សកម្មភាពទិញ និងលក់ពាក្យប្រឡងតេស្ដសមត្ថភាព ដើម្បីមានឱកាសទៅធ្វើការនៅប្រទេសកូរ៉េ នៅតាមបណ្ដាខេត្តក្រុងទាំង១៣ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសនៅខេត្តកំពង់ឆ្នាំង គេឃើញមានមនុស្សរាប់ពាន់នាក់ បានមកឈរត្រៀបត្រានៅខាងមុខមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត តាំងពីព្រឹកព្រលឹម។
ពលករបម្រើការងារជាស្ត្រីមេផ្ទះម្នាក់នៅប្រទេសកូរ៉េ ឈ្មោះ ឆៃ ចាន់ធឿន ដែលជូនសាច់ញាតិពីរនាក់មកទិញពាក្យសុំប្រឡងនៅក្នុងវគ្គទី១០ នេះ ឲ្យដឹងថា បេក្ខជនម្នាក់ៗត្រូវបង់ថ្លៃ ២៤ដុល្លារ៖ «ព្រោះអីនៅក្នុងស្រុកប្រាក់ខែតិចពេក។ ខាងខ្ញុំអីចឹង រៀនវាអត់បានចប់ចុងចប់ដើមស្រួលបួល ដល់អីចឹងរកការងាររាជការក៏យ៉ាប់ដែរ ដល់អីចឹងយើងចេញទៅក្រៅស្រុកទៅ បើបានចេញទៅក៏វាធូរដែរប្រាក់ខែវាជាង ១ពាន់ អីដែរណា៎»។
យុវជនម្នាក់ឈ្មោះ សាធ ពិសិដ្ឋ ឲ្យដឹងដែរថា បច្ចុប្បន្នប្អូនប្រុសមានមុខរបរជាអ្នករត់ម៉ូតូឌុប ក៏ប៉ុន្តែមុខរបរនេះមិនអាចរកប្រាក់ដើម្បីទប់ទល់នឹងជីវភាពគ្រួសារបាន ទើបប្អូនសម្រេចចិត្ដមកដាក់ពាក្យប្រឡង៖ «ចេះភាសាកូរ៉េ ខ្លះៗដែរ ប្រហែលជាសង្ឃឹមខ្លះដែរ ព្រោះនេះដាក់ខាងផ្នែកសំណង់ សាមុនដាក់ខាងឧស្សាហកម្មធ្លាក់ឡើង ៣ទៅ ៤សាហើយ»។
ប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ ប្រចាំខេត្តកំពង់ឆ្នាំង លោក ញឹម ពិសិដ្ឋ មានប្រសាសន៍ថា សម្រាប់នៅខេត្តកំពង់ឆ្នាំង បេក្ខជនបានសម្រុកចូលដាក់ពាក្យច្រើននៅថ្ងៃទី១ និងទី២ នៃការទទួលពាក្យរយៈពេល ៤ថ្ងៃ៖ «រាល់បេក្ខជនដែលបានពាក្យសុំសិទ្ធិប្រឡងហើយ ប្រសិនគាត់ប្រឡងជាប់ ហើយមិនប្រាកដថាគាត់បានទៅបម្រើការងារនៅកូរ៉េ ១០០% នោះទេ គឺគាត់មានសិទ្ធិត្រឹមតែដាក់ពាក្យសុំស្វែងរកការងារធ្វើនៅប្រទេសកូរ៉េ គាត់បានទៅ វាអាស្រ័យទៅលើខាងថៅកែភាគីកូរ៉េ គាត់ជ្រើសរើសចំបេក្ខជនមួយណា»។
បន្ថែមលើនេះ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងការងារ លោក ហេង សួរ បានប្រសាសន៍ថា ការប្រឡងនេះមិនមែនជាការប្រឡងជ្រើសរើសពលករទៅធ្វើការនៅប្រទេសកូរ៉េ នោះទេ គឺជាការប្រឡងតេស្ដសមត្ថភាពភាសាកូរ៉េ ដើម្បីមានឱកាសការងារនៅសាធារណរដ្ឋកូរ៉េ៖ «ជាធម្មតា វាតែងតែមានចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាននៃសកម្មភាព ប៉ុន្តែសម្រាប់នៅសាធារណរដ្ឋកូរ៉េ នេះ គឺខ្ញុំគិតថា វាជាឱកាសល្អមួយ ហើយសាធារណរដ្ឋ គឺជាទីផ្សារមួយដែលសម្ដេច ហ៊ុន សែន លោកបានផ្ដួចផ្ដើម ហើយចង់ឲ្យមានជាយូរមកហើយ»។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ពលករខ្មែរទៅប្រទេសកូរ៉េ នៅដើមឆ្នាំ២០១២ មានប្រហែល ១ម៉ឺននាក់ ក៏ប៉ុន្តែមកដល់ឆ្នាំ២០១៣ នេះ មានការកើនឡើងជិត ៣ម៉ឺននាក់៖ «វាអាចជាចេតនាមួយរបស់រដ្ឋាភិបាល ជាពិសេសគណបក្សប្រជាជន ដែរ ក្នុងការទាញកម្លាំងមនុស្ស ឬកម្លាំងយុវជនឲ្យទៅខាងក្រៅ ដើម្បីឲ្យជៀសផុតអំពីការរកការងារធ្វើ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំគិតថាមកដល់ពេលនេះ យុទ្ធសាស្ត្រអស់ហ្នឹងមិនសូវជាបានជោគជ័យប៉ុន្មានទេ»។
សង្គមស៊ីវិល និងសាធារណជនមួយចំនួន បានចាត់ទុកសកម្មភាពលក់ពាក្យប្រឡងតេស្ដសមត្ថភាពភាសាកូរ៉េ នាពេលនេះ គឺអាចជាផ្នែកមួយនៃរឿងនយោបាយក្នុងការបង្វែរអារម្មណ៍របស់មហាជន និងយុវជន ឲ្យងាកទៅគិតគូររឿងការងារនៅក្រៅប្រទេសវិញ ជាជាងនៅប្រមូលផ្ដុំគ្នា និងបង្កឲ្យមានបាតុភាពផ្សេងៗកើតចេញពីបញ្ហាការងារនៅក្នុងស្រុក នៅគ្រាដែលស្ថានភាពនយោបាយនៅកម្ពុជា កំពុងមានភាពតានតឹង។
សកម្មភាពទិញពាក្យសុំប្រឡងតេស្ដសមត្ថភាពភាសាកូរ៉េ ធ្វើឡើងរយៈពេល ៤ថ្ងៃ នៅតាមបណ្ដាខេត្ត និងក្រុងចំនួន១៣ គឺខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប កំពង់ចាម ក្រចេះ ព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកំពត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។