រដ្ឋាភិបាលព្រមានថា នឹងចាត់វិធានការច្បាប់ចំពោះពលរដ្ឋដែលហ៊ានល្មើសបម្រាមបិទខ្ទប់ តាមការអំពាវនាវរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។ ការព្រមាននេះ ក្រោយពេលលោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋឈប់គោរពបម្រាមបិទខ្ទប់ ហើយណាត់គ្នាចេញពីផ្ទះទាំងអស់គ្នាដើម្បីប្រកបមុខរបរឡើងវិញ។
ការអំពាវនាវឲ្យពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ចេញក្រៅផ្ទះប្រកបមុខរបរដូចធម្មតាឡើងវិញនេះ ដោយសារលោក សម រង្ស៊ី សង្កេតឃើញថា វិធានការបិទខ្ទប់នេះ មិនមានប្រយោជន៍ តែជាវិធានការកេងចំណេញលើពលរដ្ឋ និងបណ្ដាលឲ្យពលរដ្ឋរងគ្រោះកាន់តែធ្ងន់ធ្ងរ។
ថ្លែងតាមបណ្ដាញសង្គម (facebook) នៅថ្ងៃទី២៤ ខែមេសា លោក សម រង្ស៊ី ពន្យល់ថា វិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដែលមានប្រសិទ្ធភាព គឺការខណ្ឌ ពលរដ្ឋម្នាក់ៗ នៅឆ្ងាយពីគ្នា ទាំងការធ្វើដំណើរ និងស្នាក់នៅ។ លោកអះអាងថា វិធានការរបបក្រុងភ្នំពេញ ដែលដើរវាយបង្ក្រាបតាមផ្ទះ បិទខ្ទប់មិនឲ្យពលរដ្ឋមានស្បៀងអាហារបរិភោគ និងការខ្ទប់ឲ្យពលរដ្ឋប្រមូលផ្ដុំនៅជុំគ្នាតាមបន្ទប់ជួលនានា នឹងនាំឲ្យមានការឆ្លងជំងឺកូវីដ១៩ កាន់តែខ្លាំងជាងមុនទៅទៀត។
ជាងនេះទៅទៀត មេដឹកនាំបក្សប្រឆាំងរូបនេះបានរិះគន់ ចំពោះវិធានការបិទផ្សារ ហើយប្ដូរមកជាការលក់ដូរទំនិញរបស់ក្រសួងពាណិជ្ជកម្ម។ លោក សម រង្ស៊ី ចាត់ទុកថា វិធានការនេះ ជាការចាប់បង្ខំពលរដ្ឋ។ លោកនៅតែទាមទារឲ្យរបបក្រុងភ្នំពេញ អន្តរាគមន៍ឲ្យធនាគារផ្អាកការទារបំណុលពលរដ្ឋ ព្រោះម្នាក់ៗ មិនអាចចេញក្រៅផ្ទះរកលុយបានទេ៖ «បើអត់មានអ្វីបន្ធូរបន្ថយ បើកផ្លូវឲ្យយើងដើរវិញ បើកទ្វារឲ្យយើងចេញពីផ្ទះវិញ ហើយឈប់គំរាម ឈប់ចាប់ ឈប់យកដំបង ឈប់យករំពាត់មកដេញវាយយើង។ យើងមិនមែនជាកូនក្មេង។ យើងមិនមែនសត្វទេ។ ធ្វើដូចជាយើងហ្នឹង សត្វអ៊ីចឹង។ ប្រជាពលរដ្ឋមិនព្រមទេ។ មិនព្រម ឲ្យគេចាត់ទុកជាសត្វទេ។ ប្រជាពលរដ្ឋ ជាមនុស្សថ្លៃថ្នូរជាម្ចាស់ទឹកម្ចាស់ដី។ អ៊ីចឹង មានតែងើបឈរ ឈប់ស្ដាប់ហើយ អត់មានមកឃុំទេ។ ចេញហើយចេញទាំងអស់គ្នាទៅបងប្អូន ចេញទាំងអស់គ្នាទៅ។ ថ្ងៃណាយើងកំណត់ បួនដប់ថ្ងៃទៀត បើអត់បន្ធូរបន្ថយទេ ចេញទាំងអស់គ្នាទៅធ្វើសកម្មភាពធម្មតាទៅ ទៅរកទទួលទានធម្មតាទៅដើម្បីរស់។ បើយើងនៅក្នុងផ្ទះស្លាប់ដដែល ចេញទៅចេញទាំងអស់គ្នាទៅ»។

ការលើកឡើងនេះ ក្រោយពេលពលរដ្ឋរស់នៅក្រុងភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាល ត្រូវបានបិទខ្ទប់មិនឲ្យចេញពីផ្ទះ ២ សប្ដាហ៍មកហើយ ហើយពលរដ្ឋជាច្រើនអះអាងថា មិនទាន់ទទួលបានស្បៀងអាហារ និងការឧបត្ថម្ភពីអាជ្ញាធរទេ។ ជាមួយគ្នា អាជ្ញាធររាជធានីភ្នំពេញ បានបង្ហើបពីគម្រោងពន្យារពេលបិទខ្ទប់ បន្តទៀត រហូតដល់ស្ថានភាពការឆ្លងជំងឺកូវីដ១៩ វិលមករកភាពធូរស្រាលវិញ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ប្រាប់សារព័ត៌មានក្នុងស្រុក (VOD) ថា បើពលរដ្ឋមិនសហការជាមួយអាជ្ញាធរទេ ការឆ្លងរាលដាល នៅតែមាន ដូច្នេះត្រូវតែពន្យារពេលបិទខ្ទប់បន្តទៀត។ ចំណែក ការធ្វើដំណើរឆ្លងខេត្ត ត្រូវបានបើកឲ្យធ្វើដំណើរឡើងវិញហើយ នៅថ្ងៃទី២៥ ខែមេសា។ តែមិនអាចធ្វើដំណើរចូល ឬចេញ ឬឆ្លងកាត់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅបានទេ។
ជុំវិញការទាមទារឲ្យបើកតំបន់បិទខ្ទប់នេះឡើងវិញ មិនទទួលបានការស្វាគមន៍ពីរដ្ឋអំណាចទេ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន យល់ថា ការអំពាវនាវនេះ ក្នុងបំណងឲ្យមានការឆ្លងជំងឺកូវីដ១៩ កាន់តែខ្លាំង និងជំរុញឲ្យពលរដ្ឋល្មើសបម្រាម។ តំណាងរដ្ឋាភិបាលរូបនេះបញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ប្រសិនបើពលរដ្ឋល្មើសបម្រាមតាមការអំពាវនាវនេះ៖ «យើងមានច្បាប់ យើងអាចផាកពិន័យ មានការដាក់ពន្ធនាគារ ធ្វើតាមច្បាប់។ អ្វីដែល សម រង្ស៊ី ចង់បាន គឺចង់បានអ៊ីចឹង ចង់ឲ្យប្រជាពលរដ្ឋជាប់គុកជាប់ច្រវ៉ាក់បន្ថែមពីលើកូវីដ១៩នេះឯង»។

ទោះជាយ៉ាងណា អ្នកជំនាញវេជ្ជសាស្ត្រយល់ស្របចំពោះសំណើដកបម្រាមបិទខ្ទប់ និងជំរុញឲ្យរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយណែនាំពលរដ្ឋ ឲ្យបង្ការខ្លួនជាជាងការបិទខ្ទប់បន្ត។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី បារម្ភថា ការបិទខ្ទប់កាន់តែយូរ នឹងបណ្ដាលឲ្យអ្នកក្រីក្រប្រឈមស្ថានភាពធ្ងន់ធ្ងរខ្លាំងទាំងផ្នែកជីវភាព និងផ្លូវចិត្ត។ លោកយល់ថា ឆ្លងកាត់បទពិសោធន៍ការបិទខ្ទប់នេះ ពលរដ្ឋខ្លះ អាចនឹងយល់ដឹងពីវិធីការពារខ្លួនបានល្អប្រសើរ។ លោកជំរុញឲ្យរដ្ឋាភិបាល បន្ថែមវិធានការផ្សព្វផ្សាយអប់រំ និងវិធានការអនាម័យ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋប្រកបអាជីវកម្មឡើងវិញ៖ « បើបិទយូរទៅ វាអាចនឹងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋយើងក្រីក្រ។ បើអ្នកមានមិនអ្វីទេ ដូចខ្ញុំដូចអ្វី គ្រាន់បានមធ្យមមិនអ្វីទេ។ អាណិតតែគ្នាជួលផ្ទះគេនៅ ហើយខ្វះលុយ ធនាគារទៀត ហើយអត់មានថវិកាអ្វី ហើយវេទនា ឥឡូវឃើញតាមហ្វេសប៊ុក អ្នកខ្លះឈឺពោះកើតកូនអ្វី អត់បានទៅរកពេទ្យជួយ ហើយកើតនៅផ្ទះ នៅតាមផ្លូវអ្វី យើងអាណោចអាធ័មណាស់។ អ៊ីចឹងទេ ខ្ញុំសំណូមពរ គួរណាខាងសុខាភិបាលហ្នឹង ក៏ដូចជាប្រមុខរដ្ឋាភិបាលហ្នឹង មេត្តាផ្ដោតទៅលើអ្នកក្រីក្រហ្នឹងឲ្យខ្លាំង ព្រោះថា សព្វថ្ងៃនេះ យើងឃើញថា អ្នកក្រីក្រច្រើន ស្រុកខ្មែរយើង»។

គិតត្រឹមថ្ងៃទី២២ ខែមេសា អាជ្ញាធររាជធានីភ្នំពេញបានចាប់អ្នកល្មើសបម្រាមបិទខ្ទប់ជិតពីររយ (១៧៩)នាក់។ ក្នុងនោះ សមត្ថកិច្ចបញ្ជូនទៅតុលាការ ចំនួន១១ នាក់។ ឯអ្នកផ្សេងទៀត តម្រូវឲ្យធ្វើកិច្ចសន្យា និងផាកពិន័យ តាមសេចក្ដីសម្រេចអន្តរកាល។
ក្រៅពីនេះ នគរបាល និងក្រុមសន្តិសុខរាជធានីភ្នំពេញបានបើកយុទ្ធនាការធ្វើសកម្មភាពបំពានច្បាប់ដោយនាំគ្នាយកដំបង ចុះដេញវាយបង្ក្រាបពលរដ្ឋ ដើម្បីបង្ខំ និងគំរាម កុំឲ្យចេញក្រៅផ្ទះ។
ទោះជាយ៉ាងណា ក្រុមអ្នកឃ្លាំមើល រិះគន់វិធានការបិទខ្ទប់របស់រដ្ឋាភិបាល ថា គ្មានផែនការច្បាស់លាស់ និង មិនបានគិតគូរ ពីតម្រូវការមូលដ្ឋានចាំបាច់របស់ពលរដ្ឋ ទើបបណ្ដាលឲ្យពលរដ្ឋក្រីក្ររងគ្រោះធ្ងន់ធ្ងរ ពីការបិទខ្ទប់នេះ៕ (សូមទស្សនាការអំពាវនាវរបស់លោកសមរង្ស៊ីដោយផ្ទាល់)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។