អាណាព្យាបាល​បារម្ភ​ពី​សកម្មភាព​របស់​ជនជាតិ​ចិន​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ញៀន​នៅ​ទី​ប្រជុំ​ជន​ខេត្ត​​ព្រះសីហនុ​កើន​ឡើង​ច្រើន

ដោយ មួង ណារ៉េត
2018-11-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អាណាព្យាបាល​ និងអ្នកឃ្លាំមើលការងារអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ ចំពោះ​​ការ​បញ្ហា​គ្រឿងញៀន ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ នៅ​តាមក្លឹបកម្សាន្តរាត្រី ឬ​ហៅ​ថា ក្លឹប​រាំ​ច្រៀង​ខារ៉ាអូ​ខេ ដែល​មាន​ថៅកែ​ជន​ជាតិ​​ចិន​ជា​អ្នក​គ្រប់គ្រង។

ការព្រួយបារម្ភនេះ ដោយសារ​តែ​បច្ចុប្បន្ន​ភាព​ខេត្ត​ព្រះសីហនុ មាន​ជន​ជាតិ​ចិន បានធ្វើសកម្មភាព​ជួញ​ដូរ​គ្រឿង​ញៀន នៅតាមភោជនីយដ្ឋាន ពិសេសក្លឹបកម្សាន្តរាត្រី ដែលមានថៅកែជាជនជាតិចិន មាន​រូប​ភាព​យ៉ាង​អនាធិប​តេយ្យ។

អាណាព្យាបាល និង​អ្នកឃ្លាំមើលការងារអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បង្ហាញ​ការ​ព្រួយ​​បារម្ភ ចំពោះ​​ការ​បញ្ហា​គ្រឿង​ញៀន ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ នៅ​តាមក្លឹបកម្សាន្តរាត្រី ឬ​ហៅ​ថា ក្លឹប​រាំ​ច្រៀង​ខារ៉ាអូ​ខេ ដែល​មាន​ថៅកែ​ជន​ជាតិ​​ចិន​ ជា​អ្នក​គ្រប់គ្រង។ ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​តែ​សព្វថ្ងៃ​នេះ ខេត្ត​ព្រះសីហនុ មាន​ជន​ជាតិ​ចិន បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន នៅ​តាម​ភោជនីយដ្ឋាន ពិសេស​ក្លឹប​កម្សាន្ត​រាត្រី ដែល​មាន​ថៅកែ​ជា​ជន​ជាតិ​ចិន​ទាំង​នោះ យ៉ាង​សេរី​តាម​អំពើ​ចិត្ត។

ការព្រួយបារម្ភនេះ គឺដោយសារ​ការ​​ធ្វើ​ចររាចរណ៍​គ្រឿង​ញៀន ដែល​មាន​ជនសង្ស័យ​ជា​ជនជាតិ​ នៅ​ក្នុងមូលដ្ឋាន​នៃ​​ខេត្ត​ទេសចរណ៍​មួយ​នេះ មាន​រូប​ភាព​រីក​រាលដាល​ គួរឲ្យ​ព្រួយបារម្ភ ហើយ​សមត្ថកិច្ច​ស្ថាប័នពាក់ព័ន្ធ​ខេត្តនេះ ចុះបង្រ្កាប​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយទេ។

បញ្ហានេះ ទាំងអាណា​ព្យាបាល និង​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម​មួយ​ចំនួន បាន​ទទូលច​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​គ្រប់​ជំនាញ​នៅ​ក្នុ​ងខេត្ត ឲ្យ​បន្ត​ជួយ​បង្កើន​សកម្មភាព​ចុះ​បង្រ្កាប និង​ត្រួត​ពិនិត្យ​ការ​ធ្វើ​ចររាចរណ៍​គ្រឿង​ញៀន នៅ​តាម​ក្លឹប​កំសាន្ត​រាត្រី និង​នៅ​​តាម​ភោជនីយដ្ឋាន​ទាំង​នោះ​ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​សង្ស័យ​ថា​ កន្លែង​ទាំង​នោះ អាច​មាន​ការ​ប្រើប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀន។

ការព្រួយ​បារម្ភ​របស់​អាណាព្យាបាល​រស់​នៅ​ខេត្ត​ព្រះសីហនុ​ជា​ថ្មី​ទៀត​នេះ គឺ​បាន​​កើត​ឡើង​ក្រោយ​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ បាន​ចាប់​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន ៧​នាក់ ភេទ​ប្រុស​មាន​វ័យ​ចន្លោះ​ពី ២០ ទៅ ៣០​ឆ្នាំ ដោយ​សង្ស័យ​​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជួញ​ដូរ និង​​ប្រើប្រាស់​គ្រឿង​ញៀន។ ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង ៧នាក់​នេះ សមត្ថកិច្ច​បាន​ដក​ហូត​ម្សៅ​ស​ជា​ច្រើន​កញ្ចប់ ដែល​សង្ស័យ​ថា ជា​សារធាតុ​ញៀន។

ផ្តើមពីបញ្ហានេះ ទាំង​អាណាព្យាបាល​រស់​នៅ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មាន​កម្លាំង​នគរបាល និង​កង​រាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជា​ពិសេស​កម្លាំង​សមត្ថកិច្ច​ជំនាញ ដែល​ថ្នាក់​ជាតិ​បញ្ជូន​ឲ្យ​ចុះ​ជួយ​ថែ​រក្សា​សុវត្ថិភាព​សន្តិសុខ និង​បញ្ហា​ផ្សេងៗ នៅ​ខេត្ត​នេះ ឲ្យ​ជួយ​​បង្កើន​សកម្មភាព​ចុះ​ស្រាវជ្រាវ បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន ដែល​កំពុង​ធ្វើ​ចររាចរណ៍​គគ្រឹកគគ្រេង នៅ​តាម​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ ឬ​ក្លឹបឌីស្កូ និង​តាម​ភោជនីយដ្ឋាន ដែល​មាន​ថៅកែ​ជន​ជាតិ​ចិន​គ្រប់គ្រង​នៅ​ទី​ប្រជុំ​ជន​ខេត្ត​នេះ៖ «វា​កាន់​តែ​អសន្តិសុខ​​ខ្លាំង​ឡើងៗ ហើយ​នៅ​ខេត្ត​ព្រះសីហនុ​យើង​ហ្នឹង រហូតដល់ជនជាតិចិនហ្នឹងបានប្រើប្រាស់ និងជួញដូរគ្រឿងញៀនហ្នឹងថែមទៀតផង។ និយាយ​រួម​ទៅ​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ ឃើញ​មាន​ជនជាតិ​ចិន បាន​ធ្វើ​សកម្មភាព​ប្លន់ ចាប់​ជំរិត ប្រើ​ហិង្សា​វាយ​កាប់​ចាក់​ស្លាប់​គ្នា ជា​ពិសេស បញ្ហា​គ្រឿង​ញៀន​ហ្នឹង មាន​លក់​នៅ​ស្ទើរ​គ្រប់ទីកន្លែងគឺមានលក់នៅតាមកាស៊ីណូ និង​បារ​ក្លឹប​កម្សាន្ត​របស់​ជន​ជាតិ​ចិន​ហ្នឹង​យ៉ាង​អនាធិបតេយ្យ​តែ​ម្តង។ បញ្ហា​គ្រឿង​ញៀន​នេះ រហូត​ដល់​ពេល​ខ្លះ​មាន​អន្តរាគមន៍​​ពី​​លោក​អភិបាល​ខេត្ត​ព្រះសីហនុ ចុះ​ទៅ​ចាប់​ផ្ទាល់​ផង​ក៏​មាន​ដែរ តែ​នៅ​មិន​អស់ ហើយ​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ភាព​អនាធិបតេយ្យ​មែនទែន​សម្រាប់​ខេត្ត​ព្រះសីហនុ​យើង​នេះ គឺ​គ្រឿង​ញៀន​បាន​ចរាចរ​ច្រើន​មែនទែន​តែ​ម្តង»។

តាម​ការ​កត់​សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា កម្លាំងនគរបាល និងកង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះស្រាវជ្រាវ និងឆ្មក់ចូលបង្ក្រាបបទល្មើសសេព និងចររាចរណ៍​លក់​ដូរ​គ្រឿង​ញៀន បានជាច្រើនករណី នៅ​តាម​ភោជនីយដ្ឋាន ក្លឹប​កម្សាន្តរាំច្រៀង តាមហាងម៉ាស្សា និង​តាម​ទីតាំង​ស្នាក់នៅ របស់ជនជាតិចិន ដោយឃាត់ខ្លួនជនសង្ស័យ និង វត្ថុតាងគ្រឿងញៀន បាន​ជា​ច្រើន​ករណី។ ត្រង់ចំណុចនេះ អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំ​ខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ក៏បាន​បង្ហាញការព្រួយបារម្ភ ចំពោះបទល្មើសគ្រឿងញៀន ដែលកំពុងធ្វើចររាចរណ៍ នៅ​តាម​ក្លឹប​កម្សាន្ត និងភោជនីយដ្ឋាន ដែលមានថៅកែជាជាតិចិនទាំងនោះ។ អ្នកស្រី កត់សម្គាល់ថា បញ្ហា​គ្រឿង​ញៀន បាន​រីករាលដាលដល់ជនល្មើសជាជនជាតិចិន បានចាប់ផ្តើមធ្វើសកម្មភាព ជួញ​ដូរ​គ្រឿង​ញៀន​យ៉ាង​អនាធិបតេយ្យ នៅពាសពេញក្រុងព្រះសីហនុ៖ «បញ្ហាគ្រឿងញៀន គឺ​យើង​នៅ​តែ​ឃើញ​មាន​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ពាក់ព័ន្ធ​ការ​ជួញ​ដូរ និង​​ការ​ប្រើប្រាស់គ្រឿងញៀន គឺ​នៅ​តែ​បន្ត​កើត​មាន​ដដែល។ បញ្ហាគ្រឿងញៀននេះ សមត្ថកិច្ចបានរកឃើញអ្នកជាប់ពាក់ព័ន្ធមានដល់ជនបរទេសទៀត បាន​ធ្វើ​សកម្មភាព​ជួញ​ដូរ និងសេពគ្រឿងញៀននេះ ដែល​កាល​ពី​មុន​មាន​តែ​ជន​សង្ស័យ​ជន​ជាតិ​ខ្មែរ​យើង​ទេ តែ​ពេល​នេះ​មាន​ជន​បរទេស ពិសេស​ជន​ជាតិ​ចិន​តែ​ម្តង»។

ព័ត៌មានទាក់ទងបទល្មើសគ្រឿងញៀន បទល្មើសហិង្សាវាយកាប់ចាក់ ជាពិសេសបទ​ល្មើស​ចាប់​ជំរិត​មនុស្ស ដែលមានជនសង្ស័យជាជនជាតិចិន ចូល​មក​រស់​នៅ​ខេត្ត​ព្រះសីហនុ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺបានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ឈ្មួញមានទ្រព្យ អ្នកវិនិយោគទុន និង​ភ្ញៀវ​ទេសចរ​ជា​ដើម។ ករណីនេះ ទាំងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរមកពីអឺរ៉ុប បានខ្លាចរអា មិន​ចង់​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​ទៀត​ទេ ព្រោះបារម្ភពីសុវត្ថិភាពទាំងការស្នាក់នៅ និង​ការ​ធ្វើ​ដំណើរ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល