ពលរដ្ឋ​រិះគន់​សមត្ថកិច្ច​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ថា​មិន​អើពើ​រៀបចំ​សណ្ដាប់ធ្នាប់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រិះគន់​សមត្ថកិច្ច​ប្រចាំ​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ថា​មិន​អើពើ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ធ្វើ​ចរាចរ​នៅ​គល់​ស្ពាន​ច្រក​ចេញ​ចូល​ឲ្យ​មាន​របៀប​រៀបរយ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នោះ​ទេ។

ប្រជាពលរដ្ឋ​ថ្លែង​បែប​នេះ នៅ​ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់​មាន​ភាព​អនាធិបតេយ្យ​នៅ​ច្រក​ទ្វារ​នេះ បាន​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​តាម​ដង​ផ្លូវ​រៀង​រាល់​ថ្ងៃ ដោយ​ពុំ​មាន​សមត្ថកិច្ច​រៀបចំ​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ចង់​ឃើញ​សមត្ថកិច្ច​រៀបចំ​សណ្ដាប់ធ្នាប់ និង​ធ្វើ​ចរាចរ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​នេះ​ឲ្យ​បាន​ល្អ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។

ពលរដ្ឋ​មួយ​ចំនួន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​៩ មេសា ថា បញ្ហា​កក​ស្ទះ​ចរាចរណ៍​ច្រក​ទ្វារ​ប៉ោយប៉ែត កើត​មាន​រៀង​រាល់​ថ្ងៃ ជាពិសេស​នៅ​គល់​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ តែ​ម្ដង ហើយ​បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​ជា​ខ្លាំង។ ពលរដ្ឋ​អះអាង​ថា មូលហេតុ​ដែល​កក​ស្ទះ​ចរាចរណ៍ ដោយសារ​សមត្ថកិច្ច​មូលដ្ឋាន​មិន​អើពើ​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​តាម​ដង​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ។ ផ្ទុយ​ទៅ​វិញ គឺ​បណ្ដោយ​ឲ្យ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប ចូល​ទៅ​ចាប់​ម៉ូយ​នៅ​មាត់​ច្រក​បាន​ដោយ​សេរី និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ចេញ​ចូល​យ៉ាង​អនាធិបតេយ្យ គ្មាន​សម្រួល​ចរាចរណ៍​នោះ​ទេ៖ « សមត្ថកិច្ច​មិន​គួរ​បណ្ដោយ​ឲ្យ​ម៉ូតូ​ឡាន​បត់​ចុះ​បត់​ឡើង​នៅ​មុខ​ច្រក​អ៊ីចឹង​ទេ ព្រោះ​អី​វា​ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​ដល់​ច្រក​អន្តរជាតិ »

ជា​រៀង​រាល់​ពេល​ល្ងាច ពេល​ស្ទះ​ចរាចរណ៍​ខ្លាំង មាន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ផ្នែក​ផ្ដល់​ទិដ្ឋាការ មាន​គ្នា​ពីរ​បី​នាក់ តែង​តែ​ចេញ​មក​ធ្វើ​ចរាចរ និង​សម្រួល​ដល់​អ្នក​ដំណើរ​ចេញ​ចូល​តាម​ច្រក​នេះ​ខ្លះ​ដែរ ប៉ុន្តែ​ពលរដ្ឋ​រិះគន់​ថា មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ផ្នែក​ច្បាម​ចល័ត​ដែល​ប្រចាំ​នៅ​មាត់​ច្រក មិន​បាន​ចេញ​មក​ជួយ​សម្រួល ឬ​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​នោះ​ទេ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ប៉ោយប៉ែត លោក ជុំ សារ៉េត មាន​ប្រសាសន៍​ថា កន្លង​មក សមត្ថកិច្ច​តែង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​ជា​ប្រចាំ។ ចំណែក​ឯ​ការ​កក​ស្ទះ​ចរាចរណ៍​នោះ លោក​ថា ដោយសារ​សព្វថ្ងៃ​ច្រក​ទ្វារ​ប៉ោយប៉ែត កំពុង​សាងសង់​ផ្លូវ​រថភ្លើង ហើយ​បើក​ឲ្យ​ធ្វើ​ចរាចរ​ផ្លូវ​តែ​មួយ ទើប​ធ្វើ​ឲ្យ​ចង្អៀត​កក​ស្ទះ​តាម​ដង​ផ្លូវ៖ « សមត្ថកិច្ច​យើង​ដុត​ដៃ​ដុត​ជើង​ខ្លាំង​ចំពោះ​ការងារ​នេះ​ខ្លាំង​ណាស់ ប៉ុន្តែ​យើង​ដេញ​ពួក​គាត់​ទៅ​បាន​តែ​មួយ​ភ្លែត​ទេ គាត់​ចូល​មក​វិញ​ហើយ គឺ​ពិបាក​ណាស់ »

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ចូល​ទៅ​ចាប់​ម៉ូយ​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត បាន លុះ​ណា​មាន​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច ដែល​ពួក​គេ​បង់​ប្រាក់​ឲ្យ​ប្រចាំ​ខែ។ លោក​ថា ប្រសិន​បើ​សមត្ថកិច្ច​មាន​វិធានការ​តឹងរ៉ឹង ហើយ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ នឹង​មិន​មាន​ការ​កក​ស្ទះ​នៅ​ចក្រ​ចេញ​ចូល​នោះ​ឡើយ៖ « សមត្ថកិច្ច​គួរ​តែ​ខំ​ប្រឹងប្រែង​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​ជាង​សព្វថ្ងៃ ដើម្បី​ជា​មុខ​មាត់​របស់​ប្រទេស​ជាតិ ប្រសើរ​ជាង​ទុក​ឲ្យ​នៅ​ដដែល »

ចរាចរណ៍​កក​ស្ទះ​ខ្លាំង​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត ភាគ​ច្រើន​នៅ​ពេល​រសៀល​ដែល​មាន​ឡាន​ដឹក​ទំនិញ​របស់​ថៃ ចេញ​ចូល​ច្រើន ហើយ​ម្យ៉ាង​ទៀត​ជា​ពេល​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើ​ដំណើរ​ចេញ​ចូល​ច្រើន ពេល​ខ្លះ​មាន​សំរាម​ចោល​ពាសពេញ​ធុំ​ក្លិន​ស្អុយ​ក៏​មាន។ អ្នក​ដំណើរ​ខ្លះ​បាន​រអ៊ូរទាំ​ពី​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវ ដោយសារ​រថយន្ត និង​ម៉ូតូ​ឆ្លង​ផ្លូវ​ចុះ​ឡើង​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ ដែល​ខុស​ពី​ច្រក​ខាង​ព្រំដែន​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។