ដំណាំម្រេច កំពុងមានតម្លៃខ្ពស់នៅលើទីផ្សារ ធ្វើអោយកសិករកាន់តែច្រើននៅខេត្តរតនគិរី ចាប់អារម្មណ៍ និងនាំគ្នាដាំដំណាំនេះ។ ទន្ទឹមនឹងដំណាំម្រេច កំពុងអភិវឌ្ឍនៅតំបន់ភាគឦសានមួយនេះ កសិករដំណាំម្រេចក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមពាក់ព័ន្ធជំងឺរាតត្បាតដើមម្រេច។
ជំងឺរលួយឫស និងស្វិតស្លឹក បានរាតត្បាតដំណាំម្រេចនៅខេត្តរតនគិរី គ្រាដែលភ្លៀងធ្លាក់ជោគជាំចាប់ពីខែកក្កដា រហូតបច្ចុប្បន្ន។
កសិករដាំម្រេចជាច្រើន សម្ដែងការព្រួយបារម្ភចំពោះជំងឺរាតត្បាតដើមម្រេច ដែលធ្វើឲ្យពួកគេប្រឈមមុខទៅនឹងការខាតបង់ពេលវេលា ប្រាក់កាសច្រើនក្នុងការដាំដំណាំនេះ ប្រសិនមិនមានវិធានការព្យាបាលជំងឺនេះទាន់ពេលវេលា។
កសិករដាំម្រេច នៅឃុំតាអង ស្រុកកូនមុំ លោក ឧត្តម រៀបរាប់ថា កសិករដាំម្រេចជាច្រើននៅស្រុកបរកែវ អូរយ៉ាដាវ ស្រុកអណ្ដូងមាន កំពុងប្រឈមនឹងជំងឺរាតត្បាតដើមម្រេច ជាពិសេសជំងឺរលួយឫស និងជំងឺស្វិតស្លឹកនេះ។ លោកថា ដើមម្រេច ២០% ក្នុងចម្ការម្រេចមួយនៅស្រុកអូរយ៉ាដាវ ប្រឈមទៅនឹងរលួយងាប់ក្នុងរយៈពេលប្រមាណមួយសប្ដាហ៍ បន្ទាប់ពីកើតមានជំងឺនេះ ហើយជំងឺនេះក៏ឆ្លងពីដើមមួយទៅដើមមួយយ៉ាងឆាប់រហ័សទៀតផង។ ចំណែកជំងឺស្វិតស្លឹក ក៏មានសញ្ញាណធ្វើឲ្យដើមម្រេចទ្រុឌទ្រោម ស្វិតស្លឹក និងងាប់យ៉ាងឆាប់រហ័សដូចគ្នា៖ «ចម្ការនៅអូរយ៉ាដាវ ដែលខ្ញុំទៅមើលហ្នឹង គឺគាត់ដាំ ២ម៉ឺនជន្លង់ គាត់មានបញ្ហាហ្នឹងចង់ ៣ពាន់ជន្លង់ហើយ។ វាមានងាប់ វាមានជ្រុះស្លឹង ហើយអា ២ម៉ឺនជន្លង់ដែលគាត់ដាំ ជំងឺហ្នឹងវាឆ្លងដែរ។ យើងសង្កេតមើលស្លឹកវា មើលអាការៈដើមវា វាមានជំងឺហ្នឹងហើយ គ្រាន់តែយើងមិនទាន់ព្យាបាល»។
យល់ស្របតាមការលើកឡើងនេះ កសិករម្រេចនៅស្រុកអូរយ៉ាដាវ លោក នួលី កត់សម្គាល់ដែរថា ជំងឺរលួយឫសពិបាកក្នុងការព្យាបាលជាងជំងឺម្រេចឆ្កួត ឬជំងឺក្រាដើមម្រេច។ លោកថា ប្រសិនកសិករដាំម្រេចជួបជំងឺរាតត្បាតនេះ ត្រូវប្រញាប់រកអ្នកជំនាញផ្នែកដំណាំម្រេច ដើម្បីព្យាបាលជំងឺនេះឲ្យបានរួសរាន់៖ «ជំងឺក្រាយើងបាញ់ការពារ ជំងឺឫសក្នុងដីហ្នឹង យើងមិនដែលបានការពារត្រង់ថាថ្នាំមួយណាទៅការពារ ទាល់តែឃើញឈឺ ហើយបានយើងព្យាបាល។ ព្យាបាលហ្នឹងអត់ពិតប្រាកដជាមួយរយភាគរយទេ ជួនកាលអាណាឈឺខ្លាំង ក៏វាងាប់ទៅ តែកន្លងមកវាឈឺមួយគុម្ពហ្នឹង យើងចាក់បីបួនគុម្ពជុំវិញវាហ្នឹងការពារតែម្តង»។
ដំណាំម្រេចនៅខេត្តរតនគិរី កើនឡើងយ៉ាងឆាប់រហ័សពីជាង ១០ហិកតារ កាលពីឆ្នាំ២០០៨ ដល់ជាង ១២០ហិកតារនាចុងឆ្នាំ២០១៣ និងកើនដល់ ១៧០ហិកតារនៅពេលបច្ចុប្បន្ន។ ដំណាំនេះគេសង្កេតឃើញមានដាំច្រើននៅស្រុកអូរយ៉ាដាវ បរកែវ អូរជុំ តាវែង និងក្រុងបានលុង។

មូលហេតុនាំឲ្យកើតមានជំងឺរាតត្បាតរលួយដើម និងស្វិតស្លឹកនេះ លោក ឧត្តម ដែលមានបទពិសោធន៍ដំណាំម្រេច ប៉ាន់ប្រមាណថា ដោយសារភ្លៀងធ្លាក់ជោគជាំពេក ហើយកសិករខ្លះរៀបចំដីធ្វើជន្លង់ ប្រក់ស្បៃ និងកាត់ទងម្រេចលក់មិនបានល្អ នាំឲ្យមានមេរោគឆ្លងទៅដើមម្រេច។ លោកបន្តថា សញ្ញាសម្គាល់កាលណាដើមម្រេចមានភាពជាំខ្មៅនៅគល់ ហើយស្លឹងប្រែពណ៌លឿងបន្តិចម្តងៗ ហើយបើយើងដកដើមម្រេចមកមើលឃើញឫសវារលួយ គឺដើមម្រេចមានជំងឺរលួយឫស ប្រសិនដើមម្រេចមានសភាពទ្រុឌទ្រោម ហើយស្លឹកក្រៀមស្វិតភ្លាមនោះ គឺជាជំងឺស្វិតស្លឹក៖ «តែរយៈពេលមួយអាទិត្យទៅកន្លះខែ វាចាប់ផ្ដើមអាការៈទ្រុឌទ្រោម។ បើសិនម្រេចហ្នឹងអត់បានបាញ់ថ្នាំការពារ វាទន់ខ្សោយ។ ហើយបើជំងឺរួញស្លឹក គ្រោះថ្នាក់ជាងជំងឺរលួយដើម បើយើងមានថ្នាំព្យាបាល យើងស្រោចទៅកន្លែងវាមានរបួស បើសិនវាអត់ទាន់ងាប់ទេ វាអាចរស់ឡើងវិញ ប៉ុន្តែបើអារួញហ្នឹងវាឆ្លងតាមខ្យល់ជ្រុះស្លឹកហើយងាប់»។
ដំណាំម្រេចក្នុងផ្ទៃដីមួយហិកតារ គេអាចប្រមូលផលបាន ២ ទៅ ៣តោន។ បច្ចុប្បន្ននេះ ទីផ្សារម្រេចកម្ពុជា មាននៅប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវែស ដាណឺម៉ាក សហរដ្ឋអាមេរិក ជាដើម និងមានតម្លៃជាមធ្យម ៦ដុល្លារក្នុងមួយគីឡូក្រាម។ ក៏ប៉ុន្តែ កសិករត្រូវចំណាយទុនសម្រាប់ដំណាំនេះក្នុងកម្រិតខ្ពស់ប្រមាណ ៤ម៉ឺនដុល្លារ ក្នុងការដាំម្រេចលើផ្ទៃដីមួយហិកតារ។
ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា ពន្យល់ថា មន្ត្រីជំនាញកសិកម្មមិនទាន់មានបទពិសោធន៍ជាក់លាក់ពីការព្យាបាលជំងឺនេះនៅឡើយ។ លោកថា បច្ចុប្បន្នកសិករម្រេច នាំគ្នានាំចូលពូជម្រេចពីប្រទេសជិតខាង មានថៃ និងវៀតណាម មកដាំដោយមិនបានសិក្សាពីបញ្ហាដី និងការប្រើប្រាស់ជី។ ហេតុនេះ ទើបកើតមានជំងឺរាតត្បាតបែបនេះ។ លោកថា នឹងចាត់មន្ត្រីជំនាញចុះសិក្សាពីជំងឺដើមម្រេច ដើម្បីរកវិធានការជួយកសិករដាំម្រេចតាមលក្ខណៈបច្ចេកទេសកសិកម្ម៖ «មិនទាន់ដឹងវិធានការយ៉ាងម៉េចទេ ប្រភេទជំងឺវាច្រើនតាមរយៈពូជហ្នឹង។ ពូជហ្នឹងចម្លងពីខាងកំពង់ចាម ខ្លះយកពីវៀតណាម ដោយសារពូជហ្នឹងហើយធ្វើឲ្យមានបញ្ហាអាចចម្លងមេរោគ។ តំបន់ខ្លះនាំចូលខ្លួនឯង ពូជផ្សេងមិនល្អមកសាកណា!»។
ទាក់ទិនជំងឺរាតត្បាតដំណាំម្រេចនេះ អ្នកបច្ចេកទេសផ្នែកកសិកម្មនៃក្រុមហ៊ុនជី អេច្ឆ.អឹម (HM) ប្រចាំខេត្តរតនគិរី អះអាងថា កត្តាសំខាន់នាំឲ្យកើតជំងឺទាំងពីរនេះ មកពីទឹកមិនគ្រប់គ្រាន់ ហើយតំបន់ដាំម្រេចមានកម្តៅខ្ពស់ ចំណែកដីក៏មានមេរោគ។ ដោយឡែកជំងឺស្វិតស្លឹក បណ្ដាលមកពីដីខ្វះជីវជាតិ ឬខ្វះជាតិកាល់ស្យូម។ លោកថា ម្សៅការពារជំងឺរលួយឫស អាចសម្លាប់មេរោគក្នុងដី កាលណាកសិករយកទៅស្រោចនៅជុំវិញជន្លង់ម្រេចមានជំងឺរលួយគល់ និងការពារកុំឲ្យមេរោគឆ្លងទៅដើមម្រេចផ្សេងទៀត។ ទាក់ទិនជំងឺស្វិតស្លឹក កសិករអាចទាក់ទងអ្នកជំនាញក្រុមហ៊ុនមានឧបករណ៍ត្រួតពិនិត្យជំងឺនេះ ឬក៏ប្រើមេជីធម្មជាតិ អេច្ឆ.អឹម បាញ់បំប៉នដើមម្រេចឲ្យមានជីវជាតិឡើងវិញ៖ «វាមានបញ្ហាក្តៅខ្លាំង ទឹកយើងអត់គ្រប់គ្រាន់ យើងស្រោចទៅវាឡើងកំសួលៗ ធ្វើឲ្យរលួយឫសរលួយគល់ ទី១។ ដីហ្នឹងមានជំងឺរលួយឫសរលួយគល់ កាលណាដាក់ដាំទៅ គឺវារលួយឫសរលួយគល់រហូត។ បើសិនក្រហមស្លឹកធម្មតា យើងអាចបាញ់ជាមួយមេជី អេច្ឆ.អឹម បាន»។
ជំងឺម្រេចសំខាន់ៗដែលពិបាកព្យាបាល រួមមាន ជំងឺរលួយឫស ជំងឺស្វិតស្លឹក ជំងឺផ្សិតដើម និងជំងឺខ្វាក់ត្រួយ ជាដើម។
ទោះជាយ៉ាងនេះក្តី កសិករដំណាំម្រេចនៅខេត្តរតនគិរី អំពាវនាវឲ្យមន្ត្រីជំនាញកសិកម្ម ចាត់វិធានការសិក្សាពីកត្តាពូជដី និងការព្យាបាលជំងឺម្រេច ដើម្បីផ្សព្វផ្សាយបច្ចេកទេសដល់កសិករសម្រាប់អភិវឌ្ឍដំណាំម្រេចបានជោគជ័យ និងលទ្ធផលល្អប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។