ពលរដ្ឋ​មួយ​ចំនួន​មិន​ជឿ​ថា ជួប សម្លាប់ ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី

ដោយ ប្រាជ្ញ ចេវ
2017.03.01
Share on WhatsApp
Share on WhatsApp
ជួប សម្លាប់ ២០១៦ ៨៥៥ ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA

ក្រុម​ពលរដ្ឋ​លើក​ឡើង​ស្រដៀងៗ​គ្នា​ថា មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​យល់​ថា ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ គ្រាន់​តែ​ជា​ឃាតក​សិប្បនិមិត្ត​ប៉ុណ្ណោះ។ ការ​លើក​ឡើង​របស់​ក្រុម​ពលរដ្ឋ​បែប​នេះ ដំណាល​គ្នា​នឹង​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​ជំនុំ​ជម្រះ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១ ខែ​មីនា ដោយ​បញ្ជូន អឿត អាង មក​សួរ​ដេញដោល​នៅ​ក្នុង​បន្ទប់​សវនាការ។

ទោះ​បី​ជា​មាន​ការ​សារភាព​ដោយ​ផ្ទាល់​មាត់​ពី​ជន​ជាប់​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅ​ក្នុង​បន្ទប់​សវនាការ​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ក្តី ប៉ុន្តែ​ពលរដ្ឋ​មិន​ជឿ​លើ​ចម្លើយ​សារភាព​នេះ​ទេ។ ពួក​គេ​ថែម​ទាំង​ចោទ​ជា​សំណួរ​ថា តើ ជួប សម្លាប់ តែ​ម្នាក់​ឯង​អាច​ធ្វើ​ដំណើរ​តាំង​ពី​ប្រទេស​ថៃ មក​សម្លាប់​លោក កែម ឡី នៅ​ប្រទេស​កម្ពុជា បាន​ដែរ​ឬ​ទេ?

ពលរដ្ឋ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ លោកស្រី សូ វណ្ណា ឈរ​នៅ​មុខ​តុលាការ​តាំង​ពី​ម៉ោង ៧​ព្រឹក ឲ្យ​អាស៊ីសេរី​ដឹង​ថា លោកស្រី​យល់​ថា​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី មិន​មែន​មាន​ឃាតក​តែ​ម្នាក់​ដូច​ដែល​ប៉ូលិស​ក្រុង​ភ្នំពេញ​ចាប់​ឈ្មោះ ជួប សម្លាប់ នោះ​ទេ។ លោកស្រី​ដាក់​ការ​សង្ស័យ​ថា មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដែល​ជា​បក្សពួក​របស់​ឃាតក ហើយ​ជា​មនុស្ស​មាន​អំណាច​នៅ​ក្នុង​សង្គម៖ «មិនមែន​ស្នាដៃ​តែ​ម្នាក់​ឯង​ទេ នៅ​មាន​អ្នក​បញ្ជា​នៅ​ពី​ក្រោយ។ បើ​សិន​តុលាការ​កាត់​ទោស​ថា ជួប សម្លាប់ ហ្នឹង​ជា​ឃាតក​មែន បាន​ន័យ​ថា តុលាការ​អយុត្តិធម៌»

ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី អ៊ី គឹមសួ រស់នៅ​រាជធានី​ភ្នំពេញ​ដែរ​នោះ​និយាយ​ថា ជួប សម្លាប់ គ្មាន​លទ្ធភាព​មាន​លុយ​ទិញ​កាំភ្លើង និង​មាន​លទ្ធភាព​មាន​លុយ​ឲ្យ​លោក កែម ឡី ខ្ចី​រហូត​ទៅ​ដល់ ៣​ពាន់​ដុល្លារ​នោះ​ទេ។ លោកស្រី​យល់​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ជា​ការ​រៀបចំ៖ «ខ្ញុំ​យល់​ថា គាត់​អត់​មាន​ហ៊ាន​បញ្ចេញ​ការពិត​ទេ ខ្ញុំ​ជឿ​ថា គេ​រៀបចំ​ទុក​ជា​ស្រេច​ហើយ អ្នក​រៀបចំ​មិន​មែន​ជា​អ្នក​តូច»

នៅ​ក្រៅ​របង​តុលាការ​ថ្ងៃ​ទី​១ ខែ​មីនា ដែល​ជា​ថ្ងៃ​ជំនុំ​ជម្រះ​ក្តី​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី មាន​ពលរដ្ឋ​នៅ​ភ្នំពេញ និង​មក​ពី​បណ្ដា​ខេត្ត​ប្រមាណ ៣០​នាក់​មក​ឃ្លាំ​មើល​ដំណើរ​ការ​ក្តី​នេះ។ ក្រៅ​ពី​នេះ ក៏​មាន​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ​យ៉ាង​ហោច​ណាស់ ២០​ស្ថាប័ន តាម​ផ្ដិត​យក​ព្រឹត្តិការណ៍​នេះ​ដែរ។ សំណុំ​រឿង​នេះ​ដែរ ក៏​ទទួល​បាន​បាន​ការ​ចាប់​អារម្មណ៍​ពី​ស្ថានទូត​អូស្ត្រាលី ប្រចាំ​ប្រទេស​កម្ពុជា។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​ប្រាប់​អាស៊ីសេរី​តាម​អ៊ីមែល (Email) នៅ​ថ្ងៃ​ទី​១ មីនា ថា «រដ្ឋាភិបាល​អូស្ត្រាលី ចូលរួម​ចែក​រំលែក​ការ​ព្រួយ​បារម្ភ​ជាមួយ​អ្នក​ផ្សេង​ជាច្រើន​ទៀត ចំពោះ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី។ អ្នក​នយោបាយ​អូស្ត្រាលី ជាច្រើន​បាន​ស្គាល់​បណ្ឌិត កែម ឡី យ៉ាង​ច្បាស់ និង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ផង​ដែរ។ ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា ស្នើ​ជា​រឿយៗ​ដល់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កម្ពុជា ដែល​យើង​បាន​ជួប ឲ្យ​បើក​ការ​ស៊ើប​អង្កេត​បាន​ឆាប់​រហ័ស និង​ដោយ​យក​ចិត្ត​ទុក​ដាក់។ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ប្រទេស​អូស្ត្រាលី ក៏​បាន​ចូលរួម​ជាមួយ​ប្រទេស​ចំនួន ៣២ ផ្សេង​ទៀត ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ក្នុង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញលេញ និង​តម្លាភាព​លើ​ការ​សម្លាប់​បណ្ឌិត កែម ឡី។ ស្ថានទូត​អូស្ត្រាលី នឹង​ឃ្លាំ​មើល​ដំណើរការ​កាត់​ក្តី​សំណុំ​រឿង​បណ្ឌិត កែម ឡី នេះ»

តុលាការ​ក្រុង​ភ្នំពេញ ប្រើ​រយៈពេល​ជាង ៥​ម៉ោង​សួរ​ដេញដោល ជួប សម្លាប់ ដែល​សវនាការ​នេះ​ដឹកនាំ​ដោយ​ចៅក្រម​ជំនុំ​ជម្រះ និង​ជា​អនុប្រធាន​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ និង​តំណាង​អយ្យការ លោក លី សុផាណា។ ជន​ជាប់​ចោទ​មាន​មេធាវី​ការពារ​ក្ដី​តាម​ផ្លូវ​ច្បាប់ គឺ​លោក យុង ផានិត ជា​មេធាវី​ផ្តល់​ដោយ​គណៈមេធាវី ប៉ុន្តែ​គ្មាន​ការ​ចូលរួម​ពី​គ្រួសារ​របស់​លោក កែម ឡី និង​មេធាវី​ការពារ​ក្តី​ទេ។

ទាក់ទង​ចម្ងល់​របស់​មហាជន​ដែល​ចង់​ឃើញ​វីដេអូ​បាញ់​សម្លាប់​លោក កែម ឡី ក៏​ត្រូវ​បាន​ចាក់​បញ្ចាំង​ដោយ​សង្ខេប​នៅ​ក្នុង​បន្ទប់​សវនាការ​ដែរ ប៉ុន្តែ​រង​ការ​រិះគន់​ពី​អ្នក​ចូលរួម​មើល​នៅ​ក្នុង​សវនាការ​នោះ​ថា មើល​មុខ​ឃាតក​មិន​ច្បាស់ ដែល​ពិបាក​សន្និដ្ឋាន​ថា​ឃាតក​នោះ​ជា ជួប សម្លាប់។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ សារព័ត៌មាន​ឈ្មោះ ហ្វ្រេស​ញូវ (Fresh News) ដែល​ស្និទ្ធ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​ដែល​អះអាង​ថា ជា​សកម្មភាព​បាញ់​សម្លាប់​លោក កែម ឡី។

ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ស្តាប់​ការ​ជំនុំ​ជម្រះ​ថា លោក​ពិបាក​នឹង​ជឿ​ចម្លើយ​សារភាព​របស់ ជួប សម្លាប់ ណាស់។ រីឯ​ការ​បង្ហាញ​រូប​នៃ​អង្គ​ចងចាំ ឬ​ហៅ​ថា​ម៉េម៉ូរី​នៃ​សកម្មភាព​បាញ់​នោះ លោក អំ សំអាត ថា​ការ​បង្ហាញ​សកម្មភាព​ដើរ​ចូល ទាញ​កាំភ្លើង រត់​ចេញ និង​រត់​តាម​ផ្លូវ​មិន​គ្រប់គ្រាន់​ទេ ដោយ​ទទូច​ចង់​ឃើញ​សកម្មភាព​បាញ់​ប្រហារ​តែ​ម្តង ទើប​លោក​អស់​ចិត្ត៖ «ទី​មួយ លោក ជួប សម្លាប់ ថា លោក​បណ្ឌិត កែម ឡី យក​លុយ​គាត់​បី​ពាន់​ដុល្លារ ហើយ​សួរ​ទៅ​គាត់​ថា ស្គាល់​មួយ​ភ្លែត​ពេល​ប្រគល់​លុយ។ តើ​យើង​អាច​ជឿ​បាន​ទេ មនុស្ស​មិន​ដែល​ស្គាល់​គ្នា​សោះ ម្នាក់​នៅ​កម្ពុជា ម្នាក់​នៅ​ថៃ ហ៊ាន​ឲ្យ​លុយ​ខ្ចី​បី​ពាន់​ដុល្លារ? ទី​២ តើ​ដូច​លោក​បណ្ឌិត កែម ឡី គាត់​ខ្វះ​ទេ បី​ពាន់​ដុល្លារ?»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក អំ សំអាត ព្រះរាជអាជ្ញា​កាន់​សំណុំ​រឿង​នេះ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឆ្លើយ​នឹង​សំណួរ​របស់​ក្រុម​អ្នក​សារព័ត៌មាន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (Telegram) យ៉ាង​ដូច្នេះ​ថា «សវនាការ​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ​នូវ​សកម្មភាព​របស់​ជន​ជាប់​ចោទ ដែល​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​ស្ថានីយ​ប្រេង​កាល់តិច»

លោក​បញ្ជាក់​ទៀត​ថា ភស្តុតាង​នេះ​បាន​ចាប់​យក​ពី​កន្លែង​កើត​ហេតុ​ផ្ទាល់ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ពិត ហើយ​ការ​វិភាគ និង​វាយ​តម្លៃ​លើ​ភស្តុតាង ត្រូវ​ធ្វើ​ឡើង​តាម​បែប​បច្ចេកទេស​វិទ្យាសាស្ត្រ។

ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពលរដ្ឋ​ម្នាក់​មក​ពី​ខេត្ត​កណ្ដាល លោក ឡុង ប៉េងលី យល់​ថា ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ក៏​មិន​ខុស​គ្នា​ទៅ​នឹង​ករណី​ឃាតកម្ម​អតីត​ប្រធាន​សហជីព​សេរី​កម្មករ គឺ​លោក ជា វិជ្ជា ដែរ។ លោក​យល់​ថា ឃាតក​ពិត​តែងតែ​រួច​ខ្លួន​រហូត។ ពលរដ្ឋ​រូប​នេះ​ទាមទារ​ឲ្យ​តុលាការ ឬ​សមត្ថកិច្ច បង្ហាញ​សកម្មភាព​វីដេអូ​ដែល​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី។ ជាង​នេះ​ទៀត លោក​ថា​សវនាការ​ថ្ងៃ​នេះ​គ្រាន់​តែ​ជា​ឆាកល្ខោន​ប៉ុណ្ណោះ៖ «នេះ​មិន​មែន​ជា​ឃាតក​ពិត គេ​ភូត​កុហក​ប្រជាពលរដ្ឋ ប៉ុន្តែ​មិន​បាច់​បោកប្រាស់​ពលរដ្ឋ​ទេ ពលរដ្ឋ​គេ​ដឹង យល់​ដឹង​អស់​ហើយ»

លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ។ ភ្លាមៗ​នោះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ចេញ​មុខ​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្រុម​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ជួប សម្លាប់ ដោយ​ដេញ​ប្រផាប់​ចាប់​ប្រភីង។ ប៉ុន្តែ​ក្រោយ​មក អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និយាយ​ថា លោក​មិន​ជឿ​ថា ជន​ជាប់​ចោទ​ដែល​សមត្ថកិច្ច​ចាប់​បាន​នោះ​ឈ្មោះ ជួប សម្លាប់ ហើយ​ក្រោយ​ទៀត គេ​ឃើញ​តុលាការ​បាន​បញ្ចេញ​ឈ្មោះ ជួប សម្លាប់ នោះ​ថា​មាន​ឈ្មោះ​ពិត គឺ អឿត អាង មាន​អាយុ ៣៨​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។