អាជ្ញាធរ​ក្រុង​ភ្នំពេញ​រឹត​បន្តឹង​រថយន្ត​ធុន​ធំ​បើក​បរ​ចូល​ក្រុង​ខុស​ម៉ោង​កំណត់

ដោយ ទីន ហ្សាការីយ៉ា
2019.01.21
រថយន្ត​ដឹក​ទំនិញ និង​កុងតឺន័រ ៦១០ ១៧-តុលា-២០១៣៖ រថយន្ត​ដឹក​ទំនិញ និង​កុងតឺន័រ ធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ។
RFA/Den Ayuthyea

អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ផ្ដើម​រឹត​បន្តឹង​លើ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ដែល​បើកបរ​ចូល​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ខុស​ម៉ោង​ពេល​កំណត់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

ស្នងការ​ក្រុង​ភ្នំពេញ​លោក ស ថេត បាន​ដាក់​បញ្ជា​ឱ្យ​សមត្ថកិច្ច​ជំនាញ​ និង​អាជ្ញាធរ​មូលដ្ឋាន​ បើក​ប្រតិបត្តិ​ការ​ចុះ​ចាប់​រថយន្ត​ធុន​ធំ​ទាំងឡាយ​ ដែល​មិន​គោរព​ច្បាប់​ និង​គោលការណ៍​ណែនាំ​របស់​សាលាក្រុង​​ភ្នំពេញ។ លោក​ក៏​បាន​ស្នើសុំ​ឱ្យ​អ្នក​បើក​បរ​រថយន្ត​ធុន​ធំ​​ទាំង​អស់​គោរព​ច្បាប់​ចរាចរណ៍ និង​បទ​បញ្ជា​​របស់​អាជ្ញាធរ​ ដោយ​​ចេញ​ចូល​តាម​ម៉ោង​ដែល​បាន​កំណត់។

សាលាក្រុង​ភ្នំពេញ​បាន​ហាមឃាត់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ ជាពិសេស រថយន្ត​កុងតឺន័រ មិន​ឱ្យ​បើក​បរ​ចូល​ក្នុង​ក្រុង ចាប់​ពី​ម៉ោង ៥ព្រឹក ដល់ម៉ោង ៩យប់ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​ក្នុង​ក្រុង​ឱ្យ​បាន​ល្អ​ប្រសើរ។ ក៏​ប៉ុន្តែ​បម្រាម​នេះ​ហាក់​មិន​ត្រូវ​បាន​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ​ ដោយ​​រថយន្ត​ធុន​ធំ​មួយ​ចំនួន​​នៅ​តែ​​​បើក​បរ​ចូល​ក្នុង​ក្រុង​នៅ​ពេល​ថ្ងៃ បណ្ដាល​ឱ្យ​មាន​ការ​​​កកស្ទះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា វិធាន​ការ​របស់​អាជ្ញាធរ​កាល​ពី​ពេល​កន្លងទៅ មិន​ទាន់​អាច​​អនុវត្ត​បាន​ពេញ​លេញ​នៅឡើយ​ ដោយសារ​ការ​ចេញ​ចូល​ខ្លះ​​មាន​ការ​លើក​លែង​ ​ អំពើ​ពុករលួយ​របស់​សមត្ថកិច្ច​មួយ​ចំនួន​ និង​ករណី​រថយន្ត​ធុន​ធ្ងន់​ខ្លះ​មាន​អ្នក​​មាន​អំណាច​កាង​នៅ​ពី​ក្រោយ៖ «នៅ​ពេល​ដែល​ស្ថានភាព​នៃ​ការ​កក​ស្ទះ​ចរាចរណ៍ ហើយ​និង​ការ​​​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្សម្នា ដោយ​សារ​តែ​រថយន្ត​ធុន​ធ្ងន់​នេះ គេ​គួរតែ​គិត​គូរ​អំពី​ការ​បង្កើត​ឱ្យ​មាន​បញ្ញត្តិ​នេះ​នៅ​ក្នុង​ច្បាប់។ ​នៅ​ពេល​ដែល​វា​មាន​មូលដ្ឋាន​ផ្លូវ​​ច្បាប់​ហើយ​​ ការ​ផាក​ពិន័យ​ ការ​ហាម​ប្រាម​ហ្នឹង ខ្ញុំ​គិត​ថា ​វា​មាន​ប្រសិទ្ធភាព​ជាង​លិខិត​រដ្ឋបាល»

រថយន្ត​ធុន​ធំ​ទាំង​អស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​បរ​​ចូល​ក្នុង​ខណ្ឌ​ចំនួន​ ៤ ក្នុង​រាជធានី​ភ្នំពេញ រួម​មាន​ខណ្ឌ​៧​មករា ខណ្ឌ​ដូន​ពេញ ខណ្ឌ​ទួល​គោក និង​ខណ្ឌ​ចំការមន​ ក៏​ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ចូល​បាន​នៅ​តាម​តំបន់​ជាយ​ក្រុង​ ដូច​ជា​នៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវ​ជាតិ​លេខ៥ ផ្លូវ​ជាតិ​លេខ៤ ផ្លូវ​វ៉េង ស្រេង និង​ផ្លូវ​ ២៧១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។