តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត-ក្រុង និងសកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង ប្រមាណ ៦០នាក់ ធ្វើពិធីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោក កែម ឡី។ អ្នកចូលរួមពិធីនៅថ្ងៃទី១២ ខែកក្កដា នេះបានបង្ហាញទឹកមុខក្រៀមក្រំ និងសោកស្ដាយលោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម ជាពន់ពេក និងបានអំពាវនាវឲ្យសមត្ថកិច្ចវែករកមុខឃាតកពិតប្រាកដ និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោស។
តំណាងរាស្ត្របក្សប្រឆាំង អាណិកជនខ្មែររស់នៅប្រទេសបែលហ្សិក និងពលរដ្ឋនៅខេត្តកំពង់ឆ្នាំង មួយចំនួនមិនជឿថា ករណីបាញ់សម្លាប់លោក កែម ឡី នៅកណ្ដាលក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះជារឿងបុគ្គលទេ។ ពួកគេសង្ស័យថា អាចជារឿងនយោបាយ ដោយសារលោកបានវិភាគចំៗលើថ្នាក់ដឹកនាំរដ្ឋាភិបាលមិនសំចៃមាត់ក្នុងរយៈពេលចុងក្រោយនេះ។
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង កូតាពីគណបក្សសង្គ្រោះជាតិ លោក ង៉ោ គឹមជាង មានប្រសាសន៍ថា គោលបំណងសំខាន់នៃការរៀបចំពិធីនេះគឺដើម្បីផ្ដល់ឱកាសដល់អ្នកគោរពស្រឡាញ់លោក កែម ឡី ចូលអុជធូប ឬឧទ្ទិសកុសលជូនលោកក្នុងរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែកក្កដា តទៅ។
ស្របពេលគ្នានេះលោកក៏អំពាវនាវឲ្យសមត្ថកិច្ចវែកញែករកខុសត្រូវលើករណីនេះឲ្យបានឆាប់៖ «គណបក្សសង្គ្រោះជាតិ យល់ឃើញថា គាត់ (កែម ឡី) ជាបណ្ឌិតហ៊ាននិយាយការពិត ហ៊ានទិតៀនរដ្ឋាភិបាល គាត់ជាមនុស្សមានឆន្ទៈខ្ពស់ អ្នកស្នេហាជាតិ ហើយបានរៀបចំជួយដល់យុវជនជំនាន់ក្រោយឲ្យមានឆន្ទៈខ្ពស់ ដើម្បីការពារប្រទេសជាតិយើង ហើយដែលគេចាប់បានឃាតកនិយាយថា លោកបណ្ឌិត កែម ឡី ជំពាក់ថវិកាបីពាន់ដុល្លារនោះខ្ញុំមិនជឿទេ»។
ចំណែកពលរដ្ឋម្នាក់មកពីឃុំតាជេស ស្រុកកំពង់ត្រឡាច លោក សួស សុធាវុធ ថា រូបលោក និងអ្នកស្រុកភូមិផ្សេងទៀតសោកស្ដាយចំពោះការបាត់បង់អ្នកចេះដឹងដូចជាលោក កែម ឡី៖ «មកនេះក្នុងគោលបំណងកាន់ទុក្ខ! យើងខ្ញុំជាប្រជាពលរដ្ឋមានការឈឺចាប់យ៉ាងខ្លាំង ចំពោះការធ្វើឃាតដ៏សាហាវយង់ឃ្នង»។
រីឯអាណិកជនខ្មែររស់នៅប្រទេសបែលហ្សិក ម្នាក់ដែលស្កាត់មកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោក កែម ឡី គឺលោក ហ៊ី ណណ ថា លោកក្ដុកក្ដួល និងសោកសង្រេងចំពោះលោកបណ្ឌិត កែម ឡី៖ «ប្រទេសខ្មែរយើង ជាពិសេសរាជរដ្ឋាភិបាល ជាការអាម៉ាស់មួយធំណាស់ដែលយើងមកសម្លាប់បណ្ឌិត ហើយខ្ញុំជាខ្មែរមួយរូបដែរ គឺខ្មាសជាតិគេដទៃណាស់ ព្រោះជាតិមួយៗ ដើម្បីឲ្យប្រទេសជឿនលឿន គេទុកអ្នកប្រាជ្ញ ឬអ្នកចេះដឹង ដូច្នេះប្រទេសកម្ពុជាយើងថ្ងៃណាទៅទើបងើបរួច។ ដូច្នេះការសម្លាប់នេះខ្ញុំយល់ថា មិនមែនជាឈាមជ័រខ្មែរទេ គឺជាឈាមជ័រអ្នកឈ្លានពានប្រទេសកម្ពុជា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅអំពើឃាតកម្មលើបណ្ឌិត កែម ឡី ថាជាអំពើឃោរឃៅព្រៃផ្សៃ ហើយលោកចេញបញ្ជាឱ្យសមត្ថកិច្ចស្វែងរកជនដៃដល់ និងជនឃុបឃិតទាំងឡាយ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។
លោក ហ៊ុន សែន ថា ឃាតកម្មនេះប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់របស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងចាត់ទុកថា នេះជាការផ្ចាញ់ផ្ចាលដល់រដ្ឋាភិបាលរបស់លោក ដែលតែងប្រកាសក្ដែងៗអំពីសន្តិភាព និងសុវត្ថិភាពក្នុងសង្គម៖ «រាជរដ្ឋាភិបាល គឺពិតជាទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់អំពីម្ខាង គឺអសមត្ថភាពនៃការការពារសន្តិសុខសម្រាប់ តែម្ខាងទៀតត្រូវបានគេលាបពណ៌ភ្លាមៗអំពីបញ្ហានេះ ដែលមានចរិតជាបញ្ហាខាងនយោបាយ។ ដូច្នេះសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងទុកលទ្ធភាពឱ្យក្រសួង និងស្ថាប័នមានសមត្ថកិច្ច ធ្វើកិច្ចការរបស់គេដោយត្រឹមត្រូវម៉ត់ចត់ ហើយដោយចៀសវាងបង្វែបញ្ហាពីសោកនាដកម្មមួយនេះទៅជាបញ្ហាខាងនយោបាយ»។
សមត្ថកិច្ចប៉ូលិសរាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅថ្ងៃដដែល នៃហេតុការណ៍បាញ់សម្លាប់លោក កែម ឡី នៅក្នុងស្ដារម៉ាត កាល់តិច (Star Mart) នៅក្បែរភ្លើងស្តុបបូកគោ រាជធានីភ្នំពេញ។ ប៉ុន្តែមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួននៅតែអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចវែករកមុខជនដៃដល់ពិតប្រាកដ និងអ្នកឃុបឃិតមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។