អ្នក​វិភាគ​ និង​​សង្គម​ស៊ីវិល​ជំរុញ​​រដ្ឋាភិបាល​លុប​បំបាត់​បញ្ហា​គ្រឿង​ញៀន​ឱ្យ​មាន​ប្រសិទ្ធភាព

ដោយ សេក បណ្ឌិត
2024.06.22
អ្នក​វិភាគ​ និង​​សង្គម​ស៊ីវិល​ជំរុញ​​រដ្ឋាភិបាល​លុប​បំបាត់​បញ្ហា​គ្រឿង​ញៀន​ឱ្យ​មាន​ប្រសិទ្ធភាព ឧបនាយករដ្ឋមន្រ្តី លោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះពិនិត្យការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅភ្នំពេញ កាលពីថ្ងៃទី២១ មិថុនា ២០២៤។ ។
រូប៖ ហ្វេសប៊ុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

អ្នក​វិភាគ​ និង​​សង្គម​ស៊ីវិល​​លើក​ឡើង​ថា មូលហេតុ​ដែល​​​រដ្ឋាភិបាល​មិន​អាច​​លុប​បំបាត់​បញ្ហា​គ្រឿង​​ញៀន​​ឱ្យ​មាន​ប្រសិទ្ធភាព​បាន​គឺ​ដោយ​សារ​តែ​រដ្ឋាភិបាល​​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ឈ្មួញ​​ជួញ​ដូរ​គ្រឿង​ញៀន​ និង​​​មន្ត្រី​​ដែល​គប់គិត​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ និង​សង្គម​ស៊ីវិល​នេះ​ ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត បាន​​ចេញ​​សារ​​លិខិត​នៅ​មុន​ការ​រៀប​ចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​នៅ​ថ្ងៃទី២៦ ខែ​មិថុនា​ ខាង​មុខ ថា​​​​រដ្ឋាភិបាល​​ក្រោម​អាណត្តិ​របស់​លោក​​ប្ដេជ្ញា​ចិត្ត​ និង​បង្ហាញ​ពី​ឆន្ទៈ​​មោះមុត​​​ប្រឆាំង​នឹង​ការ​​គ្រឿងញៀន​​​ដែល​កំពុង​កើន​ឡើង។

លោក ហ៊ុន ម៉ាណែត ថា​លោក​នឹង​បន្ត​​ប្រាស់​ប្រាស់​យន្តការ​ពី​​ឪពុក​របស់​លោក​ គឺ​លោក​ ហ៊ុន សែន​​​​តាម​រយៈ​​អនុវត្ត​គោល​នយោបាយ​ «ភូមិ ឃុំ សង្កាត់​មាន សុវត្ថិភាព» និង​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ ឪពុកម្ដាយ​ និង​វិស័យ​ឯក​ជន​នានា​យល់​ដឹង​ពី​អំពី​ផល​ប៉ះ​ពាល់​ គ្រោះ​ថ្នាក់ និង​វិនាស​កម្ម​នៃ​គ្រឿងញៀន។ ទោះ​ជា​យ៉ាង​ណា​​​លោក​ ហ៊ុន ម៉ាណែត មិន​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នឹង​បង្ក្រាប​​ទៅ​លើ​អ្នក​នាំ​ចូល​ ឬ​មន្ត្រី​​​ដែល​ចូល​រួម​គប់គិត​​ជាមួយ​ឧក្រិដ្ឋជន​​គ្រឿង​ញៀន​យ៉ាង​ដូច​ម្ដេច​នោះ​ទេ។

អ្នកវិភាគ និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី កត់​សម្គាល់​ថា​ចំនួន​​ករណី​​ដែល​​​បង្ក្រាប​​​ទៅ​លើ​​​អ្នក​ប្រើប្រាស់​ និង​​ចំនួន​​​គ្រឿង​ញៀន​ដែល​រដ្ឋាភិបាល​បាន​បំផ្លាញ​នា​​​​​កន្លង​មក​នោះ​គឺ​មិន​​បាន​​ឆ្លុះ​បញ្ចាំង​​​​​​​ថា ជា​យុទ្ធសាស្ត្រ​​បង្ក្រាប​​គ្រឿង​ញៀន​ពិត​ប្រាកដ​​នោះ​ទេ។ លោក​​ថា ចំណុច​សំខាន់​ដែល​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុកដាក់​នោះ​គឺ​​ឈ្មួញ​ដែល​ជា​អ្នក​នាំ​ចូល​គ្រឿង​ញៀន​​​​​ និង​មន្ត្រី​ដែល​គប់គិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​លើ​ករណី​នេះ។

បណ្ឌិត មាស នី«ការ​នាំ​ចូល​គ្រឿង​ញៀន​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ​មិន​អាច​​​ធ្វើ​ឡើង​ដោយ​ឈ្មួញ​កំប៉ិកកំប៉ុក​ទេ​​ អាច​មាន​បណ្ដាញ​គ្រឿងញៀន​ធំ​​ដែល​ប្រទាក់ប្រទង​​គ្នា​​​ ​មិន​ដឹង​ថា វា​មាន​ពាក់​ព័ន្ធ​កម្រិត​ប៉ុណ្ណា​​ជា​មួយ​អ្នក​មាន​អំណាច​នៅ​ស្រុក​យើង​ យើង​ពិបាក​ថា យើង​មិន​ហ៊ាន​ថា​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​​ខ្ញុំ​ហ្នឹង​យើង​ដឹង​ហើយ​ថា ប្រទេស​យើង​មាន​ឧក្រិដ្ឋជន​​ខ្លះ​​​ បាន​​ក្លាយ​ទៅ​ជា​អ្នក​រត់​ការ​រក​ស៊ី​ជិតស្និទ្ធ​ពាក់​ព័ន្ធ​​នឹង​មន្ត្រី​​ធំៗ​នៅ​ស្រុក​យើង»

បណ្ឌិត មាស នី ថា​​​ប្រព័ន្ធ​​​អប់​រំ​​មិន​ល្អ​ដែល​ធ្វើ​ឱ្យ​យុវជន​គេច​សាលា​ ឬ​បោះបង់​ការ​សិក្សា ហើយ​ពួកគេ​បែរ​ជា​លួច​មក​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ លោក​ថា រដ្ឋាភិបាល​គួរ​តែ​ពង្រឹង​ប្រព័ន្ធ​អប់​រំ​​ដោយ​ធ្វើ​យ៉ាង​ណា​​ឱ្យ​សិស្ស​ចង់​រៀន​ និង​ជួយ​សិស្ស​ក្រីក្រ​ឱ្យ​នៅ​តែ​អាច​បន្ត​ការ​សិក្សា​បាន។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា បាន​ដុត​បំផ្លាញ​គ្រឿង​ញៀន​ជាង ៤​តោន ដែល​មាន​តម្លៃ​ជិត ៧០​លាន​ដុល្លារ។ ក្នុង​រយៈ​ពេល​ជាង​៥​ខែ ដើម២០២៤នេះ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ជាង ៤​ពាន់​ករណី និង​ឃាត់​ខ្លួន​មនុស្ស​ប្រមាណ ១​ម៉ឺន​នាក់ ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន និង​វៀតណាម។ អាជ្ញាធរ​អះអាង​ថា គ្រឿងញៀន​ដែល​កម្ពុជា​បង្ក្រាប​បាន​កាល​ពី​ពេល​កន្លង​ទៅ ប្រមាណ ៨៥​ភាគ​រយ​មាន​ប្រភព​ចេញ​ពី​តំបន់​ត្រីកោណ​​មាស និង​យក​កម្ពុជា​ធ្វើ​ជា​តំបន់​ឆ្លង​កាត់។

នាយក​ប្រតិបត្តិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង លើក​ឡើង​ថា ដើម្បី​លុប​បំបាត់​គ្រឿង​ញៀន​មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ​​គឺ​ទាមទារ​​​ឆន្ទៈ​ និង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដើរ​ទន្ទឹម​គ្នា។ លោក​ថា ការ​កើន​ឡើង​នៃ​បទល្មើស​គ្រឿង​ញៀន​នេះ គឺ​ដោយ​សារ​តែ​អាជ្ញាធរ​មិន​លុប​បំបាត់​នូវ​ប្រភព​នាំ​ចូល​ ​និង​អ្នក​ចែក​ចាយ​​​គ្រឿង​ញៀន។

លោក ហេង គឹមហុង«គ្រឿង​ញៀន​នេះ​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​មែន​ទែន​នៅ​​សង្គម​កម្ពុជា​ វា​ប៉ះពាល់​ទៅ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​សង្គម​សណ្ដាប់ធ្នាប់​ធនធាន​មនុស្ស​ជាពិសេស​​ធនធាន​មនុស្ស​ក្រុម​យុវជន​ដែល​គ្រោះ​ថ្នាក់​ដោយ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​តែ​ម្ដង​ វា​អាច​ទំនង​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ ឬ​វិសាល​ភាព​នៃ​ការ​ជំរុញ​វា​អត់​ទាន់​មាន​គ្រប់​គ្រាន់​​ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ ពី​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ លោក មាស វីរិទ្ធិ  និង​អ្នកនាំពាក្យ​នាយក​រដ្ឋមន្ត្រី​ លោក មាស សោភ័ណ្ឌ បាន​ទេ​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា។

របាយការណ៍ ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​បទឧក្រិដ្ឋ (UNODC) ទើប​នឹង​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​ឧសភា ឱ្យ​ដឹង​ថា ការ​រឹបអូស​បាន​គ្រឿង​ញៀន​ប្រភេទ​ម៉េតំហ្វេតាមីន ឬ​ម៉ាទឹកកក​នៅ​កម្ពុជា បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជាប់ៗ​គ្នា​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ចុង​ក្រោយ គឺ​កើន​ឡើង​រហូត​ដល់ ១,៤តោន​ក្នុង​ឆ្នាំ២០២៣។ និន្នាការ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ពង្រីក​ទីផ្សារ​គ្រឿងញៀន​នៅ​កម្ពុជា។ នៅ​កម្ពុជា យុវវ័យ​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ដល់ ២៥ឆ្នាំ និង​អាយុ​ចន្លោះ​ពី ២៦ ដល់ ៣៥ឆ្នាំ​គឺ​ជា​ក្រុម​មនុស្ស​ដែល​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ជាង​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។