ឧកញ៉ា គួច ម៉េងលី ស្នើឱ្យស៊ើបអង្កេតក្រុមហ៊ុន CIC បន្ទាប់ពីខាតបង់អស់ជិត៣សែនដុល្លារ

ដោយ ខាន់ លក្ខិណា
2024.03.24
ឧកញ៉ា គួច ម៉េងលី ស្នើឱ្យស៊ើបអង្កេតក្រុមហ៊ុន CIC បន្ទាប់ពីខាតបង់អស់ជិត៣សែនដុល្លារ ប្រធានក្រុមប្រឹក្សា និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេគួច អ្នកឧកញ៉ា គួច ម៉េងលី ដែលបានចំណាយទុនជិត៣០ម៉ឺនដុល្លារ វិនិយោគក្នុងក្រុមហ៊ុន ស៊ីអាយស៊ី ភីអិលស៊ី។
រូប៖ ហ្វេសប៊ុកលោក គួច ម៉េងលី

ម្ចាស់​ភាគហ៊ុន​ធំ​មួយ​ក្នុង​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី (CIC) អះអាង​ថា ករណី​ក្រុមហ៊ុន​នេះ ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ ដែល​ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត ពីព្រោះ​ឧក្រិដ្ឋជន​នៅ​តែ​មាន​សេរីភាព​នៅ​ឡើយ ហើយ​ពួកគេ​កំពុង​រស់នៅ​ក្នុង​ជីវិត​ដ៏​ឡូយឆាយ និង​ពោរពេញ​ដោយ​សេរីភាព​។

អ្នក​សិក្សា​ផ្នែក​ច្បាប់​លើក​ឡើង​ថា រឿង​នេះ មិន​តូច​តាច​ទេ ដូច្នេះ រដ្ឋ​អំណាច ​គួរ​មាន​ចំណាត់​ការ​ជាក់លាក់ និង​ស្រាវជ្រាវ​ឱ្យ​ដល់​ឫស​គល់ ដើម្បី​លាង​មុខ​មាត់ ​រដ្ឋាភិបាល។

ប្រធាន​ក្រុម​ប្រឹក្សា និង​ជា​អគ្គ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េងលី ជេគួច ជា​ស្ថាប័ន​ផ្ដល់​សេវា​អប់រំ​មួយ​នៅ​កម្ពុជា គឺ​អ្នក​ឧកញ៉ា គួច ម៉េងលី ដែល​បាន​ ចំណាយ​ទុន​ជិត​៣០​ម៉ឺន​ដុល្លារ វិនិយោគ​ក្នុង​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី ភីអិលស៊ី (CIC Plc លើកឡើង​ថា អ្នក​រងគ្រោះ​គ្រប់​គ្នា ត្រូវ​បន្ត​តស៊ូ​ឱ្យ​អស់​ពី​លទ្ធភាព ដើម្បី​តម្លាភាព​និង​យុត្តិធម៌។

អ្នកឧកញ៉ា គួច ម៉េងលី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ឈ្មោះ​ជា ភាសា​អង់គ្លេស Mengly J. Quach នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ដោយ​ផ្ញើ​ជូន​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ រួម​ទាំង​អ្នក​រង​ផល​ប៉ះពាល់ ដោយសារ​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី ភីអិលស៊ី (CIC Plc)

អ្នក​ឧកញ៉ា​រូប​នេះ​ថា មូលនិធិ​ត្រូវ​តែ​ប្រមូល​សង​មក​វិញ ហើយ​ករណី​នេះ ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត ពី​ព្រោះ​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ត្រូវ​បាន​បាត់​បង់​ ហើយ​គ្រួសារ និង​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ បាន​រង​នូវ​ផល​ប៉ះពាល់ និង​ការ​ឈឺ​ចាប់​ ដោយសារ​តែ​ការ​ក្លែងបន្លំ។

អ្នកឧកញ៉ា គួច ម៉េងលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី២៣ មីនា បន្ថែម​ថា រដ្ឋាភិបាល​មិន​អាច​នៅ​ស្ងៀមស្ងាត់​ចំពោះ​រឿង​នេះ​ទេ ពីព្រោះ​ប្រជាជន​ច្រើន​ណាស់​ប៉ះទង្គិច​ ក្ដៅ​ក្រហាយ និង មាន​បញ្ហា​ផ្លូវ​ចិត្ត​។

អ្នកឧកញ៉ា គួច ម៉េងលី៖ «តាម​ខ្ញុំ​ដឹង​មាន​ពីរ​ក្រុម! ក្រុម​មួយ​អ្នក​វិនិយោគ! ក្រុម​មួយ​ទៀត ក្រុម​ឱ្យ​កម្ចី​លុយ​។ អ៊ីចឹង ទាំង​ពីរ​ក្រុម​ហ្នឹង ជិត ៥០០ នាក់​ដែរ តាម​ខ្ញុំ​ដឹង​។ ក្រុម​កម្ចី​លុយ​ខ្ញុំ​មិន​ដឹង​ពិត​ប្រាកដ​ប៉ុន្មាន​ទេ ប៉ុន្តែ​ក្រុម​វិនិយោគ​ប្រហែល​ជិត ៥០០ នាក់ ព្រោះ​ប្រជុំ​ម្ដង​ៗ ប្រកាស​ចំនួន គឺ​យើង​ដឹង​ប្រហែល​ជិត ៥០០ នាក់​។ ក្រុម​មួយ​ហ្នឹង ប្រហែល​ជា​ជិត ៧០ លាន​ដុល្លារ ហើយ​ក្រុម​កម្ចី​លុយ គឺ​យើង​លឺ​ថា ប្រហែល​ជា ៩០ លាន​ដុល្លារ​ទៀត ខ្ញុំ​អត់​ច្បាស់​។ អាហ្នឹង ទាល់​តែ​ផ្ទៀង​ទិន្នន័យ​របស់​គាត់ អ៊ីចឹង បើ​យើង​គិត​ជា​លុយ គឺ​ច្រើន​! ច្រើន​មែនទែន​»​

អ្នកឧកញ៉ា អះអាង​ថា ឧក្រិដ្ឋជន​នៅ​តែ​មាន​សេរីភាព​នៅ​ឡើយ ហើយ​ពួកគេ​កំពុង​រស់នៅ​ក្នុង​ជីវិត​ដ៏​ឡូយឆាយ និង​ពោរពេញ​ដោយ​សេរីភាព។

អ្នក​ឧកញ៉ា​ថា ករណី​នេះ មិន​គួរ​មើល​រំលង​ដាច់​ខាត ហើយ​ត្រូវ​តែ​ធ្វើ​អ្វី​មួយ ព្រោះ​សំណុំ​រឿង​នេះ ជា​រឿង​ព្រហ្មទណ្ឌ ដែល​គួរ​តែ​ត្រូវ​ចាប់​ផ្ដើម​ស៊ើបអង្កេត ​និង​ដោយ​បើក​ចំហ ហើយ​ជន​ល្មើស​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​យក​មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​ និង​ទទួល​ទោស​ព្រហ្មទណ្ឌ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី (CIC) និង​លោក ឃីម សុខហេង ដែល​គេ​ស្គាល់​ថា ជា​គ្រូ​ជោគជ័យ និង​ជា​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​មួយ​រូប នៃ​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី បាន​ទេ នៅ​ថ្ងៃទី២៣ មីនា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ចំណែក​ឯអ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក សយ ច័ន្ទវិចិត្រ វិទ្យុ​អាស៊ីសេរី​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល ខណៈ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ែន សុវិជាតិ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២៣ មីនា ថា រឿង​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី នេះ មិន​ពាក់ព័ន្ធ​នឹង​ក្រសួង​ពាណិជ្ជកម្មទេ។

លោក ប៉ែន សុវិជាតិ​៖ «សុំ​អភ័យទោស​អត់​បាន​ដឹង​រឿង​ហ្នឹង​សោះ ហើយ​ក៏​វា​អត់​ពាក់ព័ន្ធ​ក្រសួង​ពាណិជ្ជកម្ម​ដែរ យើង​អត់​បាន​ដឹង​រឿង​នេះ​សោះ​។ អ៊ីចឹង ទុក​ពេល​ឱ្យ​ខ្ញុំ​តាម​មើល​បន្តិច​សិន តើ​វា​មាន​រឿង​យ៉ាង​ម៉េច​? ទាក់ទង​រឿង​ហ្នឹង ជា​ទូទៅ​អត់​បាន​ទទួល​ព័ត៌មាន​អី​ពី​រឿង​សោះ ហើយ​មក​ទល់​ពេល​នេះ ក៏​វា​អត់​ទាន់​មានដំណឹង​អី​មក​ក្រសួង​អី​ដូច​អត់​មាន។ អ៊ីចឹង សូម​អភ័យ​ទោស ដោយសារ វា​អត់​មាន​ព័ត៌មាន​អី​ជូន​ក្មួយ​បាន។ បើ​សួរ​រឿង​ចុះ​បញ្ជី ទាល់​តែ​ខ្ញុំ​ទៅ​បើក​បញ្ជី ឥឡូវ​ខ្ញុំ​នៅ​ផ្ទះ​នៅ​ឡើយ ថ្ងៃ​ចន្ទ​អី​ទៅ យើង​ទៅ​ឆែក​មើល​បញ្ជី​ថា ក្រុមហ៊ុន​ហ្នឹង​មាន​ចុះ​បញ្ជី​ឬ​យ៉ាង?»

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា បើ​រដ្ឋាភិបាល​ស្អាតស្អំ និង​មាន​ការ​ទទួល​ខុស​ត្រូវ ជន​បង្ក​ក្នុង​ទ្រង់ទ្រាយ​ធំ​បែប​នេះ មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ទេ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា គួរ​មើល​គំរូ​តាម​វៀតណាម ​និង​ចិន ដែល​ក្នុង​ពេល​ថ្មីៗ​នេះ បាន​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​មិន​ឱ្យ​ជន​ពុករលួយ​ណា​ម្នាក់​រួច​ខ្លួន​ទេ។

លោក​ថា ទំហំ​ពុករលួយ​នៅ​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី នេះ មិន​តូច​តាច​ទេ ដូច្នេះ រដ្ឋ​អំណាច​គួរ​មាន​វិធានការ​ជាក់លាក់ និង​ស្រាវជ្រាវ​ឱ្យ​ដល់​ឫស​គល់ ដើម្បី​បោក​សំអាត​អំពើ​ល្មើស​នេះ​ចេញ​ពី​កម្ពុជា ក្នុង​គោលដៅ​លាង​មុខ​មាត់​រដ្ឋាភិបាល។

លោក វ៉ន ចាន់ឡូត​៖ «ជៀសវាង​ការ​មើល​ថា រឿង​នេះ មាន​រដ្ឋាភិបាល​នៅ​ពី​ក្រោយ ពីព្រោះ​យើង​ជាក់​ស្ដែង ជន​បង្ក​តែង​ព្យាយាម​ផ្សារភ្ជាប់​​ខ្លួន​ជាមួយ​រដ្ឋ​អំណាច រាប់​ចាប់​តាំង​ពី​នាយក​រដ្ឋមន្ត្រី​ទៅ ហើយ​ហ្នឹង​មន្ត្រី​គ្រាក់ៗ នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឬ​ក៏​អ្នក​មាន​អំណាច​ណា​មួយ​ដែល​អ្នក​ទាំង​នោះ អាច​មើល​ឃើញ​ថា ជួយ​ការពារ​ជួយ​កាង​ខ្លួន ដើម្បី​ឱ្យ​រួច​ផុត​អំពី​សំណាញ់​ច្បាប់​ឬ យើង​ហៅ​ថា បង្កើត​បាន​ទៅ​ជា​វប្បធម៌​និទ្ទណ្ឌភាព​ហ្នឹង»

កន្លង​មក ក្នុង​សំណុំ​ពុករលួយ​នៅ​រឿង​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី នេះ ម្ចាស់​គណនី ​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) គឺ​លោក យ៉ង ប៉ាក់ ធ្លាប់​បាន​បញ្ជាក់​ថា លោក​ក៏​ជា​ជន​រង​គ្រោះ​ម្នាក់ នៅ​ក្នុង​ការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែរ។

លោក យ៉ង ប៉ាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក ក្រោយ​ពី​លោក​បាន​ផ្សព្វផ្សាយ​ថា អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា (TI) និង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី គឺ​លោក ព្រាប កុល ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ លួច​លុយ​ក្នុង​ក្រុមហ៊ុន​នេះ ប៉ុន្តែ​ត្រូវ​បាន​លោក ព្រាប កុល បដិសេធ​។

លោក យ៉ង ប៉ាក់ ធ្លាប់​បាន​អះអាង​នៅ​មុន​ការ​ចាប់​ខ្លួន​ថា លោក​មាន​ភស្តុតាង ដែល​បញ្ជាក់​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក ព្រាប កុល ក្នុង​ការ​កិបកេង​លុយ​ជាង​៨០​លាន​ដុល្លារ​។

អ្នកឧកញ៉ា គួច ម៉េងលី គឺ​ជា​ជន​រងគ្រោះ​មួយ​រូប​ដែរ ក្នុង​ចំណោម​ជន​រងគ្រោះ ​ជា​ច្រើន​ផ្សេង​ទៀត បាន​អះអាង​ថា លោក​ខាត​បង់​អស់​លុយ​ជិត ៣០ ម៉ឺន​ដុល្លារ ​ក្នុង​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី នេះ។

អ្នក​ឧកញ៉ា បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា មិន​អាច​បន្ត​រស់នៅ​ក្រោម​ការ​បំពុល ​បរិយាកាស​សង្គម និង​ភាព​មិន​ប្រក្រតី​នានា នៃ​បរិស្ថាន​សង្គម​បែប​នេះ ទៀត​ឡើយ ដោយ​លោក​ថា ប្រសិន​បើ​នៅ​តែ​បន្ត​បែប​នេះ នោះ​ប្រជាជន​នឹង​បន្ត​រង​ភាព​ អយុត្តិធម៌ ហើយ​ក៏​គ្មាន​សន្តិភាព​ក្នុង​ចិត្ត។

លោក​ថា ប្រសិន​បើ​រឿង​នេះ នៅ​តែ​បន្ត​កើត​មាន​ ហើយ​ឧក្រិដ្ឋជន​មិន​ត្រូវ​បាន​នាំ​មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​ទេ នោះ​វា​នឹង​បង្ក​ឱ្យ​កាន់​តែ​​មាន​ភាព​ច្របូកច្របល់​នៅ ​ក្នុង​សង្គម ដែល​នាំ​ទៅ​រក​ការ​បំផ្លិចបំផ្លាញ​នូវ​សក្ដានុពល ផ្នែក​មីក្រូ​និង​ ប្រព័ន្ធ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទាំង​មូល។

អ្នកឧកញ៉ា គួច ម៉េងលី បន្ថែម​ថា ប្រសិន​បើ​ទុក​ឱ្យ​ជន​បោក​ប្រាស់ មាន​ឱកាស​បន្ត​បំផ្លាញ​ប្រជាជន និង​សេដ្ឋកិច្ច​នោះ ប្រទេស​កម្ពុជា​នឹង​ខូចខាត​យ៉ាង​ធំ​នា​ពេល​ ខាង​មុន ខណៈ​ប្រជាជន ក៏​នឹង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​ទំនុក​ចិត្ត​លើ ​សមត្ថភាព​ដឹក​នាំ​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​ជាមួយ​និង​ភាព​អយុត្តិធម៌ ​ដែល​បង្ក​ដោយ​សេរី  ពី​សំណាក់​ជន​បោកប្រាស់​មួយ​ក្រុម​តូច​នៅ​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។