ពលរដ្ឋ​ពីរ​ភូមិ​នៅ​សង្កាត់​ទឹកល្អក់១​តវ៉ា​នឹង​រដ្ឋាករ​ទឹក​រឿង​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត​កើន​ទ្វេ​ដង

ដោយ រាជ វិញ្ញូ
2017.01.30
ភឿង ពិសី តវ៉ា​តម្លៃ​ទឹក​ស្អាត ភ្នំពេញ ២០១៧ ៨៥៥ ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​១៦ សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ លោក ភឿង ពិសី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Cheu Sideth
RFA/Cheu Sideth

ក្រុម​ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​១៥ និង​ភូមិ​១៦ សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ព្រមាន​លើក​គ្នា​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពី​ពួក​គាត់​ត្រូវ​បង់​ប្រាក់​ថ្លៃ​ប្រើប្រាស់​ទឹក​ប្រចាំ​ខែ​ឲ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ កើន​ឡើង​ទ្វេ​ដង​ដោយ​មិន​ដឹង​ពី​មូលហេតុ។ ការ​ព្រមាន​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ដោយសារ​ក្រុម​ពលរដ្ឋ​រង់ចាំ​ការ​ស្វែងរក​ដំណោះស្រាយ​ពី​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ​ជា​មុន​សិន។

ប្រសិន​បើ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ នៅ​ភូមិ​១៥ និង​ភូមិ​១៦ សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក បាន​ទេ ពលរដ្ឋ​ទាំងនេះ​អះអាង​ថា ពួក​គាត់​នឹង​បន្ត​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្ដង ដើម្បី​ឲ្យ​លោក​នាយក​មន្ត្រី​ចេញ​មុខ​ស្វែងរក​ដំណោះស្រាយ​សមស្រប​ជូន​ពួក​គាត់។

ពលរដ្ឋ​នៅ​ភូមិ​១៦ លោកស្រី ទិត សៀប ហៅ​ស្រី​ស ថ្លែង​ថា ជា​រៀង​រាល់​ពីរ​ខែ​ម្ដង គ្រួសារ​លោកស្រី​ប្រើប្រាស់​ទឹក​ដែល​ផ្គត់ផ្គង់​ដោយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​អស់​ប្រហែល ៤២​ម៉ែត្រ​គូប ដែល​គិត​ជា​ប្រាក់​អស់​ប្រហែល ៤​ម៉ឺន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ គឺ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ឆ្នាំ​២០១៦ ចំនួន​ទឹក​ដែល​គ្រួសារ​លោកស្រី​ប្រើប្រាស់​អស់​រហូត​ចំនួន ១៤៧​ម៉ែត្រ​គូប ដែល​គិត​ជា​ប្រាក់​អស់​ចំនួន ១៧​ម៉ឺន​រៀល ដោយ​មិន​ដឹង​ពី​មូលហេតុ​ពិត ដ្បិត​គ្រួសារ​ពលរដ្ឋ​មួយ​នេះ​មិន​បាន​ប្រើប្រាស់​ទឹក​ដ៏​ច្រើន​លើសលប់​ខុស​ធម្មតា ក្រៅ​ពី​ប្រើប្រាស់​សម្រាប់​បោក​គុក​ខោ​អាវ និង​ដាំ​ស្ល​ដូច​រាល់​ខែ​កន្លង​ទៅ«៣​ម៉ឺន ៦​ពាន់ ៤​ម៉ឺន​អី​ហ្នឹង​អស់​ហើយ​ក្នុង​មួយ​ខែ ប៉ុន្តែ​ខែ​នេះ​ឡើង​ជិត ១​ម៉ឺន ៧​ពាន់​រៀល»

ពលរដ្ឋ​ម្នាក់​នេះ​បញ្ជាក់​ថា មិន​មែន​មាន​តែ​គ្រួសារ​លោកស្រី​ឡើយ ដែល​ត្រូវ​បង់​ថ្លៃ​ប្រើប្រាស់​ទឹក​ជូន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​កើន​ឡើង​ខុស​ប្រក្រតី គឺ​មាន​ពលរដ្ឋ​ទាំង​ពីរ​ភូមិ​ជិត ៦០០​គ្រួសារ ក៏​មាន​បញ្ហា​ដូច​គ្នា​ទាំងអស់។ ការ​អះអាង​របស់​លោកស្រី ទិត សៀប គឺ​បន្ទាប់​ពី​លោកស្រី និង​ពលរដ្ឋ​ប្រហែល​ជាង ២០​គ្រួសារ​ផ្សេង​ទៀត ឡើង​មក​តវ៉ា និង​ចរចា​ជាមួយ​មន្ត្រី​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៧ ប៉ុន្តែ​ការ​ចរចា​នោះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឡើយ។

ក្រុម​ពលរដ្ឋ​ដែល​បាន​លើក​គ្នា​មក​តវ៉ា​នោះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ទូទាត់​ត្រឹម​តម្លៃ​ដើម ឬ​តម្លៃ​ប្រហាក់​ប្រហែល​ដែល​ពួក​គាត់​ធ្លាប់​បាន​បង់​ដូច​កាល​ពី​ខែ​មុនៗ ទៅ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ជា​ធម្មតា​វិញ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អគ្គនាយិកា​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ អ្នកស្រី ងិន ចន្ទ្រា បាន​អះអាង​ថា មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ត្រូវ​បង់​ថ្លៃ​ប្រើប្រាស់​ទឹក​កើន​ឡើង​ខុស​ប្រក្រតី​ក្នុង​អំឡុង​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ដោយសារ​នៅ​មាន​ចំនួន​តួលេខ​ម៉ែត្រ​គូប​សេសសល់ ដែល​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ មិន​បាន​បូក​សរុប​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ហើយ។ អ្នកស្រី​ទទួល​ស្គាល់​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​កំហុស​របស់​បុគ្គលិក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដែល​ធ្វេសប្រហែស​មិន​បាន​ចុះ​ទៅ​អាន​លេខ​នាឡិកា​ទឹក​ផ្ទាល់​នៅ​តាម​ផ្ទះ​នីមួយៗ​របស់​ពលរដ្ឋ និង​កំណត់​តួលេខ​ប្រើប្រាស់​ដោយ​សេចក្ដី​សន្និដ្ឋាន«គាត់​ប៉ាន់ស្មាន ឧទាហរណ៍​ក្នុង​ផ្ទះ​មួយ​ហ្នឹង​មួយ​ខែ​អស់​តែ ១៥​ម៉ែត្រ​គូប​ទេ ដល់​គាត់​ប៉ាន់ស្មាន​ប៉ុណ្ណឹង​រហូត​ក្នុង​មួយ​វគ្គ​មាន​ពីរ​ខែ តាម​ពិត​គាត់​ប្រើ​ដល់ ៤០​ម៉ែត្រ​គូប។ អ៊ីចឹង​វា​សល់​ម្ដង ១០​ម៉ែត្រ​រាល់​វគ្គ»

មន្ត្រី​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​រូប​នេះ បញ្ជាក់​ថា ប្រាក់​ដែល​ប្រមូល​បាន​ពី​ការ​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ គឺ​បង់​ចូល​ទៅ​ក្នុង​ថវិកា​រដ្ឋ​ទាំងអស់ ហើយ​អ្នកស្រី​ក្នុង​នាម​ជា​មន្ត្រី​តំណាង​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​សុំ​អភ័យ​ទោស​ចំពោះ​អតិថិជន​ដែល​ជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​១៥ និង​ភូមិ​១៦។

ប៉ុន្តែ​អ្នកស្រី ងិន ចន្ទ្រា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ជួប​បញ្ហា​ធ្លាយ​ទុយោ​ទឹក​ទាំង​មិន​ដឹង​ខ្លួន ព្រោះ​បញ្ហា​នេះ​ធ្លាប់​កើត​មាន​ជា​រឿយៗ។

ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​១៦ ម្នាក់​ទៀត លោក ភឿង ពិសី បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​អ្នក​ភូមិ​របស់​លោក ប៉ុន្តែ​ក្នុង​រយៈពេល​ពីរ​ខែ​កន្លង​ទៅ ដែល​ត្រូវ​បង់​ថ្លៃ​ប្រើប្រាស់​ទឹក​កើន​ឡើង​ទ្វេ​ដង ហើយ​គ្រួសារ​ខ្លះ​មាន​ការ​កើន​ឡើង​នូវ​តម្លៃ​ដល់ ២០០​ភាគរយ​ទៅ ៣០០​ភាគរយ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​យ៉ាង​ខ្លាំង ស្រប​ពេល​ពលរដ្ឋ​ភាគច្រើន​រស់នៅ​ភូមិ​១៥ និង​ភូមិ​១៦ គឺ​ជា​អ្នក​ក្រីក្រ និង​ប្រកប​មុខ​របរ​បន្តិចបន្តួច ដើម្បី​គ្រាន់​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ«ខ្ញុំ​ទៅ​ជា​ទ្វេ​ដង​នេះ វា​ស្មើ​នឹង​ខ្ញុំ​ប្រើ​បាន​ពីរ​ខែ​ទៀត ហើយ​អ្នក​ចំនួន​ទឹក​លុយ​ដែល​គាត់​បង់​លើស អាច​ប្រើប្រាស់​បាន​រហូត​ដល់​មួយ​ឆ្នាំ​ទៀត»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អគ្គនាយិកា​រង​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​សន្យា​ថា នឹង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង ដើម្បី​ស្វែងរក​ការពិត​នៅ​ក្នុង​ភូមិ​១៥ និង​ភូមិ​១៦ តែ​ម្ដង នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ ប៉ុន្តែ​ពលរដ្ឋ​ដែល​លើក​គ្នា​មក​តវ៉ា​នៅ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ព្រមាន​ថា ប្រសិន​បើ​ការ​ចុះ​ទៅ​ពិនិត្យ​របស់​មន្ត្រី​រដ្ឋាករ​ទឹក​មិន​ទទួល​បាន​ដំណោះស្រាយ ហើយ​ពួក​គាត់​នៅ​តែ​បង់​ថ្លៃ​ទឹក​កើន​ឡើង​ទ្វេ​ដង​ដដែល ពួក​គាត់​នឹង​ទៅ​រក​កិច្ច​អន្តរាគមន៍​ដល់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។