ពលរដ្ឋ​បារម្ភ​ពី​អាជ្ញាធរ​ដាក់​កម្លាំង​ស្កាត់​បាតុកម្ម​ខណៈ​តុលាការ​ជម្រះ​ក្ដី​រំលាយ​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2017.11.16
ប៉ូលិស ផ្លូវ​ជាតិ​លេខ​៣ ៦១០ ក្រុម​កង​កម្លាំង​មាន​សមត្ថកិច្ច​ឃាត់​រថយន្ត​ដឹក​អ្នក​ដំណើរ​ចូល​រាជធានី​ភ្នំពេញ តាម​ផ្លូវ​ផ្លូវ​ជាតិ​លេខ​៣ ម្ដុំ​វត្ត​ស្លែង ដើម្បី​ត្រួត​ពិនិត្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៣។
RFA/Uon Chhin

រដ្ឋាភិបាល​កម្ពុជា​បាន​ពង្រាយ​កម្លាំង​ប៉ូលិស​ទាហាន និង​មន្ត្រី​កងរាជអាវុធហត្ថ​ជាច្រើន​រាប់​ពាន់​នាក់ ព្រមទាំង​អាវុធ​ធុន​ធ្ងន់​មួយ​ចំនួន​ទៀត ដើម្បី​ទប់ស្កាត់​រារាំង មិន​ឲ្យ​មានការ​ធ្វើបាតុកម្ម​តវ៉ា ទាំងឡាយ​ណា​របស់​ពលរដ្ឋ ខណៈ​តុលាការ​កំពូល ជម្រះក្ដី​រឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ។ ទន្ទឹម​គ្នា​នេះ ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បញ្ចេញ​កម្លាំង​ការពារ​ដ៏​ច្រើន​នេះ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្ទឹងត្រែង ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន បាន​ឡើងកម្លាំង​កាន់​តែ​ខ្លាំង​ហើយ ពីព្រោះ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​ប៉ូលិស​ទាហាន​ជាច្រើន ដែល​ជា​ការ​បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ។ ពួកគាត់​រិះគន់​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា បញ្ចេញ​ធ្មង់​កំញើញ​ប្រជាពលរដ្ឋ​ដើម្បី​រក្សា​អំណាច​របស់​បក្ស​ពួក​ខ្លួន ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្រុកទេស​ប្រឈម​នឹង​ការ​ជ្រួលច្របល់។ «»

ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​មួយ​ចំនួន​ហាក់​មិន​ទាន់​មាន​សកម្មភាព​អ្វី ដើម្បី​ឆ្លើយតប​ពី​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ។ ក៏ប៉ុន្តែ​ពួកគាត់​លើក​ឡើង​ថា ការ​ដាក់​កម្លាំង​ការពារ​ដ៏​ច្រើន​នេះ គឺជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សកម្មជន​គណបក្ស​ខ្លួន ធ្វើ​ឲ្យ​ភ័យខ្លាច ហើយ​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​ពលរដ្ឋ​ជួប​ការ​លំបាក​នោះ​ទេ។ «»

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​លោក ស ខេង កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា បាន​ចេញ​លិខិត​បញ្ជា​ទៅ​អភិបាលខេត្ត​រាជធានី​ទាំង​២៥ ឲ្យ​រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្ដួល​រំលំ​រដ្ឋអំណាច​នៅ​កម្ពុជា។ ក្នុង​លិខិត​ដដែល​នេះ​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​គ្រប់គ្រង​តាមដាន​ស្ថានការណ៍ និង​ដោះស្រាយ​ទាំងអស់​នេះ​បាន​ឆាប់រហ័ស ត្រូវ​រៀបចំ​ក្រុមការងារ សម្រាប់​បញ្ជា​តាមដាន​បញ្ហា​នេះ ចាប់ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា តទៅ។ ក្រោយពី​ចេញ​បទបញ្ជា​នេះ​ភ្លាម អាជ្ញាធរ​នៅ​តាម​បណ្ដា​ខេត្ត ក៏បាន​បញ្ចេញ​កម្លាំង​ប៉ូលិស​ទាហាន​ពង្រាយ​ប្រចាំការ​នៅ​ចំណុច​សំខាន់ៗ​តាម​ខេត្ត​រៀងៗ​ខ្លួន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា តាម​បណ្ដា​ខេត្ត​ជាប់​ផ្លូវជាតិ​លេខ​៥ អាជ្ញាធរ​បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ ឆែកឆេរ​រថយន្ត របស់​អ្នក​ធ្វើដំណើរ​ជាច្រើន​កន្លែង។ លោក​សង្កត់ធ្ងន់​ថា ការ​ដាក់​កម្លាំង​ការពារ​របស់​អាជ្ញាធរ​អំឡុង​តុលាការ​ជម្រះក្ដី​រំលាយ​គណបក្សប្រឆាំង​នេះ គឺជា​ការ​កំញើញ​សាច់ដុំ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច។ «»

ការ​ដាក់​កម្លាំង​ការពារ​បាតុកម្ម​នេះ នៅ​ខេត្ត​ខ្លះ​អាជ្ញាធរ​បាន​ដាក់​ប៉ូលិស ឃ្លាំមើល​តាម​ផ្ទះ​របស់​សមាជិក​សហគមន៍​ដីធ្លី ដែល​ធ្លាប់​ចេញមុខ​តវ៉ា​ញឹកញាប់ និង​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជាដើម។ កម្លាំង​សមត្ថកិច្ច​មាន​ទាំង​បំពាក់អាវុធ និង​ដំបង​ខែល ហើយ​មាន​ទាំង​កម្លាំង​ចល័ត និង​ប្រចាំការ​នៅ​ចំណុច​គោលដៅ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​ព្រំដែន​នៅ​ក្រុង​ប៉ោយប៉ែត និង​ច្រក​ព្រំ​ខេត្ត​ប៉ៃលិន​ជាដើម។ ក្រៅ​ពី​នេះ រថយន្ត​ដឹក​កាំភ្លើង​ធុន​ធ្ងន់​របស់​ក្រសួង​ការពារ​ជាតិ ប្រចាំ​ការ ២៤​ម៉ោង​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។