មតិ​ពលរដ្ឋ​រឿង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​បន្ទាប់​ពី​កូន​អត់​ការ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយសារ​ជំងឺ​កូវីដ-១៩

ដោយ ម៉ៅ សុធានី
2020-04-04
Share
ពលករ​ខ្មែរ ប៉ោយប៉ែត ២០១៧ ៦២២ ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

គ្រួសារ​របស់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ចាប់ផ្ដើម​ត្អូញត្អែរ​អំពី​ជីវភាព​ខ្វះខាត បន្ទាប់ពី​កូន​និង​ប្ដី​នៅ​ក្រៅ​ប្រទេស​អត់​ការងារ​ធ្វើជា​ច្រើន​ថ្ងៃ ហើយ​គ្មាន​ប្រាក់​ផ្ញើ​ទៅ​ផ្ទះ​ដោយសារ​ជំងឺ​កូវីដ-១៩។ តើ​សាច់ញាតិ​របស់​ពលករ​ខ្មែរ​ទាំងនោះ​ជួប​ការ​លំបាក​យ៉ាងណា​បន្ទាប់ពី​កូន និង​ប្ដី​បាត់បង់​ការងារ​នៅ​ប្រទេស​ថៃ​មួយ​រយៈ​មកនេះ។

ប្រជាពលរដ្ឋ​ដែល​មាន​កូន និង​ប្ដី​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​លើកឡើង​ស្រដៀង​គ្នា​ថា ពួកគាត់​ព្រួយបារម្ភ​ខ្លាច​គ្មាន​អង្ករ​ច្រក​ឆ្នាំ​នៅ​ពេល​ខាងមុខ ព្រោះ​សព្វថ្ងៃ​គ្មាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ។ប្រជាពលរដ្ឋ​ម្នាក់​នៅ​រស់​នៅ​ខេត្ត​សៀមរាប​លោកស្រី រើង សឿន ថ្លែង​នៅ​ថ្ងៃ​ទី​៤ មេសា ថា​កូន​របស់​លោកស្រី​ចំនួន​៣​នាក់​បាន​ត្រឡប់​មក​ដល់​ស្រុកកំណើត​វិញ​ប្រមាណ ៣​សប្ដាហ៍​ហើយ ដោយ​សារ​ថៅកែ​របស់​ពួកគេ​ផ្អាក​ការងារ​មួយរយៈ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​កូវីដ១៩។ លោកស្រី​បន្ថែម​ថា សព្វថ្ងៃ​ចាប់ផ្ដើម​គ្មាន​ប្រាក់ចំណូល​បង់​ធនាគារ និង​ប្រាក់​ចាយវាយ​ក្នុង​គ្រួសារ​ហើយ ដោយ​សារ​នៅផ្ទះ​គ្មាន​មុខរបរ​រក​ប្រាក់​ចំណូល​ពីព្រោះ​កន្លង​ទៅ ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ប្រាក់ចំណូល​របស់​កូន​ធ្វើការ​នៅ​ប្រទេស​ថៃ៖ «កាន់តែ​យ៉ាប់​ហើយ​ខ្ញុំ​កាល​កូន​នៅ​ថៃ មាន​ហូបចុក​បាន​គ្រប់គ្រាន់ ដល់ពេល​ឥឡូវនេះ​សូម្បីតែ​ប្រាក់​ទិញ​ម្សៅ​ស៊ុប ក៏​គ្មាន​ដែរ​។ បើ​រក​ការងារ​មិន​បាន​ធ្វើ​មិន​ដឹង​ថា គិត​ធ្វើ​យ៉ាងម៉េច​ទេ គិត​ភ័យខ្លាច​អត់​មាន​លុយ​បង់​ធនាគារ ប្រសិនជា​ធនាគារ​គេ​ពន្យារ​បាន​ខ្លះ​មក​ល្អ ដល់​យើង​អត់​ការងារ​ធ្វើ​រក​ប្រាក់​ណា​បង់​ធនាគារ​បាន»

ស្រដៀង​គ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​លោកស្រី សូត្រ មុំ រៀបរាប់​ថា កូន​របស់​លោកស្រី​២​នាក់ ធ្វើការ​នៅ​ហាង​លក់​បាយ​ម្ហូប​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​ប្រទេស​ថៃ ត្រូវ​បាន​ថៅកែ​ផ្អាក​ការងារ​ជាង​កន្លះ​ខែ​ហើយ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩។ លោកស្រី​បញ្ជាក់​ថា ចាប់​តាំង​ពី​កូន​អត់​ការងារ​ធ្វើ​មក​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​គ្រួសារ​នៅ​ស្រុកកំណើត ជាពិសេស​គ្មាន​ប្រាក់​ទិញ​អង្ក​ច្រក​ឆ្នាំង ហើយ​ថា​លោកស្រី​មាន​ជំងឺ​ប្រចាំ​កាយ​ដូច្នេះ​មិន​អាច​ធ្វើ​ការងារ​ធ្ងន់​បាន​ឡើយ៖ «ខ្ញុំ​ពិបាក​ណាស់​ដល់ពេល​និយាយ​ដល់​កន្លែង​ហ្នឹង ខ្ញុំ​ចង់តែ​យំ​ទេ​ដោយសារ​ខ្ញុំ​អត់​ពេក និយាយ​ទៅ​វា​លំបាក​ក្នុង​រស់នៅ​បណ្ដោយ។ ម្យ៉ាងទៀត​ខ្ញុំ​ភ័យ​លើ​សុវត្ថិភាព​កូន​នៅ​ក្រៅ​ប្រទេស​ខ្ញុំ​ទូរស័ព្ទ​សួរ​កូន​ថា ថៅកែ​អត់​ទាន​ឱ្យ​ចេញ​ទៅ​ណា​ទេ​ឱ្យ​នៅ​ថៃ​សិន ក្រែង​ជំងឺ​បាន​ធូរស្រាល​វិញ​គាត់​នឹង​អាច​បាន​ការងារ​ធ្វើ​វិញ​ប៉ុន្តែ​បើ​សិន​ជំងឺ​មិនបាន​ធូរស្រាល​ទេតើ​ឱ្យ​ខ្ញុំ​សង្ឃឹម​អ្វី​ហើយ​កូន​របស់ខ្ញុំ​ក៏​ប្រឈម​នឹង​ដាច់​បាយ​ដែរ»

ចំណែក​ឯ​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​គឺ​លោកស្រី ថាល សីន វិញ បាន​ឱ្យ​ដឹង​ដែរ​ថា ប្ដី​របស់​លោកស្រី​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ គឺ​ត្រូវ​បាន​ថៅកែ​ថៃ​ផ្អាក​ការងារ​ជិត​១០​ថ្ងៃ​ហើយ​ដែរ ដើម្បី​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវិដ-១៩។ លោកស្រី​បន្ត​ថា ក្នុង​ខែ​នេះ​ប្ដី​របស់​ខ្លួន​មិន​បាន​ផ្ញើ​ប្រាក់​មក​ឱ្យ​គ្រួសារ​នៅផ្ទះ​នោះ​ទេ ព្រោះ​ដើម្បី​សន្សំ​ប្រាក់​ទុក​ចាយវាយ​នៅ​ក្រៅ​ប្រទេស​អំឡុង​ពេល​អត់​ការងារ​ធ្វើ៖ «ខ្ញុំ​ដេក​ចាំតែ​លុយ​ប្ដី​ផ្ញើ​មក បើ​ប្ដី​អត់​ការងារ​មិន​ដឹង​គិត​យ៉ាង​ណា​ទេ។ ណាមួយ​គាត់​ថា នៅ​ប្រទេស​ថៃ​ក៏​អត់​មានការ​ងារ​ធ្វើ​ហើយ​ដេកស៊ី​ដែរ បើ​ដេកស៊ី​ទាំង​សង្ខាង​អីចឹង​មិន​ដឹង​ទៅ​ថ្ងៃមុខ​ទៅ គ្រួសារ​ខ្ញុំ​មិនដឹង​ទៅ​យ៉ាងម៉េច បើ​ប្ដី​ក៏​រក​មិន​បាន​ហើយ​ខ្ញុំ​នៅផ្ទះ​មើល​កូន​តូច​គ្មាន​ការងារ​អី​ធ្វើ​អីចឹង»

កាល​ពី​ថ្ងៃ​ទី​៩ មីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែ​នាំ​ឱ្យ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ពិចារណា​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​សង​ត្រឡប់​ទៅ​ស្ថាប័ន​ទាំងនោះ​វិញ ចំពោះ​កម្មករ ដែល​ជួប​បញ្ហា​ដូចជា​រោងចក្រ​បិទ​បណ្ដោះអាសន្ន ឬ​ព្យួរ​ការងារ​ជាដើម។

ប្រធាន​ផ្នែក​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សិទ្ធិ​ការងារ​សង់ត្រាល់ លោក ឌី ថេហូយ៉ា (Central) មាន​ប្រសាសន៍​ថា ពលក​រ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ធំ អាច​នឹង​នាំគ្នា​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ពេល​ខាងមុខ ប្រសិនបើ​ជំងឺ​កូវីដ​១៩​បន្ត​អូស​បន្លាយពេល​យូរ​ទៅ​មុខ​ទៀត ដោយសារ​នៅ​ប្រទេស​ថៃ​អត់​ការងារ​ធ្វើ​ហើយ​គ្មាន​ប្រាក់​បង់​ចាយវាយ​ប្រចាំថ្ងៃ និង​ប្រាក់​បង់ថ្លៃ​បន្ទប់​ជួល។

របាយការណ៍​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​ប្រទេស​ថៃ​មាន​ជាង ១ លាន ១ សែន​នាក់​(.១០០.០០០) ។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ស្របច្បាប់​និង​ខុសច្បាប់​ប្រមាណ ២​លាន​នាក់​(.០០០.០០០)​កំពុង​ធ្វើ​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។