ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដែលមកចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១៤ ខែតុលា នៅតែចាត់ទុកលោកគឺជាធនធានមនុស្សដ៏កម្ររបស់ប្រទេសកម្ពុជា។ ប្រជាពលរដ្ឋដែលចូលរួមក៏បង្ហាញការគាំទ្រជាខ្លាំងចំពោះសៀវភៅចងក្រងពីទស្សនៈរបស់លោក ដែលមានចំណងជើងថា "អ្នករូតវាំងននសង្គម"។
"អ្នករូតវាំងននសង្គម" គឺជាចំណងជើងសៀវភៅមួយក្បាលដែលជាទស្សនៈរបស់លោកបណ្ឌិត កែម ឡី កាលពីលោកនៅមានជីវិតនោះ ត្រូវបានប្រជាពលរដ្ឋដែលចូលរួមពិធីបុណ្យ ១០០ថ្ងៃរបស់លោកអះអាងថា ជាសៀវភៅដែលឆ្លុះបញ្ចាំង និងលាតត្រដាងពីតថភាពពិតនៅក្នុងសង្គម ដែលត្រូវតែសិក្សាស្វែងយល់។
សៀវភៅនេះត្រូវបានតាំងបង្ហាញ និងដាក់លក់នៅវត្តពោធិយារាម ហៅវត្តចាស់ រាជធានីភ្នំពេញ ខណៈពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃរបស់លោក។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនដែលមកចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃរបស់លោក កែម ឡី លោកស្រី អ៊ុង សារឿន លើកឡើងថា ខ្លឹមសារសៀវភៅនេះមានគំនិតវិភាគគ្រប់ជ្រុងជ្រោយ ពិសេសឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់នយោបាយកម្ពុជា៖ « ខ្ញុំគាំទ្រសៀវភៅនេះ ពីព្រោះខ្ញុំចង់ដឹងគាត់ជាអ្នកវិភាគដឹងខុសត្រូវក្នុងប្រទេស ដើម្បីដឹកនាំកូនចៅជំនាន់ក្រោយក្នុងប្រទេសឲ្យដឹងខុសត្រូវ កុំឲ្យយកសថាខ្មៅ ខ្មៅថាស » ។
ជាយុវជនមកខេត្តកណ្តាល ដែលចូលរួមពិធីបុណ្យលោកដែរនោះ លោក សុខ វិចិត្រ និយាយថា លោកតែងគាំទ្រទស្សនៈ និងការវិភាគរបស់លោកបណ្ឌិត កែម ឡី។ លោកអះអាងថា សៀវភៅដែលមានចំណងជើងថា "អ្នករូតវាំងននសង្គម" នេះនឹងអាចជួយពលរដ្ឋ និងសង្គមកម្ពុជា ឲ្យប្រសើរឡើង។
ចំណែកបុរសវ័យចំណាស់មកពីខេត្តព្រៃវែង លោក ម៉ៅ និន ស្នើឲ្យប្រជាពលរដ្ឋ ពិសេសអ្នកនយោបាយកម្ពុជា គួរតែរៀនសូត្រតាមគំនិត និងទស្សនៈរបស់លោកបណ្ឌិត កែម ឡី ដើម្បីយកអនុវត្តឲ្យសង្គមឲ្យរីកចម្រើន និងមានលទ្ធិប្រជាធិបតេយ្យពេញលេញ៖ « សៀវភៅនេះ ៣ដុល្លារ ខ្ញុំថាអត់ថ្លៃទេ ទោះជា ១០ដុល្លារ ឬ ១៥ដុល្លារ ក៏ខ្ញុំហ៊ានចំណាយដែរ ព្រោះដើម្បីយកទៅឲ្យកូនចៅរៀនបន្តវេនអំពីគាត់ ព្រោះគាត់អ្នកតស៊ូ អ្នកស្នេហាជាតិ ស្មោះត្រង់ជាតិ សូមឲ្យយកតម្រាប់តាមគាត់ជាដរាបរៀងទៅ កុំឲ្យឈ្លោះគ្នាដូចរាល់ថ្ងៃ » ។
រីឯប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា នៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា សៀវភៅគឺជាការរួមចំណែកមួយសម្រាប់អ្នកនយោបាយកម្ពុជា យកទៅដោះស្រាយស្ថានការណ៍នយោបាយដែលកំពុងជាប់គាំង៖ « ខ្ញុំឃើញការផ្តល់អនុសាសន៍ ឬក៏គំនិតល្អនៅក្នុងសៀវភៅនេះរបស់លោកបណ្ឌិត កែម ឡី នេះ វាជារឿងល្អបំផុតហើយសម្រាប់ប្រទេសកម្ពុជា ហើយក៏ជាមេរៀនល្អដែរ។ ចឹងវាសមនឹងពាក្យអ្នករូតវាំងននសង្គម បានន័យថារូតវាំងននហើយ អ្វីៗក៏យើងមើលឃើញ មិនមានអ្វីបិទបាំងតទៅទៀតនោះទេ » ។
សៀវភៅ "អ្នករូតវាំងននសង្គម" ដែលជាទស្សនៈរបស់លោកបណ្ឌិត កែម ឡី ហើយត្រូវបានចងក្រង និងបោះពុម្ពដោយសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមចងក្រងសៀវភៅស្ដីពីទស្សនៈបណ្ឌិត កែម ឡី លោក មួង សូនី ឲ្យដឹងថា គ្រោងបោះពុម្ពសៀវភៅកម្រងទស្សនៈបណ្ឌិត កែម ឡី ចំនួន ១ម៉ឺនក្បាល ហើយមកដល់ពេលនេះបោះពុម្ពបាន ៥ពាន់ក្បាលហើយ នៅសល់ ៥ពាន់ក្បាលទៀត។ក្នុងមួយក្បាលត្រូវចំណាយអស់ថវិកា ៣ដុល្លារ សរុបត្រូវចំណាយថវិកាអស់ចំនួន ៣ម៉ឺនដុល្លារ។ បន្ថែមពីនេះ លោកក៏អំពាវនាវឲ្យបណ្ដាបណ្ណាគារសាធារណៈ បណ្ណាល័យជាតិ វត្តអារាម និងបណ្ដាសាកលវិទ្យាល័យគាំទ្រស្នាដៃសៀវភៅនេះ៖ « ខ្ញុំសូមអំពាវនាវដល់បណ្ណាគារសាធារណៈ បណ្ដាសាកលវិទ្យាល័យទាំងអស់ ខាងខ្ញុំជាគណៈកម្មការ គឺចង់ផ្តល់សៀវភៅទាំងនេះដោយឥតគិតថ្លៃ។ ដូច្នេះសូមមកទាក់ទងយើងខ្ញុំ » ។
ក្រុមចងក្រងសៀវភៅបញ្ជាក់ថា ខ្លឹមសារសៀវភៅ "អ្នករូតវាំងននសង្គម" គឺជាកម្រងរឿងដែលប្រមូលផ្តុំពីរឿងនិទានខ្លីៗទាំង ១៩ ដែលទាក់ទងនឹងបញ្ហាសង្គម នយោបាយ ការអប់រំ បរិស្ថាន ធម្មជាតិ បូរណភាពទឹកដីជាដើម។
ក្រៅពីបង្ហាញការគាំទ្រចំពោះសៀវភៅពីទស្សនៈរបស់លោក ពលរដ្ឋក៏ទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យ តម្លាភាព លើឃាតកម្មលោក កែម ឡី ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនរូបលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។