មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ស៊ើប​អង្កេត​អ្នក​លក់​អាវុធ​ឲ្យ​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ

ដោយ សុជីវី
2021-10-14
Share

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ស៊ើបអង្កេត​ករណី​ជន​ជាតិចិន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅ​ខេត្ត​ព្រះសីហនុ និង​ស្វែងរក​អ្នកផ្ដល់​អាវុធ ឬ​អ្នកលក់​អាវុធ​ខុសច្បាប់​ឲ្យ​ជនជាតិ​ចិន​។ ឆ្លើយតប​ករណី​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​អះអាង​ថា សមត្ថកិច្ច​បាន​បង្ក្រាប​ជនល្មើស​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ឈាន​ទៅ​ចាប់ខ្លួន​អ្នក​ជួញដូរ​អាវុធ​ខុសច្បាប់​ទៅ​ឲ្យ​ជនជាតិ​ចិន។

ក្រុម​អ្នកឃ្លាំមើល​នៅតែ​សង្កេត​ឃើញ​ថា ការគ្រប់គ្រង​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​មិន​ទាន់​បាន​ល្អ​នៅឡើយ​ដែល​ធ្វើ​ឲ្យ​ជនជាតិ​ចិន​អាច​បាញ់បោះ​ដោយ​សេរី និង​បង្ក​ការ​បារម្ភ​ដល់​សង្គម។ ពួកគេ​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្វែងរក​មូលហេតុ​ដែល​ជនជាតិ​ចិន​មាន​អាវុធ​ប្រើប្រាស់ និង​រកមុខ​អ្នកផ្ដល់ ឬ​អ្នកលក់​អាវុធ​ឲ្យ​ជន​ជាតិចិន​ទាំងនោះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា សព្វថ្ងៃ​ជនជាតិ​ចិន​នៅតែ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន អំពើ​ហិង្សា និង​បាញ់បោះ​ជាដើម​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​សង្កេត​ឃើញ​ថា ករណី​ជនជាតិ​ចិន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ទោះ​ករណី​ខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ក្ដី ប៉ុន្តែ​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​មិនដែល​បង្ហាញ​សាធារណជន​ពី​មូលហេតុ​ដែល​ជនជាតិ​ចិន មាន​អាវុធ​ប្រើប្រាស់​នោះ​ទេ បើ​ទោះ​ជា​ច្បាប់​កម្ពុជា​ចែង​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការប្រើប្រាស់​អាវុធ ឬ​កាំភ្លើង៖ «តើ​ពួកគាត់​(​ជនជាតិ​ចិន​)​ហ្នឹង​បាន​អាវុធ​ពី​កន្លែង​ណា​មក ហើយ​បើ​ដឹង​ថា មាន​ទីផ្សារ​លក់​អាវុធ ឬ​ក្រុម​ផ្ដល់​អាវុធ​គួរតែ​មាន​ការ​បង្ក្រាប​ហើយ​រឹបអូស​យក​ឲ្យ​អស់​មក​ព្រោះ​អាវុធ​ហ្នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា លោក យង់ គិមអេង សង្កេតឃើញ​ដែរ​ថា ចាប់តាំងពី​ជន​ជាតិចិន​សម្រុកចូល​មក​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ឃើញ​ជន​ជាតិចិន​ប្រើប្រាស់​កាំភ្លើង​នោះ​ទេ ពេលខ្លះ​ឃើញ​ពួកគេ​ស្លៀកពាក់​ជា​ទាហាន​និង​មាន​ពាក់​ផ្កាយ​លើ​ស្មា​ទៀត​ផង​។ លោក​បន្ត​ថា ករណីនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​ពលរដ្ឋ និង​ធ្វើ​ឲ្យ​មានការ​បារម្ភ​ដល់​អ្នក​វិនិយោគ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ៖ «បញ្ហា​ហ្នឹង​មិនមែន​លើក​ទី១​ទៀត​កើត​ឡើងជា​យូរ​មក​ហើយ​គួរតែ​ត្រូវ​បាន​ដោះស្រាយ​កុំ​ឲ្យ​កើតឡើង​តទៅទៀត​ដែរ​ហើយ​សិន​ជា​ដឹង​ថា ពួកគាត់​(​ជនជាតិ​ចិន​)​បាន​អាវុធ​ពី​ជន​ណា​គួរតែ​ដាក់ទោស​ជន​នោះ​ទៀត»

ប្រតិកម្ម​របស់​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​បែបនេះ ស្រប​ពេល​ដែល​ជនជាតិ​ចិន​បន្ត​ប្រព្រឹត្ត​បទល្មើស​នៅ​ខេត្ត​ព្រះសីហនុ​ដដែល បើ​ទោះ​មានការ​ថយ​ចុះ​បទល្មើស​ខ្លះ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​១៩​ក្ដី​។ ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​ល្មើស​ទាំងនោះ ជា​ញឹកញាប់​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​បណ្ដេញ​ចេញ​ពី​កម្ពុជា ប៉ុន្តែ​ករណី​ទាំងនោះ អាជ្ញាធរ​មិន​ដែល​បង្ហាញ​មុខ ឬ​ស្វែងរក​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​ផ្សេង​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជូន ណារិន្ទ ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា សមត្ថកិច្ច​មិនដែល​លើកលែង​ឲ្យ​អ្នកប្រើប្រាស់​អាវុធ​ខុសច្បាប់​ឡើយ​ទោះ​ជនជាតិ​ចិន ឬ​ពលរដ្ឋ​ខ្មែរ​។ លោក​ឲ្យ​ដឹង​ទៀត​ថា ជុំវិញ​ការប្រើប្រាស់​អាវុធ​របស់​ជនជាតិ​ចិន​នេះ សមត្ថកិច្ច​រក​ឃើញ​ថា ពួកគេ​បាន​ទិញ​អាវុធ​ខុសច្បាប់​ពី​ខេត្ត​ផ្សេង​លួច​យក​ចូល​មក​ក្នុង​ខេត្ត​ព្រះសីហនុ។ លោក​បញ្ជាក់​ថា គ្មាន​ករណី​លួច​នាំ​អាវុធ​ពី​ក្រៅប្រទេស​នោះ​ទេ ប៉ុន្តែ​លោក ជូន ណារិន្ទ ក៏​មិន​បាន​បញ្ជាក់​ថា អ្នក​លក់​អាវុធ​ឲ្យ​ជនជាតិ​ចិន ជា​ជន​ស៊ីវិល ឬ​ជា​មន្ត្រី​កងកម្លាំង​នោះ​ទេ លោក​គ្រាន់តែ​បញ្ជាក់​ថា ជា​សកម្មភាព​ល្មើស​ច្បាប់៖ «យើង​ជា​សមត្ថកិច្ច​យើង​មិនអាច​ទុកចោល​ទេ​យើង​បន្ត​នីតិវិធី​បញ្ជូន​ទៅ​ស្ថាប័ន​ច្បាប់​ស្ថាប័ន​អយ្យា​អម​សាលាដំបូង​ខេត្ត​ក៏​ត្រូវ​បន្ត​នីតិវិធី​បើក​ការសាកសួរ​បន្ត​ទៀត»

ជុំវិញ​ករណី​ជនជាតិ​ចិន​ប្រព្រឹត្ត​ល្មើស​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ដែរ របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​របាយការណ៍​ចុះផ្សាយ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​កន្លងទៅ បង្ហាញ​ថា ក្នុង​ចំណោម​ជនជាតិ​ចិន​ដែល​មក​រក​ស៊ី​នៅ​ខេត្ត​ព្រះសីហនុ ពួកគេ​មួយចំនួន​បាន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ ប្រព្រឹត្ត​អំពើ​ឃាតកម្ម ចាប់ជំរិត​ទារប្រាក់ ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គ្រឿងញៀន សង្គម​ងងឹត​និង​បទល្មើស​ផ្សេងៗ​ទៀត។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជូន ណារិន្ទ អះអាង​ថា កន្លង​ទៅ សមត្ថកិច្ច​បាន​រក​ឃើញ​អ្នក​ដែល​លក់​អាវុធ​ឲ្យ​ជនជាតិ​ចិន និង​បាន​ផ្ដន្ទាទោស​មនុស្ស​មួយ​ចំនួន ចំណែក​ករណី​ខ្លះ​ទៀត​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​បន្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល