ​បទល្មើស ដូចជា​បង្កើត​សង្វៀន​ជល់​មាន់​ដ៏​ធំ​សម្បើម​នេះ​ជាដើម ពិតជា​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី ឬ​អាជ្ញាធរ​មូលដ្ឋាន​ជាក់​ជាមិនខាន។ លោក ព្រាប កុល បន្ត​ថា ក្រៅពី​អ្នក​ដែល​ទទួល​សំណូក ក៏​នឹង​អាច​មាន​អ្នក​ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​របស់​ខ្លួន ទទួល​សំណូក​ផង​ដែរ៖ «យើង​ត្រូវ​ចាប់​អ្នក​នៅ​ពីក្រោយ​ខ្នង​ឲ្យ​បាន ជាពិសេស​មន្ត្រី​ដែល​ពាក់ព័ន្ធ អ្នក​ឃុបឃិត​គ្នា អ្នក​អនុញ្ញាត អ្នក​ដែល​ទទួល​ប្រាក់​សំណូក អ្នក​ប្រព្រឹត្តិ​វា​ប្រព្រឹត្ត​ហើយ សំខាន់​យើង​ចង់​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វែក​មុខ​ស៊ើប​អង្កេត​បាទ»។

លោក ថៃ ផានី ហៅ​ម៉ាប់ គឺជា​កូន​ប្រសា​របស់​លោក ហ៊ុន សាន និង​ត្រូវជា​ក្មួយ​ប្រសា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល សម្រេច​ឃុំខ្លួន កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ដោយ​ចោទ​ប្រកាន់​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​ករណី​បើក​សង្វៀន​ជល់​មាន់ ទ្រង់ទ្រាយ​ធំ​ខុសច្បាប់ នៅ​ស្រុក​ល្វាឯម។ សង្វៀន​ជល់​មាន់​ដ៏​ធំ​សម្បើម​របស់​ក្មួយ​ប្រសា​រលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នេះ បាន​បើក​ធ្វើ​អាជីវកម្ម​រាប់​ឆ្នាំ​មក​ហើយ និង​មិន​ធ្លាប់​មាន​មន្ត្រី​តុលាការ ព្រះរាជអាជ្ញា ឬ​អាជ្ញាធរ​ណា​ម្នាក់ ហ៊ាន​បង្ក្រាប​ឡើយ។ ការ​ហ៊ាន​ចេញមុខ​បង្ក្រាប​របស់​អាជ្ញាធរ គឺ​នៅ​ក្រោយ​ពេល​ដែល​មានការ​បើកផ្លូវ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បញ្ជា​អោយ​កម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​ក្មួយ​ប្រសា​របស់​លោក​នោះ​ចោល ប្រសិនបើ​ហ៊ាន​តដៃ ក្នុង​ករណី​បង្ក្រាប​បន​ល្បែង​ជល់​មាន់«អាជ្ញាធរ​នៅ​ខេត្ត​តាកែវ​អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់​ចាប់​អា​ស្អី កូន​ប្រសា ហ៊ុន សាន អា ថៃ ផានី ឲ្យ​បាន​ទាក់ទង​សួរ​ហ៊ុន ម៉ានី មើល រក​កន្លែង​អ៊ីចឹង ត្រូវ​ធ្វើ​ការ​នេះ​ឲ្យ​បាន ចាប់​ឲ្យ​បាន ហើយ​ត្រូវ​នាំ​គ្នា​អនុវត្ត​ការងារ​នេះ បើ​វា​ហ៊ាន​ត​ដៃ​ត្រូវ​បាញ់​វា​បញ្ចប់​តែម្ដង​ចុះ»

បន្ទាប់​ពី​ប្រធាន​សាលាដំបូង​ខេត្ត​កណ្ដាល លោក ហុក វ៉ាន់ធីណា បាន​សម្រេច​ឃុំខ្លួន​ក្មួយ​ប្រសា លោក ហ៊ុន សែន ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់ បណ្ដោះអាសន្ន ជនសង្ស័យ​៦៤​នាក់​ផ្សេងទៀត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១​ខែ ពី​បទ​លេងល្បែង​ស៊ីសង​ខុសច្បាប់ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ។ ក្រោយពេល​ប្រកាស​សាលក្រម​រួច តុលាការ​ក៏បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ប៉ុន្តែ​ប័ណ្ណ​អ្នកសារព័ត៌មាន​ជាង​១០០​នាក់ ត្រូវ​បាន​ស្នងការ​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បញ្ជូន​ទៅកាន់​សាលាដំបូង​ខែត្រ​កណ្ដាល។ ស្នងការ​ខេត្ត​កណ្ដាល ហៅ​ការ​បញ្ជូន​ប័ណ្ណ​អ្នកកាសែត ទៅ​តុលាការ ថា​ជា​ភារកិច្ច ដែល​ត្រូវ​ធ្វើបញ្ជី​នេះ​ភ្ជាប់​ជាមួយ​សំណុំរឿង​ទៅ​តុលាការ និង​អនុវត្ត​តាម​នីតិវិធី គឺ​មិនមែន​ជា​ការចោទប្រកាន់​ទេ។ លោក អ៊ាវ ចំរើន បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន​លោក​ថា រាល់​វត្ថុ​តាង ដែល​ដកហូត​យក​បាន​ពី​កន្លែង​កើត​ហេតុ នគរបាល​យុត្តិធម៌​ដាច់ខាត ត្រូវ​បញ្ជូន​ទៅ​អយ្យការ និង​ចៅក្រម​ជា​ចាំបាច់ ព្រោះ​នេះ​ជា​កាតព្វកិច្ច​របស់​នគរបាល​យុត្តិធម៌។

ឯកសារ​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ថា មិនមែន​មានតែ​ម្ចាស់​កាត​អ្នកកាសែត​ទេ ដែល​ទទួល​បាន​លាភ​សក្ការៈ ពី​ម្ចាស់​សង្វៀន​ជល់​មាន់ របស់​ក្មួយ​ប្រសា លោក ហ៊ុន សែន នោះ គឺ​មាន​ទាំង​អាជ្ញាធរ​ខេត្ត ស្នងការ​ខែត្រ មេ​ប៉េអឹម​ខេត្ត ប្រធាន​តុលាការ​ខេត្ត ព្រះរាជអាជ្ញា និង អាជ្ញាធរ​នៅ​ក្នុង​ខែត្រ​គ្រប់​ជាន់ថ្នាក់ បាន​ទទួល​សំណូក​ពី ម្ចាស់​សង្វៀន​ជល់​មាន់ របស់​លោក ថៃ ផានី ហៅ​ម៉ាប់ ទាំង​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម និង​នៅ​ឃុំ​កណ្ដឹង ស្រុក​បាទី។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ ពី​អ្នក​ដែល​អាច​ពាក់ព័ន្ធ​ទទួល​សំណូក​សំខាន់ៗ​មួយ​ចំនួន ដូចជា ស្នងការ​ខែត្រ មេ​ប៉េអឹម និង​ប្រធាន​តុលាការ​ខេត្ត បាន​ទេ​កាលពី​ថ្ងៃ ទី​១០ ធ្នូ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ អ្នកសារព័ត៌មាន​ល្បីឈ្មោះ​ផ្នែក​ស៊ើប​អង្កេត លោក ម៉ៃ ទិត្យថារ៉ា មើល​ឃើញ​ថា ការ​បញ្ជូន​តែ​កាត​អ្នកកាសែត​ទៅ​តុលាការ​មិនទាន់​គ្រប់គ្រាន់​ទេ គឺ​ត្រូវ​បង្ហាញ​ឈ្មោះ​របស់​មន្ត្រី និង​អាជ្ញាធរ ដែល​ពាក់ព័ន្ធ​ទៅ​ស្ថាប័ន​តុលាការ​ផង។ លោក​អះអាង​ថា បើ​ទោះ​ជា​កាសែត​ខ្លះ​មានតែ​ឈ្មោះ មិនដែល​បាន​ចេញ​ផ្សាយ​ក៏​ពិត​មែន ប៉ុន្តែ ករណី​នេះ បើ​អាជ្ញាធរ​មិនបាន​ទទួល​សំណូក​នោះ​ទេ ក៏​មិន​អាច​បិទបាំង​រឿង​នេះ​បាន រយៈពេល​យូរ ដូច្នេះ​បាន​នោះ​ដែរ៖ «ខ្ញុំ​មិន​កាន់​ជើង​អ្នកសារព័ត៌មាន​គ្នា​ឯង​នោះ​ទេ តែ​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​គាត់​មិន​បាន​បោះពុម្ព​ផ្សាយ ហើយ​ទទួល លុយ​បាន​ម្នាក់​មួយ​ម៉ឺន​ពីរ​ម៉ឺន​រៀល​នឹង​តែ​ត្រូវ​បាន​គេ​ចោទ​ជា​សាធារណៈ​មើល​ទៅ​គេ​ព្យាយាម​ទម្លាក់ អ្នក​សារព័ត៌មាន យើង​ខ្លាំង​ណាស់ ប៉ុន្តែ ដូចជា អាជ្ញាធរ ចៅហ្វាយខេត្ត អី អ្នក​ដែរ​ពាក់ព័ន្ធ វិញ គេ​លាក់ គេ​បិទ​បាំង ទោះ​បី​មន្ត្រី​មួយ​ចំនួន​ធ្វើ​ខុស​ក៏​គេ​មិន​លាត​ត្រដាង​ការ​ពិត»

កាលពី​ខែ​ឧសភា ឆ្នាំ​២០១៦ អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ បាន​បញ្ជា​ឲ្យ​លោក ហ៊ុន សាន បងប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បិទ​សង្វៀន​ជល់​មាន់​នោះ​ដែរ តែ​ពួកគេ​មិន​អនុវត្ត​តាម​ឡើយ ហើយ​នៅតែ​បន្ត​បើក​ល្បែង​ជល់​មាន់ ដោយ​មានការ​ភ្នាល់​លុយ​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ទៀត​ផង។ សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ស្ត្រី​ចំណាស់​ម្នាក់ ជា​អ្នកលក់​ម្ហូបអាហារ និង​ភេសជ្ជៈ នៅ​ស្រុក​បាទី ជិត​សង្វៀន​ជល់​មាន់ បាន​ប្រាប់​ថា មួយ​ថ្ងៃៗ មាន​ឡាន​ប្រណីត​ៗ បាន​ទៅ​ចត​តម្រង់​ជួរ​គ្នា តាម​បណ្ដោយ​ផ្លូវ ដើម្បី​ចូល​លេងល្បែង​ជល់​មាន់ និង​ចាក់​អាប៉ោង​នៅ​ទីនោះ។ ចំណែក​អ្នកភូមិ​ម្នាក់ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ថា កន្លែង​ជល់​មាន់​នៅ​ស្រុក​បាទី មាន​ផ្ទៃដី​ប្រមាណ​៦​ហិកតារ ដែល​ពោរពេញ​ទៅ​ដោយ​ឡាន​ទំនើប និង​ម៉ូតូ​មកលេង​ជល់​មាន់​រាល់ថ្ងៃ ហើយ​គេ​ដាក់​លុយ​ភ្នាល់​គ្នា​ចាប់ពី ២៥០ដុល្លារ រហូតដល់ ៥.០០០ ដុល្លារ ហើយ​មាន​កន្លែង​បញ្ចាំ​ឡាន និង​ម៉ូតូ​ថែម​ទៀត​ផង។

ពាក់ព័ន្ធ​ករណី​សង្វៀន​ជល់​មាន់ នៅ​ឃុំ​អរិយ​ក្សត្រ ខែត្រ​កណ្ដាល កាល​ពី​ពេល​កន្លងមក សាច់​ញាតិ​របស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន សាន និង​កូន​ប្រសា ធ្លាប់​ទៅ​ព្រមាន​អ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដល់​ការិយាល័យ​នៅ​ភ្នំពេញ ក៏​ព្រោះតែ​កាសែត​អន្តរជាតិ​មួយ​នេះ បាន​ចុះផ្សាយ​អំពី​ការ​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នោះ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​ប្រជល់​បក្សី​កីឡា​នេះ គឺជា​ប្រភេទ​ល្បែងស៊ីសង ដែល​ញាំញី​ក្នុង​សង្គម​ខ្មែរ​ធ្ងន់ធ្ងរ ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​បង្ក្រាប​ទាំងអស់ ដោយ​មិន​ត្រូវ​ចាត់​ទុក​សង្វៀន​ជល់​មាន់ នៅ​ក្នុង​កាស៊ីណូ ឬ​នៅ​កន្លែង​ណាមួយ ជា​ល្បែង​ស្របច្បាប់​នោះ​ឡើយ។ លោក​បន្ថែម​ថា ចំណាត់​ការ​បែបនេះ អាច​ជា​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ ខណៈ ដែល​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ មិនទាន់​ឃើញ​មានការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ឡើយ ហើយ​ការ​បង្ក្រាប​បែបនេះ​ធ្វើឡើង​តែមួយ​ឆាវៗ​ប៉ុណ្ណោះ «មាន​រឿង​ពាក់ព័ន្ធ​ច្រើន​មិន​ថា​សង្វៀន​ឯកជន សង្វៀន​ស្អី​ទេ វា​ទាក់ទង​អ្នក​មានអំណាច ខ្ញុំ​ចង់​ឲ្យ មាន​ការ​ស៊ើបអង្កេត​ដែរ អ្នក​នៅ​ពី​ក្រោយ​ខ្នង​ បើក ដៃ បិទ ភ្នែក អញ្ចឹង​វា​ទំនង​មាន​រឿង​ពាក់ព័ន្ធ​ច្រើន»

លោក សន ជ័យ ក៏​ចង់​ឃើញ​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ លើ​មន្ត្រី​ទទួល​សំណូក ពី​ម្ចាស់​សង្វៀន​ជល់​មាន់​ទាំងពីរ​កន្លែង​នៅ​ស្រុក​ល្វាឯម ខែត្រ​កណ្ដាល និង​នៅ​ស្រុក​បាទី ខែត្រ​តាកែវ​ផង​ដែរ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង បាន​ទេ កាលពី​ថ្ងៃ​ទី​១០ ធ្នូ ដោយ លោក​បដិសេធ មិន​និយាយ​ជាមួយ​ជន​ណា ដែល​ប្រើប្រាស់​លេខ​ឯកជន ដើម្បី​ហៅ​ទៅ​លោក​នោះ​ទេ៖ «លេខ​ប្រាយវេត (Private) ខ្ញុំ​មិន​ឆ្លើយ​ទេ កុំ​សួរ»

ប្រជាពលរដ្ឋ​អះអាង​ថា សង្វៀន​ជល់​មាន់​ដ៏​ធំ​ទាំងពីរ​នោះ បាន​បើក​ចំហ​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​កន្លងមក​ធ្លាប់​មាន​អ្នក​ទៅ​លែង​ជល់​មាន់​ទីនោះ ភ្លូក​ទឹក​ភ្លូក​ដី​ជា​រៀងរាល់ថ្ងៃ ក្នុង​នោះ​ក៏​មាន មន្ត្រី​បក្ស​កាន់អំណាច​ដែរ ជាពិសេស​គេ​ឧស្សាហ៍​ឃើញ អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន កាល​នៅ​មាន​ជីវិត​ក៏​ទៅលេង​ជល់​មាន់​នៅ​ទីនោះ​ដែរ។ ប្រជាពលរដ្ឋ ក៏​ធ្លាប់​រក​ចំណូល​បាន ច្រើន​ដែរ ពី​ការជួល​កន្លែង​ផ្ញើ​ម៉ូតូ​ឡាន។ ប្រជា​ពលរដ្ឋ ប្រាប់​ថា មិនមែន​អាជ្ញាធរ​មិន​ចង់​បង្ក្រាប​ទេ ប៉ុន្តែ គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ចុះ​បង្ក្រាប​នោះ​ទេ ដោយសារ​គេ​ខ្លាច​ឥទ្ធិពល​ក្មួយ​ប្រសា​លោក ហ៊ុន សែន គ្រប់ៗ​គ្នា។

ចំហាយ​អំណាច និង​ឥទ្ធិពល លើ​ការ​ធ្វើ​ជំនួញ​ទាំង​ផ្លូវ​សុចរិត និង​ផ្លូវ​ទុច្ចរិត របស់​ក្រុម​គ្រួសារ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មិនមែន​មានតែ​ក្មួយ​ប្រសា​របស់​លោក​នោះ​ទេ។ មុន​២​ថ្ងៃ ដែល​ឃាតក​បាញ់សម្លាប់​លោក បណ្ឌិត កែម ឡី របាយការណ៍​របស់​អង្គការGlobal Witness រក​ឃើញ​ថា បើ​ទោះ​ជា​លោក ហ៊ុន សែន មាន​ប្រាក់ខែ​សរុប​មិន​ដល់​២​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ក្ដី ប៉ុន្តែ​ការ​ប៉ាន់ប្រមាណ​ថា គ្រួសារ​លោក ហ៊ុន សែន មានទ្រព្យ​សម្បត្តិ​សរុប​មិន​តិច​ពី ៥០០​លាន ទៅ ១​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ​ទេ។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ បាន​ហៅ​ចំណាត់​ការ លោក ហ៊ុន សែន គឺជា​ការ​បង្ហាញ​ពី​អំណាច​ប្រមូល​ផ្តុំ​មួយ ព្រោះថា នៅ​ពេល​ដែល​អ្នក​មាន​អំណាច ឬ​អ្នកណា​ជាប់​ខ្សែស្រឡាយ​អ្នកធំ ប្រព្រឹត្ត​ខុសច្បាប់​នោះ គឺ​អាជ្ញាធរ​មិន​ហ៊ាន​ចាត់ការ​តាមច្បាប់​ដោយ​ឯករាជ្យ​ឡើយ ទាល់​តែ​មាន​បញ្ជា​ផ្ទាល់​ពី​លោក ហ៊ុន សែន។ ជាក់ស្ដែង​ដូចជា​ករណី​បង្ក្រាប​សង្វៀន​ជល់​មាន់​នេះ និង​ករណី​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាញ់​កម្មការិនី​រោងចក្រ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​នោះ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

សុក អីសានធ្លាប់ប្រកាសថាត្រកូលហ៊ុន​មានស៊ិទ្ធធ្វើអីក៏
បានព្រោះហ៊ុន សែនជាអ្នកដឹកនាំប្រទេសកម្ជុជាដូច្នេះបើ
យោងតាមការអះអាងរបស់សុក អីសានការបើកល្បែង
ជល់មាន់យ៉ាងធំនេះក៏វាជាស៊ិទ្ធរបស់ត្រកូលហ៊ុនដែរ​ ព្រោះវាជាក្មួយប្រសាររបស់ស្តេចក្រាញ់ហ៊ុន សែន។

Dec 11, 2017 04:21 PM

អ្នក​អាន​អនាមិក

HunSen, l'un des parieur/ combatteur etait reconnu de son milieu --combats de coqs-- (Koh Preik Acchy, Krochmar & Stung Trang (Kampong Cham-Ville)...L'oisivete generale de la Jeunesse apres leur classe a la Pagode et les aides aux parents, le defoulement quotidien c'etait notoirement les "combats de Coqs qui se repandaient sur toute l'ile...Le sport quasi inexistant sur l'ile et son limitrophe. Entre 5-7 ans, j'y avais ete, avec ma mere voir ses cousins et proches qui y resident, sur ces iles Preik Achhy don't Kroch Chmar, Stung Trang,..Kampong Cham Ville).

Dec 11, 2017 09:19 AM

អ្នក​អាន​អនាមិក

Combat de coqs: "La main de fer"
A Preik Achhy, j'en connais un celebre "Joueur/ Parieur" ("PHNORL") qui devient celebre de nos jours en tant que chef de gouvernement du Cambodge. Des lors, il y mene la gouvernnance du Cambodge dans sa main de fer...a la maniere des coqs qui s'entretuaient en reelle lutte bestiale ["a mort"]...
Sadadd HunSen en sortait souvent comme "GAGNANT MODELE", quasi unique du milieu et lieu sur tout le "Koh Preik Acch'". Une copie conforme vient etre reconnue, de la bouche meme de HunSen (sa declaration de tonnerre (PHN - 10 dec. 2017)./.

Dec 11, 2017 08:30 AM

គេហទំព័រ​ទាំងមូល