ទស្សនៈ​ជុំវិញ​ការ​ប្រកាស​របស់​សាលា​រាជធានី​ឲ្យ​ផ្អាក​ចរាចរ និង​សកម្មភាព​អាជីវកម្ម​ពេល​យប់

ដោយ សេក បណ្ឌិត
2021-04-02
Share
ទស្សនៈ​ជុំវិញ​ការ​ប្រកាស​របស់​សាលា​រាជធានី​ឲ្យ​ផ្អាក​ចរាចរ និង​សកម្មភាព​អាជីវកម្ម​ពេល​យប់ ទិដ្ឋភាព​នា​ពេល​យប់​ថ្ងៃ​​ទី១ ខែ​មេសា ឆ្នាំ​២០២១។
រូប​ពី​ហ្វេសប៊ុក

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម បាន​បញ្ចេញ​ទស្សនៈ ឬ Comments ជាច្រើន​ពាក់ព័ន្ធ​សាលាក្រុង​ភ្នំពេញ​ប្រកាស​ឲ្យ​ផ្អាក​ចរាចរ រួម​ទាំង​សកម្មភាព​អាជីវកម្ម នៅពេល​យប់ គឺ​ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី ១ ខែមេសា ដល់​ថ្ងៃទី ១៤ ខែមេសា។

ពួកគេ​ភាគច្រើន​រិះគន់​ថា ការ​ប្រកាស​សារាចរ​ចេញ​ភ្លាម ដាក់​ឲ្យ​អនុវត្ត​ភ្លាមៗ​បែបនេះ ដូចជា​លឿន​ពេក​ហើយ។

ទំព័រ​ហ្វេសប៊ុក (Page) របស់ លោក បណ្ឌិត យ៉ង សាំង កុមារ ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​អ្នកជំនាញ​ខាង​កសិកម្ម (Yang Saing Koma) បាន​បង្ហោះ ឬ​ផុស​រូប​មួយ​ផ្ទាំង​ដោយ​សរសេរ​ថា​៖ «បំរាម គោចរ​: ព្រឹក​ចេញ ល្ងាច អនុវត្ត ។ តើ​លទ្ធផល​យ៉ាង​ណា​ដែរ​……?

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Chanthy Painite បាន​Comments តប​ថា «​អាណិត​អ្នកផ្ទះ​នៅ​ឆ្ងាយៗ​លោកគ្រូ​…!! »

ម្ចាស់​គណនី​ហ្វេសប៊ុក មួយទៀត ឈ្មោះ Tep Bunnarith បាន Comments តប នឹង​សំនួរ​របស់​លោក បណ្ឌិត យ៉ង សាំង កុមារ ដែរ​ថា ៖ «​ស្រុក​យើង​អ៊ីចឹង តាម​គោលការណ៍​ច្បាប់ ៣០​ថ្ងៃ ទើប​ចូល​ជា​ធរមាន​…»

ដោយឡែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ROSKONG : បាន Comments ស្រដៀង​គ្នា​ដែរ ថា ចេញ​ច្បាប់​ភ្លាម អនុវត្ត ភ្លាម ខ្ញុំ​បារម្ភ​ថា ការ​ផ្សព្វផ្សាយ​មិន​ទាន់​ទូលំទូលាយ មាន​អ្នក​ខុស​ច្រើន​!! អាច​ជា​គ្រោះ / អាច​ជា​ឱកាស​មាស​…!! ម៉ោង ៥ ទៅ​ផ្ទះ​!!

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក មួយទៀត ឈ្មោះ Theng Savoeun ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​រូប​ដែរ​នោះ ក៏បាន​បង្ហោះ​រូបថត ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ស្ងប់ស្ងាត់​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​នា​ពេល​យប់ ក្រោយពី​អាជ្ញាធរ​ប្រកាស​ឲ្យ​អនុវត្ត​ភ្លាមៗ​នូវ​បំរាម គោចរ កាលពី​ថ្ងៃ ទី​០១ មេសា​នោះ​។ ភ្ជាប់​ជាមួយ​រូបភាព​នោះ លោក​បាន​សរសេរថា​៖ «​ប្រវត្តិសាស្ត្រ​ស្ងប់ស្ងាត់​ភ្នំពេញ​ខែ​មេសា»

លោក​បាន​ភ្ជាប់​ទិដ្ឋភាព​នេះ ទៅ​នឹង​ថ្ងៃ​-១៧ មេសា ឆ្នាំ​១៩៧៥។ លោក​សរសេរ​បន្ត​ថា​៖ ភ្នំពេញ​ស្ងាត់​ទាំងយប់ ទាំង​ថ្ងៃ​ដោយសារ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ភ្នំពេញ ៤៦​ឆ្នាំមុន។

ចំណែក​- ០១ មេសា ២០២១ ភ្នំពេញ​ស្ងប់ស្ងាត់​តាម​ដងផ្លូវ​ពេលយប់ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ផ្ទះ​ដោយសារ​បំរាម​គោចរ ការពារ​កូវីដ១៩។

ហ្វេសប៊ុក ឈ្មោះ Theng Savoeun បាន សរសេរ ព្រមាន ដែរ​ថា​៖ «​ផឹក​-​ស៊ី តាម​ភោជនីយដ្ឋាន​ប្រយ័ត្ន​រង​វិធានការ​រដ្ឋបាល​» លោក សរសេរ​ទៀត​ថា​៖ សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​វិធានការ​រដ្ឋបាល​បណ្ដោះអាសន្ន ហាម​ជួបជុំគ្នា​ផឹក​-​ស៊ី​តាម​ភោជនីយដ្ឋាន និង​ហាង​លក់​ម្ហូបអាហារ​ចាប់ពី​ម៉ោង ២០ ឬ ម៉ោង​០៨ យប់ ដល់​ម៉ោង ៥​ទៀបភ្លឺ ក្នុង​រយ​:​ពេល ២​អាទិត្យ ដោយ​គិត​ចាប់ពី​ថ្ងៃទី ០១-១៤ ខែមេសា ឆ្នាំ ២០២១ ដូច​ច្នេះ​អ្នក​ដែល​ចូលចិត្ត​ជួបជុំគ្នា​ផឹក​-​ស៊ី តាម​ភោជនីយដ្ឋាន និង​ហាង​លក់​ម្ហូបអាហារ​ប្រយ័ត្ន​ត្រូវ​វិន័យ​រដ្ឋបាល។

ជាមួយគ្នា​នោះ លោក​សូម​ឲ្យ​អាន​សេចក្ដី​សម្រេច​លំអិត ដែល​លោក​បាន​បង្ហោះ​មក​ជា​មួយ នឹង​រូបភាព​ជល​កែវ​ស្រាបៀរ និង​លិខិត​បំរាម គោចរ របស់​សាលា​ក្រុងភ្នំពេញ។

រីឯ​ម្ចាស់​គណនី​យ ហ្វេសប៊ុក ឈ្មោះ Khek Khemrath បាន​សរសេរ​Comments ថា​៖ ចូលរួម​ទាំងអស់គ្នា «៣​កុំ ៣​ការពារ ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ភាព​ស្ងប់ស្ងាត់ គ្មាន​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ពេល​យប់។

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក មួយទៀត ឈ្មោះ វ៉ាន់ សារាយ Vann Saray បាន​សរសេរ Comments ថា​៖ ផ្សារ​ដើម​គរ ចែកចាយ​បន្លែ​តែ​ពេលយប់​។ ចែក​មិន​ត្រឹមតែ​ភ្នំពេញ​ទេ ចែក​ទៅតាម​បណ្តា​ខេត្ត​ផង​ដែរ​។ វិធានការ​ផ្អាក​គោចរ ផ្អាក​អាជីវកម្ម​ក្នុង​រាជធានី​ពី​៨​យប់ ដល់​៥​ព្រឹក ជា​រឿង​ចាំបាច់​ដើម្បី​កាត់​ផ្តាច់​ការ​ចម្លង​កូវីដ​១៩​ក្នុង​សហគមន៍​នា​ពេល​បច្ចុប្បន្ន។ បើ​ទោះ​បី​យ៉ាងណា បន្លែ​ហូបចុក​ក៏​សំខាន់ បន្លែ​ដាំ​បាន​បើ​រាំងស្ទះ​ការ​លក់​ក៏​ខូច​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លឹងថ្លែង​លើ​បញ្ហា​នេះ ហើយ​ក្នុង​សេចក្តី​ប្រកាស​មិន​បាន​បង្ហាញ​ពី​ការ​ផ្អាក​ផ្សារ​នោះ​ឡើយ​។ អ្វី​ដែល​ចោទ​នោះ គឺ​ការ​ធ្វើដំណើរ​របស់​អាជីវករ​ក្នុង​ម៉ោង​ហាមឃាត់។

ប្រភព​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាល់​អាជីវករ​គួរ​មាន​លិខិតបញ្ជាក់​ពី​ការ​ខាង​ផ្សារ ឬ​អាជ្ញាធរ ដើម្បី​បង្ហាញ​សមត្ថកិច្ច​សម្រួល​ការ​ធ្វើ​ដំណើរ​ទិញដូរ​បន្លែ។

បន្ថែម​ពីលើ​នោះ វិធានការ​សុខាភិបាល​ការពារ​កូវីដ​១៩ ជា​រឿង​សំខាន់ និង​ទាមទារ​អនុវត្ត​ចាំបាច់​នៅពេល​លក់ដូរ​បន្លែ​។ បើ​កើត​កូវីដ​១៩​ហើយ គ្មាន​ឱកាស​លក់​បន្លែ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល