ម្ចាស់រថយន្តដឹកឧសឆ្លងកាត់ស្ថានីយជញ្ជីងនៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ចោទប្រកាន់មន្ត្រីនៅស្ថានីយនេះថាបំពេញការងារមានភាពមិនត្រឹមត្រូវ។ ការចោទប្រកាន់នេះ ក្រោយពេលរថយន្តរបស់ពួកគាត់ ត្រូវបានមន្ត្រីស្ថានីយជញ្ជីងឃាត់ទុក ហើយទាមទារឲ្យបង់ប្រាក់ពិន័យ ១លានរៀល ក្រោមហេតុផលថាដឹកលើសទម្ងន់។ ម្ចាស់រថយន្តអះអាងថា ពួកគេមិនបានដឹកលើសទម្ងន់នោះទេ ប៉ុន្តែដោយសារជញ្ជីងនោះមានភាពមិនប្រក្រតីច្រើនជាង។
ម្ចាស់រថយន្តយីឌុប ឬឡានធន់ធ្ងន់ ស្នើឲ្យមន្ត្រីពាក់ព័ន្ធជួយស៊ើបអង្កេតភាពមិនប្រក្រតីនៃស្ថានីយជញ្ជីងមួយកន្លែង ដែលស្ថិតនៅជាប់ថ្នល់កែងក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ ការស្នើនេះ ក្រោយពេលពួកគាត់យល់ថា ស្ថានីយជញ្ជីងនៅថ្នល់កែងមានបញ្ហា ព្រោះថ្លឹងរថយន្តរបស់ពួកគាត់លើសពីទម្ងន់ជាក់ស្ដែងរហូតជិត ១០តោន ហើយតែងតែគាបសង្កត់ពួកគាត់ដែលជាអ្នករកស៊ីត្រឹមត្រូវ។
ម្ចាស់រថយន្តដឹកឧសមួយរូប លោក ជុំ ចាន់ថន ឲ្យដឹងថា រថយន្តរបស់លោកត្រូវបានមន្ត្រីនៅស្ថានីយជញ្ជីងថ្នល់កែងឃាត់កាលពីថ្ងៃទី២៩ កក្កដា ហើយផាកពិន័យប្រាក់ចំនួន ១លានរៀល ស្របពេលរថយន្តរបស់លោកមិនបានដឹកលើសចំណុះផង។ លោកបន្តថា ចំនួនឡាន និងឧសដែលផ្ទុក គឺមានទម្ងន់ជាង ៣០តោន ស្របពេលទម្ងន់កំណត់ គឺមិនឲ្យលើសពី ៣៥តោន ប៉ុន្តែស្ថានីយនេះថ្លឹងឃើញរហូតដល់ជិត ៤០តោន៖ « ខ្ញុំព្រមបង់ ខ្ញុំព្រមពិន័យ ប៉ុន្តែខ្ញុំចង់ទៅថ្លឹងនៅផ្លូវជាតិលេខ៤ ទៀត ហើយបើអត់គ្រាប់ តើគិតយ៉ាងម៉េចឲ្យខ្ញុំវិញ »។
ប្រភពដដែលបន្តថា ឧសនោះជាប្រភេទឈើងាប់ៗដែលពួកគាត់ដឹកពីខេត្តព្រះវិហារ សម្រាប់យកទៅលក់ឲ្យម្ចាស់សិប្បកម្មឡឥដ្ឋនៅខេត្តកណ្ដាល និងដឹកឆ្លងកាត់ស្ថានីយជញ្ជីងនៅខេត្តកំពង់ធំ ប៉ុន្តែមិនមានបញ្ហាទេ។
ទាក់ទងបញ្ហានេះ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានស្ថានីយជញ្ជីងខេត្តកំពង់ចាម លោក ឃួន ថុល បានទេនៅថ្ងៃទី៣១ កក្កដា។
ទោះបីជាយ៉ាងនេះក្តី អ្នករកស៊ីដឹកឧសជាមួយលោក ជុំ ចាន់ថន ស្នើមិនបញ្ចេញឈ្មោះ និយាយថា មូលហេតុដែលមន្ត្រីស្ថានីយឃាត់រថយន្តដឹកឧសពួកគាត់ គឺដោយសារមន្ត្រីស្ថានីយទាំងនោះខឹងពួកគាត់មិនដែលបង់ប្រាក់ថ្លៃបាយឲ្យពួកគេ។ លោកថា ក្នុងពេលដឹកមួយជើង ត្រូវបង់ជាង ១០ម៉ឺនរៀលទៅ ២០ម៉ឺនរៀល ព្រោះស្ទើរតែគ្រប់ម្ចាស់រថយន្តដឹកឧសតាមផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ចាម ត្រូវបង់ប្រាក់ថ្លៃបាយដល់ពួកគេរាល់ពេលឆ្លងកាត់។ ប្រភពដដែលនិយាយថា ពួកគេសម្រេចបង់ប្រាក់តាមការពិន័យ ព្រោះប្រញាប់យកទំនិញឲ្យគេ ម្យ៉ាងដើម្បីយករថយន្តទៅថ្លឹងនៅជញ្ជីងផ្សេងនៅរសៀលថ្ងៃទី៣១ កក្កដា។
វិក្កយបត្រថ្លឹងរថយន្តចេញដោយស្ថានីយជញ្ជីងនៅរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ៣ និងនៅផ្លូវជាតិលេខ៤ នៅរសៀលថ្ងៃដដែលនេះបង្ហាញថា ទម្ងន់សរុបទាំងរថយន្ត និងឧសដែលផ្ទុកនោះ គឺមានទម្ងន់ ៣១តោន ៧២០គីឡូក្រាម។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា មានប្រសាសន៍ថា លោកមិនអាចឆ្លើយតបបានទេ ពីព្រោះមិនទាន់ទទួលបានរបាយការណ៍ច្បាស់ និងមិនស្ថិតនៅក្នុងភាពជាក់ស្តែង។ លោកបន្តថា ក្រសួងកំពុងពិនិត្យលទ្ធភាពក្រុមជញ្ជីងចល័ត ដើម្បីដោះស្រាយបញ្ហាបន្ទាន់បែបនេះ និងជៀសវាងការបាចទឹកដាក់គ្នាទៅវិញទៅមក។ លោកបដិសេធចំពោះការចោទប្រកាន់ថា មានមន្ត្រីស្ថានីយជញ្ជីងយកប្រាក់ពីម្ចាស់អាជីវកម្មទៀតផង៖ « បើសិនជាមានករណីហ្នឹង សូមឲ្យប្រជាពលរដ្ឋចូលរួម បើពលរដ្ឋខុស គឺខុសដូចគ្នា។ បើគាត់បង់ឲ្យមន្ត្រី គាត់ក៏ខុស មន្ត្រីក៏ខុសដែរ »។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា កន្លងមក ព័ត៌មានស្ដីពីអំពើពុករលួយ គឺកើតឡើងច្រើន ដោយសារការឃុបឃិតគ្នារវាងមន្ត្រីស្ថានីយជញ្ជីង និងម្ចាស់រថយន្ត ដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវមានប្រព័ន្ធត្រួតពិនិត្យឲ្យបានច្បាស់លាស់ និងមានតម្លាភាព។ ករណីនេះ ក្រសួងត្រូវមានវិធានការដោះស្រាយជាបន្ទាន់មួយចំពោះស្ថានីយជញ្ជីង ដែលរកឃើញថា មានភាពមិនប្រក្រតី។ បន្ថែមពីនេះទៀត ក្រសួងត្រូវលុបបំបាត់អំពើពុករលួយតាមគ្រប់រូបភាពទាំងអស់៖ « បើសិនជាជញ្ជីងបីដែលឆ្លងកាត់ ហើយជញ្ជីងទី៤ មានបញ្ហា អ៊ីចឹងខ្ញុំថាការស៊ើបអង្កេតលើជញ្ជីងទី៤ មិនគួរមើលរំលងទេ »។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលទទួលបានលទ្ធផលទម្ងន់រថយន្តពីស្ថានីយជញ្ជីងនៅរាជធានីភ្នំពេញ ក្រុមម្ចាស់អាជីវកម្មទាំងនោះនឹងតវ៉ាចំពោះស្ថានីយជញ្ជីងនៅខេត្តកំពង់ចាម បន្តទៀត។ ជាមួយគ្នានេះ ម្ចាស់រថយន្តស្នើឲ្យមន្ត្រីពាក់ព័ន្ធ ចាត់វិធានការលើភាពមិនប្រក្រតីនេះជាបន្ទាន់ ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋរកស៊ីត្រឹមត្រូវ ជៀសវាងធ្វើឲ្យការរកស៊ីរបស់ពួកគាត់សម្រាប់តែជួយចិញ្ចឹមមន្ត្រីខិលខូចទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។