សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ជាង ១០០​គីឡូ​ចូល​កម្ពុជា

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​អំពី​កំណើន​គ្រឿងញៀន​ចូល​កម្ពុជា​តាមរយៈ​ជនជាតិ​ចិន ដែល​ធ្វើ​ប៉ះពាល់​ដល់​សង្គម និង​ស្មារតី​យុវជន​ដែល​ជា​អ្នក​បន្តវេន​អភិវឌ្ឍ​ប្រទេសជាតិ​នៅ​ថ្ងៃ​អនាគត​។ ក្ដី​បារម្ភ​នេះ ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ជាង ១​០០ គីឡូក្រាម​ចូល​កម្ពុជា។

មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង និង​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព ខណៈ​ជនជាតិ​ចិន​នៅតែ​បន្ត​ដឹកជញ្ជូន​គ្រឿងញៀន​ចូល​កម្ពុជា​ឥត​ឈប់ឈរ។

នាយក​ទទួលបន្ទុក​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២ កញ្ញា ថា លំហូរ​គ្រឿងញៀន​ចូល​កម្ពុជា​ឥត​ថមថយ​ដូច​សព្វថ្ងៃ​នេះ គឺជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ និង​គ្រោះថ្នាក់​សម្រាប់​ពលរដ្ឋ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ដែល​អាច​រង​ផល​ប៉ះពាល់​ដោយសារតែ​ប្រើប្រាស់​គ្រឿងញៀន​នេះ។ លោក​លើកឡើង​បន្ត​ថា បើ​ប្រជាពលរដ្ឋ ឬ​ក្រុម​យុវជន ផុងខ្លួន​ប្រើប្រាស់​គ្រឿងញៀន​កាន់តែ​ច្រើន នោះ​សង្គម​ក៏​កាន់តែ​ប្រឈម​បាត់បង់​ធនធាន​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​កាន់តែ​ច្រើន​ដែរ។

លោក​បន្ត​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ​ចំពោះ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ត្រូវ​ស៊ើបអង្កេត​តាម​ចាប់​មេខ្លោង​ធំៗ យក​មក​អនុវត្ត​ទោស ទើប​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នេះ​មាន​ប្រសិទ្ធភាព៖ «គ្រឿងញៀន​បំពុល​សង្គមជាតិ​យើង គ្រឿងញៀន​បំផ្លាញ​ធនធាន និង​សេដ្ឋកិច្ច​សង្គមជាតិ​យើង​។ ដូច្នេះ បញ្ហា​គ្រឿងញៀន​នេះ វា​ជា​បញ្ហា​ធំ ដែល​ទាមទារ​ឱ្យ​មាន​ការ​បង្ក្រាប និង​ទប់ស្កាត់​ឱ្យ​បាន​ជា​ដាច់ខាត​។ អ៊ីចឹង បញ្ហា​នេះ ត្រូវ​ចាប់ផ្ដើម​ពី​យើង​គ្រប់គ្នា និយាយ​ថា ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។ មួយ​ទៀត អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​គឺ​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន»។

ប្រតិ​កម្ម​នេះ ធ្វើ​ឡើង​ក្រោយ​សមត្ថកិច្ច បង្ក្រាប​បាន​មេខ្លោង​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ម្នាក់​ដែល​ដឹកជញ្ជូន​គ្រឿងញៀន​ប្រភេទ កេតាមីន (KETAMINE) ចំនួន ១​រយ​ដុំ (១០០) ស្មើនឹង​ទម្ងន់​ជាង ១០០គីឡូក្រាម​ចូល​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២ កញ្ញា ថា ជនជាតិ​ចិន​ដែល​ដឹកជញ្ជូន​គ្រឿងញៀន​ចូល​កម្ពុជា​មានឈ្មោះ ទូ សឺរុង (TU SUERONG)​។ អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹង​ថា កាលពី​ថ្ងៃទី​៣០ ខែសីហា កន្លង​ទៅ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ព្រះសីហនុ បង្ក្រាប​មេខ្លោង​ឧក្រិដ្ឋជន​ជនជាតិ​ចិន​រូប​នេះ នៅ​ចំណុច ផ្លូវ​ដើមឈើ​ចាំ​ស្នេហ៍ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អះអាង​ថា ឧក្រិដ្ឋជន​គ្រឿងញៀន​ជនជាតិ​ចិន​រូប​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តព្រះវិហារ​រួចរាល់​ហើយ។

ស្របគ្នា​នេះ​ដែរ អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​អះអាង​ថា សមត្ថកិច្ច​បាន​បន្ត​ការ​ស៊ើបអង្កេត និង​បង្ក្រាប​បាន​ជន​ជាតិចិន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ជា​បន្តបន្ទាប់។

នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​ឱ្យ​ដឹង នៅ​ថ្ងៃទី​២ កញ្ញា ថា កាលពី​ថ្ងៃទី​២២ ខែសីហា សមត្ថកិច្ច​ស៊ើបអង្កេត​ទីតាំង​ជួញដូរ​គ្រឿងញៀន ២​គោលដៅ​ផ្សេងគ្នា​។ ក្នុង​នោះ​មួយ​គោលដៅ នៅ​ទល់មុខ​ខុន​ដូរ អិល ស្ថិត​ក្នុង​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​គោលដៅ​ទី​ពីរ​ស្ថិត​ក្នុង ខុនដូរប៉ាវលី ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ម្នាក់ ព្រមទាំង​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ អ៊ិចស្តាស៊ី (MDMA) ចំនួន ៧​គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ​ជា​គ្រឿងញៀន​ជាង ១០​គីឡូក្រាម។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ម៉ក់ ជីតូ ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​០២ កញ្ញា​។ ចំណែក នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក ឡឹក វណ្ណៈ ក៏​មិនអាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះបីជា​យ៉ាងណា កម្ពុជា​នា​រយៈពេល​ចុងក្រោយ​នេះ ហាក់​កំពុង​រង​ការ​ញាំញី​យ៉ាង​ខ្លាំង​ពី​លំហូរ​គ្រឿងញៀន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ពិសេស​តាមរយៈ​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ដែល​បើក​រោងចក្រ​ផលិត​គ្រឿងញៀន និង​ដឹក​ឆ្លងដែន​ចូល​កម្ពុជា​។ អាជ្ញាធរ តែងតែ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​ដោយ​រឹបអូស​គ្រឿងញៀន​ម្តងៗ​រាប់​រយ​គីឡូក្រាម ហើយ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ខ្លះ ក្រុម​ឧក្រិដ្ឋជន​បាន​ដក​កាំភ្លើង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ថែម​ទៀត​ផង។

ជាក់ស្តែង កាលពី​ថ្ងៃទី​៣១ សីហា កន្លង​ទៅ ក្រុម​ឧក្រិដ្ឋជន​ចំនួន ៤​នាក់ បាន​ដក​កាំភ្លើង​បាញ់រះ​ជាមួយ​សមត្ថកិច្ច​ក្នុង​ពេល​ចុះ​បង្ក្រាប នៅ​ពេល​ដែល​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​បាន​ដឹកជញ្ជូន​គ្រឿងញៀន មក​ចំណុច​សង្កាត់​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​។ ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​នោះ បណ្ដាល​ឱ្យ​ជនសង្ស័យ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់ រួម​ទាំង​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់​រង​របួស​ធ្ងន់ ហើយ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ទៀត​ផង​។ ចំណែក ឧក្រិដ្ឋជន ២​នាក់ ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន។

នាយក​ទទួលបន្ទុក​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ថា ករណី​ឧក្រិដ្ឋជន​ដែល​ដក​កាំភ្លើង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច និង​ដឹកជញ្ជូន​គ្រឿងញៀន​ចូល​កម្ពុជា​រាប់​រយ​តោន​កន្លង​មក​នេះ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ឧក្រិដ្ឋជន​មិន​បាន​ញញើត​ច្បាប់​កម្ពុជា​នោះ​ទេ ហើយ​ពួកគេ​តែងតែ​ចាត់ទុក​កម្ពុជា​ជាទី​កន្លែង​សម្រាប់​ពួកគេ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។